៥៨
ការ​តម​អាហារ​ដែល​ព្រះអម្ចាស់​សព្វ​ព្រះហឫទ័យ
១ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ថា:
ចូរ​ស្រែក​អោយ​អស់​ទំហឹង
កុំ​ញញើត​ឡើយ!
ចូរ​បន្លឺ​សំឡេង​អោយ​លាន់​រំពង​ដូច​ត្រែ
ចូរ​ប្រាប់​ប្រជាជន​របស់​យើង​អោយ
ស្គាល់​ការ​បះបោរ​របស់​ខ្លួន
ចូរ​ប្រាប់​កូន​ចៅ​លោក​យ៉ាកុប
អោយ​ស្គាល់​អំពើ​បាប​របស់​គេ​ផង!
២ រៀង​រាល់​ថ្ងៃ​គេ​សាក​សួរ
ចង់​ស្គាល់​បំណង​របស់​យើង។
គេ​ធ្វើ​ហាក់​ដូច​ជា​ប្រជាជាតិ​មួយ​ដែល
ប្រព្រឹត្ត​អំពើ​សុចរិត
ឥត​បោះ​បង់​ក្រឹត្យវិន័យ​ព្រះ​របស់​ខ្លួន​ទេ។
គេ​ទាមទារ​សុំ​អោយ​យើង​វិនិច្ឆ័យ​ពួក​គេ
តាម​យុត្តិធម៌
ព្រម​ទាំង​ចង់​អោយ​យើង​ស្ថិត​នៅ​ជា​មួយ​គេ។
៣ ពួក​គេ​តែង​ពោល​ថា
“យើង​តម​អាហារ​បាន​ប្រយោជន៍​អ្វី
បើ​ព្រះអង្គ​មិន​ទត​មើល​ផង​នោះ!។
យើង​បន្ទាប​ខ្លួន​បាន​ប្រយោជន៍​អ្វី
បើ​ព្រះអង្គ​មិន​ចាប់​អារម្មណ៍​ផង​នោះ!”។
យើង​ប្រាប់​ពួក​គេ​អោយ​ដឹង​វិញ​ថា
«នៅ​ថ្ងៃ​ដែល​អ្នក​រាល់​គ្នា​តម​អាហារ
អ្នក​រាល់​គ្នា​តែងតែ​ឆ្លៀត​រក​ផល​ប្រយោជន៍
អ្នក​រាល់​គ្នា​វាយ​ធ្វើ​បាប​កម្មករ​ទាំង​អស់
របស់​ខ្លួន​ថែម​ទៀត​ផង។
៤ អ្នក​រាល់​គ្នា​តម​អាហារ ទាំង​រក​រឿង
ឈ្លោះ​ប្រកែក និង​វាយ​តប់​គ្នា​យ៉ាង​ឃោរឃៅ
គឺ​អ្នក​រាល់​គ្នា​ពុំ​បាន​តម​អាហារ​អោយ​ស្រប​តាម
គោលការណ៍​របស់​ថ្ងៃ​តម​អាហារ
ដើម្បី​អោយ​ពាក្យ​ទូលអង្វរ​របស់​អ្នក​រាល់​គ្នា
លាន់​ឮ​ទៅ​ដល់​យើង​ឡើយ។
៥ អ្នក​រាល់​គ្នា​តម​អាហារ និង​បន្ទាប​ខ្លួន​បែប​នេះ
ស្មាន​ថា​យើង​ពេញ​ចិត្ត​ឬ?
អ្នក​រាល់​គ្នា​អោន​ក្បាល
ដូច​ដើម​កក់​ត្រូវ​ខ្យល់​បក់
អ្នក​រាល់​គ្នា​ក្រាប​លើ​បាវ
និង​អង្គុយ​លើ​ផេះ​បែប​នេះ ស្មាន​ថា​ជា
ការ​តម​អាហារ​ដែល​គាប់​ចិត្ត​យើង​ឬ?
៦ ការ​តម​អាហារ​ដែល​គាប់​ចិត្ត​យើង
គឺ​ត្រូវ​ដោះ​លែង​អ្នក​ទោស
ដែល​អ្នក​យក​មក​ដាក់​ច្រវាក់​ដោយ​អយុត្តិធម៌
ត្រូវ​ដោះ​នឹម​ដែល​អ្នក​ដាក់​លើ​គេ​នោះ​ចេញ
ត្រូវ​ដោះ​លែង​អ្នក​ដែល​ត្រូវ​គេ​សង្កត់សង្កិន
អោយ​មាន​សេរីភាព​ឡើង​វិញ
ពោល​គឺ​ត្រូវ​បំបាក់​នឹម​គ្រប់​យ៉ាង។
៧ ត្រូវ​ចែក​អាហារ​អោយ​អ្នក​ស្រេក​ឃ្លាន
ត្រូវ​ទទួល​ជន​ក្រីក្រ ដែល​គ្មាន​ទី​ជំរក
អោយ​ស្នាក់​នៅ​ជា​មួយ។
បើ​ឃើញ​នរណា​ម្នាក់​គ្មាន​សម្លៀកបំពាក់
ត្រូវ​ចែក​អោយ​គ្នា​ស្លៀក​ពាក់​ផង
ហើយ​មិន​ត្រូវ​គេច​ខ្លួន​ពី​បង​ប្អូន​ណា
ដែល​មក​ពឹង​ពាក់​អ្នក​ឡើយ។
៨ បើ​ប្រព្រឹត្ត​ដូច្នេះ ពន្លឺ​របស់​អ្នក
នឹង​លេច​ចេញ​មក​ដូច​ថ្ងៃ​រះ
ស្នាម​របួស​របស់​អ្នក​នឹង​បាន​ជា​យ៉ាង​ឆាប់​រហ័ស
សេចក្ដី​សុចរិត​របស់​អ្នក
នឹង​ស្ថិត​នៅ​ពី​មុខ​អ្នក​ជានិច្ច
ហើយ​សិរីរុងរឿង​របស់​ព្រះអម្ចាស់
ក៏​ស្ថិត​នៅ​ពី​ក្រោយ​អ្នក​ដែរ។
៩ ប្រសិន​បើ​អ្នក​ស្រែក​អង្វរ
ព្រះអម្ចាស់​នឹង​ព្រះសណ្ដាប់​អ្នក។
បើ​អ្នក​ស្រែក​ហៅ​ព្រះអង្គ
នោះ​ទ្រង់​នឹង​មាន​ព្រះបន្ទូល​តប​មក​វិញ​ថា
“យើង​មក​ហើយ!”។
ប្រសិន​បើ​អ្នក​ឈប់​ជិះជាន់ ឈប់​គំរាម​កំហែង
ឈប់​ចោទ​មួល​បង្កាច់​គេ
១០ ប្រសិន​បើ​អ្នក​សុខ​ចិត្ត​បេះ​អាហារ​ពី​មាត់​ខ្លួន
យក​ទៅ​អោយ​អ្នក​ដែល​ស្រេក​ឃ្លាន
ប្រសិន​បើ​អ្នក​យក​ម្ហូប​អាហារ
ទៅ​ចំអែត​មនុស្ស​ទុគ៌ត
នោះ​ពន្លឺ​របស់​អ្នក​នឹង​ចែង​ចាំង​ក្នុង​ទី​ងងឹត
ហើយ​ភាព​ងងឹត​របស់​អ្នក​នឹង​ប្រែ​ទៅ​ជា​ភ្លឺ
ដូច​ពន្លឺ​ថ្ងៃ​ត្រង់​ដែរ។
១១ ព្រះអម្ចាស់​នឹង​ដឹក​នាំ​អ្នក​ជានិច្ច
ទោះ​បី​អ្នក​ដើរ​នៅ​ក្នុង​វាល​ហួតហែង​ក្ដី
ក៏​ព្រះអង្គ​ប្រទាន​អាហារ​ដ៏​បរិបូណ៌​អោយ​អ្នក
និង​ប្រទាន​អោយ​អ្នក​មាន​កម្លាំង​មាំមួន។
អ្នក​នឹង​ប្រៀប​ដូច​ជា​សួន​ច្បារ
ដែល​សម្បូណ៌​ទៅ​ដោយ​ទឹក
ឬ​ដូច​ជា​ប្រភព​ទឹក​ដែល​មិន​ចេះ​រីង។
១២ អ្នក​នឹង​សង់​អ្វីៗ​ដែល​បាក់​បែក​ឡើង​វិញ
អ្នក​នឹង​សង់​នៅ​លើ​គ្រឹះ​ដែល​គេ​បាន​ចាក់
ពី​បុរាណ​កាល។
គេ​នឹង​ដាក់​ឈ្មោះ​អ្នក​ថា
“អ្នក​ជួសជុល​កំពែង​ធ្លុះ​ធ្លាយ
អ្នក​រៀបចំ​ផ្លូវ ធ្វើ​អោយ​មាន​មនុស្ស​រស់​នៅ
ក្នុង​ក្រុង​ឡើង​វិញ”។
១៣ ប្រសិន​បើ​អ្នក​មិន​ធ្វើ​ការ​រក​ស៊ី​នៅ​ថ្ងៃ​សប្ប័ទ*
ប្រសិន​បើ​អ្នក​មិន​ស្វែង​រក​កំរៃ
នៅ​ថ្ងៃ​ដ៏វិសុទ្ធ​របស់​យើង
ប្រសិន​បើ​អ្នក​ចាត់​ទុក​ថ្ងៃ​សប្ប័ទ
ថា​ជា​ថ្ងៃ​មួយ​ដ៏​សប្បាយ
ជា​ថ្ងៃ​ដ៏វិសុទ្ធ​របស់​ព្រះអម្ចាស់
ហើយ​ប្រសិន​បើ​អ្នក​គោរព​ថ្ងៃ​នោះ​ពិត​មែន
គឺ​មិន​រក​ស៊ី មិន​រក​កំរៃ
និង​មិន​និយាយ​តថ្លៃ​នោះ​ទេ
១៤ ព្រះអម្ចាស់​នឹង​ធ្វើ​អោយ​អ្នក​សប្បាយ​រីករាយ
យើង​នឹង​នាំ​អ្នក ឡើង​ទៅ​ទី​ខ្ពស់​នៃ​ផែនដី
យើង​នឹង​អោយ​អ្នក​រស់​នៅ​យ៉ាង​សប្បាយ
ក្នុង​ទឹក​ដី​ដែល​យើង​បាន​ចែក​អោយ​យ៉ាកុប
ជា​បុព្វបុរស​របស់​អ្នក»។
នេះ​ជា​ព្រះបន្ទូល​ដែល​ចេញ​មក​ពី
ព្រះឱស្ឋ​របស់​ព្រះអម្ចាស់