៦
ចម្លើយរបស់ព្រះបាទដារីយូស
១ ព្រះចៅដារីយូសបញ្ជាអោយគេស្រាវជ្រាវឯកសាររាជ្យទ្រព្យ ដែលគេរក្សាទុកក្នុងមន្ទីរតម្កល់ឯកសារនៅក្រុងបាប៊ីឡូន។ ២ គេរកឃើញក្រាំងមួយនៅអាក់មេថា ជាក្រុងដែលមានកំពែងរឹងមាំនៃអាណាខេត្តមេឌី។ ក្នុងក្រាំងនោះមានចែងដូចតទៅ៖ «កំណត់ហេតុ: ៣ នៅឆ្នាំទីមួយនៃរជ្ជកាលព្រះចៅស៊ីរូស ស្ដេចបានចេញរាជបញ្ជាមួយ ស្ដីអំពីព្រះដំណាក់របស់ព្រះជាម្ចាស់ នៅក្រុងយេរូសាឡឹម។ ត្រូវសង់ព្រះដំណាក់ឡើងវិញនៅលើគ្រឹះចាស់ ទុកជាកន្លែងថ្វាយយញ្ញបូជា។ ព្រះដំណាក់នេះត្រូវមានកំពស់ហុកសិបហត្ថ និងទទឹងហុកសិបហត្ថ។ ៤ គេត្រូវរៀបថ្មធំៗបីជួរឆ្លាស់គ្នានឹងឈើមួយជួរ។ រីឯប្រាក់ចំណាយលើការសង់ត្រូវបើកពីឃ្លាំងរាជទ្រព្យ។ ៥ គ្រឿងបរិក្ខារអំពីមាស និងប្រាក់នៃព្រះដំណាក់របស់ព្រះជាម្ចាស់ ដែលស្ដេចនេប៊ូក្នេសាបានរឹបអូសយកពីព្រះវិហារ នៅក្រុងយេរូសាឡឹមមកក្រុងបាប៊ីឡូននោះ ត្រូវតែនាំទៅព្រះវិហារនៅក្រុងយេរូសាឡឹម ហើយដាក់នៅកន្លែងដើមក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់»។ ៦ ព្រះចៅដារីយូសផ្ញើរាជសារ ទៅលោកថាថ្នាយ ជាទេសាភិបាលនៅតំបន់ប៉ែកខាងលិចទន្លេអឺប្រាត និងលោកសេថា-បូសណាយ ព្រមទាំងពួករាជការជាសហការីរបស់ពួកគេ នៅតំបន់ប៉ែកខាងលិចទន្លេអឺប្រាតមានសេចក្ដីដូចតទៅ៖ «សុំអស់លោកកុំរវីរវល់នឹងរឿងនេះឡើយ។ ៧ ទុកអោយជនជាតិយូដាសង់ព្រះដំណាក់របស់ព្រះជាម្ចាស់ឡើងវិញចុះ។ ត្រូវអោយទេសាភិបាល និងពួកព្រឹទ្ធាចារ្យរបស់ជនជាតិយូដា សង់ព្រះដំណាក់ត្រង់កន្លែងដើម។ ៨ សុំអស់លោកជួយពួកព្រឹទ្ធាចារ្យរបស់ជនជាតិយូដា ក្នុងការសាងសង់ព្រះដំណាក់របស់ព្រះជាម្ចាស់ឡើងវិញផង។ ចំពោះចំណាយក្នុងការសង់ត្រូវយកពីឃ្លាំងរាជទ្រព្យ គឺប្រាក់នៃពន្ធអាករដែលទារពីតំបន់ខាងលិចទន្លេអឺប្រាត មកបើកអោយពួកគេគ្រប់ចំនួន កុំបីអាក់ខានឡើយ។ ៩ សុំអស់លោកផ្គត់ផ្គង់អ្វីៗ ដែលក្រុមបូជាចារ្យ នៅក្រុងយេរូសាឡឹមត្រូវការជារៀងរាល់ថ្ងៃ គឺគោបា ចៀមឈ្មោល និងកូនចៀមសំរាប់ជាតង្វាយដុតទាំងមូល ថ្វាយចំពោះព្រះជាម្ចាស់នៃស្ថានបរមសុខ ព្រមទាំងស្រូវ អំបិល ស្រាទំពាំងបាយជូរ និងប្រេង តាមសំណូមពររបស់ក្រុមបូជាចារ្យកុំបីអាក់ខានឡើយ។ ១០ ធ្វើដូច្នេះ ពួកគេអាចថ្វាយតង្វាយដែលមានក្លិនឈ្ងុយ ជាទីគាប់ព្រះហឫទ័យព្រះជាម្ចាស់ ហើយពួកគេទូលអង្វរ សូមអោយព្រះរាជា និងរាជបុត្រមានជន្មាយុយឺនយូរ។ ១១ ប្រសិនបើនរណាម្នាក់មិនគោរពតាមសេចក្ដីដែលយើងបង្គាប់ទេ ត្រូវដកឈើពីផ្ទះរបស់អ្នកនោះ បញ្ឈរឡើងសំរាប់ដោតគេ ហើយយកផ្ទះរបស់គេធ្វើជាកន្លែងបន្ទោរបង់ផង។ ១២ សូមអោយព្រះជាម្ចាស់ដែលតាំងព្រះនាមរបស់ព្រះអង្គនៅទីនោះ ទម្លាក់ស្ដេច ឬប្រជាជនណាដែលបំពានលើសេចក្ដីសំរេចរបស់យើង ដោយមានបំណងបំផ្លាញព្រះដំណាក់របស់ព្រះអង្គ នៅក្រុងយេរូសាឡឹម។
យើងដារីយូសចេញបញ្ជានេះ ដូច្នេះ ត្រូវតែអនុវត្តតាមជាកំហិត»។
១៣ លោកថាថ្នាយជាទេសាភិបាលនៅតំបន់ប៉ែកខាងលិចទន្លេអឺប្រាត និងលោកសេថា-បូសណាយ ព្រមទាំងពួកសហការី នាំគ្នាអនុវត្តតាមរាជបញ្ជារបស់ព្រះចៅដារីយូសយ៉ាងម៉ត់ចត់បំផុត។
ពិធីបុណ្យឆ្លងព្រះវិហារ
១៤ ពួកព្រឹទ្ធាចារ្យនៃជនជាតិយូដា បន្តការសាងសង់ព្រះវិហារដោយជោគជ័យ ស្របតាមសេចក្ដីដែលព្យាការីហាកាយ និងព្យាការីសាការី ជាកូនរបស់លោកអ៊ីដោបានថ្លែង។ ពួកគេបង្ហើយការសាងសង់ព្រះវិហារស្របតាមបញ្ជារបស់ព្រះនៃអ៊ីស្រាអែល និងស្របតាមរាជក្រឹត្យរបស់ព្រះចៅស៊ីរូស ព្រះចៅដារីយូស និងព្រះចៅអើថាស៊ើកសេសជាស្ដេចស្រុកពែរ្ស។ ១៥ គេបានសង់ព្រះដំណាក់ចប់សព្វគ្រប់ នៅថ្ងៃទីបី ខែផល្គុន ក្នុងឆ្នាំទីប្រាំមួយនៃរជ្ជកាលព្រះបាទដារីយូស។ ១៦ ជនជាតិអ៊ីស្រាអែល ក្រុមបូជាចារ្យ ក្រុមលេវី និងប្រជាជននៅសេសសល់ដែលត្រូវគេកៀរទៅជាឈ្លើយ ហើយវិលត្រឡប់មកវិញនោះ នាំគ្នាប្រារព្ធពិធីបុណ្យឆ្លងព្រះដំណាក់របស់ព្រះជាម្ចាស់ដោយអំណរ។ ១៧ ក្នុងឱកាសពិធីបុណ្យឆ្លងព្រះដំណាក់របស់ព្រះជាម្ចាស់នេះ ពួកគេយកគោបាមួយរយក្បាល ចៀមឈ្មោលពីររយក្បាល និងកូនចៀមចំនួនបួនរយក្បាល មកថ្វាយជាយញ្ញបូជារំដោះបាប សំរាប់ប្រជាជនអ៊ីស្រាអែលទាំងមូល។ គេក៏បានថ្វាយពពែឈ្មោលដប់ពីរក្បាល តាមចំនួនកុលសម្ព័ន្ធរបស់ជនជាតិអ៊ីស្រាអែលដែរ។ ១៨ គេបានតែងតាំងក្រុមបូជាចារ្យតាមឋានៈរបស់ពួកគេ ព្រមទាំងតែងតាំងពួកលេវីជាក្រុមៗតាមមុខងារ ដែលពួកគេបំពេញថ្វាយព្រះជាម្ចាស់នៅក្រុងយេរូសាឡឹម ដូចមានចែងទុកក្នុងគម្ពីររបស់លោកម៉ូសេ។
ជនជាតិយូដាធ្វើពិធីបុណ្យចម្លង
១៩ អស់អ្នកដែលគេកៀរទៅជាឈ្លើយ ហើយវិលត្រឡប់មកវិញនោះ នាំគ្នាប្រារព្ធពិធីបុណ្យចម្លងនៅថ្ងៃទីដប់បួនក្នុងខែទីមួយ ២០ ក្រុមបូជាចារ្យ និងក្រុមលេវីនាំគ្នាធ្វើពិធីជំរះកាយអោយបានបរិសុទ្ធ ហើយពួកគេក៏បានបរិសុទ្ធទាំងអស់គ្នា។ ពួកគេអារ កកូនចៀមនៃពិធីបុណ្យចម្លង សំរាប់ប្រជាជនទាំងអស់ដែលជាប់ជាឈ្លើយ ហើយវិលត្រឡប់មកវិញ សំរាប់ក្រុមបូជាចារ្យ ជាបងប្អូន និងសំរាប់ខ្លួនឯងផ្ទាល់។ ២១ ជនជាតិអ៊ីស្រាអែលដែលជាប់ជាឈ្លើយ ហើយវិលត្រឡប់មកវិញ នាំគ្នាបរិភោគអាហារនៃបុណ្យចម្លង រួមជាមួយអស់អ្នកដែលផ្ដាច់ខ្លួនចេញពីភាពសៅហ្មង*របស់សាសន៍ដទៃដែលរស់នៅក្នុងស្រុក ហើយវិលមករកព្រះអម្ចាស់ ជាព្រះរបស់អ៊ីស្រាអែលវិញ។ ២២ ពួកគេធ្វើពិធីបុណ្យនំបុ័ងឥតមេនេះ អស់រយៈពេលប្រាំពីរថ្ងៃយ៉ាងសប្បាយ ដ្បិតព្រះអម្ចាស់ប្រទានអោយពួកគេបានពោរពេញដោយអំណរ គឺព្រះអង្គដូរព្រះហឫទ័យរបស់ព្រះចៅអធិរាជ អោយមេត្តាចំពោះពួកគេ ដើម្បីលើកទឹកចិត្តពួកគេក្នុងការសង់ព្រះដំណាក់របស់ព្រះជាម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល។