៥៧
១ មនុស្ស​សុចរិត​កំពុង​តែ​វិនាស
តែ​គ្មាន​នរណា​យក​ចិត្ត​ទុក​ដាក់
មនុស្ស​ល្អ​បាត់​បង់​ជីវិត
តែ​គ្មាន​នរណា​ចាប់​អារម្មណ៍​សោះ
មនុស្ស​សុចរិត​អន្តរាយ
ដោយ​មនុស្ស​អាក្រក់​ធ្វើ​បាប។
២ ប៉ុន្តែ សន្តិភាព​នឹង​មក​ដល់
អ្នក​ដែល​ដើរ​តាម​មាគ៌ា​ដ៏​ត្រឹម​ត្រូវ
នឹង​បាន​សំរាក​យ៉ាង​សុខសាន្ត។
៣ រីឯ​អ្នក​រាល់​គ្នា​ដែល​ជា​កូន​របស់​មេ​ធ្មប់
ជា​ពួក​ក្បត់​ព្រះជាម្ចាស់
ហើយ​គោរព​ព្រះ​ក្លែងក្លាយ
ចូរ​នាំ​គ្នា​ចូល​មក!
៤ តើ​អ្នក​រាល់​គ្នា​កំពុង​ចំអក​អោយ​នរណា?
តើ​អ្នក​រាល់​គ្នា​ហា​មាត់​យ៉ាង​ធំ
ហើយ​លៀន​អណ្ដាត​ដាក់​នរណា?
អ្នក​រាល់​គ្នា​ពិត​ជា​កូន​បះបោរ
និង​ពូជ​អ្នក​កុហក​មែន!
៥ អ្នក​រាល់​គ្នា​ថ្វាយបង្គំ​អារក្ស​ព្រៃ
នៅ​ក្រោម​ដើម​ឈើ​សក្ការៈ
អ្នក​រាល់​គ្នា​សម្លាប់​កូន​ចៅ​ធ្វើ​យញ្ញបូជា
នៅ​តាម​ជ្រោះ និង​នៅ​តាម​ក្រហែង​ថ្ម។
៦ អ្នក​រាល់​គ្នា​ចាត់​ទុក​ថ្ម​ដ៏​រលើប​នៅ​ក្នុង​ជ្រោះ​ថា
ជា​សម្បត្តិ និង​ជា​ចំណែក​មត៌ក​ដ៏​សក្ការៈ
អ្នក​រាល់​គ្នា​ច្រួចស្រា និង​សែន​នៅ​លើ​នោះ។
តើ​អោយ​យើង​អត់​ទ្រាំ​បាន​ឬ?
៧ អ្នក​ធ្វើ​ពិធី​រួម​បវេណី​សក្ការៈ​នៅ​លើ​ភ្នំ​ខ្ពស់ៗ
អ្នក​ក៏​ឡើង​ទៅ​ធ្វើ​យញ្ញបូជា​លើ​ភ្នំ​នោះ​ដែរ។
៨ អ្នក​យក​រូប​លឹង្គ​របស់​ព្រះ​ក្លែងក្លាយ
ដាក់​នៅ​ខាង​ក្រោយ​ទ្វារ និង​នៅ​តាម​ក្រប​ទ្វារ
អ្នក​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​នៅ​ពី​ក្រោយ​ខ្នង​យើង
គឺ​អ្នក​យក​សម្លៀកបំពាក់​ចេញ
ព្រម​ទាំង​ឡើង​ទៅ​ដេក​ជា​មួយ​សហាយ
ដែល​អ្នក​ស្រឡាញ់
ហើយ​សម្លឹង​មើល​រូប​លឹង្គ​ទាំង​នោះ។
៩ អ្នក​យក​ប្រេង​ក្រអូប និង​ទឹក​អប់​យ៉ាង​ច្រើន
រត់​ទៅ​ថ្វាយបង្គំ​ព្រះ​ម៉ូឡុក
អ្នក​ចាត់​ពួក​នាំ​សារ​អោយ​ទៅ​ឆ្ងាយៗ
គឺ​រហូត​ទៅ​ដល់​ស្ថាន​មច្ចុរាជ​។
១០ អ្នក​ធ្វើ​ដំណើរ រហូត​ទាល់​តែ​នឿយហត់
តែ​អ្នក​មិន​ព្រម​ឈប់​ទេ
គឺ​អ្នក​ខំ​ប្រឹងប្រែង ពុះពារ​ត​ទៅ​មុខ​ទៀត។
១១ តើ​នរណា​ធ្វើ​អោយ​អ្នក​ភ័យ​ខ្លាច
រហូត​ដល់​អ្នក​ក្បត់​ចិត្ត​យើង
ហើយ​លែង​រវីរវល់​នឹក​នា​ដល់​យើង​បែប​នេះ?
អ្នក​ឈប់​ស្រឡាញ់​យើង​ដូច្នេះ
មក​ពី​យើង​នៅ​ស្ងៀម​យូរ​ពេក​ឬ?
១២ យើង​នឹង​លាត​ត្រដាង​អំពើ​ដែល​អ្នក​ប្រព្រឹត្ត
អំពើ​ដែល​អ្នក​ចាត់​ទុក​ថា​សុចរិត​នោះ
ពុំ​ផ្ដល់​ប្រយោជន៍​អ្វី​ដល់​អ្នក​សោះ​ឡើយ។
១៣ ពេល​អ្នក​ស្រែក​អង្វរ​ករ
អោយ​រូប​ព្រះ​ទាំង​នោះ​រំដោះ​អ្នក​ទៅ!
រូប​ព្រះ​ទាំង​នោះ​នឹង​ត្រូវ​ខ្យល់​កួច​យក​បាត់​ទៅ
រីឯ​អ្នក​ដែល​មក​ជ្រក​កោន​ជា​មួយ​យើង
នឹង​គ្រប់គ្រង​ស្រុក​ទេស​ទុក​ជា​មត៌ក
ហើយ​ក៏​នឹង​បាន​ទទួល​ភ្នំ​ដ៏វិសុទ្ធ​របស់​យើង
ទុក​ជា​កម្មសិទ្ធិ​ដែរ។
ព្រះអម្ចាស់​ប្រោស​ប្រជាជន​របស់​ព្រះអង្គ​អោយ​ជា
១៤ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ថា:
ចូរ​ត្រួសត្រាយ​រៀបចំ​ផ្លូវ
ចូរ​យក​ឧបសគ្គ​ផ្សេងៗ​ចេញ​ពី​ផ្លូវ
របស់​ប្រជាជន​យើង!
១៥ ដ្បិត​ព្រះ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ដែល​គង់​នៅ
អស់កល្ប​ជានិច្ច
ហើយ​ដែល​មាន​ព្រះនាម​ដ៏វិសុទ្ធ​បំផុត
មាន​ព្រះបន្ទូល​ថា:
យើង​ស្ថិត​នៅ​ក្នុង​ស្ថាន​ដ៏​ខ្ពង់ខ្ពស់​បំផុត
និង​ជា​ស្ថាន​ដ៏វិសុទ្ធ​មែន
តែ​យើង​ក៏​ស្ថិត​នៅ​ជា​មួយ​មនុស្ស​ដែល​ត្រូវ​គេ
សង្កត់សង្កិន និង​មនុស្ស​ដែល​គេ​មើលងាយ​ដែរ
ដើម្បី​លើក​ទឹក​ចិត្ត​មនុស្ស​ដែល​គេ​មើលងាយ
និង​មនុស្ស​រង​ទុក្ខ​ខ្លោចផ្សា។
១៦ យើង​មិន​រក​រឿង​អ្នក​រាល់​គ្នា​រហូត​ទេ
ហើយ​ក៏​មិន​ខឹង​នឹង​អ្នក​រាល់​គ្នា​រហូត​ដែរ
បើ​មិន​ដូច្នោះ​ទេ សត្វ​លោក​ទាំង​ប៉ុន្មាន
ដែល​យើង​បាន​បង្កើត​មក
មុខ​ជា​រលត់​វិញ្ញាណ​មិន​ខាន។
១៧ យើង​បាន​ខឹង​នឹង​ប្រជារាស្ត្រ​របស់​យើង
ព្រោះ​ពួក​គេ​មាន​ចិត្ត​លោភលន់
និង​ប្រព្រឹត្ត​អំពើ​អាក្រក់
យើង​បាន​ដាក់​ទោស​ពួក​គេ
យើង​បាន​គេច​មុខ​ចេញ​ពី​ពួក​គេ
ប៉ុន្តែ ទោះ​ជា​យ៉ាង​ណា​ក្ដី
ក៏​ប្រជាជន​ដ៏​រឹងរូស​នេះ នៅ​តែ​ប្រព្រឹត្ត​តាម
ទំនើង​ចិត្ត​របស់​ខ្លួន​ដដែល។
១៨ យើង​ស្គាល់​មារយាទ​របស់​គេ​យ៉ាង​ច្បាស់
តែ​យើង​នឹង​ប្រោស​គេ​អោយ​បាន​ជា​សះស្បើយ
យើង​នឹង​ដឹក​នាំ​គេ
ព្រម​ទាំង​សំរាល​ទុក្ខ​ប្រជាជន
ដែល​កំពុង​កាន់​ទុក្ខ​នេះ​ទៀត​ផង។
១៩ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ថា
យើង​នឹង​ដាក់​ពាក្យ​សរសើរ​តម្កើង
នៅ​ក្នុង​មាត់​ពួក​គេ។
ចូរ​អោយ​សេចក្ដី​សុខសាន្ត​កើត​មាន​ដល់
អ្នក​ដែល​នៅ​ឆ្ងាយៗ ក៏​ដូច​ជា​អ្នក​ដែល​នៅ​ជិត
យើង​នឹង​ប្រោស​ពួក​គេ​អោយ
បាន​ជា​សះស្បើយ​មែន!
២០ រីឯ​មនុស្ស​អាក្រក់​វិញ ប្រៀប​បាន​នឹង
រលក​សមុទ្រ​ដែល​កំពុង​តែ​បក់​បោក
គ្មាន​នរណា​អាច​ធ្វើ​អោយ​ស្ងប់​បាន​ឡើយ
ទឹក​សមុទ្រ​នោះ​បញ្ចេញ​ភក់​ជ្រាំ
សព្វ​បែប​យ៉ាង​មក។
២១ ព្រះ​របស់​ខ្ញុំ​មាន​ព្រះបន្ទូល​ថា:
មនុស្ស​អាក្រក់​មិន​បាន​សេចក្ដី​សុខសាន្ត​ទេ។