ព្រះបុត្រា​មួយ​អង្គ​ប្រសូត​នៅ​កណ្ដាល​ចំណោម​យើង
១ ក៏​ប៉ុន្តែ ភាព​ងងឹត​មិន​គ្រប​បាំង​ទឹក​ដី
ដ៏​សែន​លំបាក​នេះ​ទៀត​ឡើយ។
កាល​ពី​មុន​ព្រះអម្ចាស់​បាន​ធ្វើ​អោយ
តំបន់​សាប់យូឡូន និង​តំបន់​ណែបថាលី
ត្រូវ​អាម៉ាស់
តែ​ទៅ​អនាគត​ព្រះអង្គ​នឹង​ប្រទាន​អោយ
ស្រុក​នៅ​តាម​ឆ្នេរ​សមុទ្រ
ស្រុក​នៅ​ខាង​កើត​ទន្លេ​យ័រដាន់
និង​ស្រុក​កាលីឡេ​ដែល​សាសន៍​ដទៃ​រស់​នៅ​បាន​រុងរឿង​ឡើង។​
២ ប្រជាជន​ដែល​ដើរ​ក្នុង​ភាព​ងងឹត
បាន​ឃើញ​ពន្លឺ​មួយ​ដ៏​ចិញ្ចែងចិញ្ចាច
មាន​ពន្លឺ​មួយ​លេច​ឡើង​បំភ្លឺ​អស់​អ្នក
ដែល​រស់​នៅ​ក្រោម​អំណាច​នៃ​សេចក្ដី​ស្លាប់។
៣ ឱ​ព្រះអម្ចាស់​អើយ ព្រះអង្គ​ប្រោស​ប្រទាន
អោយ​ប្រជាជាតិ​នេះ​បាន​ចំរើន​ឡើង
ព្រម​ទាំង​អោយ​គេ​មាន​អំណរ​ដ៏​លើសលប់។
គេ​នឹង​សប្បាយ​រីករាយ​នៅ​ចំពោះ
ព្រះភក្ត្រ​ព្រះអង្គ​ដូច​ជា​សប្បាយ​នៅ​រដូវ​ចំរូត
ឬ​ដូច​នៅ​ពេល​ចែក​ជយភ័ណ្ឌ​ដែរ
៤ ដ្បិត​ព្រះអង្គ​បំបាក់​នឹម​ដែល
ខ្មាំង​សត្រូវ​ដាក់​លើ​គេ
ព្រះអង្គ​រំដោះ​គេ​អោយ​រួច​ពី​ការ​ជិះជាន់
សង្កត់សង្កិន​របស់​ខ្មាំង​សត្រូវ​
ដូច​នៅ​ជំនាន់​ដែល​ព្រះអង្គ​រំដោះ
បុព្វបុរស​របស់​គេ​អោយ​រួច​ពី​កណ្ដាប់​ដៃ
នៃ​ជន​ជាតិ​ម៉ាឌាន​ដែរ។
៥ ស្បែក​ជើង​របស់​ទាហាន
ដែល​តែងតែ​រុក​ទន្ទ្រាន
និង​សម្លៀកបំពាក់​ដែល​ប្រឡាក់​ដោយ​ឈាម
នឹង​ត្រូវ​ដុត​អោយ​ឆេះ​អស់​គ្មាន​សល់
៦ ដ្បិត​មាន​ព្រះរាជបុត្រ​មួយ​អង្គ​ប្រសូត​មក
សំរាប់​យើង
ព្រះជាម្ចាស់​បាន​ប្រទាន​ព្រះបុត្រា​មួយ​ព្រះអង្គ
មក​យើង​ហើយ។
បុត្រ​នោះ​ទទួល​អំណាច​គ្រប់គ្រង
គេ​នឹង​ថ្វាយ​ព្រះនាម​ថា:
“ព្រះ​ដ៏​គួរ​ស្ងើច​សរសើរ
ព្រះ​ប្រកប​ដោយ​ព្រះប្រាជ្ញាញាណ
ព្រះ​ដ៏​មាន​ឫទ្ធិ​ចេស្ដា
ព្រះបិតា​ដ៏​មាន​ព្រះជន្ម​គង់​នៅ​អស់កល្ប​ជានិច្ច
ព្រះអង្គ​ម្ចាស់​នៃ​សេចក្ដី​សុខសាន្ត”។
៧ ព្រះរាជបុត្រ​នោះ​នឹង​លាត​សន្ធឹង​អំណាច
ព្រះអង្គ​នឹង​ធ្វើ​អោយ​រាជ​បល្ល័ង្ក​របស់​ព្រះបាទ
ដាវីឌ និង​នគរ​របស់​ព្រះអង្គ
មាន​សេចក្ដី​សុខសាន្ត​រហូត​ត​ទៅ។
ព្រះអង្គ​យក​សេចក្ដី​សុចរិត និង​យុត្តិធម៌
មក​ពង្រឹង​នគរ​របស់​ព្រះអង្គ​អោយ​បាន​គង់វង្ស
ចាប់​ពី​ពេល​នេះ រហូត​អស់កល្ប​ជា​អង្វែង
ត​រៀង​ទៅ
ដ្បិត​ព្រះអម្ចាស់​នៃ​ពិភព​ទាំង​មូល​សំរេច​ដូច្នេះ
មក​ពី​ព្រះអង្គ​មាន​ព្រះហឫទ័យ​ស្រឡាញ់
យ៉ាង​ខ្លាំង​ចំពោះ​យើង។
ការ​ដាក់​ទោស​រាជាណាចក្រ​អ៊ីស្រាអែល
៨ ព្រះអម្ចាស់​ប្រកាស​ដាក់​ទោស
ប្រជាជន​នៅ​ក្នុង​រាជា​ណាចក្រ​អ៊ីស្រាអែល​
ដែល​ជា​ពូជពង្ស​របស់​លោក​យ៉ាកុប។
៩ ប្រជាជន​ទាំង​មូល គឺ​អ្នក​ស្រុក​អេប្រាអ៊ីម
និង​អ្នក​ស្រុក​សាម៉ារី មុខ​ជា​ដឹង
ហើយ​នាំ​គ្នា​និយាយ​អួត​ក្អេងក្អាង​ថា៖
១០ «អាគារ​ធ្វើ​ពី​ដី​ឥដ្ឋ បាន​រលំ​ហើយ
យើង​នឹង​យក​ថ្ម​មក​សង់​ឡើង​វិញ
គេ​បាន​កាប់​រំលំ​សសរ​ធ្វើ​ពី​ដើម​ត្បែង
តែ​យើង​នឹង​យក​សសរ​ធ្វើ​ពី​ដើម​ផ្ចឹក
មក​ជំនួស​វិញ!»។
១១ ព្រះអម្ចាស់​នឹង​នាំ​បច្ចាមិត្ត​របស់​ស្ដេច​រេស៊ីន
អោយ​មក​វាយ​លុក​ពួក​គេ
ព្រះអង្គ​នឹង​ពង្រឹង​កម្លាំង​ខ្មាំង​សត្រូវ​របស់​គេ
១២ ជន​ជាតិ​ស៊ីរី​នឹង​វាយ​ពួក​គេ​ពី​ខាង​កើត
ហើយ​ជន​ជាតិ​ភីលីស្ទីន​ពី​ខាង​លិច។
ខ្មាំង​សត្រូវ​ត្របាក់​លេប​អ៊ីស្រាអែល។
ប៉ុន្តែ ទោះ​ជា​យ៉ាង​នេះ​ក្ដី
ក៏​ព្រះពិរោធ​នៅ​តែ​ពុំ​ទាន់​ស្ងប់​ដដែល
គឺ​ព្រះអម្ចាស់​នៅ​តែ​លាត​ព្រះហស្ដ
ចាំ​វាយ​ប្រដៅ​គេ​ជានិច្ច។
១៣ ទោះ​បី​ព្រះអម្ចាស់​វាយ​ប្រដៅ​យ៉ាង​ណា​ក្ដី
ក៏​ប្រជាជន​អ៊ីស្រាអែល​ពុំ​ព្រម​វិល​មក​រក
ព្រះអង្គ​ដែរ ពួក​គេ​ពុំ​ស្វែង​រក
ព្រះអម្ចាស់​នៃ​ពិភព​ទាំង​មូល​ទេ។
១៤ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះអម្ចាស់
ដាក់​ទោស​អ៊ីស្រាអែល​ក្នុង​ថ្ងៃ​តែ​មួយ
គឺ​ព្រះអង្គ​កាត់​ទាំង​ក្បាល ទាំង​កន្ទុយ
ទាំង​អ្នក​ចេះ ទាំង​អ្នក​ខ្លៅ
១៥ ក្បាល​គឺ​ពួក​ព្រឹទ្ធាចារ្យ និង​អ្នក​មុខ​អ្នក​ការ
រីឯ​កន្ទុយ គឺ​ព្យាការី​ដែល​ជា​គ្រូ​ក្លែងក្លាយ។
១៦ ពួក​មេ​ដឹក​នាំ​ដែល​បាន​ធ្វើ​អោយ
ប្រជាជន​នេះ​វង្វេង
ហើយ​អស់​អ្នក​ដែល​ត្រូវ​គេ​ដឹក​នាំ
ក៏​វិនាស​អន្តរាយ​ដែរ។
១៧ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះអម្ចាស់
មិន​អាណិត​យុវជន​របស់​ពួក​គេ​ឡើយ
ព្រះអង្គ​ក៏​មិន​មេត្តា​ក្មេង​កំព្រា
និង​ស្ត្រី​មេម៉ាយ​របស់​ពួក​គេ​ដែរ
ដ្បិត​អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​ទមិឡ
និង​ជា​មនុស្ស​ពាល។
មាត់​របស់​ពួក​គេ​ពោល​សុទ្ធ​តែ​ពាក្យ​អាស្រូវ។
ប៉ុន្តែ ទោះ​ជា​យ៉ាង​នេះ​ក្ដី
ក៏​ព្រះពិរោធ​នៅ​តែ​ពុំ​ទាន់​ស្ងប់​ដដែល
គឺ​ព្រះអម្ចាស់​នៅ​តែ​លាត​ព្រះហស្ដ
ចាំ​វាយ​ប្រដៅ​គេ​ជានិច្ច។
១៨ អំពើ​អាក្រក់​របស់​គេ​ប្រៀប​បាន​នឹង
ភ្លើង​ដែល​ឆេះ​គុម្ព​បន្លា និង​គុម្ព​រពាក់
រួច​ហើយ​រាលដាល​ឆេះ​ព្រៃ​របោះ ធ្វើ​អោយ
មាន​ផ្សែង​ខ្មួលខ្មាញ់​ហុយ​ឡើង​ទៅ​លើ​មេឃ។
១៩ ដោយសារ​ព្រះអម្ចាស់​នៃ​ពិភព​ទាំង​មូល
ទ្រង់​ព្រះពិរោធ​យ៉ាង​ខ្លាំង
ទឹក​ដី​របស់​គេ​នឹង​ត្រូវ​ឆាបឆេះ
ហើយ​ប្រជាជន​នឹង​ក្លាយ​ទៅ​ជា​ចំណី​ភ្លើង។
គ្មាន​នរណា​ម្នាក់​ត្រា​ប្រណី​បង​ប្អូន​របស់​ខ្លួន​ទេ។
២០ ប្រជាជន​ងាក​ទៅ​ខាំ​ខាង​ស្ដាំ
គេ​នៅ​តែ​ឃ្លាន
ងាក​ទៅ​ត្របាក់​ខាង​ឆ្វេង
ក៏​នៅ​តែ​មិន​បាន​ឆ្អែត​ដដែល
ដូច្នេះ ម្នាក់ៗ​ហែក​សាច់​ឈាម​របស់​ខ្លួន​ឯង​ស៊ី
២១ គឺ​ម៉ាណាសេ​ស៊ី​សាច់​អេប្រាអ៊ីម
អេប្រាអ៊ីម​ស៊ី​សាច់​ម៉ាណាសេ
ហើយ​អ្នក​ទាំង​ពីរ​ព្រួត​គ្នា​ស៊ី​សាច់​យូដា
ប៉ុន្តែ ទោះ​ជា​យ៉ាង​នេះ​ក្ដី
ក៏​ព្រះពិរោធ​នៅ​តែ​ពុំ​ទាន់​ស្ងប់​ដដែល
គឺ​ព្រះអម្ចាស់​នៅ​តែ​លាត​ព្រះហស្ដ
ចាំ​វាយ​ប្រដៅ​គេ​ជានិច្ច។