៤៥
ការបែងចែងទឹកដី
១ «ពេលណាអ្នករាល់គ្នាចាប់ឆ្នោតបែងចែកទឹកដីជាមត៌ក ត្រូវញែកដីមួយចំណែកទុកជាដីសក្ការៈថ្វាយព្រះអម្ចាស់។ ដីនោះមានបណ្ដោយពីរម៉ឺនប្រាំពាន់ហត្ថ និងទទឹងមួយម៉ឺនហត្ថ ត្រូវចាត់ទុកថាជាកន្លែងដ៏វិសុទ្ធ។ ២ ក្នុងបរិវេណដីនោះ ត្រូវមានកន្លែងសំរាប់ទីសក្ការៈដែលមានទំហំប្រាំរយហត្ថបួនជ្រុង និងទីធ្លាព័ទ្ធជុំវិញដែលមានទទឹងប្រាំរយហត្ថ។ ៣ នៅលើផ្ទៃដីដែលមានបណ្ដោយពីរម៉ឺនប្រាំពាន់ហត្ថ និងទទឹងមួយម៉ឺនហត្ថនេះ អ្នកត្រូវវាស់កន្លែងមួយទុកជាទីសក្ការៈដ៏វិសុទ្ធបំផុត។ ៤ ដីនោះជាកន្លែងដ៏សក្ការៈនៅក្នុងស្រុក ជាកម្មសិទ្ធិរបស់ពួកបូជាចារ្យដែលបំរើព្រះអម្ចាស់នៅក្នុងទីសក្ការៈ។ ពួកបូជាចារ្យនឹងសង់ផ្ទះនៅលើដីនោះ ហើយទីសក្ការៈក៏ស្ថិតនៅលើដីនោះដែរ។
៥ ត្រូវទុកដីដែលមានបណ្ដោយពីរម៉ឺនប្រាំពាន់ហត្ថ និងទទឹងមួយម៉ឺនហត្ថទៀត សំរាប់អោយពួកលេវីដែលធ្វើការនៅក្នុងព្រះដំណាក់សង់ក្រុងរស់នៅ។
៦ ត្រូវវាស់ដីមួយចំណែកទៀត នៅទន្ទឹមគ្នានឹងដីសក្ការៈដែលមានទទឹងប្រាំពាន់ហត្ថ បណ្ដោយពីរម៉ឺនប្រាំពាន់ហត្ថទុកសំរាប់អោយកូនចៅអ៊ីស្រាអែលសង់ក្រុងរស់នៅ។ ៧ ត្រូវទុកដីដែលនៅសងខាងដីសក្ការៈ និងដីក្រុង គឺដីដែលនៅទន្ទឹមដីសក្ការៈ និងដីក្រុង ទាំងខាងលិច ទាំងខាងកើត អោយមេដឹកនាំ។ ដីរបស់មេដឹកនាំមានទំហំស្មើនឹងចំណែកដីរបស់កុលសម្ព័ន្ធនីមួយៗ។ ៨ ដីនោះជាចំណែកមត៌ករបស់មេដឹកនាំ នៅក្នុងស្រុកអ៊ីស្រាអែល។ មេដឹកនាំដែលយើងតែងតាំង នឹងលែងកេងប្រវ័ញ្ចប្រជាជនរបស់យើងទៀតហើយ ពួកគេនឹងប្រគល់ទឹកដីអោយកូនចៅអ៊ីស្រាអែលតាមកុលសម្ព័ន្ធរបស់ខ្លួន»។
ភារកិច្ចរបស់មេដឹកនាំ
៩ ព្រះជាអម្ចាស់មានព្រះបន្ទូលទៀតថា៖ «មេដឹកនាំអ៊ីស្រាអែលអើយ អ្នករាល់គ្នាប្រព្រឹត្តអំពើឃោរឃៅលួចប្លន់ប្រជារាស្ត្រជ្រុលពេកហើយ ល្មមឈប់ទៅ! ចូរនាំគ្នាប្រព្រឹត្តតាមសុចរិតយុត្តិធម៌ កុំរឹបអូសយកដីពីប្រជាជនរបស់យើងទៀត! - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។
១០ កុំបំបាត់ភ្នែកជញ្ជីងឡើយ ចូរប្រើអេផា* ប្រើបាថ*អោយបានត្រឹមត្រូវ។ ១១ អេផាសំរាប់វាល់ស្រូវ និងបាថសំរាប់វាល់វត្ថុរាវ ត្រូវមានចំណុះដូចគ្នា គឺស្មើមួយភាគដប់នៃហូមែរ* ដែលជាមូលដ្ឋាននៃរង្វាល់។ ១២ រីឯទម្ងន់វិញ ក្នុងមួយស៊ីគ* មានម្ភៃកេរ៉ា* ហើយមួយមីន* មានហុកសិបស៊ីគ។
១៣ ភោគផលដែលអ្នករាល់គ្នាត្រូវញែកទុកជាតង្វាយនោះ គឺស្រូវមួយភាគហុកសិប ពោតមួយភាគហុកសិប។ ១៤ ចំណែកឯប្រេងវិញ ត្រូវវាល់មួយភាគរយទុកជាតង្វាយ ដោយយកបាថមកវាល់។ មួយហូមែរមានដប់បាថ ហើយមួយគរ*ក៏មានដប់បាថដែរ។ ១៥ រីឯហ្វូងសត្វនៅតាមវាលស្មៅនៃស្រុកអ៊ីស្រាអែល ក្នុងហ្វូងចៀមដែលមានចំនួនពីររយក្បាល ត្រូវយកមួយក្បាលមកថ្វាយជាតង្វាយដុត*ទាំងមូល ជាយញ្ញបូជាមេត្រីភាព និងធ្វើពិធីរំដោះបាប - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។ ១៦ ប្រជាជនទាំងមូលនៅក្នុងស្រុកត្រូវប្រមូលតង្វាយទាំងនោះ យកទៅអោយមេដឹកនាំស្រុកអ៊ីស្រាអែល។ ១៧ មេដឹកនាំមានភារកិច្ចចាត់ចែងតង្វាយដុតទាំងមូល តង្វាយផ្សេងៗ និងពិធីច្រួចស្រា ព្រមទាំងពិធីបុណ្យផ្សេងៗ បុណ្យចូលខែថ្មី ថ្ងៃសប្ប័ទ និងបុណ្យដ៏សំខាន់ឯទៀតៗដែលកូនចៅអ៊ីស្រាអែលប្រារព្ធធ្វើ។ គេនឹងថ្វាយយញ្ញបូជាលោះបាប តង្វាយម្សៅ តង្វាយដុតទាំងមូល យញ្ញបូជានៃមេត្រីភាព និងធ្វើពិធីរំដោះបាបកូនចៅអ៊ីស្រាអែល»។
ពិធីជំរះទីសក្ការៈអោយបានបរិសុទ្ធ
១៨ ព្រះជាអម្ចាស់មានព្រះបន្ទូលថា៖ «នៅថ្ងៃទីមួយនៃខែទីមួយ ត្រូវយកគោស្ទាវឈ្មោលមួយល្អឥតខ្ចោះ មកធ្វើយញ្ញបូជា ដើម្បីជំរះទីសក្ការៈអោយបានបរិសុទ្ធ។ ១៩ បូជាចារ្យត្រូវយកឈាមរបស់សត្វ ដែលគេបូជារំដោះបាបនោះ លាបនៅលើក្របទ្វារនៃព្រះដំណាក់ លើគែមទាំងបួនជ្រុងរបស់អាសនៈ ព្រមទាំងលើក្របខ្លោងទ្វារខាងក្នុងផង។ ២០ នៅថ្ងៃទីប្រាំពីរក្នុងខែដដែលក៏ត្រូវធ្វើដូច្នេះដែរ ដើម្បីលោះបាបអ្នកដែលប្រព្រឹត្តអំពើបាប ដោយអចេតនា ឬដោយធ្វេសប្រហែស។ អ្នករាល់គ្នាធ្វើបែបនេះ ដើម្បីជំរះព្រះដំណាក់អោយបានបរិសុទ្ធ។
២១ នៅថ្ងៃទីដប់បួននៃខែទីមួយ អ្នករាល់គ្នាត្រូវប្រារព្ធធ្វើពិធីបុណ្យចម្លង*។ បុណ្យនេះមានរយៈពេលប្រាំពីរថ្ងៃ ហើយក្នុងអំឡុងពេលនោះ អ្នករាល់គ្នាត្រូវបរិភោគនំបុ័ងឥតមេ។ ២២ នៅថ្ងៃនោះ មេដឹកនាំត្រូវយកគោបាមួយមកធ្វើជាយញ្ញបូជារំដោះបាបខ្លួនឯងផ្ទាល់ និងបាបរបស់ប្រជាជនទាំងមូល។ ២៣ ក្នុងអំឡុងពេលបុណ្យប្រាំពីរថ្ងៃនោះ មេដឹកនាំត្រូវយកគោបាប្រាំពីរ និងចៀមឈ្មោលប្រាំពីរដ៏ល្អឥតខ្ចោះមកថ្វាយរៀងរាល់ថ្ងៃ ជាតង្វាយដុតទាំងមូល ហើយរៀងរាល់ថ្ងៃ ត្រូវថ្វាយពពែឈ្មោលមួយជាយញ្ញបូជាលោះបាបផង។ ២៤ សំរាប់គោមួយ ត្រូវយកតង្វាយម្សៅមួយថាំងមកថ្វាយជាមួយ រីឯចៀមឈ្មោលមួយក៏ត្រូវយកតង្វាយម្សៅមួយថាំងមកថ្វាយជាមួយដែរ ហើយម្សៅមួយថាំងត្រូវលាយប្រេងប្រាំមួយលីត្រ។
២៥ នៅថ្ងៃទីដប់ប្រាំក្នុងខែទីប្រាំពីរ នៅពេលបុណ្យ ត្រូវថ្វាយយញ្ញបូជាលោះបាបក្នុងអំឡុងពេលប្រាំពីរថ្ងៃ ព្រមទាំងតង្វាយដុត និងតង្វាយម្សៅលាយជាមួយប្រេងដូចមុនដែរ»។