៤១
ព្រះអម្ចាស់​ជា​ទី​ពឹង​ផ្អែក​របស់​ជន​ជាតិ​អ៊ីស្រាអែល
១ មនុស្សម្នា​នៅ​តាម​កោះ
ទាំងឡាយ​អើយ
ចូរ​នៅ​ស្ងៀមស្ងាត់​ស្ដាប់​ខ្ញុំ​និយាយ!
ប្រជារាស្ត្រ​ទាំងឡាយ​អើយ
ចូរ​មាន​កម្លាំង​ឡើង​វិញ
ចូរ​នាំ​គ្នា​បោះ​ជំហាន​ចូល​មក​រួច​សឹម​និយាយ!
យើង​ឡើង​មក​ដើម្បី​រក​ខុស​ត្រូវ​ជា​មួយ​គ្នា។
២ តើ​នរណា​បាន​ហៅ​អ្នក​ដែល​ត្រូវ​រក​យុត្តិធម៌
អោយ​មក​ពី​ទិស​ខាង​កើត?
តើ​នរណា​អោយ​លោក​មាន​ជ័យជំនះ
លើ​ប្រជាជាតិ​ទាំងឡាយ
ព្រម​ទាំង​បង្ក្រាប​ស្ដេច​នានា?
ដាវ​របស់​លោក​កំទេច​ពួក​គេ អោយ​ទៅ​ជា​ធូលី​ដី
ព្រួញ​របស់​លោក​ធ្វើ​អោយ​ពួក​គេ​ខ្ចាត់ខ្ចាយ
ដូច​កំទេច​ចំបើង​ប៉ើង​តាម​ខ្យល់។
៣ លោក​ដេញ​តាម​ពួក​គេ
លោក​ឆ្លង​កាត់​ទ័ព​របស់​គេ
ដោយ​ឥត​មាន​គ្រោះ​ថ្នាក់​អ្វី​ឡើយ
ជើង​របស់​លោក​ក៏​មិន​បាច់​ជាន់​ដី​ដែរ។
៤ តើ​នរណា​បាន​គ្រោង​ទុក
និង​សំរេច​ព្រឹត្តិការណ៍​ទាំង​នេះ?
គឺ​ព្រះអង្គ​ដែល​បាន​ណែនាំ​មនុស្ស​គ្រប់​ជំនាន់
តាំង​ពី​ដើម​ដំបូង​រៀង​មក។
យើង​ជា​ព្រះអម្ចាស់ ដែល​នៅ​មុន​គេ
ហើយ​យើង​ក៏​នៅ​ជា​មួយ
មនុស្ស​ចុង​ក្រោយ​បង្អស់​ដែរ។
៥ ប្រជាជន​នៅ​តាម​កោះ​នានា​ឃើញ​អ្នក​នោះ
ហើយ​នាំ​គ្នា​ភ័យ​ខ្លាច។
ប្រជាជន​ដែល​នៅ​ទី​ដាច់​ស្រយាល​នៃ​ផែនដី
នឹង​នាំ​គ្នា​ចូល​មក​ជិត ទាំង​ញ័រ​រន្ធត់។
៦ ពួក​គេ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក
ម្នាក់ៗ​ពោល​ទៅ​កាន់​បង​ប្អូន​របស់​ខ្លួន​ថា
“ចូរ​មាន​ចិត្ត​ក្លាហាន​ឡើង!”។
៧ ជាង​ចម្លាក់​លើក​ទឹក​ចិត្ត​ជាង​ស្មិត
អ្នក​ដុត​ដែក​លើក​ទឹក​ចិត្ត​អ្នក​ដំ​ដែក
ដោយ​ពោល​ថា “ផ្សារ​ដូច្នេះ ល្អ​ណាស់!”។
បន្ទាប់​មក គាត់​យក​ដែក​គោល​មក​ដំ​ភ្ជាប់
រូប​ចម្លាក់​កុំ​អោយ​រង្គើ។​
៨ ចំពោះ​អ្នក​វិញ
ជន​ជាតិ​អ៊ីស្រាអែល​ជា​អ្នក​បំរើ​របស់​យើង
កូន​ចៅ​យ៉ាកុប​ដែល​យើង​បាន​ជ្រើស​រើស
ពូជពង្ស​របស់​អប្រាហាំ
ដែល​ជា​មិត្ត​សម្លាញ់​របស់​យើង​អើយ!​
៩ យើង​បាន​ដឹក​ដៃ​អ្នក
ពី​ស្រុក​ដាច់​ស្រយាល​នៃ​ផែនដី
យើង​បាន​ហៅ​អ្នក​ពី​ស្រុក​ចុង​កាត់​មាត់ញក​មក
យើង​បាន​និយាយ​ទៅ​កាន់​អ្នក​ថា:
អ្នក​ជា​អ្នក​បំរើ​ដែល​យើង​បាន​ជ្រើស​រើស
យើង​នឹង​មិន​បោះ​បង់​ចោល​អ្នក​ឡើយ!
១០ កុំ​ភ័យ​ខ្លាច​អ្វី​យើង​ស្ថិត​នៅ​ជា​មួយ​អ្នក
កុំ​ព្រួយ​បារម្ភ​អោយ​សោះ
យើង​ជា​ព្រះ​របស់​អ្នក
យើង​នឹង​អោយ​អ្នក​មាន​កម្លាំង​រឹងប៉ឹង
យើង​ជួយ​អ្នក យើង​គាំទ្រ​អ្នក
យើង​នឹង​សំដែង​បារមី រក​យុត្តិធម៌​អោយ​អ្នក។
១១ ពួក​ចង​កំហឹង​នឹង​អ្នក
មុខ​ជា​ត្រូវ​អាម៉ាស់ និង​បាក់​មុខ
ពួក​ប្រឆាំង​នឹង​អ្នក មុខ​ជា​វិនាស​បាត់​បង់
និង​រលាយ​សូន្យ​ទៅ។
១២ អ្នក​នឹង​ស្វែង​រក​ពួក​ដែល​ធ្លាប់​ប្រឆាំង​នឹង​អ្នក
តែ​រក​ពួក​គេ​មិន​ឃើញ​ទៀត​ទេ
ពួក​ដែល​ធ្លាប់​ធ្វើ​សឹក​ជា​មួយ​អ្នក
ប្រែ​ជា​សាប​សូន្យ រលាយ​បាត់​អស់
១៣ ដ្បិត​យើង​ជា​ព្រះអម្ចាស់​ជា​ព្រះ​របស់​អ្នក
យើង​កាន់​ដៃ​ស្ដាំ​របស់​អ្នក​ហើយ
យើង​ប្រាប់​អ្នក​ថា:
កុំ​ភ័យ​ខ្លាច​អ្វី យើង​ជួយ​អ្នក​ហើយ!
១៤ កូន​ចៅ​យ៉ាកុប!
ពូជពង្ស​អ៊ីស្រាអែល​អើយ!
អ្នក​ទន់​ខ្សោយ​ប្រៀប​បាន​នឹង​ដង្កូវ​មែន​
តែ​កុំ​ភ័យ​ខ្លាច​អ្វី
យើង​ជា​ព្រះ​ដ៏វិសុទ្ធ​របស់​ជន​ជាតិ​អ៊ីស្រាអែល
យើង​ជួយ​អ្នក និង​លោះ​អ្នក​ជា​មិន​ខាន
- នេះ​ជា​ព្រះបន្ទូល​របស់​ព្រះអម្ចាស់
១៥ យើង​ធ្វើ​អោយ​អ្នក​ប្រែ​ទៅ​ជា​រនាស់​ដែក​ថ្មី
ដែល​មាន​ធ្មេញ​យ៉ាង​មុត
អ្នក​នឹង​រាស់​កំទេច​ភ្នំ​តូច​ធំ
អោយ​ទៅ​ជា​ធូលី​ដី។
១៦ អ្នក​កំចាត់កំចាយ​ពួក​គេ​អោយ​រសាត់​តាម​ខ្យល់
ហើយ​ខ្យល់​កួច​យក​ពួក​គេ​ទៅ​អស់​គ្មាន​សល់។
រីឯ​អ្នក​វិញ អ្នក​នឹង​រីករាយ ព្រោះ​តែ​ព្រះអម្ចាស់
អ្នក​នឹង​ខ្ពស់​មុខ
ព្រោះ​តែ​ព្រះ​ដ៏វិសុទ្ធ​នៃ​ជន​ជាតិ​អ៊ីស្រាអែល។
១៧ ជន​ក្រីក្រ និង​ជន​ទុគ៌ត​ស្វែង​រក​ទឹក
តែ​រក​ពុំ​បាន​ទេ គេ​ស្រេក​ខះ​ក។
យើង​ជា​ព្រះអម្ចាស់​នឹង​ឆ្លើយ​តប​ចំពោះ
ពាក្យ​អង្វរ​របស់​ពួក​គេ
យើង​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល
នឹង​មិន​បោះ​បង់​ចោល​គេ​ឡើយ។
១៨ យើង​នឹង​ធ្វើ​អោយ​មាន​ទន្លេ
ផុស​ចេញ​ពី​ផ្នូក​ខ្សាច់
ហើយ​មាន​ទឹក​ហូរ​តាម​ជ្រលង​ភ្នំ។
យើង​នឹង​ធ្វើ​អោយ​វាល​រហោស្ថាន
ប្រែ​ទៅ​ជា​បឹងបួ
អោយ​ដី​ហួតហែង​ប្រែ​ជា​ប្រភព​ទឹក​ទៅ​វិញ។
១៩ យើង​នឹង​ធ្វើ​អោយ​មាន​ដើម​គគីរ បេង
នាងនួន ពពាលខែ ដុះ​ក្នុង​វាល​រហោស្ថាន
ហើយ​ដើម​កកោះ ស្រល់ ស្រឡៅ
ដុះ​ជា​មួយ​គ្នា​តាម​ព្រៃ​របោះ។
២០ ដូច្នេះ មនុស្ស​ទាំង​អស់​នឹង​ឃើញ​ហើយ​ដឹង
ព្រម​ទាំង​ពិចារណា និង​យល់​ជា​មួយ​គ្នា​ថា
គឺ​ព្រះអម្ចាស់ ជា​ព្រះ​ដ៏វិសុទ្ធ​នៃ
ជន​ជាតិ​អ៊ីស្រាអែល
ដែល​បាន​ផ្ដួចផ្ដើម​ធ្វើ​ការ​ទាំង​នោះ
ដោយ​ព្រះហស្ដ​របស់​ព្រះអង្គ​ផ្ទាល់។
ព្រះអម្ចាស់​ជំទាស់​នឹង​ព្រះ​ក្លែងក្លាយ
២១ ព្រះអម្ចាស់ ជា​ព្រះមហាក្សត្រ​នៃ​ពូជពង្ស
របស់​លោក​យ៉ាកុប​មាន​ព្រះបន្ទូល​ថា៖
«ចូរ​បង្ហាញ​សំណុំ​រឿង និង​បញ្ចេញ​ភស្ដុតាង
របស់​អ្នក​រាល់​គ្នា​មក!
២២ អោយ​ព្រះ​ទាំង​នេះ​រៀប​រាប់
ហើយ​ថ្លែង​ប្រាប់​អំពី​ហេតុការណ៍​ដែល
នឹង​ត្រូវ​កើត​មាន​នៅ​អនាគត។
ចូរ​រំលឹក​យើង​អំពី​ហេតុការណ៍
ដែល​កើត​មាន​នៅ​គ្រា​ដើម​ដំបូង
នោះ​យើង​នឹង​រិះគិត។
ចូរ​រៀប​រាប់​អំពី​ព្រឹត្តិការណ៍
ដែល​នឹង​កើត​មាន​នៅ​អនាគត​កាល
ដើម្បី​អោយ​បាន​ដឹង​ផង។
២៣ ចូរ​និយាយ​ប្រាប់​យើង​អំពី​ហេតុការណ៍​ដែល
នឹង​កើត​មាន​នៅ​ពេល​ខាង​មុខ
ដូច្នេះ យើង​នឹង​ទទួល​ស្គាល់​ថា
អ្នក​រាល់​គ្នា​ពិត​ជា​ព្រះ​មែន
ចូរ​ធ្វើ​ការ​អ្វី​មួយ ទោះ​បី​អាក្រក់​ក្ដី​ល្អ​ក្ដី
ដើម្បី​អោយ​យើង​ឃើញ និង​ស្ងើច​សរសើរ។
២៤ តាម​ពិត​អ្នក​រាល់​គ្នា​ឥត​បាន​ការ​អ្វី​ទាំង​អស់
អ្នក​រាល់​គ្នា​ក៏​ធ្វើ​អ្វី​មិន​កើត​ដែរ
អស់​អ្នក​ដែល​ជ្រើស​រើស​អ្នក​រាល់​គ្នា​ទុក​ជា​ព្រះ
សុទ្ធ​តែ​ជា​មនុស្ស​គំរក់។
 
២៥ យើង​បាន​ហៅ​មនុស្ស​ម្នាក់​មក​ពី​ទិស​ខាង​ជើង
ហើយ​អ្នក​នោះ​ក៏​មក​ដល់។
នៅ​ទិស​ខាង​កើត គេ​គោរព​ឈ្មោះ​គាត់​
គាត់​ជាន់​ឈ្លី​អ្នក​ដឹក​នាំ​របស់​ប្រជាជាតិ​នានា
ដូច​គេ​ដើរ​ជាន់​ភក់
ឬ​ដូច​ជាង​ស្មូន​ជាន់​ដី​ឥដ្ឋ​ដែរ។
២៦ តើ​នរណា​បាន​ថ្លែង​ប្រាប់​អំពី​ហេតុការណ៍
ទាំង​នេះ​ជា​មុន
ដើម្បី​អោយ​យើង​ទទួល​ស្គាល់ និង​ពោល​ថា
ហេតុការណ៍​នោះ​ពិត​ជា​កើត​មាន​ដូច្នោះ​មែន!
ទេ! គ្មាន​នរណា​ផ្ដល់​ដំណឹង​ជា​មុន
ហើយ​ក៏​គ្មាន​នរណា​ប្រាប់​អោយ​គេ​ដឹង​ដែរ
គ្មាន​នរណា​ឮ​ពាក្យ​សំដី​អ្នក​រាល់​គ្នា​ឡើយ។
២៧ យើង​ទេ​តើ ដែល​បាន​នាំ​ដំណឹង​មក​ដល់
ក្រុង​ស៊ីយ៉ូន​មុន​គេ
ដោយ​ចាត់​អ្នក​នាំ​សារ​មក​ប្រាប់
អ្នក​ក្រុង​យេរូសាឡឹម។
២៨ យើង​ក្រឡេក​មើល​ទៅ
ពុំ​ឃើញ​មាន​នរណា​ម្នាក់​ទាល់​តែ​សោះ
ក្នុង​ចំណោម​ព្រះ​ទាំង​នោះ
គ្មាន​នរណា​ម្នាក់​ផ្ដល់​យោបល់ ឬ​ឆ្លើយ​នឹង​សំណួរ
ដែល​យើង​សាក​សួរ​នោះ​ទេ។
២៩ ព្រះ​ទាំង​នោះ​គ្មាន​បាន​ការ
គេ​ពុំ​អាច​ធ្វើ​អ្វី​បាន​សោះ​ឡើយ
រូប​បដិមា​ទាំង​នោះ សុទ្ធ​តែ​ឥត​ប្រយោជន៍
ឥត​បាន​ការ​អ្វី​ទាំង​អស់!»