៣៦
ស្ដេចស្រុកអាស្ស៊ីរីឡោមព័ទ្ធក្រុងយេរូសាឡឹម
(២ពង្សាវតារក្សត្រ ១៨:១៣, ១៧-៣៧)
១ នៅឆ្នាំទីដប់បួននៃរជ្ជកាលព្រះបាទហេសេគា ព្រះចៅសានហេរីបជាស្ដេចស្រុកអាស្ស៊ីរីបានលើកទ័ពមកវាយដណ្ដើមយកក្រុងទាំងប៉ុន្មាន ដែលមានកំពែងរឹងមាំ នៅស្រុកយូដា។ ២ បន្ទាប់មក ស្ដេចស្រុកអាស្ស៊ីរីចាត់មេទ័ពមួយរូប ពីកន្លែងបោះទ័ពនៅឡាគីស អោយមកជួបព្រះបាទហេសេគានៅក្រុងយេរូសាឡឹម ទាំងនាំកងពលយ៉ាងច្រើនមកជាមួយផង។ គាត់ឈរនៅក្បែរព្រែកជីក ដែលនៅជាប់នឹងស្រះខាងលើ តាមផ្លូវទៅចំការរបស់អ្នកជ្រលក់ល័ក្ខ។
៣ ពេលនោះ លោកអេលាគីមជាកូនរបស់លោកហ៊ីលគីយ៉ា ដែលជាអ្នកមើលខុសត្រូវលើព្រះបរមរាជវាំង ចេញទៅជួបមេទ័ពរបស់ស្ដេចស្រុកអាស្ស៊ីរីនោះ ដោយមានលោកសេបណា ជាស្មៀនហ្លួង ព្រមទាំងលោកយ៉ូអា ជាកូនរបស់លោកអេសាភ និងជាអ្នកនាំពាក្យរបស់ស្ដេចទៅជាមួយផង។ ៤ មេទ័ពរបស់ព្រះចៅសានហេរីបពោលថា៖ «សូមអស់លោកទៅទូលព្រះបាទហេសេគាដូចតទៅ: ព្រះមហាក្សត្រាធិរាជ គឺព្រះមហាក្សត្ររបស់ស្រុកអាស្ស៊ីរីមានរាជឱង្ការថា តើព្រះករុណាមានអ្វី បានជាមានព្រះហឫទ័យអង់អាចបែបនេះ? ៥ ព្រះករុណាស្មានថា ពាក្យសំដីអាចជំនួសក្រុមប្រឹក្សាយោធា និងកម្លាំងទ័ព ក្នុងការធ្វើសឹកសង្គ្រាមបានឬ? តើព្រះករុណាពឹងផ្អែកលើនរណាបានជាហ៊ានបះបោរនឹងយើងដូច្នេះ? ៦ ព្រះករុណាទុកចិត្តលើស្រុកអេស៊ីប ដែលប្រៀបដូចជាដើមត្រែងបាក់ឬ? អស់អ្នកដែលទុកចិត្តលើព្រះចៅផារ៉ោនជាស្ដេចស្រុកអេស៊ីប ប្រៀបបាននឹងមនុស្សដែលច្រត់ដៃលើដើមត្រែងបាក់ គឺនាំអោយតែធ្លុះបាតដៃប៉ុណ្ណោះ។ ៧ ប្រហែលជាព្រះករុណាមានរាជឱង្ការមកយើងថា “ពួកយើងទុកចិត្តលើព្រះអម្ចាស់ ជាព្រះរបស់យើង!”។ ប៉ុន្តែ ព្រះករុណាបានបញ្ជាអោយគេកំទេចកន្លែងសក្ការៈ នៅតាមទួលខ្ពស់ៗ និងអាសនៈរបស់ព្រះនេះ ហើយថែមទាំងបញ្ជាអ្នកស្រុកយូដា និងអ្នកក្រុងយេរូសាឡឹម អោយក្រាបថ្វាយបង្គំតែនៅមុខអាសនៈមួយនោះមែនឬមិនមែន? ៨ ឥឡូវនេះ សុំព្រះករុណាសាកល្បងភ្នាល់ជាមួយព្រះចៅក្រុងអាស្ស៊ីរី ជាអម្ចាស់របស់ទូលបង្គំទៅ នោះទូលបង្គំនឹងថ្វាយសេះពីរពាន់ក្បាល ប្រសិនបើព្រះករុណារកអ្នកជិះបាន! ៩ សូម្បីតែមេទ័ពអាស្ស៊ីរីម្នាក់ដែលខ្សោយជាងគេ ក៏ព្រះករុណាវាយមិនឈ្នះផង ទោះបីព្រះករុណាពឹងលើរទេះចំបាំង និងកងទ័ពសេះរបស់ស្រុកអេស៊ីបក៏ដោយ។ ១០ មួយវិញទៀត យើងលើកទ័ពមកវាយកំទេចស្រុកនេះ ស្របតាមព្រះហឫទ័យរបស់ព្រះអម្ចាស់ ដ្បិតព្រះអង្គបង្គាប់អោយយើងមកវាយកំទេចស្រុកនេះ»។
១១ ពេលនោះ លោកអេលាគីម លោកសេបណា និងលោកយ៉ូអា ពោលទៅកាន់មេទ័ពអាស្ស៊ីរីថា៖ «សូមលោកមេត្តាមានប្រសាសន៍មកយើងខ្ញុំជាភាសាអើរ៉ាមមក ដ្បិតយើងខ្ញុំស្ដាប់ភាសាលោកបាន តែសូមកុំមានប្រសាសន៍ជាភាសាយូដា ក្រែងប្រជាជននៅតាមកំពែងក្រុងឮ»។ ១២ មេទ័ពអាស្ស៊ីរីតបវិញថា៖ «ព្រះមហាក្សត្ររបស់យើងប្រើយើងអោយមកនេះ មិនមែនគ្រាន់តែនាំពាក្យមកទូលស្ដេចរបស់អស់លោក ឬក៏ប្រាប់អស់លោកផ្ទាល់ប៉ុណ្ណោះទេ គឺស្ដេចអោយយើងមកប្រាប់អ្នកទាំងអស់ ដែលស្ថិតនៅតាមកំពែងនេះ។ អ្នកទាំងនោះកំពុងតែស៊ីលាមកខ្លួនឯង ហើយផឹកទឹកនោមខ្លួនឯងដូចអស់លោកដែរ»។ ១៣ បន្ទាប់មក មេទ័ពអាស្ស៊ីរីនោះឈរស្រែកក្ដែងៗយ៉ាងអស់ទំហឹងជាភាសាយូដាថា៖ «ចូរនាំគ្នាស្ដាប់រាជឱង្ការរបស់ព្រះមហាក្សត្រាធិរាជ គឺព្រះចៅក្រុងអាស្ស៊ីរីដូចតទៅ: ១៤ ព្រះករុណាមានរាជឱង្ការថា: កុំទុកអោយស្ដេចហេសេគា បោកប្រាស់អ្នករាល់គ្នាឡើយ ដ្បិតស្ដេចនេះពុំអាចរំដោះអ្នករាល់គ្នាជាដាច់ខាត ១៥ កុំទុកអោយស្ដេចហេសេគានាំអ្នករាល់គ្នា ទុកចិត្តលើព្រះអម្ចាស់ដោយពោលថា “ព្រះអម្ចាស់ពិតជារំដោះយើង ព្រះអង្គមិនបណ្ដោយអោយក្រុងនេះធ្លាក់ក្នុងកណ្ដាប់ដៃរបស់ស្ដេចស្រុកអាស្ស៊ីរីឡើយ”។ ១៦ កុំស្ដាប់ស្ដេចហេសេគាអោយសោះ ដ្បិតព្រះចៅក្រុងអាស្ស៊ីរីមានរាជឱង្ការថា “ចូរនាំគ្នាចុះសន្ធិសញ្ញា សុំសន្តិភាពពីយើង ចូរនាំគ្នាមកចុះចូលនឹងយើងទៅ នោះអ្នករាល់គ្នានឹងបានបរិភោគផ្លែទំពាំងបាយជូរ និងផ្លែឧទុម្ពរ*របស់ខ្លួន ព្រមទាំងផឹកទឹកពីអណ្ដូងរបស់ខ្លួនដែរ ១៧ រួចហើយយើងនឹងមកនាំអ្នករាល់គ្នាយកទៅនៅស្រុកមួយទៀត ដែលសម្បូណ៌សប្បាយដូចស្រុករបស់អ្នករាល់គ្នា គឺស្រុកពោរពេញដោយស្រូវ និងស្រាទំពាំងបាយជូរ ជាស្រុកសម្បូណ៌អាហារ និងចំការទំពាំងបាយជូរ”។ ១៨ កុំទុកអោយស្ដេចហេសេគាបញ្ឆោតអ្នករាល់គ្នាដោយពោលថា “ព្រះអម្ចាស់នឹងរំដោះយើង” នោះឡើយ ដ្បិតក្នុងចំណោមព្រះរបស់ប្រជាជាតិទាំងឡាយ គ្មានព្រះណាបានរំដោះស្រុកគេអោយរួចពីព្រះហស្ដរបស់ព្រះចៅក្រុងអាស្ស៊ីរីទាល់តែសោះ! ១៩ តើព្រះរបស់ក្រុងហាម៉ាត ព្រះរបស់ក្រុងអើផាឌ ព្រះរបស់ពួកសេផាវែម ទៅណាបាត់អស់ហើយ? ម្ដេចក៏មិនឃើញព្រះទាំងនោះរំដោះក្រុងសាម៉ារី អោយរួចពីកណ្ដាប់ដៃរបស់យើង? ២០ ក្នុងចំណោមព្រះទាំងប៉ុន្មានរបស់ស្រុកទាំងនោះ គ្មានព្រះមួយណាបានរំដោះស្រុករបស់ខ្លួនអោយរួចផុតពីកណ្ដាប់ដៃរបស់យើងឡើយ។ ដូច្នេះ ព្រះអម្ចាស់ក៏ពុំអាចរំដោះ ក្រុងយេរូសាឡឹមអោយរួចពីកណ្ដាប់ដៃរបស់យើងបានដែរ!»។
២១ ប្រជាជននៅស្ងៀមស្ងាត់ទាំងអស់គ្នា គ្មាននរណាឆ្លើយទៅមេទ័ពអាស្ស៊ីរីឡើយ ដ្បិតព្រះបាទហេសេគា បង្គាប់ពួកគេមិនអោយឆ្លើយតបនឹងមេទ័ពនោះជាដាច់ខាត។ ២២ លោកអេលាគីមជាកូនរបស់លោកហ៊ីលគីយ៉ា ដែលជាអ្នកមើលខុសត្រូវលើព្រះបរមរាជវាំង លោកសេបណាជាស្មៀនហ្លួង ព្រមទាំងលោកយ៉ូអា ជាកូនរបស់លោកអេសាភ និងជាអ្នកនាំពាក្យរបស់ព្រះរាជា នាំគ្នាវិលទៅគាល់ព្រះបាទហេសេគាវិញ ទាំងហែកសម្លៀកបំពាក់ ហើយទូលថ្វាយព្រះរាជានូវពាក្យរបស់មេទ័ពស្ដេចស្រុកអាស្ស៊ីរី។