១២
ទោស​របស់​កូន​ចៅ​លោក​យ៉ាកុប
១ «អេប្រាអ៊ីម​ចេះ​តែ​នាំ​គ្នា​បោក
បញ្ឆោត​យើង
កូន​ចៅ​អ៊ីស្រាអែល​ចេះ​តែ​បោកប្រាស់​យើង»
តែ​យូដា​ស្ថិត​នៅ​ជាប់​នឹង​ព្រះជាម្ចាស់​នៅ​ឡើយ
គេ​ស្មោះ​ត្រង់​នឹង​ព្រះ​ដ៏វិសុទ្ធ។
២ អ្វីៗ​ដែល​អេប្រាអ៊ីម​ធ្វើ សុទ្ធ​តែ​ឥត​បាន​ការ
គឺ​ដូច​ជា​ខំ​តាម​ចាប់​ខ្យល់​ពី​ទិស​ខាង​កើត។
រៀង​រាល់​ថ្ងៃ​គេ​គិត​តែ​ពី​បោក​ប្រាស់
និង​ប្រព្រឹត្ត​អំពើ​ឃោរឃៅ​កាន់​តែ​ច្រើន​ឡើងៗ។
អេប្រាអ៊ីម​ចង​សម្ពន្ធមិត្ត​ជា​មួយ​ស្រុក​អាស្ស៊ីរី
ហើយ​យក​ប្រេង​ទៅ​ចង​មិត្តភាព​ជា​មួយ
ស្រុក​អេស៊ីប។
៣ ព្រះអម្ចាស់​ក៏​មាន​សំណុំ​រឿង​ជា​មួយ​យូដា​ដែរ
ព្រះអង្គ​នឹង​ដាក់​ទោស​កូន​ចៅ​លោក​យ៉ាកុប
ព្រោះ​តែ​មារយាទ​អាក្រក់​របស់​ពួក​គេ
ព្រះអង្គ​តប​ស្នង​ទៅ​ពួក​គេ​វិញ
តាម​អំពើ​ដែល​ខ្លួន​ប្រព្រឹត្ត។
៤ ពេល​នៅ​ក្នុង​ផ្ទៃ​ម្ដាយ
លោក​យ៉ាកុប​បាន​តោង​កែង​ជើង​បង​របស់​ខ្លួន
លុះ​ដល់​ពេល​ធំ​ពេញ​វ័យ
គាត់​បាន​បោកចំបាប់​ជា​មួយ​ព្រះជាម្ចាស់។
៥ គាត់​បាន​បោកចំបាប់​ជា​មួយ​ទេវតា
គាត់​បាន​ឈ្នះ​ទេវតា​នោះ
រួច​គាត់​ក៏​យំ អង្វរ​សុំ​ការ​ប្រណី​សន្ដោស។
គាត់​បាន​ជួប​ព្រះជាម្ចាស់​នៅ​បេតអែល
គឺ​នៅ​ទី​នោះ​ហើយ​ដែល​ព្រះអង្គ​មាន​ព្រះបន្ទូល
មក​កាន់​គាត់​។
៦ ព្រះអង្គ​ជា​ព្រះ​នៃ​ពិភព​ទាំង​មូល
ព្រះនាម​របស់​ព្រះអង្គ គឺ​ព្រះអម្ចាស់
៧ ចំពោះ​អ្នក​វិញ ចូរ​វិល​មក​រក​ព្រះ​របស់​អ្នក
ចូរ​កាន់​ចិត្ត​សុចរិត និង​យុត្តិធម៌
ចូរ​សង្ឃឹម​ទុក​ចិត្ត​លើ​ព្រះអង្គ​រហូត​ត​ទៅ។
៨ ប្រជាជន​កាន់​ជញ្ជីង​មិន​ត្រឹម​ត្រូវ​នៅ​ដៃ
ដូច​កាណាន​ដែរ
គេ​ចូល​ចិត្ត​កេងប្រវ័ញ្ច​អ្នក​ផ្សេង។
៩ អេប្រាអ៊ីម​ពោល​ថា:
“ខ្ញុំ​រក​ស៊ី​មាន​បាន ខ្ញុំ​មាន​ធនធាន
ដោយសារ​កម្លាំង​ញើស​របស់​ខ្ញុំ​ទាំង​ស្រុង
គឺ​ខ្ញុំ​គ្មាន​ធ្វើ​អ្វី​ខុស​ឡើយ”។
១០ «ប៉ុន្តែ យើង​ជា​ព្រះអម្ចាស់
យើង​ជា​ព្រះ​របស់​អ្នក​តាំង​ពី​ស្រុក​អេស៊ីប​មក។
យើង​នឹង​នាំ​អ្នក​អោយ​ទៅ​រស់​នៅ​តាម​ខ្ទម
សា​ជា​ថ្មី ដូច​គ្រា​ពិធី​បុណ្យ​ដ៏​សំខាន់​។
១១ យើង​នឹង​និយាយ​ទៅ​កាន់​ពួក​ព្យាការី
យើង​នឹង​សំដែង​និមិត្តហេតុ​ដ៏​អស្ចារ្យ​ជា​ច្រើន
ហើយ​យើង​ក៏​នឹង​ចោទ​ជា​ប្រស្នា
តាម​រយៈ​ពួក​ព្យាការី​ដែរ»។
១២ អ្នក​ស្រុក​កាឡាដ​សុទ្ធ​តែ​ជា​ជន​ទុច្ចរិត
ដូច្នេះ ហើយ​បាន​ជា​ពួក​គេ​វិនាស​សូន្យ។
ពួក​គេ​ចេះ​តែ​យក​គោ​មក​ធ្វើ​យញ្ញបូជា
នៅ​គីលកាល
ហេតុ​នេះ អាសនៈ​របស់​ពួក​គេ​នឹង​ក្លាយ​ទៅ​ជា
គំនរ​ឥដ្ឋ​នៅ​រាត់រាយ​តាម​ចំការ​ដែល​គេ​ភ្ជួរ។
១៣ លោក​យ៉ាកុប​ភៀស​ខ្លួន​ទៅ​នៅ​ស្រុក​អើរ៉ាម
លោក​អ៊ីស្រាអែល​បំរើ​គេ
ព្រោះ​ចង់​បាន​ប្រពន្ធ
គាត់​មើល​ថែ​ទាំ​ហ្វូង​សត្វ ដើម្បី​បាន​ប្រពន្ធ។
១៤ ព្រះអម្ចាស់​បាន​ប្រើ​ព្យាការី​មួយ​រូប​អោយ​នាំ
ជន​ជាតិ​អ៊ីស្រាអែល​ចាក​ចេញ​ពី​ស្រុក​អេស៊ីប
ហើយ​ព្រះអង្គ​ប្រើ​ព្យាការី​អោយ​មើល​ថែ​ទាំ
ប្រជារាស្ត្រ​របស់​ព្រះអង្គ។
១៥ អេប្រាអ៊ីម​បាន​ធ្វើ​អោយ​ព្រះអម្ចាស់
ខក​ព្រះហឫទ័យ​យ៉ាង​ខ្លាំង
ព្រះអម្ចាស់​របស់​គេ​នឹង​ដាក់​ទោស​គេ
ព្រោះ​គេ​បាន​បង្ហូរ​ឈាម។
ព្រះអង្គ​ដាក់​ទោស​គេ
ព្រោះ​គេ​ព្រហើន​ដាក់​ព្រះអង្គ។