៣៥
សម័យ​កាល​ដ៏​ប្រសើរ​រុងរឿង
១ វាល​រហោស្ថាន និង​ដី​ហួតហែង
ចូរ​រីករាយ​ឡើង!
រីឯ​វាល​ខ្សាច់ ចូរ​ត្រេក​អរ​សប្បាយ
ហើយ​មាន​ផ្កា​រីក​ស្គុសស្គាយ​ឡើង!
២ ចូរ​មាន​ផ្កា​ដុះ​ដេរដាស
ហើយ​ត្រេក​អរ​សប្បាយ
ព្រម​ទាំង​បន្លឺ​សំឡេង​ច្រៀង​ដោយ​រីករាយ
ដ្បិត​ព្រះអម្ចាស់​ប្រទាន​អោយ​ទឹក​ដី​នេះ
រុងរឿង​ដូច​ព្រៃ​នៅ​ភ្នំ​លីបង់
មាន​សោភណភាព​ដូច​ព្រៃ​ព្រឹក្សា​នៅ​ភ្នំ​កើមែល
និង​ដូច​ចំការ​ដំណាំ​នៅ​វាល​ទំនាប​សារ៉ូន​ដែរ។
ពេល​នោះ ប្រជាជន​នឹង​ឃើញ
សិរីរុងរឿង និង​ភាព​ថ្កុំថ្កើង​របស់​ព្រះអម្ចាស់
ជា​ព្រះ​នៃ​យើង។
៣ ចូរ​ជួយ​អ្នក​ដែល​ទន់​ដៃ​ទន់​ជើង
អោយ​មាន​កម្លាំង​រឹងប៉ឹង​មាំមួន​ឡើង​វិញ!
៤ ចូរ​កម្លា​ចិត្ត​អ្នក​ដែល​ភ័យ​តក់ស្លុត​ថា:
ចូរ​មាន​ចិត្ត​ក្លាហាន​ឡើង កុំ​ភ័យ​ខ្លាច​អ្វី​ឡើយ!
មើល៍ហ្ន៎ ព្រះ​របស់​អ្នក​រាល់​គ្នា!
ព្រះអង្គ​យាង​មក​សងសឹក
ព្រះអង្គ​នឹង​ប្រព្រឹត្ត​ចំពោះ​ខ្មាំង​សត្រូវ
តាម​អំពើ​ដែល​គេ​បាន​ប្រព្រឹត្ត​លើ​អ្នក​រាល់​គ្នា
គឺ​ព្រះអង្គ​ផ្ទាល់ យាង​មក​សង្គ្រោះ​អ្នក​រាល់​គ្នា។
៥ ពេល​នោះ មនុស្ស​ខ្វាក់​នឹង​មើល​ឃើញ
មនុស្ស​ថ្លង់​នឹង​ស្ដាប់​ឮ
៦ មនុស្ស​ខ្វិន​នឹង​លោត​ដូច​ប្រើស
ហើយ​មនុស្ស​គ នឹង​ច្រៀង​យ៉ាង​រីករាយ
ដ្បិត​មាន​ទឹក​ផុស​ឡើង​នៅ​វាល​រហោស្ថាន
ព្រម​ទាំង​មាន​ទឹក​ជ្រោះ​ហូរ
នៅ​វាល​ហួតហែង។
៧ ដី​បែក​ក្រហែង​នឹង​ក្លាយ​ទៅ​ជា​បឹងបួរ
ស្រុក​ដែល​ធ្លាប់​តែ​រីង​ស្ងួត
បែរ​ជា​មាន​ប្រភព​ទឹក​ផុស​ឡើង​ជា​ច្រើន
នៅ​តាម​រូង​ចចក បែរ​ជា​មាន​ដើម​ត្រែង
និង​ដើម​កក់​ដុះ​វិញ។
៨ នៅ​ទី​នោះ នឹង​មាន​ផ្លូវ​មួយ​ឈ្មោះ​ហៅ​ថា
«ផ្លូវ​ដ៏វិសុទ្ធ»។
មនុស្ស​មិន​បរិសុទ្ធ មិន​អាច​ដើរ​តាម​ផ្លូវ​នោះ​ទេ
ហើយ​អ្នក​គោរព​ព្រះ​ក្លែងក្លាយ
ក៏​ដើរ​តាម​ផ្លូវ​នោះ​មិន​បាន​ដែរ
ព្រោះ​ព្រះអម្ចាស់​ផ្ទាល់​ទ្រង់​យាង​នាំ​មុខ​គេ។
៩ គ្មាន​សត្វ​សិង្ហ សត្វ​សាហាវ នៅ​តាម​ផ្លូវ​នោះ​ទេ
មាន​តែ​ពួក​ឈ្លើយ​ដែល​ព្រះអង្គ​បាន​លោះ
មក​វិញ​ប៉ុណ្ណោះ​ដែល​ដើរ​តាម​ផ្លូវ​នោះ។
១០ ពួក​ឈ្លើយ​សឹក​ដែល​ព្រះអម្ចាស់​បាន​រំដោះ
នឹង​ដើរ​ត្រឡប់​មក​ស្រុក​វិញ
ពួក​គេ​មក​ដល់​ក្រុង​ស៊ីយ៉ូន
ដោយ​ស្រែក​ហ៊ោ​យ៉ាង​សប្បាយ។
ទឹក​មុខ​របស់​ពួក​គេ​ពោរពេញ​ទៅ​ដោយ​អំណរ
រក​អ្វី​ប្រៀប​ស្មើ​ពុំ​បាន
ពួក​គេ​សប្បាយ​រីករាយ​ឥត​ឧបមា
ដ្បិត​ទុក្ខ​ព្រួយ និង​សំរែក​យំ​ថ្ងូរ
លែង​មាន​ទៀត​ហើយ។