៤៤
ការថ្វាយបង្គំព្រះអម្ចាស់នៅក្នុងព្រះវិហារថ្មី
១ បន្ទាប់មក លោកនាំខ្ញុំត្រឡប់ទៅខ្លោងទ្វារខាងក្រៅទីសក្ការៈវិញ គឺទ្វារដែលបែរមុខទៅទិសខាងកើត។ ទ្វារនោះនៅបិទ។ ២ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖ «ទ្វារនេះនឹងនៅបិទជិត គឺមិនត្រូវបើកឡើយ ហើយក៏គ្មាននរណាចេញចូលតាមនេះដែរ ដ្បិតយើងជាព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល យើងបានចូលមកតាមទ្វារនេះ ដូច្នេះ ទ្វារនេះត្រូវបិទរហូត! ៣ ចំណែកឯមេដឹកនាំវិញ ក្នុងឋានៈជាអ្នកគ្រប់គ្រង គេអាចអង្គុយបរិភោគពិធីជប់លៀងនៅចំពោះមុខយើងបាន។ គេចូលមកតាមបន្ទប់ល្វែងនៃខ្លោងទ្វារ ហើយចេញទៅវិញតាមច្រកដដែល»។
៤ បន្ទាប់មក លោកនាំខ្ញុំទៅខ្លោងទ្វារខាងជើង គឺខាងមុខព្រះដំណាក់។ ខ្ញុំក្រឡេកមើលទៅឃើញសិរីរុងរឿងរបស់ព្រះអម្ចាស់ នៅពាសពេញក្នុងព្រះដំណាក់របស់ព្រះអង្គ ខ្ញុំក៏ក្រាបចុះអោនមុខដល់ដី។ ៥ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖ «កូនមនុស្សអើយ ចូរយកចិត្តទុកដាក់មើល និងផ្ទៀងត្រចៀកស្ដាប់សេចក្ដីដែលយើងប្រាប់អ្នកស្ដីអំពីច្បាប់ និងក្បួនតម្រាទាំងប៉ុន្មានដែលត្រូវអនុវត្តនៅក្នុងព្រះដំណាក់នេះ។ ចូរពិនិត្យមើលច្រកចូលទៅក្នុងព្រះដំណាក់ និងទ្វារទាំងប៉ុន្មានរបស់ទីសក្ការៈ។ ៦ បន្ទាប់មក ចូរប្រាប់កូនចៅអ៊ីស្រាអែលជាអ្នកបះបោរថា ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ: កូនចៅអ៊ីស្រាអែលអើយ អ្នករាល់គ្នាប្រព្រឹត្តអំពើគួរអោយស្អប់ខ្ពើមច្រើនពេកហើយ! ៧ ពេលអ្នករាល់គ្នាយកអាហារ គឺខ្លាញ់ និងឈាមមកថ្វាយយើង អ្នករាល់គ្នានាំជនបរទេសដែលជាសាសន៍មិនកាត់ស្បែក និងជាសាសន៍មិនគោរពយើងចូលមក ធ្វើអោយដំណាក់របស់យើងទៅជាសៅហ្មង។ អ្នករាល់គ្នាផ្ដាច់សម្ពន្ធមេត្រីជាមួយយើង ដោយប្រព្រឹត្តអំពើគួរអោយស្អប់ខ្ពើមគ្រប់យ៉ាង។ ៨ អ្នករាល់គ្នាពុំបានយកចិត្តទុកដាក់បំពេញការងារបំរើយើង ដោយខ្លួនឯងផ្ទាល់ទេ គឺអ្នករាល់គ្នាបានអោយសាសន៍ដទៃមកបំពេញការងារក្នុងទីសក្ការៈ ជំនួសអ្នករាល់គ្នាទៅវិញ»។ ៩ ព្រះជាអម្ចាស់មានព្រះបន្ទូលទៀតថា៖ «មិនត្រូវអោយជនបរទេស ដែលជាសាសន៍មិនកាត់ស្បែក និងជាសាសន៍មិនគោរពយើង ចូលមកក្នុងទីសក្ការៈរបស់យើងឡើយ ទោះបីអ្នកនោះរស់នៅក្នុងចំណោមជនជាតិអ៊ីស្រាអែលក៏ដោយ។
មុខងាររបស់ក្រុមលេវី
១០ ក្នុងគ្រាដែលជនជាតិអ៊ីស្រាអែលវង្វេងចេញឆ្ងាយពីយើង ទៅតាមព្រះក្លែងក្លាយ ពួកលេវីក៏បានបោះបង់ចោលយើងដែរ ហេតុនេះពួកគេនឹងទទួលផលវិបាក ព្រោះតែកំហុសរបស់ខ្លួន។ ១១ ដូច្នេះ ពួកគេគ្រាន់តែមានមុខងារជាអ្នកជំនួយការក្នុងព្រះដំណាក់ គឺត្រូវប្រើគេអោយយាមខ្លោងទ្វារបំរើប្រជាជន ដោយសម្លាប់សត្វដែលត្រូវថ្វាយជាតង្វាយដុតទាំងមូល និងយញ្ញបូជាផ្សេងៗ។ ១២ ដោយពួកគេបានជួយជ្រោមជ្រែងប្រជាជន ក្នុងការគោរពបំរើព្រះក្លែងក្លាយ និងនាំប្រជាជនអោយប្រព្រឹត្តអំពើបាប យើងសុំប្រកាសយ៉ាងម៉ឺងម៉ាត់ថា ពួកគេនឹងទទួលផលវិបាក ព្រោះតែកំហុសរបស់ខ្លួនមិនខាន - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។ ១៣ ពួកគេពុំអាចចូលមកជិតយើង ដើម្បីបំពេញមុខងារជាបូជាចារ្យបានទេ ពួកគេក៏មិនអាចចូលមកក្នុងទីសក្ការៈ ឬទីសក្ការៈបំផុតរបស់យើងបានដែរ។ ពួកគេត្រូវទទួលផលវិបាក ព្រោះតែអំពើដ៏អាម៉ាស់ និងអំពើគួរស្អប់ខ្ពើមដែលខ្លួនបានប្រព្រឹត្ត។ ១៤ យើងនឹងអោយពួកគេមើលថែទាំ និងបំពេញកិច្ចការបន្ទាប់បន្សំទាំងប៉ុន្មាននៅក្នុងព្រះដំណាក់។
មុខងាររបស់ក្រុមបូជាចារ្យ
១៥ រីឯក្រុមបូជាចារ្យលេវី ជាកូនចៅរបស់លោកសាដុកវិញ ក្នុងពេលដែលជនជាតិអ៊ីស្រាអែលវង្វេងចេញឆ្ងាយពីយើងនោះ ពួកគេនៅតែបំរើយើងក្នុងទីសក្ការៈ។ ដូច្នេះ ពួកគេនឹងចូលមកបំរើយើង ពួកគេនឹងស្ថិតនៅក្បែរយើង ដើម្បីថ្វាយខ្លាញ់ និងឈាម -នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។ ១៦ អ្នកទាំងនោះនឹងចូលមកក្នុងទីសក្ការៈរបស់យើង ពួកគេចូលមកក្បែរតុរបស់យើង ដើម្បីបំរើយើង និងធ្វើតាមសេចក្ដីដែលយើងបង្គាប់។ ១៧ ពេលចូលមកដល់ខ្លោងទ្វារនៃទីលានខាងក្នុង ពួកគេត្រូវស្លៀកសម្លៀកបំពាក់ធ្វើពីក្រណាត់ទេសឯក។ ពេលពួកគេបំពេញមុខងារនៅខ្លោងទ្វារនៃទីលានខាងក្នុង មិនត្រូវស្លៀកពាក់សម្លៀកបំពាក់ធ្វើពីរោមចៀមទេ។ ១៨ ពួកគេត្រូវពាក់ឆ្នួតធ្វើពីក្រណាត់ទេសឯកនៅលើក្បាល ហើយស្លៀកខោខ្លី តែមិនត្រូវយកអ្វីមកក្រវាត់ចង្កេះនាំអោយបែកញើសឡើយ។ ១៩ ពេលពួកគេចេញទៅរកប្រជាជននៅទីលានខាងក្រៅ ត្រូវផ្លាស់សម្លៀកបំពាក់សំរាប់បំពេញមុខងារចេញ រួចទុកសម្លៀកបំពាក់នោះនៅក្នុងបន្ទប់នៃទីសក្ការៈ។ ពួកគេត្រូវស្លៀកសម្លៀកបំពាក់ផ្សេងទៀត ដើម្បីកុំអោយប្រជាជនប៉ះពាល់សម្លៀកបំពាក់ដ៏សក្ការៈនោះ។ ២០ មិនត្រូវអោយបូជាចារ្យទាំងនោះកោរសក់ ឬក៏ទុកអោយសក់ដុះវែងពេកឡើយ គឺត្រូវកាត់សក់យ៉ាងសមរម្យ។ ២១ ពេលចូលទៅទីលានខាងក្នុងបូជាចារ្យមិនត្រូវសេពសុរាឡើយ។ ២២ បូជាចារ្យមិនត្រូវរៀបការជាមួយស្ត្រីមេម៉ាយ ឬស្ត្រីប្ដីលែងទេ គឺរៀបការបានតែជាមួយស្ត្រីក្រមុំព្រហ្មចារីក្នុងវង្សត្រកូលនៃកូនចៅអ៊ីស្រាអែល ឬស្ត្រីមេម៉ាយពីបូជាចារ្យម្នាក់ទៀត។ ២៣ បូជាចារ្យទាំងនោះត្រូវអប់រំប្រជាជនរបស់យើង អោយស្គាល់ការខុសគ្នារវាងអ្វីដែលសក្ការៈ និងអ្វីដែលមិនសក្ការៈ ព្រមទាំងការខុសគ្នារវាងអ្វីដែលមិនបរិសុទ្ធ និងអ្វីដែលបរិសុទ្ធ។ ២៤ ពួកគេធ្វើជាចៅក្រមកាត់ក្ដី នៅពេលប្រជាជនមានរឿងរ៉ាវនឹងគ្នា ហើយវិនិច្ឆ័យទោស ស្របតាមវិន័យរបស់យើង។ ពួកគេចាត់ចែងធ្វើពិធីបុណ្យផ្សេងៗតាមក្រឹត្យវិន័យ និងច្បាប់ដែលយើងបានបង្គាប់ទុក ព្រមទាំងញែកថ្ងៃសប្ប័ទទុកជាថ្ងៃដ៏វិសុទ្ធ។ ២៥ បូជាចារ្យមិនត្រូវចូលទៅជិតសាកសព ដែលបណ្ដាលអោយខ្លួនទៅជាសៅហ្មងឡើយ លើកលែងតែសពឪពុកម្ដាយ កូនប្រុសកូនស្រី បងប្អូនប្រុស និងបងប្អូនស្រីដែលពុំទាន់រៀបការ។ ២៦ ក្នុងករណីនេះក្រោយធ្វើពិធីជំរះកាយអោយបានបរិសុទ្ធ* រួចហើយគេត្រូវនៅរង់ចាំប្រាំពីរថ្ងៃមុននឹងបំពេញមុខងារសាជាថ្មី។ ២៧ នៅថ្ងៃគេចូលទៅទីលានខាងក្នុង ដើម្បីបំពេញមុខងារក្នុងទីសក្ការៈ*ឡើងវិញ គេត្រូវថ្វាយយញ្ញបូជារំដោះបាប - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។
២៨ ចំណែកឯកេរមត៌កដែលពួកបូជាចារ្យត្រូវទទួលនោះ គឺយើងផ្ទាល់។ មិនបាច់ចែកទឹកដីក្នុងស្រុកអ៊ីស្រាអែលជាមត៌កអោយពួកគេទេ ដ្បិតយើងផ្ទាល់ជាមត៌ករបស់ពួកគេ។ ២៩ ពួកគេបរិភោគសាច់ ដែលជាតង្វាយ និងយញ្ញបូជារំដោះបាប ឬយញ្ញបូជាសុំលើកលែងទោសដែលប្រជាជនយើងយកមកថ្វាយ។ អ្វីៗដែលជនជាតិអ៊ីស្រាអែលទុកសំរាប់យើង ពួកបូជាចារ្យអាចយកបាន។ ៣០ ផលដំបូងបង្អស់នៃដំណាំទាំងឡាយ និងអ្វីៗគ្រប់យ៉ាងដែលអ្នករាល់គ្នាញែកទុកដោយឡែកនោះ ជាចំណែករបស់ពួកបូជាចារ្យ។ ត្រូវយកម្សៅដំបូងបង្អស់មកជូនពួកបូជាចារ្យ ដើម្បីអោយផ្ទះរបស់អ្នកបានទទួលពរ។ ៣១ បូជាចារ្យមិនត្រូវបរិភោគសាច់សត្វចតុប្បាទ ឬសត្វស្លាបដែលងាប់ដោយជំងឺ ឬដោយសត្វសាហាវខាំនោះឡើយ»។