សកម្មភាពរបស់លោកបូជាចារ្យអែសរ៉ា
៧
លោកបូជាចារ្យអែសរ៉ា
១ ក្រោយមកក្នុងរជ្ជកាលព្រះចៅអើថាស៊ើកសេសជាស្ដេចស្រុកពែរ្ស មានបូជាចារ្យមួយរូប ឈ្មោះអែសរ៉ាជាកូនរបស់លោកសេរ៉ាយ៉ា ដែលត្រូវជាកូនរបស់លោកអសារា ជាកូនរបស់លោកហ៊ីលគីយ៉ា ២ ជាកូនរបស់លោកសាលូម ជាកូនរបស់លោកសាដុក ជាកូនរបស់លោកអហ៊ីទូប ៣ ជាកូនរបស់លោកអម៉ារា ជាកូនរបស់លោកអសារាជាកូនរបស់លោកមេរ៉ាយ៉ូត ៤ ជាកូនរបស់លោកសេរ៉ាហ៊ា ជាកូនរបស់លោកអ៊ូស៊ី ជាកូនរបស់លោកប៊ូកគី ៥ ជាកូនរបស់លោកអប៊ីសួរ ជាកូនរបស់លោកភីនេហាស ជាកូនរបស់អេឡាសារ ជាកូនរបស់មហាបូជាចារ្យអើរ៉ុន។ ៦ លោកអែសរ៉ាមកពីស្រុកបាប៊ីឡូន លោកជាបណ្ឌិតខាងវិន័យ ហើយស្គាល់ក្រឹត្យវិន័យរបស់លោកម៉ូសេយ៉ាងជ្រៅជ្រះ គឺក្រឹត្យវិន័យដែលព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែលប្រទានអោយ។ ព្រះអម្ចាស់ជាព្រះរបស់លោកបានដាក់ព្រះហស្ដលើលោក ហេតុនេះហើយទើបព្រះរាជាប្រទានអ្វីៗទាំងអស់ តាមសំណូមពររបស់លោក។ ៧ នៅឆ្នាំទីប្រាំពីរ នៃរជ្ជកាលព្រះចៅអើថាស៊ើកសេស ប្រជាជនអ៊ីស្រាអែលមួយចំនួនព្រមទាំងក្រុមបូជាចារ្យ ក្រុមលេវី ក្រុមចំរៀង ក្រុមឆ្មាំទ្វារ និងក្រុមអ្នកបំរើព្រះវិហារ នាំគ្នាវិលមកក្រុងយេរូសាឡឹមវិញ។ ៨ នៅគ្រានោះលោកអែសរ៉ាបានមកដល់ក្រុងយេរូសាឡឹម នៅខែទីប្រាំក្នុងឆ្នាំទីប្រាំពីរ នៃរជ្ជកាលព្រះចៅអើថាស៊ើកសេស។ ៩ លោកកំណត់ពេលចេញដំណើរពីក្រុងបាប៊ីឡូន នៅថ្ងៃទីមួយក្នុងខែទីមួយ ហើយមកដល់ក្រុងយេរូសាឡឹម នៅថ្ងៃទីមួយក្នុងខែទីប្រាំ ដ្បិតព្រះដ៏សប្បុរសរបស់លោកបានដាក់ព្រះហស្ដលើលោក។ ១០ លោកអែសរ៉ាខិតខំរៀនសូត្រ និងកាន់តាមក្រឹត្យវិន័យរបស់ព្រះអម្ចាស់យ៉ាងអស់ពីចិត្ត ព្រមទាំងបង្រៀនច្បាប់ និងវិន័យដល់ជនជាតិអ៊ីស្រាអែលទៀតផង។
រាជសាររបស់ព្រះចៅអើថាស៊ើកសេស
១១ ព្រះចៅអើថាស៊ើកសេសប្រគល់រាជសារមួយជូនលោកបូជាចារ្យអែសរ៉ា ជាបណ្ឌិតខាងវិន័យ លោកមាននាទីចម្លងព្រះបន្ទូលនៃបទបញ្ជា និងច្បាប់ដែលព្រះអម្ចាស់ប្រទានមកអ៊ីស្រាអែល។ រាជសារនោះមានសេចក្ដីដូចតទៅ៖
១២ «យើងអើថាស៊ើកសេសជាព្រះមហាក្សត្រលើមហាក្សត្រទាំងអស់ ផ្ញើជូនលោកបូជាចារ្យអែសរ៉ាជាបណ្ឌិតខាងវិន័យរបស់ព្រះនៃស្ថានបរមសុខ ១៣ យើងចេញបញ្ជាថា ក្នុងចំណោមជនជាតិអ៊ីស្រាអែលទាំងអស់ ដែលរស់នៅក្នុងរាជាណាចក្ររបស់យើង គឺប្រជាជន ក្រុមបូជាចារ្យ ក្រុមលេវី អស់អ្នកដែលមានបំណងត្រឡប់ទៅក្រុងយេរូសាឡឹម នោះយើងអនុញ្ញាតអោយគេចាកចេញទៅជាមួយលោក។ ១៤ យើង និងទីប្រឹក្សាទាំងប្រាំពីរនាក់ ចាត់លោកអោយទៅពិនិត្យមើល នៅក្រុងយេរូសាឡឹម និងស្រុកយូដា អំពីរបៀបដែលគេគោរពក្រឹត្យវិន័យនៃព្រះរបស់លោក គឺគម្ពីរដែលលោកកាន់នេះ។ ១៥ យើងក៏ចាត់លោកអោយនាំយកមាសប្រាក់ដែលយើង និងទីប្រឹក្សាទាំងប្រាំពីររូប សំរេចថ្វាយចំពោះព្រះនៃជនជាតិអ៊ីស្រាអែល ដែលគង់នៅក្រុងយេរូសាឡឹម។ ១៦ លោកក៏ត្រូវនាំយកប្រាក់ និងមាសទាំងប៉ុន្មាន ដែលលោករៃបានក្នុងអាណាខេត្តបាប៊ីឡូនទាំងមូល ព្រមទាំងតង្វាយដែលប្រជាជន និងបូជាចារ្យស្ម័គ្រចិត្តថ្វាយ សំរាប់ព្រះដំណាក់នៃព្រះរបស់ពួកគេ នៅក្រុងយេរូសាឡឹមដែរ។ ១៧ លោកត្រូវលៃលកយកប្រាក់ទាំងនោះ ទិញគោបា ចៀមឈ្មោល និងកូនចៀម ព្រមទាំងតង្វាយម្សៅ និងស្រាទំពាំងបាយជូរដែលត្រូវច្រួចជាមួយ។ លោកត្រូវថ្វាយតង្វាយទាំងនោះ នៅលើអាសនៈរបស់ព្រះដំណាក់នៃព្រះរបស់ពួកលោក នៅក្រុងយេរូសាឡឹម។ ១៨ ប្រសិនបើមានមាសប្រាក់នៅសល់លោក និងបងប្អូនរបស់លោកអាចយកទៅប្រើការ តាមតែលោកយល់ឃើញថា ល្អត្រឹមត្រូវ ស្របតាមព្រះហឫទ័យនៃព្រះរបស់អស់លោក។ ១៩ ចំពោះគ្រឿងបរិក្ខារសំរាប់ប្រើប្រាស់ ក្នុងព្រះដំណាក់នៃព្រះរបស់លោក ដែលគេបានប្រគល់ដល់លោកនោះ ចូរយកទៅដាក់ក្នុងព្រះវិហាររបស់ព្រះជាម្ចាស់នៅក្រុងយេរូសាឡឹម។ ២០ ប្រសិនបើលោកត្រូវការចំណាយអ្វីផ្សេងទៀត សំរាប់ព្រះវិហារនៃព្រះរបស់លោក ចូរបើកពីឃ្លាំងរាជទ្រព្យទៅចំណាយចុះ។ ២១ យើងព្រះចៅអើថាស៊ើកសេស ចេញបញ្ជាដល់អ្នកកាន់ឃ្លាំងរាជទ្រព្យទាំងអស់ នៅតំបន់ប៉ែកខាងលិចទន្លេអឺប្រាតថា បើលោកបូជាចារ្យអែសរ៉ា ជាបណ្ឌិតខាងក្រឹត្យវិន័យរបស់ព្រះនៃស្ថានបរមសុខសុំអ្វី ត្រូវប្រគល់ជូនលោកកុំបីអាក់ខានឡើយ។ ២២ ពួកគេនឹងប្រគល់ជូនលោក រហូតដល់ប្រាក់បីតោន ស្រូវសាមសិបតោន ស្រាទំពាំងបាយជូរបួនពាន់លីត្រ ប្រេងអូលីវបួនពាន់លីត្រ ព្រមទាំងអំបិលតាមសេចក្ដីត្រូវការ។ ២៣ អ្វីៗដែលព្រះជាម្ចាស់នៃស្ថានបរមសុខបង្គាប់ ស្ដីអំពីព្រះដំណាក់របស់ព្រះអង្គ ត្រូវតែធ្វើតាមយ៉ាងរួសរាន់ ដើម្បីកុំអោយព្រះជាម្ចាស់ទ្រង់ព្រះពិរោធទាស់នឹងនគរ ឬរាជវង្សរបស់យើង។ ២៤ មួយវិញទៀត យើងសុំប្រាប់អស់លោកអោយដឹងថា អស់លោកគ្មានសិទ្ធិទារពន្ធដារ សួយសារអាករ និងពន្ធផ្លូវពីក្រុមបូជាចារ្យ ក្រុមលេវី ក្រុមអ្នកចំរៀង ក្រុមឆ្មាំទ្វារ ក្រុមអ្នកបំរើព្រះវិហារ ឬអ្នកបំពេញការងារផ្សេងទៀត ក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់ឡើយ។ ២៥ ចំពោះលោកអែសរ៉ាវិញ យោងតាមគម្ពីរដែលបង្ហាញអំពីព្រះប្រាជ្ញាញាណនៃព្រះរបស់លោក គឺគម្ពីរដែលលោកកាន់នោះ ចូរតែងតាំងចៅក្រម និងអ្នកគ្រប់គ្រង ដើម្បីកាត់ក្ដីអោយប្រជាជន ដែលរស់នៅតំបន់ប៉ែកខាងលិចទន្លេអឺប្រាត គឺអស់អ្នកដែលស្គាល់ក្រឹត្យវិន័យនៃព្រះរបស់លោកហើយ។ លោកក៏ត្រូវតែបង្ហាត់បង្រៀនអស់អ្នកដែលមិនស្គាល់ក្រឹត្យវិន័យដែរ។ ២៦ អ្នកណាមិនគោរពតាមក្រឹត្យវិន័យនៃព្រះរបស់លោក ហើយមិនគោរពតាមច្បាប់របស់ស្ដេចអោយបានម៉ត់ចត់ទេ អ្នកនោះនឹងត្រូវទទួលទោស សមតាមការដែលខ្លួនប្រព្រឹត្ត គឺទទួលទោសដល់ស្លាប់ ឬត្រូវនិរទេស ឬត្រូវរឹបអូសយកទ្រព្យសម្បត្តិ ឬត្រូវជាប់ពន្ធនាគារ»។
លោកអែសរ៉ាអរព្រះគុណព្រះជាម្ចាស់
២៧ លោកអែសរ៉ាបន្លឺសំឡេងថា៖ «សូមលើកតម្កើងព្រះអម្ចាស់ ជាព្រះនៃបុព្វបុរសរបស់យើង ដែលព្រះអង្គជំរុញព្រះហឫទ័យព្រះរាជា អោយមានបំណងលើកកិត្តិយសព្រះដំណាក់នៃព្រះអម្ចាស់ នៅក្រុងយេរូសាឡឹម។ ២៨ ព្រះអម្ចាស់សំដែងព្រះហឫទ័យមេត្តាករុណាដល់ខ្ញុំ នៅចំពោះព្រះភក្ត្រព្រះមហាក្សត្រ ចំពោះអស់លោកដែលជាទីប្រឹក្សា ព្រមទាំងនាម៉ឺនសព្វមុខមន្ត្រីរបស់ព្រះរាជាទៀតផង។ ព្រះអម្ចាស់ ជាព្រះរបស់ខ្ញុំបានដាក់ព្រះហស្ដលើខ្ញុំ ធ្វើអោយខ្ញុំមានកម្លាំង ហើយប្រមូលអស់លោក ដែលជាមេដឹកនាំរបស់អ៊ីស្រាអែល អោយចេញដំណើរទៅជាមួយខ្ញុំ»។