៤
១ នៅគ្រានោះស្ត្រីប្រាំពីរនាក់
នឹងចោមរោមចង់បានបុរសម្នាក់
ទាំងពោលថា៖
«សូមលោកយកយើងខ្ញុំធ្វើជាភរិយាផង
សូមដកសេចក្ដីអាម៉ាស់ចេញពីយើងខ្ញុំទៅ
យើងខ្ញុំនឹងចិញ្ចឹមជីវិតដោយខ្លួនឯង
យើងខ្ញុំនឹងរកសម្លៀកបំពាក់ដោយខ្លួនឯង»។
អនាគតរបស់ក្រុងយេរូសាឡឹម
២ នៅគ្រានោះព្រះអម្ចាស់នឹងធ្វើអោយពន្លកមួយ លូតចេញមក ពន្លកនេះនាំជនជាតិអ៊ីស្រាអែលដែលនៅសល់ពីស្លាប់ អោយមានកិត្តិយស និងសិរីរុងរឿង ហើយដីនឹងបង្កើតភោគផលដែលនាំអោយពួកគេមានមោទនភាព និងមានកេរ្តិ៍ឈ្មោះល្បីល្បាញ។ ៣ ពេលនោះ អ្នកនៅក្រុងស៊ីយ៉ូនដែលសល់ពីស្លាប់ អ្នកក្រុងយេរូសាឡឹមដែលបានរួចជីវិត នឹងមានឈ្មោះថា «ជនដ៏វិសុទ្ធ»។ ព្រះអម្ចាស់កត់ឈ្មោះអ្នកទាំងនោះ ដើម្បីអោយគេរស់នៅក្នុងក្រុងយេរូសាឡឹម។ ៤ ព្រះអម្ចាស់នឹងផ្លុំខ្យល់មកដូចភ្លើង ដើម្បីវិនិច្ឆ័យ និងជំរះអ្នកក្រុងស៊ីយ៉ូន អោយបានរួចផុតពីអំពើសៅហ្មង។ ព្រះអង្គក៏លាងឈាមដែលគេបានបង្ហូរ នៅក្រុងយេរូសាឡឹមដែរ។
៥ បន្ទាប់មក ព្រះអម្ចាស់នឹងបង្កើតដុំពពក និងផ្សែងនៅពេលថ្ងៃ ដុំភ្លើងនៅពេលយប់ ហើយពន្លឺដ៏ចិញ្ចែងចិញ្ចាច ដូចភ្លើងដែលឆេះយ៉ាងសន្ធោសន្ធៅនៅពេលយប់ អោយមកស្ថិតលើភ្នំស៊ីយ៉ូនទាំងមូល និងលើអង្គប្រជុំនានា ក្នុងពេលគេប្រារព្ធធ្វើពិធីបុណ្យ។ សិរីរុងរឿងរបស់ព្រះអម្ចាស់នឹងគ្របបាំងការពារអ្វីៗទាំងអស់។ ៦ សិរីរុងរឿងនោះគ្របបាំងភ្នំស៊ីយ៉ូន ប្រៀបដូចជាស្វេតច្ឆត្រ ផ្ដល់ម្លប់ដ៏ត្រជាក់ត្រជុំនៅពេលថ្ងៃក្ដៅ ហើយក៏ជាជំរក នៅពេលព្យុះសង្ឃរា និងពេលភ្លៀងផងដែរ។