១១
ការរមិលគុណរបស់ជនជាតិអ៊ីស្រាអែល
១ «កាលអ៊ីស្រាអែលនៅពីក្មេង
យើងបានស្រឡាញ់អ៊ីស្រាអែល
យើងហៅបុត្ររបស់យើងចេញពី
ស្រុកអេស៊ីប។
២ យើងបាន ហៅគេមកយ៉ាងណា
គេក៏ងាកចេញឆ្ងាយពីយើងយ៉ាងនោះដែរ។
ប្រជាជនរបស់យើងនាំគ្នាធ្វើយញ្ញបូជា
សែនព្រះបាលទាំងឡាយ
ហើយដុតគ្រឿងក្រអូបជាសក្ការៈបូជា
ចំពោះរូបបដិមា។
៣ យើងនេះហើយដែលបានកាន់ដៃ
និងបង្ហាត់អេប្រាអ៊ីមអោយចេះដើរ
តែគេមិនទទួលស្គាល់ថា យើងថែរក្សាគេទេ។
៤ យើងបានណែនាំគេដោយចិត្តអាណិតអាសូរ
និងដោយចិត្តស្រឡាញ់។
យើងបានថ្នាក់ថ្នមគេ
ដូចឪពុកលើកកូនមកបីថើប
ហើយយើងអោនកាយបញ្ចុកចំណីដល់គេ។
៥ ពួកគេនឹងមិនវិលទៅស្រុកអេស៊ីបវិញឡើយ
ជនជាតិអាស្ស៊ីរីនឹងគ្រប់គ្រងលើពួកគេ
ដ្បិតពួកគេមិនព្រមវិលត្រឡប់មករក
យើងវិញទេ។
៦ សង្គ្រាមនឹងបំផ្លិចបំផ្លាញក្រុងរបស់ពួកគេ
ព្រមទាំងរំលំកំពែងការពារក្រុង
ហើយកំទេចអ្វីៗទាំងអស់។
នេះហើយជាលទ្ធផលនៃនយោបាយ
របស់អ៊ីស្រាអែល។
៧ ប្រជាជនរបស់យើងនៅតែរឹងចចេស
បោះបង់ចោលយើងរហូត
យើងហៅពួកគេអោយងើបមើលមកយើង
តែគ្មាននរណារវីរវល់តម្កើងយើងទេ។
៨ អេប្រាអ៊ីមអើយ តើយើងត្រូវប្រព្រឹត្តចំពោះ
អ្នកយ៉ាងដូចម្ដេច?
អ៊ីស្រាអែលអើយ តើយើងអាចប្រគល់អ្នក
ទៅក្នុងកណ្ដាប់ដៃរបស់ខ្មាំងកើតឬ?
តើយើងត្រូវប្រព្រឹត្តចំពោះអ្នកដូច
ក្រុងអាដម៉ាឬ?
តើយើងគួរធ្វើអោយអ្នកបានដូច
ក្រុងសេបោឬ?
ទេ! យើងមិនដាច់ចិត្តដាក់ទណ្ឌកម្មអ្នកទេ
យើងរំជួលចិត្តអាណិតអ្នកខ្លាំងណាស់។
៩ យើងមិនអាចប្រព្រឹត្ត តាមកំហឹងដ៏ខ្លាំងក្លា
របស់យើង
យើងមិនមែនមក ដើម្បីបំផ្លាញអេប្រាអ៊ីម
ព្រោះយើងជាព្រះជាម្ចាស់
មិនមែនជាមនុស្សទេ!
យើងជាព្រះដ៏វិសុទ្ធដែលស្ថិតនៅជាមួយអ្នក
យើងមិនមែនមក ដោយកំហឹងឡើយ។
១០ ពួកគេនឹងដើរតាមព្រះអម្ចាស់
ព្រះអង្គនឹងបន្លឺព្រះសូរសៀងដូចសត្វសិង្ហ
ពេលឮព្រះអង្គបន្លឺព្រះសូរសៀង
កូនចៅរបស់ព្រះអង្គនឹងប្រញាប់រត់ចេញ
ពីស្រុកខាងលិចទាំងញ័ររន្ធត់។
១១ ពួកគេប្រញាប់រត់ចេញពីស្រុកអេស៊ីប
ដូចហ្វូងចាបទាំងញ័ររន្ធត់
ហើយរត់ចេញពីស្រុកអាស្ស៊ីរីដូចហ្វូងព្រាប
យើងនឹងនាំពួកគេមករស់នៅក្នុងលំនៅដ្ឋាន
របស់ខ្លួនវិញ»
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។