ភាគ​ទី​ពីរ ព្រះជាម្ចាស់​សំរាល​ទុក្ខ​ជន​ជាតិ​អ៊ីស្រាអែល
៤០
សេចក្ដី​ប្រកាស​ស្ដី​អំពី​ការ​សង្គ្រោះ
១ ព្រះ​របស់​អ្នក​រាល់​គ្នា
មាន​ព្រះបន្ទូល​ថា៖
«ចូរ​ជួយ​សំរាល​ទុក្ខ​ប្រជាជន​របស់​យើង
កុំ​បង្អង់​ឡើយ!
២ ចូរ​លើក​ទឹក​ចិត្ត​អ្នក​ក្រុង​យេរូសាឡឹម
ហើយ​ប្រកាស​ប្រាប់​គេ​ថា
ពេល​វេលា​ដែល​ខ្មាំង​បង្ខំ​អោយ​គេ​ធ្វើ​ការ
យ៉ាង​ធ្ងន់​នោះ បាន​ចប់​សព្វ​គ្រប់​ហើយ!
គេ​រង​ទុក្ខ​ទោស​គ្រប់​គ្រាន់​ហើយ!
ព្រះអម្ចាស់​បាន​ដាក់​ទោស​គេ
ព្រោះ​តែ​អំពើ​បាប​ដែល​គេ​បាន​ប្រព្រឹត្ត
ហើយ​គេ​ក៏​បាន​រង​ទុក្ខ​ទោស​នោះ
មួយ​ទ្វេ​ជា​ពីរ​ដែរ!»។
៣ មាន​សំឡេង​មួយ​ស្រែក​ថា៖
«នៅ​វាល​រហោស្ថាន
ចូរ​បើក​ផ្លូវ​ថ្វាយ​ព្រះអម្ចាស់
ចូរ​កាប់​ឆ្ការ​ព្រៃ​របោះ​ធ្វើ​ផ្លូវ​ថ្វាយ​ព្រះ​នៃ​យើង
៤ ត្រូវ​បំពេញ​ច្រក​ភ្នំ​ទាំងឡាយ
ហើយ​ពង្រាប​ភ្នំ​តូច ភ្នំ​ធំ​ទាំង​ប៉ុន្មាន​អោយ​រាប
កន្លែង​ណា​មាន​ដី​ខ្ពស់​ទាប
ត្រូវ​ធ្វើ​អោយ​ទៅ​ជា​វាល​រាប​ស្មើ
កន្លែង​ណា​រដិបរដុប​ក៏​ត្រូវ​ពង្រាប
អោយ​ស្មើ​ផង​ដែរ។
៥ ពេល​នោះ ព្រះអម្ចាស់​នឹង​សំដែង​សិរីរុងរឿង
អោយ​មនុស្ស​លោក​ឃើញ​ក្នុង​ពេល​ជា​មួយ​គ្នា
ដ្បិត​ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ដូច្នេះ»។​
៦ មាន​សំឡេង​មួយ​បង្គាប់​ថា៖
«ចូរ​ស្រែក​ប្រកាស​ចុះ!»
សំឡេង​មួយ​ទៀត​សួរ​ថា៖
«តើ​អោយ​ខ្ញុំ​ស្រែក​ប្រកាស​អំពី​រឿង​អ្វី?»។
«មនុស្ស​លោក​ប្រៀប​ដូច​ជា​ស្មៅ
រីឯ​អំពើ​ល្អ​ទាំង​ប៉ុន្មាន​របស់​គេ
ប្រៀប​ដូច​ជា​ផ្កា​ដែល​ដុះ​តាម​វាល​ស្មៅ។
៧ នៅ​ពេល​ណា​ខ្យល់​របស់​ព្រះអម្ចាស់​បក់​មក​លើ
ស្មៅ​តែងតែ​ក្រៀម ហើយ​ផ្កា​ក៏​ស្រពោន​ដែរ។
ប្រជារាស្ត្រ​នេះ​ប្រៀប​បាន​នឹង​ស្មៅ។
៨ ស្មៅ​តែងតែ​ក្រៀម ហើយ​ផ្កា​ក៏​ស្រពោន
ប៉ុន្តែ ព្រះបន្ទូល​របស់​ព្រះ​នៃ​យើង
នៅ​ស្ថិតស្ថេរ​អស់កល្ប​ជានិច្ច»។​
៩ ក្រុង​ស៊ីយ៉ូន ជា​អ្នក​នាំ​ដំណឹងល្អ​អើយ
ចូរ​ឡើង​ទៅ​លើ​ភ្នំ​ខ្ពស់!
ក្រុង​យេរូសាឡឹម​ជា​អ្នក​នាំ​ដំណឹងល្អ​អើយ
ចូរ​ស្រែក​អោយ​អស់​ទំហឹង កុំ​ខ្លាច​អ្វី​ឡើយ!
ចូរ​ប្រាប់​ក្រុង​ទាំង​ប៉ុន្មាន​នៅ​ស្រុក​យូដា​ថា:
មើល​ហ្ន៎ ព្រះ​របស់​អ្នក​រាល់​គ្នា!
១០ មើល​ហ្ន៎ ព្រះជាអម្ចាស់​យាង​មក
ប្រកប​ដោយ​ឫទ្ធានុភាព
ព្រះអង្គ​យាង​មក​ប្រកប​ដោយ​ព្រះបារមី
ដើម្បី​គ្រង​រាជ្យ។
ព្រះអង្គ​នាំ​អស់​អ្នក​ដែល​ព្រះអង្គ​បាន​លោះ​មក​ជា​មួយ ពួក​គេ​នាំ​គ្នា​ដើរ​នៅ​ខាង​មុខ​ព្រះអង្គ។​
១១ ព្រះអង្គ​នឹង​ថែរក្សា​ប្រជារាស្ត្រ​របស់​ព្រះអង្គ
ដូច​គង្វាល​ថែរក្សា​ហ្វូង​ចៀម​របស់​ខ្លួន។
ព្រះអង្គ​លើក​ព្រះហស្ដ​ឡើង​ប្រមូល​កូន​ចៀម
ព្រះអង្គ​បី​កូន​តូចៗ​ជាប់​នឹង​ព្រះឱរា
ហើយ​ព្រះអង្គ​ថែ​ទាំ​មេ​ចៀម
ដែល​កំពុង​បំបៅ​កូន​ផង​ដែរ។
គ្មាន​នរណា​ផ្ទឹម​ស្មើ​នឹង​ព្រះជាម្ចាស់​បាន​ឡើយ
១២ តើ​នរណា​យក​ដៃ​ក្បង់​ទឹក​សមុទ្រ​មក​វាល់
ហើយ​យក​បាត​ដៃ​វាស់​ទំហំ​ផ្ទៃ​មេឃ?
តើ​នរណា​យក​រង្វាល់​មក​វាល់​ធូលី
ហើយ​ថ្លឹង​ទម្ងន់​ភ្នំ​ធំ​តូច​ទាំងឡាយ?
១៣ តើ​នរណា​ស្ទង់​ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់
តើ​នរណា​ធ្វើ​ជា​ទី​ប្រឹក្សា ជួយ​គំនិត​ព្រះអង្គ?​
១៤ តើ​ព្រះអង្គ​បាន​សុំ​នរណា​អោយ​ធ្វើ​ជា​ទី​ប្រឹក្សា
ដើម្បី​ថ្វាយ​យោបល់​ព្រះអង្គ?
តើ​នរណា​បង្រៀន​ព្រះអង្គ​អំពី​មាគ៌ា​ដ៏​សុចរិត?
តើ​នរណា​បង្រៀន​ព្រះអង្គ​អោយ​ស្គាល់​ប្រាជ្ញា
ហើយ​ណែនាំ​ព្រះអង្គ​អោយ​ស្គាល់​មាគ៌ា
នៃ​បញ្ញា​ឈ្លាស​វៃ?
 
១៥ ប្រជាជាតិ​ទាំងឡាយ​ប្រៀប​ដូច​ជា
ដំណក់​ទឹក​ដែល​ធ្លាក់​ទៅ​ក្នុង​ពាង
ពួក​គេ​មាន​តម្លៃ​ដូច​ធូលី​ដី​នៅ​លើ​ជញ្ជីង។
កោះ​ទាំងឡាយ​ប្រៀប​បាន​នឹង​ធូលី​ដី
ដែល​ផាត់​ទៅ​តាម​ខ្យល់។
១៦ ព្រៃ​ឈើ​នៅ​ស្រុក​លីបង់​ពុំ​មាន​ច្រើន​ល្មម
សំរាប់​ធ្វើ​ជា​អុស
ហើយ​សត្វ​ដែល​នៅ​ក្នុង​ព្រៃ​នោះ​ក៏​ពុំ​មាន​ច្រើន
ល្មម​សំរាប់​ធ្វើ​យញ្ញបូជា​ថ្វាយ​ព្រះអង្គ​ដែរ។
១៧ នៅ​ចំពោះ​ព្រះភក្ត្រ​របស់​ព្រះអង្គ
ប្រជាជាតិ​ទាំង​អស់​គ្មាន​តម្លៃ​អ្វី​ទាល់​តែ​សោះ
គឺ​ពួក​គេ​ថោក​ជាង​អ្វីៗ​ដែល​ឥត​ប្រយោជន៍
និង​ឥត​បាន​ការ​ទៅ​ទៀត។
១៨ តើ​អ្នក​រាល់​គ្នា​ចង់​ប្រៀប​ប្រដូច​ព្រះជាម្ចាស់
ទៅ​នឹង​ព្រះ​ណា?
តើ​អ្នក​រាល់​គ្នា​យក​អ្វី​មក​តំណាង​ព្រះអង្គ?
១៩ អ្នក​រាល់​គ្នា​ប្រដូច​ព្រះអង្គ​ទៅ​នឹង
ព្រះ​ក្លែងក្លាយ​ឬ?
ទេ! គឺ​ជាង​ទេ​តើ ដែល​សូន​ធ្វើ​រូប​ព្រះ​ទាំង​នោះ
ជាង​មាស​យក​មាស​មក​ស្រោប​រូប​នោះ
ព្រម​ទាំង​ធ្វើ​ខ្សែ​ក​ប្រាក់​ពាក់​អោយ​ទៀត​ផង។
២០ រីឯ​ជន​ក្រីក្រ​ដែល​គ្មាន​មាស​គ្មាន​ប្រាក់
គេ​ជ្រើស​រើស​យក​ឈើ​ខ្លឹម
ហើយ​រក​ជាង​មួយ​រូប​ដ៏​ចំណាន
អោយ​ឆ្លាក់​ធ្វើ​រូប​ព្រះ​ដ៏​រឹងមាំ។
 
២១ តើ​អ្នក​រាល់​គ្នា​មិន​ធ្លាប់​ដឹង​ទេ​ឬ?
តើ​អ្នក​រាល់​គ្នា​មិន​ធ្លាប់​ឮ​ទេ​ឬ?
តើ​គេ​មិន​បាន​ផ្សព្វផ្សាយ​ប្រាប់​អ្នក​រាល់​គ្នា
តាំង​ពី​ដើម​ដំបូង​មក​ទេ​ឬ?
តើ​អ្នក​រាល់​គ្នា​ពុំ​យល់​អំពី​ដើម​កំណើត​របស់
ផែនដី​នេះ​ទេ​ឬ?
២២ ព្រះអង្គ​ដែល​គង់​នៅ​ពី​លើ​លំហ​អាកាស
ទ្រង់​ទត​មើល​មនុស្ស​នៅ​លើ​ផែនដី
ឃើញ​មនុស្ស​ដូច​សត្វ​ស្រមោច
ព្រះអង្គ​លាត​សន្ធឹង​ផ្ទៃ​មេឃ
ដូច​គេ​លាត​សន្ធឹង​ក្រណាត់​មួយ​ផ្ទាំង
ព្រះអង្គ​ដំឡើង​ផ្ទៃ​មេឃ ធ្វើ​ជា​ព្រះដំណាក់
ដូច​ដំឡើង​ព្រះពន្លា។
២៣ ព្រះអង្គ​បាន​ធ្វើ​អោយ​មេ​ដឹក​នាំ​ទាំងឡាយ
ទៅ​ជា​ឥត​ប្រយោជន៍
ព្រះអង្គ​ធ្វើ​អោយ​អ្នក​កាន់​អំណាច​ទាំង​ប៉ុន្មាន
នៅ​លើ​ផែនដី​ទៅ​ជា​ឥត​បាន​ការ។
២៤ អ្នក​ទាំង​នោះ​ប្រៀប​បាន​នឹង​ដើម​ឈើ​ដែល​ដុះ
ទោះ​បី​លូត​លាស់ ឬ​មិន​លូត​លាស់
ចាក់​ឫស ឬ​មិន​ចាក់​ឫស​ក្ដី
ពេល​ណា​ខ្យល់​របស់​ព្រះអម្ចាស់​បក់​មក​លើ
ក៏​ស្វិត​ក្រៀម​អស់
រួច​ត្រូវ​ខ្យល់​កួច​យក​បាត់​ទៅ​ដូច​កំទេច​ចំបើង។
២៥ ព្រះ​ដ៏វិសុទ្ធ​មាន​ព្រះបន្ទូល​ថា៖
តើ​អ្នក​រាល់​គ្នា​ប្រៀប​ប្រដូច​យើង
ទៅ​នឹង​នរណា?
តើ​នរណា​អាច​ស្មើ​នឹង​យើង​បាន?។
២៦ ចូរ​ងើយ​ទៅ​លើ​មេឃ ហើយ​រំពៃ​មើល​ចុះ!
តើ​នរណា​បាន​បង្កើត​ផ្កាយ​ទាំង​នោះ?
គឺ​ព្រះអម្ចាស់ ដែល​បាន​ហៅ​ហ្វូងតារា ទាំង​នោះ
អោយ​រះ​ឡើង ផ្ដុំ​គ្នា​ជា​កងទ័ព
ព្រះអង្គ​ហៅ​ផ្កាយ​នីមួយៗ​តាម​ឈ្មោះ​របស់​វា។
ដោយសារ​មហិទ្ធិឫទ្ធិ
និង​ព្រះចេស្ដា​ដ៏​ខ្លាំង​ពូកែ
ឥត​មាន​ផ្កាយ​ណា​មួយ​ពុំ​ព្រម​រះ​នោះ​ឡើយ។
២៧ ម្នាល​កូន​ចៅ​របស់​លោក​យ៉ាកុប​អើយ!
ម្នាល​ប្រជាជន​អ៊ីស្រាអែល​អើយ!
ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ចេះ​តែ​ពោល​ថា៖
ព្រះអម្ចាស់​មិន​យល់​ទុក្ខ​លំបាក​របស់​ខ្ញុំ​ទេ
ព្រះ​របស់​ខ្ញុំ​មិន​អើពើ​នឹង​រក​យុត្តិធម៌
អោយ​ខ្ញុំ​ឡើយ។
២៨ តើ​អ្នក​មិន​ធ្លាប់​ដឹង​ទេ​ឬ?
តើ​អ្នក​មិន​ធ្លាប់​ឮ​ទេ​ឬ​ថា
ព្រះអម្ចាស់​ជា​ព្រះ​ដែល​គង់​នៅ​អស់កល្ប​ជានិច្ច
បាន​បង្កើត​ផែនដី​ទាំង​មូល?
ព្រះអង្គ​មិន​ចេះ​នឿយហត់ មិន​ចេះ​អស់​កម្លាំង
រីឯ​ព្រះតម្រិះ​របស់​ព្រះអង្គ
ក៏​គ្មាន​នរណា​អាច​ស្ទង់​បាន​ដែរ។
២៩ ព្រះអង្គ​ប្រទាន​កម្លាំង​ពលំ
ដល់​អ្នក​នឿយហត់ និង​ខ្សោះ​ល្វើយ។
៣០ ក្មេង​ជំទង់ៗ​តែង​នឿយហត់ និង​អស់​កម្លាំង
ហើយ​មនុស្ស​ពេញ​កម្លាំង​ក៏​តែង​ភ្លាត់​ដួល​ដែរ
៣១ រីឯ​អ្នក​ជឿ​សង្ឃឹម​លើ​ព្រះអម្ចាស់
តែងតែ​មាន​កម្លាំង​ថ្មី​ជានិច្ច
ប្រៀប​បាន​នឹង​សត្វ​ឥន្ទ្រី​ហោះ​ហើរ
គេ​ស្ទុះ​រត់​ទៅ​មុខ ដោយ​មិន​ចេះ​ហត់
ហើយ​ដើរ​ដោយ​មិន​ចេះ​អស់​កម្លាំង។