១០
១ អ្នក​ណា​បង្កើត​ច្បាប់​អយុត្តិធម៌
ហើយ​ចេញ​បទ​បញ្ជា
ដើម្បី​ជិះជាន់​ប្រជាជន
អ្នក​នោះ​នឹង​ត្រូវ​វេទនា​ជា​ពុំខាន។ ២ ពួក​គេ​ឃាត់​ជន​ក្រីក្រ​មិន​អោយ​រក​យុត្តិធម៌
ហើយ​បំបិទ​សិទ្ធិ​របស់​ជន​ទុគ៌ត​ក្នុង​ចំណោម
ប្រជារាស្ត្រ​របស់​យើង!
ពួក​គេ​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​ពី​ស្ត្រី​មេម៉ាយ
ហើយ​ប្លន់​យក​អ្វីៗ​ទាំង​អស់​ពី​ក្មេង​កំព្រា។
៣ ពេល​ព្រះអម្ចាស់​ដាក់​ទោស
គឺ​ពេល​ព្រះអង្គ​ធ្វើ​អោយ​មាន​ខ្យល់
ព្យុះ​សង្ឃរា​ពី​ស្រុក​ឆ្ងាយ​បក់​បោក​មក
តើ​អ្នក​រាល់​គ្នា​នឹង​ធ្វើ​ដូច​ម្ដេច?
តើ​អ្នក​រាល់​គ្នា​នឹង​រត់​ទៅ​រក​ជំនួយ​ពី​នរណា?
តើ​អ្នក​រាល់​គ្នា​នឹង​យក​ទ្រព្យ​សម្បត្តិ​របស់
អ្នក​រាល់​គ្នា​ទៅ​ទុក​នៅ​ឯ​ណា?
៤ គឺ​អ្នក​រាល់​គ្នា​ត្រូវ​តែ​ជាប់​ជា​ឈ្លើយ​សឹក
ឬ​ស្លាប់​ដោយ​មុខ​ដាវ​ប៉ុណ្ណោះ
ប៉ុន្តែ ទោះ​ជា​យ៉ាង​នេះ​ក្ដី
ក៏​ព្រះពិរោធ​នៅ​តែ​ពុំ​ទាន់​ស្ងប់​ដដែល
គឺ​ព្រះអម្ចាស់​នៅ​តែ​លាត​ព្រះហស្ដ
ចាំ​វាយ​ប្រដៅ​គេ​ជានិច្ច។
ព្រះជាម្ចាស់​ប្រើ​កងទ័ព​អាស្ស៊ីរី​ជា​ឧបករណ៍ ដាក់​ទោស​ប្រជារាស្ត្រ​របស់​ព្រះអង្គ
៥ ជន​ជាតិ​អាស្ស៊ីរី​ត្រូវ​វេទនា​ហើយ!​
យើង​នឹង​ប្រើ​ពួក​គេ​ជា​ដំបង
ដើម្បី​ធ្វើ​តាម​កំហឹង​របស់​យើង។
៦ យើង​ចាត់​ជន​ជាតិ​អាស្ស៊ីរី​អោយ​ទៅ​ធ្វើ​ទោស ប្រជាជាតិ​ទមិឡ
យើង​នឹង​នាំ​ពួក​គេ​ទៅ​វាយ​ប្រហារ​ប្រជាជន
ដែល​បាន​បង្ក​អោយ​យើង​មាន​កំហឹង
ពួក​គេ​នឹង​ប្លន់ រឹប​អូស​យក​ទ្រព្យ​សម្បត្តិ
ហើយ​ជាន់​ឈ្លី​ប្រជាជាតិ​នេះ
ដូច​គេ​ដើរ​ជាន់​ភក់​នៅ​តាម​ផ្លូវ។
៧ ប៉ុន្តែ ជន​ជាតិ​អាស្ស៊ីរី​ពុំ​បាន​យល់​ដូច្នេះ​ទេ
គឺ​គេ​មាន​ចិត្ត​គំនិត​ផ្សេង គិត​តែ​ពី​កំទេច
និង​សម្លាប់​រង្គាល​ប្រជាជាតិ​ជា​ច្រើន​ឥត​គណនា។
៨ គេ​ពោល​ថា៖ «មេទ័ព​របស់​យើង មាន​អំណាច
ស្មើ​នឹង​ស្ដេច​ឯ​ទៀតៗ។
៩ យើង​បាន​ប្រព្រឹត្ត​ចំពោះ​ក្រុង​កាលនរ
ដូច​ក្រុង​កើកេមីស
ហើយ​យើង​ក៏​បាន​ប្រព្រឹត្ត​ចំពោះ​ក្រុង​ហាម៉ាត់
ក្រុង​អើផាឌ ក្រុង​សាម៉ារី
និង​ក្រុង​ដាម៉ាស​ដូច​គ្នា​ដែរ។
១០ បន្ទាប់​មក យើង​បាន​យក​ជ័យជំនះ​លើ​នគរ
របស់​ព្រះ​ក្លែងក្លាយ ដែល​មាន​រូប​បដិមា
ធំ​ជាង​រូប​ព្រះ​នៅ​ក្រុង​យេរូសាឡឹម
និង​ក្រុង​សាម៉ារី​ទៅ​ទៀត។
១១ យើង​បាន​ប្រព្រឹត្ត​ចំពោះ​ក្រុង​សាម៉ារី
និង​ព្រះ​ក្លែងក្លាយ​របស់​គេ​យ៉ាង​ណា
យើង​ក៏​នឹង​ប្រព្រឹត្ត​ចំពោះ​ក្រុង​យេរូសាឡឹម
និង​រូប​ព្រះ​របស់​គេ​យ៉ាង​នោះ​ដែរ»។
១២ ពេល​ព្រះអម្ចាស់​បញ្ចប់​កិច្ចការ​ទាំង​ប៉ុន្មាន​របស់​ព្រះអង្គ​នៅ​លើ​ភ្នំ​ស៊ីយ៉ូន និង​នៅ​ក្រុង​យេរូសាឡឹម រួច​ហើយ​ព្រះអង្គ​នឹង​ដាក់​ទោស​ស្ដេច​អាស្ស៊ីរី​ ដែល​មាន​ចិត្ត​អួតអាង និង​វាយ​ប្ញក​ខ្ពស់
១៣ ដ្បិត​ស្ដេច​នោះ​មាន​រាជឱង្ការ​ថា:
«យើង​ទទួល​ជ័យជំនះ
ដោយសារ​កម្លាំង និង​ប្រាជ្ញា​របស់​យើង​ផ្ទាល់
ដ្បិត​យើង​មាន​បញ្ញា​វាងវៃ។
យើង​បាន​រំលាយ​ព្រំដែន​របស់​ប្រជាជាតិ​នានា
ព្រម​ទាំង​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ
របស់​គេ​ទៀត​ផង។
យើង​បាន​ប្រើ​ឫទ្ធិ​អំណាច​របស់​យើង
ទម្លាក់​ស្ដេច​ជា​ច្រើន​ចុះ​ពី​បល្ល័ង្ក។
១៤ យើង​បាន​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​របស់
ប្រជាជន​ទាំងឡាយ ដូច​គេ​ប្រមូល​ពង​សត្វ
ពី​សំបុក​ដែល​មេ​វា​បោះ​បង់​ចោល។
យើង​បាន​ប្រមូល​អ្វីៗ​ទាំង​អស់​នៅ​លើ​ផែនដី
ឥត​មាន​នរណា​ម្នាក់​ហ៊ាន​កំរើក
ឬ​ហើប​មាត់​តវ៉ា​ឡើយ»។
១៥ មិន​ដែល​មាន​ពូថៅ​ណា​អួត​ខ្លួន​ថា
ប្រសើរ​ជាង​អ្នក​ដែល​ប្រើ​វា​ទេ
ហើយ​រណារ​ក៏​មិន​ដែល​អួត​បំប៉ោង
ជំទាស់​នឹង​អ្នក​ដែល​ប្រើ​វា​ដែរ។
មិន​ដែល​មាន​ព្រនង់​ណា​បញ្ជា​ទៅ​ដៃ
ដែល​កាន់​វា អោយ​កំរើក​ឡើយ
ហើយ​ក៏​មិន​ដែល​មាន​ដំបង​ណា​កាន់
អ្នក​ដែល​ប្រើ​វា​ដែរ!
១៦ ហេតុ​នេះ ព្រះជាអម្ចាស់​នៃ​ពិភព​ទាំង​មូល
នឹង​ធ្វើ​អោយ​ទាហាន​ដ៏​មាំមួន​របស់​គេ
ក្លាយ​ទៅ​ជា​ស្គម​រីងរៃ
ហើយ​អោយ​មាន​ភ្លើង​យ៉ាង​សន្ធោសន្ធៅ
ឆេះ​បំផ្លាញ​ភាព​ថ្កុំថ្កើង​រុងរឿង​របស់​ពួក​គេ។
១៧ ក្នុង​រយៈ​ពេល​តែ​មួយ​ថ្ងៃ ព្រះអម្ចាស់​ដែល​ជា
ពន្លឺ និង​ជា​ព្រះ​ដ៏វិសុទ្ធ​របស់​ជន​ជាតិ​អ៊ីស្រាអែល
ប្រែ​ទៅ​ជា​ភ្លើង ឆាបឆេះ​បន្លា និង​រពាក់។
១៨ ព្រះអង្គ​នឹង​កំទេច​ព្រៃ​ព្រឹក្សា​ដ៏​ល្អ​ប្រណីត
របស់​ពួក​គេ អោយ​រលាយ​សូន្យ
ដូច​អ្នក​ជំងឺ​ដែល​កំពុង​ត្រដរ​ខ្យល់។
១៩ ព្រៃ​របស់​គេ​នៅ​សល់​ដើម​ឈើ​តែ​បន្តិចបន្តួច
សូម្បី​តែ​កូន​ក្មេង​ក៏​អាច​រាប់​អស់​ដែរ។
ប្រជាជន​អ៊ីស្រាអែល​ដែល​នៅ​សេសសល់
២០ នៅ​គ្រា​នោះ​ជន​ជាតិ​អ៊ីស្រាអែល​ដែល​នៅ​សល់ គឺ​ពូជពង្ស​របស់​លោក​យ៉ាកុប​ដែល​រួច​ពី​ស្លាប់ លែង​ពឹង​ផ្អែក​លើ​ប្រជាជាតិ​ដែល​វាយ​ប្រហារ​ខ្លួន​ទៀត​ហើយ ពួក​គេ​នឹង​ផ្ញើ​ជីវិត​ទាំង​ស្រុង​លើ​ព្រះអម្ចាស់ ជា​ព្រះ​ដ៏វិសុទ្ធ​របស់​ជន​ជាតិ​អ៊ីស្រាអែល។ ២១ ប្រជាជន​ដែល​នៅ​សេសសល់ គឺ​កូន​ចៅ​របស់​លោក​យ៉ាកុប​ដែល​នៅ​សេសសល់ នឹង​នាំ​គ្នា​វិល​មក​រក​ព្រះ​ដ៏​មាន​ឫទ្ធិចេស្ដា​វិញ។ ២២ ប៉ុន្តែ អ៊ីស្រាអែល​អើយ ទោះ​បី​ប្រជាជន​របស់​អ្នក មាន​ចំនួន​ច្រើន​ដូច​គ្រាប់​ខ្សាច់​នៅ​ឆ្នេរ​សមុទ្រ​ក្ដី ក៏​មាន​ចំនួន​ដ៏​តូច​ប៉ុណ្ណោះ​ដែល​វិល​មក​វិញ​។ ព្រះអម្ចាស់​បាន​សំរេច​កំទេច​ស្រុក​នេះ ដើម្បី​បង្ហាញ​សេចក្ដី​សុចរិត​ដ៏​លើសលប់​របស់​ព្រះអង្គ។ ២៣ ព្រះជាអម្ចាស់​នៃ​ពិភព​ទាំង​មូល​បាន​សំរេច​កំទេច​ស្រុក​ទាំង​មូល។​
ព្រះអម្ចាស់​នឹង​កំទេច​ស្រុក​អាស្ស៊ីរី
២៤ ហេតុ​នេះ​ព្រះជាអម្ចាស់​នៃ​ពិភព​ទាំង​មូល មាន​ព្រះបន្ទូល​ថា៖ «ប្រជាជន​របស់​យើង​ដែល​រស់​នៅ​ក្នុង​ក្រុង​ស៊ីយ៉ូន​អើយ! មិន​ត្រូវ​ខ្លាច​ជន​ជាតិ​អាស្ស៊ីរី ដែល​កំពុង​តែ​លើក​ព្រនង់ និង​លើក​ដំបង​វាយ​អ្នក​រាល់​គ្នា ដូច​ជន​ជាតិ​អេស៊ីប​ធ្លាប់​វាយ​ កាល​ពី​មុន​នោះ​ឡើយ។ ២៥ បន្តិច​ទៀត​យើង​ឈប់​ខឹង​នឹង​អ្នក​រាល់​គ្នា​ហើយ គឺ​យើង​នឹង​បំបែរ​កំហឹង ទៅ​បំផ្លាញ​ពួក​គេ​វិញ»។ ២៦ ព្រះជាអម្ចាស់​នៃ​ពិភព​ទាំង​មូល នឹង​យក​រំពាត់​វាយ​ជន​ជាតិ​អាស្ស៊ីរី ដូច​ពី​ដើម ព្រះអង្គ​បាន​វាយ​ជន​ជាតិ​ម៉ាឌាន​នៅ​ក្បែរ​ថ្ម​អូរិប ព្រះអង្គ​នឹង​លើក​ដំបង​វាយ​សមុទ្រ ដូច​ព្រះអង្គ​បាន​វាយ​សមុទ្រ​នៅ​ស្រុក​អេស៊ីប​។
២៧ នៅ​គ្រា​នោះ​ព្រះអង្គ​នឹង​យក​អំរែក
ចេញ​ពី​ស្មា​របស់​អ្នក​រាល់​គ្នា
ព្រះអង្គ​យក​នឹម​របស់​ខ្មាំង​សត្រូវ
ចេញ​ពី​ក​របស់​អ្នក​រាល់​គ្នា។
នឹម​នោះ​ត្រូវ​ខ្ទាត​ចេញ
ដោយសារ​ភាព​សម្បូណ៌​សប្បាយ​
ខ្មាំង​សត្រូវ​វាយ​ជិត​ដល់​ក្រុង​យេរូសាឡឹម
២៨ កងទ័ព​របស់​ខ្មាំង​បាន​ចូល​ទៅ​ដល់​ក្រុង​អៃយ៉ាត
ពួក​គេ​ឆ្លង​កាត់​ក្រុង​មីករ៉ូន
ហើយ​ទុក​របស់​របរ​នៅ​ក្រុង​មីគម៉ាស។
២៩ គេ​ឆ្លង​កាត់​ច្រក​ភ្នំ មក​បោះ​ជំរំ​នៅ​កេបា
ធ្វើ​អោយ​អ្នក​ភូមិ​រ៉ាម៉ា​ញ័រ​រន្ធត់
ហើយ​អស់​អ្នក​ដែល​រស់​នៅ​ភូមិ​គីបៀរ ជា​ភូមិ
កំណើត​របស់​ស្ដេច​សូល នាំ​គ្នា​រត់​គេច​ខ្លួន។
៣០ អ្នក​ស្រុក​កាលីម​អើយ ចូរ​ទ្រហោ​យំ​ទៅ!
អ្នក​ស្រុក​ឡាអ៊ីស​អើយ ចូរ​ត្រងត្រាប់​ស្ដាប់!
អ្នក​ស្រុក​អាណាថោត​អើយ ម្ដេច​ក៏​វេទនា​ម៉្លេះ!
៣១ អ្នក​ស្រុក​ម៉ាដម៉េណា​នឹង​រត់​បែកខ្ញែក​គ្នា
អ្នក​ស្រុក​កេប៊ីម​នឹង​នាំ​គ្នា​រត់​រក​កន្លែង​ពួន។
៣២ នៅ​ថ្ងៃ​ដដែល​នោះ ខ្មាំង​សត្រូវ​ទៅ​ដល់​ណូប
គេ​ប្រើ​កម្លាំង​គំរាម​កំហែង​ភ្នំ​ស៊ីយ៉ូន
គឺ​គំរាម​កំហែង​ក្រុង​យេរូសាឡឹម។
៣៣ នៅ​គ្រា​នោះ ព្រះជាអម្ចាស់​នៃ​ពិភព​ទាំង​មូល
នឹង​កាប់​កំទេច​មែក​ទាំងឡាយ​ចោល
ព្រះអង្គ​នឹង​ផ្ដួល​រំលំ​ដើម​ឈើ​ខ្ពស់ៗ
ហើយ​កាប់​ដើម​ឈើ​ដែល​នៅ​ខ្ពស់​ជាង​គេ
អោយ​ធ្លាក់​ចុះ​មក​ដី។
៣៤ ព្រះអង្គ​នឹង​កាប់​រំលំ​ព្រៃ​របោះ
ហើយ​ដើម​ឈើ​ធំៗ​ដ៏​មាន​តម្លៃ​នៅ​ស្រុក​លីបង់
នឹង​ត្រូវ​រលំ​ដែរ។