៣៧
ព្រះបាទហេសេគាសួរយោបល់ព្យាការីអេសាយ
(២ពង្សាវតារក្សត្រ ១៩:១-៧)
១ កាលព្រះបាទហេសេគាទទួលដំណឹងនេះ ស្ដេចហែកព្រះភូសាចោល យកបាវមកស្លៀក រួចយាងទៅព្រះដំណាក់របស់ព្រះអម្ចាស់។ ២ ព្រះរាជាចាត់លោកអេលាគីម ដែលជាអ្នកមើលខុសត្រូវលើព្រះបរមរាជវាំង និងលោកសេបណាជាស្មៀនហ្លួង ព្រមទាំងលោកបូជាចារ្យចាស់ៗដែលស្លៀកបាវទាំងអស់គ្នា អោយទៅជួបព្យាការីអេសាយជាកូនរបស់លោកអម៉ូស។ ៣ ពួកគេជំរាបលោកដូចតទៅ៖ «ព្រះបាទហេសេគាមានរាជឱង្ការថា: ថ្ងៃនេះជាថ្ងៃមានអាសន្ន ជាថ្ងៃដែលយើងទទួលទណ្ឌកម្ម និងអាម៉ាស់មុខ គឺប្រៀបដូចជាថ្ងៃដែលទារកត្រូវកើត តែម្ដាយគ្មានកម្លាំងបង្កើតវាទេ។ ៤ ស្ដេចស្រុកអាស្ស៊ីរីបានចាត់មេទ័ព អោយមកជេរប្រមាថព្រះអម្ចាស់ ជាព្រះដែលមានព្រះជន្មគង់នៅ។ ប្រហែលជាព្រះអម្ចាស់ជាព្រះរបស់លោក ឮពាក្យរបស់មេទ័ពនោះដែរ ហើយព្រះអង្គមុខជាដាក់ទោសគេ ព្រោះតែពាក្យដែលព្រះអង្គបានឮ។ ហេតុនេះសូមទូលអង្វរព្រះអម្ចាស់ជាព្រះរបស់លោក សូមព្រះអង្គមេត្តា ប្រណីដល់ប្រជាជនដែលនៅសេសសល់នេះផង»។
៥ មន្ត្រីរបស់ព្រះបាទហេសេគានាំគ្នាទៅជួបលោកអេសាយ ៦ ហើយលោកអេសាយប្រាប់ពួកគេថា៖ «អស់លោកត្រូវទូលព្រះករុណាថា ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ: “កុំភ័យខ្លាចព្រោះតែពាក្យដែលអ្នកបានឮ គឺពាក្យដែលពួកអាស្ស៊ីរី ប្រមាថមាក់ងាយយើងនោះឡើយ។ ៧ បន្តិចទៀតស្ដេចស្រុកអាស្ស៊ីរីទទួលដំណឹងមួយ យើងនឹងធ្វើអោយស្ដេចនេះវិលត្រឡប់ទៅស្រុករបស់ ខ្លួនវិញ ហើយត្រូវគេធ្វើគុតដោយមុខដាវនៅស្រុកនោះ”»។
ការគំរាមកំហែងសាជាថ្មីពីសំណាក់ស្ដេចសានហេរីប
(២ពង្សាវតារក្សត្រ ១៩:៨-១៣)
៨ មេទ័ពបានវិលទៅជួបស្ដេចអាស្ស៊ីរីវិញ ក្នុងពេលដែលស្ដេចកំពុងតែលើកទ័ពចេញពីក្រុងឡាគីស ទៅវាយយកក្រុងលីបណា។ ៩ ពេលនោះ ស្ដេចស្រុកអាស្ស៊ីរីបានទទួលដំណឹងថា កងទ័ពអេស៊ីបដឹកនាំដោយព្រះចៅទារហាកា ជាជនជាតិអេត្យូពី កំពុងតែចេញមកធ្វើសឹកនឹងទ័ពអាស្ស៊ីរី។ ពេលឮដំណឹងនេះហើយ ស្ដេចក៏ចាត់អ្នកនាំសារអោយទៅជួបព្រះបាទហេសេគាដោយផ្ដាំថា៖ ១០ «ចូរប្រាប់ព្រះបាទហេសេគា ជាស្ដេចស្រុកយូដាដូចតទៅ “សូមកុំអោយព្រះរបស់ព្រះករុណា គឺព្រះដែលព្រះករុណាទុកចិត្ត បញ្ឆោតព្រះករុណាដោយអះអាងថា ក្រុងយេរូសាឡឹមនឹងមិនធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ស្ដេចស្រុកអាស្ស៊ីរីទេ”។ ១១ ព្រះករុណាជ្រាបស្រាប់ហើយថា ស្ដេចស្រុកអាស្ស៊ីរីនៅជំនាន់មុនៗ បានបំផ្លាញនគរទាំងប៉ុន្មានអស់គ្មានសល់។ ចុះព្រះករុណាវិញ តើព្រះករុណាស្មានថានឹងរួចខ្លួនកើតឬ? ១២ ពេលអយ្យកោរបស់យើងកំទេចនគរកូសាន ខារ៉ាន រេសែត និងក្រុងរបស់ពួកអេដែននៅស្រុកធេឡាស៊ើរ គ្មានព្រះណាមួយរបស់ប្រជាជាតិទាំងនោះ រំដោះពួកគេឡើយ។ ១៣ រីឯស្ដេចទាំងឡាយរបស់ក្រុងហាម៉ាត ក្រុងអើផាឌ ក្រុងសេផាវែម ក្រុងហេណា និងក្រុងអ៊ីវ៉ា ក៏ត្រូវវិនាសអស់គ្មានសល់ដែរ!»។
ពាក្យអធិស្ឋានរបស់ព្រះបាទហេសេគា
(២ពង្សាវតារក្សត្រ ១៩:១៤-៣៧)
១៤ ព្រះបាទហេសេគាទទួលលិខិតពីអ្នកនាំសារមកអាន រួចស្ដេចយាងឡើងទៅព្រះដំណាក់យកលិខិតនោះ លាតបង្ហាញនៅចំពោះព្រះភក្ត្រព្រះអម្ចាស់។ ១៥ ព្រះបាទហេសេគាទូលអង្វរ ព្រះអម្ចាស់ដូចតទៅ៖
១៦ «ឱព្រះអម្ចាស់នៃពិភពទាំងមូលអើយ ព្រះអង្គជាព្រះរបស់ជនជាតិអ៊ីស្រាអែល ដែលគង់នៅលើពួកចេរូប៊ីន មានតែព្រះអង្គមួយគត់ដែលជាព្រះរបស់នគរទាំងប៉ុន្មាននៅលើផែនដី ព្រះអង្គបានបង្កើតផ្ទៃមេឃ និងផែនដី។ ១៧ ព្រះអម្ចាស់អើយ សូមផ្ទៀងព្រះកាណ៌ ស្ដាប់ទូលបង្គំ! ព្រះអម្ចាស់អើយ សូមបើកព្រះនេត្រទតមើលផង! សូមទ្រង់ព្រះសណ្ដាប់សេចក្ដីទាំងប៉ុន្មានដែលស្ដេចសានហេរីបបានផ្ញើមកជេរប្រមាថ ព្រះដ៏មានព្រះជន្មគង់នៅ! ១៨ ឱព្រះអម្ចាស់អើយ ស្ដេចស្រុកអាស្ស៊ីរី ពិតជាបានកំទេចប្រជាជាតិទាំងប៉ុន្មាន និងបំផ្លាញទឹកដីរបស់គេមែន ១៩ ព្រមទាំងយកព្រះរបស់គេទៅដុត អោយវិនាសសូន្យថែមទៀតផង។ ប៉ុន្តែ ព្រះទាំងនោះ មិនមែនជាព្រះទេ គឺគ្រាន់តែជារូបឈើ ឬថ្មដែលជាស្នាដៃរបស់មនុស្សប៉ុណ្ណោះ។ ២០ ឱព្រះអម្ចាស់ ជាព្រះនៃយើងខ្ញុំអើយ ឥឡូវនេះសូមសង្គ្រោះយើងខ្ញុំអោយរួចផុតពីកណ្ដាប់ដៃរបស់ស្ដេចសានហេរីបផង ដើម្បីអោយនគរទាំងប៉ុន្មាននៅផែនដីដឹងថា មានតែព្រះអង្គមួយប៉ុណ្ណោះដែលជាព្រះអម្ចាស់!»។
២១ ពេលនោះ លោកអេសាយជាកូនរបស់លោកអម៉ូស ចាត់គេអោយទៅទូលព្រះបាទហេសេគាថា៖ «ព្រះករុណាបានទូលអង្វរព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល ស្ដីអំពីសានហេរីបជាស្ដេចរបស់ស្រុកអាស្ស៊ីរី។ នេះជាព្រះបន្ទូលឆ្លើយតបរបស់ព្រះអម្ចាស់។
២២ ព្រះអម្ចាស់មានព្រះបន្ទូលប្រឆាំងនឹងស្ដេចនោះថា:
សានហេរីបអើយ!
ក្រុងស៊ីយ៉ូន ដែលប្រៀបដូចជាស្ត្រីព្រហ្មចារី
នឹងប្រមាថមើលងាយអ្នក
អ្នកក្រុងយេរូសាឡឹមនឹងគ្រវីក្បាល
ចំអកអោយអ្នក។
២៣ តើអ្នកបានជេរ និងត្មះតិះដៀលនរណា?
តើអ្នកស្រែកក្ដែងៗប្រឆាំងនឹងនរណា?
គឺអ្នកហ៊ានព្រហើនដាក់ព្រះដ៏វិសុទ្ធ
របស់ជនជាតិអ៊ីស្រាអែល។
២៤ អ្នកបានប្រើពួកបំរើរបស់អ្នក
អោយមកជេរព្រះអម្ចាស់។
អ្នកពោលថា: ដោយអញមានរទេះចំបាំងច្រើន
អញនឹងឡើងទៅលើកំពូលភ្នំទាំងឡាយ
អញនឹងចូលទៅដល់ព្រៃជ្រៅនៅស្រុកលីបង់
ដើម្បីកាប់ដើមតាត្រៅដ៏ខ្ពស់ៗ
និងដើមស្រឡៅដ៏ល្អៗ។
អញនឹងឡើងទៅដល់កំពូលដ៏ខ្ពស់ជាងគេ
ហើយចូលទៅដល់ព្រៃស្រោងផង។
២៥ អញបានជីកអណ្ដូង ហើយផឹកទឹក
ពេលអញឈានជើងជាន់តំបន់ទន្លេនីល
ទឹកនៅតាមដៃទន្លេនឹងរីងអស់ជាមិនខាន។
២៦ សានហេរីបអើយ អ្នកមិនដឹងទេឬថា
យើងបានគ្រោងទុក និងរៀបចំព្រឹត្តិការណ៍
ទាំងនេះ តាំងពីបុរាណកាលមកម៉្លេះ!
ឥឡូវនេះ យើងធ្វើអោយសំរេច
ដើម្បីកំទេចក្រុងដែលមានកំពែងដ៏រឹងមាំ
អោយក្លាយទៅជាគំនរឥដ្ឋ។
២៧ អ្នកក្រុងទាំងនោះគ្មានកម្លាំងតទល់ទេ
ពួកគេភ័យខ្លាច ហើយអាម៉ាស់មុខ។
ពួកគេប្រៀបដូចជាស្មៅនៅតាមទីវាល
ឬដូចរុក្ខជាតិនៅតាមចំការ
និងដូចស្មៅដែលដុះនៅលើដំបូលផ្ទះ
ពេលខ្យល់ក្ដៅពីទិសខាងកើតបក់មក
វាក៏ក្រៀមអស់ទៅ។
២៨ ចំណែកឯយើងវិញ
អ្នកធ្វើអ្វីក៏ដោយ យើងដឹងទាំងអស់។
ពេលណាអ្នកអង្គុយ ពេលណាអ្នកចេញ ចូល
ឬច្រឡោតខឹងនឹងយើង ក៏យើងដឹងដែរ។
២៩ អ្នកច្រឡោតខឹងនឹងយើង
យើងបានឮពាក្យសំដីព្រហើនៗរបស់អ្នក
ហេតុនេះហើយបានជាយើងយកកន្លុះ
មកដាក់ច្រមុះអ្នក
និងយកបង្ហៀរមកដាក់មាត់អ្នក
ហើយដឹកអ្នកវិលត្រឡប់ទៅស្រុករបស់អ្នកវិញ
តាមផ្លូវដែលអ្នកបានធ្វើដំណើរមក។
៣០ ចំពោះអ្នកវិញ ហេសេគាអើយ យើងនឹងបង្ហាញទីសំគាល់មួយអោយអ្នកឃើញ គឺឆ្នាំនេះ និងឆ្នាំក្រោយ អ្នករាល់គ្នាបរិភោគស្រូវដែលដុះឯកឯង តែឆ្នាំក្រោយមួយទៀត អ្នករាល់គ្នាត្រូវសាបព្រោះ ច្រូតកាត់ អ្នករាល់គ្នាត្រូវដាំទំពាំងបាយជូរ រួចបរិភោគផលនោះទៅ។ ៣១ អ្នកស្រុកយូដាដែលបានរួចជីវិត និងនៅសេសសល់ ប្រៀបដូចជាដើមឈើដែលចាក់ឫសទៅក្នុងដី ហើយមានមែកពេញទៅដោយផ្លែ។ ៣២ ដោយព្រះហឫទ័យស្រឡាញ់ដ៏លើសលប់របស់ព្រះអម្ចាស់នៃពិភពទាំងមូល ព្រះអង្គនឹងទុកអោយប្រជាជនមួយចំនួននៅសេសសល់ក្នុងក្រុងយេរូសាឡឹម ហើយអោយប្រជាជនមួយចំនួនរួចជីវិតនៅលើភ្នំស៊ីយ៉ូន។
៣៣ ចំពោះស្ដេចស្រុកអាស្ស៊ីរីវិញ ព្រះអម្ចាស់មានព្រះបន្ទូលថា “ស្ដេចនោះនឹងមិនចូលមកក្នុងក្រុងយេរូសាឡឹមទេ ហើយក៏មិនបាញ់ព្រួញចូលមក ឬក៏ប្រើខែល និងលើកដីដើម្បីវាយលុកក្រុងនេះដែរ។ ៣៤ ស្ដេចនោះនឹងវិលត្រឡប់ទៅវិញ តាមផ្លូវដែលគេធ្វើដំណើរមក គឺគេនឹងមិនចូលមកក្នុងក្រុងនេះឡើយ” -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ ៣៥ យើងនឹងការពារហើយសង្គ្រោះក្រុងនេះ ដោយយល់ដល់នាមយើង និងយល់ដល់ដាវីឌ ជាអ្នកបំរើរបស់យើង»។
៣៦ ពេលនោះ ទេវតារបស់ព្រះអម្ចាស់បានចេញមក វាយទីតាំងទ័ពរបស់ពួកអាស្ស៊ីរី ហើយប្រហារជីវិតពួកគេ អស់មួយសែនប្រាំបីម៉ឺនប្រាំពាន់នាក់។ លុះព្រឹកឡើង ពេលគេភ្ញាក់ពីដំណេក គេឃើញមានសាកសពនៅពាសពេញទីតាំងទ័ព។ ៣៧ ព្រះចៅសានហេរីបជាស្ដេចស្រុកអាស្ស៊ីរីក៏ដកទ័ពចេញពីទីនោះ វិលត្រឡប់ទៅគង់នៅក្រុងនីនីវេវិញ។ ៣៨ ថ្ងៃមួយ ពេលស្ដេចកំពុងតែថ្វាយបង្គំព្រះនីសរ៉ុក នៅក្នុងវិហារ នោះបុត្រាពីរអង្គរបស់ស្ដេច គឺអ័ឌរ៉ាម៉ាឡេក និងសារេស៊ើរ បានធ្វើគុតស្ដេចដោយមុខដាវ រួចនាំគ្នាគេចខ្លួនទៅតំបន់អារ៉ារ៉ាត។ បុត្រាមួយអង្គទៀត នាមអេសារ-ហាដោន បានឡើងស្នងរាជ្យ។