៥
ចំការទំពាំងបាយជូររបស់ព្រះអម្ចាស់
១ ខ្ញុំសូមច្រៀងបទមួយ
ក្នុងនាមមិត្តរបស់ខ្ញុំ
ជាបទចំរៀងស្ដីអំពីមិត្តសម្លាញ់របស់ខ្ញុំ
និងចំការទំពាំងបាយជូររបស់គាត់។
មិត្តសម្លាញ់របស់ខ្ញុំមាន
ចំការទំពាំងបាយជូរមួយ
នៅលើជំរាលភ្នំដែលមានជីជាតិល្អ
២ គាត់បានកាប់គាស់ដីរើសដុំថ្មចេញ
ហើយដាំទំពាំងបាយជូរ ពូជល្អបំផុត។
គាត់បានសង់ខ្ទម
និងជីកកន្លែងបញ្ជាន់ផ្លែ
នៅកណ្ដាលចំការនោះ
គាត់នឹកសង្ឃឹមថានឹងបានផ្លែល្អ តែចំការនោះ
បែរជាបង្កើតសុទ្ធតែផ្លែមិនល្អទៅវិញ។
៣ មិត្តរបស់ខ្ញុំក៏ពោលឡើងថា៖
អ្នកក្រុងយេរូសាឡឹម និងអ្នកស្រុកយូដាអើយ
សូមជួយវិនិច្ឆ័យរឿងខ្ញុំ និងចំការទំពាំងបាយជូររបស់ខ្ញុំផង។
៤ ខ្ញុំបានធ្វើការសព្វគ្រប់ទាំងអស់ចំពោះចំការ
នេះហើយ តើនៅខ្វះអ្វីទៀត?
ខ្ញុំនឹកសង្ឃឹមថានឹងបានផ្លែទំពាំងបាយជូរល្អ
តែហេតុដូចម្ដេចបានជាចំការខ្ញុំ បង្កើតសុទ្ធតែ
ផ្លែមិនល្អទៅវិញដូច្នេះ?។
៥ ឥឡូវនេះ ខ្ញុំសូមប្រាប់អ្នករាល់គ្នាអោយដឹង
អំពីការដែលខ្ញុំបម្រុងនឹងធ្វើទៅលើចំការនេះ
គឺខ្ញុំនឹងរើរបងចេញ អោយសត្វចូលស៊ីបំផ្លាញ
ខ្ញុំនឹងទម្លុះជញ្ជាំង អោយគេចូលជាន់ឈ្លី។
៦ ខ្ញុំបំផ្លាញវាអោយដូចចំការដែល
គេបោះបង់ចោល គ្មានអ្នកណាលួសមែក
គ្មានអ្នកណាជ្រួយដីទៀតឡើយ
គឺមានតែរពាក់ បន្លាដុះពាសពេញ
ខ្ញុំនឹងហាមពពកមិនអោយបង្អុរភ្លៀង
មកលើចំការនេះតទៅទៀតឡើយ។
៧ ចំការទំពាំងបាយជូររបស់ព្រះអម្ចាស់
នៃពិភពទាំងមូល គឺប្រជាជាតិអ៊ីស្រាអែល
ដើមទំពាំងបាយជូរដែលព្រះអង្គស្រឡាញ់
គឺប្រជាជនយូដា។
ព្រះអង្គនឹកសង្ឃឹមថាពួកគេនឹង
ប្រព្រឹត្តអំពើយុត្តិធម៌
តែពួកគេបែរជាប្រព្រឹត្តអំពើទុច្ចរិត
ព្រះអង្គនឹកសង្ឃឹមថាពួកគេនឹង
ប្រព្រឹត្តអំពើសុចរិត
តែព្រះអង្គបែរឮស្នូរសំរែក
របស់អ្នកដែលត្រូវគេជិះជាន់ទៅវិញ។
ទុក្ខទោសរបស់អស់អ្នកដែលបានធ្វើអោយព្រះអម្ចាស់ទ្រង់ព្រះពិរោធ
៨ អស់អ្នកដែលរឹបអូសយកផ្ទះគេ
មកធ្វើជាផ្ទះខ្លួនឯង មុខជាត្រូវវេទនាពុំខាន!
អស់អ្នកដែលយកដីគេ មកបញ្ចូលក្នុងដីខ្លួនឯង
ក៏ត្រូវវេទនាដែរ!
ពួកគេធ្វើដូច្នេះរហូតទាល់តែអ្នកផ្សេង
លែងមានដីទៀត
ហើយនៅទីបំផុត ក្នុងស្រុកមាននៅសល់
តែពួកគេប៉ុណ្ណោះ។
៩ ខ្ញុំបានឮព្រះអម្ចាស់នៃពិភពទាំងមូល
មានព្រះបន្ទូលយ៉ាងម៉ឺងម៉ាត់ថា:
ផ្ទះទាំងនេះមុខជាត្រូវវិនាសអន្តរាយអស់
ផ្ទះដ៏ស្កឹមស្កៃទាំងនេះ
នឹងគ្មានមនុស្សនៅទៀតទេ។
១០ ចំការទំពាំងបាយជូរបីហិកតា
នឹងអោយផលបានត្រឹមតែស្រាហាសិបលីត្រ
ស្រូវពូជដែលព្រោះទៅមួយរយគីឡូ
បានផលត្រឹមតែដប់គីឡូប៉ុណ្ណោះ។
១១ អស់អ្នកដែលក្រោកឡើងពីព្រលឹម
ស្វែងរកស្រាខ្លាំង
ហើយគិតតែផឹករហូតដល់អធ្រាត្រ
មុខជាត្រូវវេទនាពុំខាន!
១២ ពួកគេគិតតែពីផឹកស្រាសប្បាយ
ដោយមានសំឡេងពិណ និងចាប៉ី
ព្រមទាំងក្រាប់ និងខ្លុយលេងកំដរ
ពួកគេឥតចាប់អារម្មណ៍នឹងកិច្ចការដែល
ព្រះអម្ចាស់កំពុងធ្វើ គេឥតឃើញថា
ព្រះអង្គកំពុងសំរេចការអ្វីទេ។
១៣ ហេតុនេះហើយបានជាខ្មាំងនឹងកៀរ
ប្រជារាស្ត្ររបស់យើងនាំយកទៅជាឈ្លើយ
ដ្បិតពួកគេមិនយល់អ្វីទាំងអស់។
អ្នកធំរបស់គេនឹងស្លាប់ ដោយអត់បាយ
ប្រជាជនតូចតាចនឹងស្លាប់ដោយអត់ទឹក។
១៤ ក្នុងពេលដែលពួកគេកំពុងជប់លៀងសប្បាយ
មច្ចុរាជនឹងបើកមាត់ចំហយ៉ាងធំ
លេបយកទាំងអ្នកធំ ទាំងប្រជាជនតូចតាច
នៅក្រុងយេរូសាឡឹម។
១៥ មនុស្សលោកនឹងត្រូវអាប់អោន
គេនឹងដួលផ្កាប់មុខដល់ដី
មនុស្សមានចិត្តព្រហើននឹងត្រូវបន្ទាបចុះ។
១៦ ព្រះអម្ចាស់នៃពិភពទាំងមូលនឹងសំដែង
ភាពថ្កុំថ្កើងរបស់ព្រះអង្គ
ដោយវិនិច្ឆ័យទោសពួកគេ
ព្រះដ៏វិសុទ្ធនឹងសំដែងភាពវិសុទ្ធរបស់ព្រះអង្គ
ដោយប្រព្រឹត្តតាមសេចក្ដីសុចរិត។
១៧ ហ្វូងចៀមនឹងដើររកស៊ីតាមគំនរបាក់បែក
ដូចនៅតាមវាលស្មៅ
ហើយពពែដែលគេបំប៉ន
ក៏មកស៊ីស្មៅនៅតាមនោះដែរ។
១៨ អស់អ្នកដែលខំប្រឹងប្រព្រឹត្តអំពើបាប
ដូចគោខំប្រឹងទាញរទេះ
មុខជាត្រូវវេទនាពុំខាន
ព្រោះគេនឹងទទួលទោស
តាមអំពើដែលខ្លួនប្រព្រឹត្ត។
១៩ ពួកគេពោលថា «សូមព្រះអម្ចាស់បំពេញ
កិច្ចការរបស់ព្រះអង្គអោយឆាប់ៗទៅ
ដើម្បីអោយយើងបានឃើញផង!
សូមអោយគំរោងការរបស់ព្រះដ៏វិសុទ្ធ
នៃជនជាតិអ៊ីស្រាអែលបានសំរេចឆាប់ៗ
ដើម្បីអោយយើងបានស្គាល់ផង!»។
២០ អស់អ្នកដែលហៅអំពើអាក្រក់ថាល្អ
ហៅអំពើល្អថាអាក្រក់
ចាត់ទុកភាពងងឹតថាជាពន្លឺ
ចាត់ទុកពន្លឺថាជាភាពងងឹត
ហើយចាត់ទុកការជូរចត់ថាជាការសប្បាយ
ចាត់ទុកការសប្បាយថាជាការជូរចត់
មុខជាត្រូវវេទនាពុំខាន!
២១ អស់អ្នកដែលនឹកស្មានថាខ្លួនមានប្រាជ្ញា
ហើយចាត់ទុកខ្លួនឯងថាជាអ្នកចេះដឹង
មុខជាត្រូវវេទនាពុំខាន!
២២ អស់អ្នកដែលពូកែខាងផឹកស្រា
ហើយជាជើងឯកខាងបិតស្រាខ្លាំង
មុខជាត្រូវវេទនាពុំខាន!
២៣ ពួកគេទទួលសំណូក
ហើយចាត់ទុកជនឧក្រិដ្ឋថាគ្មានទោស
និងចាត់ទុកជនស្លូតត្រង់ថាមានទោសវិញ។
២៤ ហេតុនេះពួកគេនឹងរលួយទាំងឫស
ផ្ការបស់ពួកគេនឹងក្លាយទៅជាធូលីដី
ដូចអណ្ដាតភ្លើងឆាបឆេះស្បូវ
ឬដូចចំបើងត្រូវភ្លើងឆេះដែរ
ដ្បិតពួកគេបោះបង់ចោលការប្រៀនប្រដៅ
របស់ព្រះអម្ចាស់នៃពិភពទាំងមូល
ហើយមាក់ងាយព្រះបន្ទូលរបស់
ព្រះដ៏វិសុទ្ធនៃជនជាតិអ៊ីស្រាអែល។
២៥ ហេតុនេះហើយបានជាព្រះអម្ចាស់ទ្រង់
ព្រះពិរោធទាស់នឹងប្រជារាស្ត្ររបស់ព្រះអង្គ
ព្រះអង្គលើកព្រះហស្ដ វាយប្រហារពួកគេ
ពេលនោះ ភ្នំទាំងឡាយនឹងត្រូវរង្គើ
ហើយនឹងមានសាកសពដូចជាសំរាម
នៅពាសពេញតាមដងផ្លូវ។
ទោះបីយ៉ាងនេះក្ដី ព្រះពិរោធរបស់
ព្រះអង្គនៅតែមិនស្ងប់ដែរ
ព្រះអង្គលើកព្រះហស្ដគំរាមពួកគេដដែល។
២៦ ព្រះអង្គលើកទង់ឡើង ជាសញ្ញាដល់ប្រជាជាតិ
ដែលនៅឆ្ងាយៗ
ព្រះអង្គធ្វើសញ្ញាហៅពួកគេ
ពីស្រុកដាច់ស្រយាលនៃផែនដី
ពួកគេក៏នាំគ្នារូតរះមកយ៉ាងឆាប់រហ័ស។
២៧ ក្នុងចំណោមពួកគេ គ្មាននរណាម្នាក់នឿយហត់
គ្មាននរណាម្នាក់បាក់កម្លាំង
ហើយក៏គ្មាននរណាម្នាក់ងោកងុយ
ឬដេកលង់លក់ដែរ។
គ្មាននរណាម្នាក់ដោះខ្សែក្រវាត់ចេញពីចង្កេះ
ឬស្រាយខ្សែស្បែកជើងសោះឡើយ។
២៨ ពួកគេសំលៀងមុខព្រួញរបស់ខ្លួនជានិច្ច
ធ្នូរបស់គេនៅត្រៀមជាស្រេច
ក្រចកជើងសេះរបស់គេដូចថ្មភ្លឺរលើប
កង់រទេះរបស់គេប្រៀបដូចជាខ្យល់កួច។
២៩ សំរែករបស់គេប្រៀបបាននឹងសំរែកសត្វសិង្ហ
គេគ្រហឹមដូចជាកូនសិង្ហគ្រហឹម
ចាប់រំពានាំយកទៅ គ្មាននរណាអាចមករំដោះ
អោយរួចបានឡើយ។
៣០ ក៏ប៉ុន្តែ នៅគ្រានោះនឹងមានឮសន្ធឹក
ដូចស្នូរសមុទ្របក់បោកមកលើប្រជាជាតិនេះ។
ពេលក្រឡេកមើលស្រុកនោះ
គេឃើញមានសុទ្ធតែភាពងងឹត និងការឈឺចាប់
ហើយនឹងមានពពកយ៉ាងក្រាស់មកបាំងពន្លឺថ្ងៃ
អោយប្រែទៅជាងងឹតវិញ។