៦៦
ការថ្វាយបង្គំព្រះជាម្ចាស់តាមរបៀបដ៏ត្រឹមត្រូវ
១ ព្រះអម្ចាស់មានព្រះបន្ទូលថា:
ផ្ទៃមេឃជាបល្ល័ង្ករបស់យើង
ហើយផែនដីជាកំណល់ទ្រជើងរបស់យើងដែរ
តើអ្នករាល់គ្នានឹងសង់ដំណាក់បែបណា
អោយយើងបាន?
តើកន្លែងដែលយើងនឹងសំរាកនោះនៅឯណា?
២ យើងទេតើដែលបានបង្កើតអ្វីៗទាំងអស់
ហើយអ្វីៗទាំងនោះក៏សុទ្ធតែជា
កម្មសិទ្ធិរបស់យើងដែរ
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ -
យើងនឹងយកចិត្តទុកដាក់ចំពោះ
ជនកំសត់ទុគ៌តដែលបាក់ទឹកចិត្ត
និងធ្វើតាមពាក្យយើងដោយញាប់ញ័រ។
៣ រីឯអ្នកដែលយកគោមកថ្វាយជាយញ្ញបូជា
តែសម្លាប់មនុស្ស
អ្នកដែលយកចៀមមកធ្វើយញ្ញបូជា
តែវាយបំបាក់កឆ្កែ
អ្នកដែលយកតង្វាយមកថ្វាយ
តែតង្វាយនេះជាឈាមជ្រូក
អ្នកដែលដុតគ្រឿងក្រអូប
តែថ្វាយបង្គំព្រះក្លែងក្លាយ
គឺអស់អ្នកដែលពេញចិត្តនឹងប្រព្រឹត្តតាម
ការយល់ឃើញរបស់ខ្លួន
ហើយចូលចិត្តតែអំពើគួរស្អប់ខ្ពើម
៤ យើងក៏ពេញចិត្តនឹងធ្វើអោយពួកគេទទួលផល
ពីអំពើដែលគេប្រព្រឹត្តនោះដែរ។
យើងនឹងធ្វើអោយការលំបាកសព្វបែបយ៉ាង
កើតមានដល់ពួកគេ
គឺការលំបាកដែលគេតែងតែខ្លាចរអែង។
យើងបានហៅតែគ្មាននរណាឆ្លើយ
យើងបាននិយាយតែគ្មាននរណាស្ដាប់ទេ
ផ្ទុយទៅវិញ ពួកគេនាំគ្នាប្រព្រឹត្តអំពើ
ដែលយើងយល់ថាអាក្រក់
គឺអំពើដែលយើងមិនពេញចិត្ត។
សិរីរុងរឿងរបស់ក្រុងយេរូសាឡឹម
៥ អ្នករាល់គ្នាដែលស្ដាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់
ដោយញាប់ញ័រ
ចូរនាំគ្នាស្ដាប់ព្រះអង្គ។
បងប្អូនរបស់អ្នករាល់គ្នា
ស្អប់ និងកាត់កាល់អ្នករាល់គ្នា
ព្រោះតែអ្នករាល់គ្នាគោរពព្រះអង្គ។
ពួកគេពោលថា “សូមព្រះអម្ចាស់សំដែង
សិរីរុងរឿង ដើម្បីអោយយើងឃើញអំណរ
របស់អ្នករាល់គ្នាផង!”។
អ្នកទាំងនោះមុខជាត្រូវអាម៉ាស់។
៦ មានសំឡេងលាន់ឮរំពងពីទីក្រុង
មានសំឡេងលាន់ឮពីព្រះវិហារ
គឺជាព្រះសូរសៀងរបស់ព្រះអម្ចាស់
ដែលកំពុងតែដាក់ទោសខ្មាំងសត្រូវរបស់
ព្រះអង្គតាមអំពើដែលគេបានប្រព្រឹត្ត។
៧ ក្រុងស៊ីយ៉ូនប្រៀបបាននឹងស្ត្រី
ដែលសំរាលកូនមុនឈឺផ្ទៃ
ហើយបង្កើតបានកូនប្រុសមុនឈឺចុកចាប់។
៨ តើនរណាធ្លាប់ឮហេតុការណ៍យ៉ាងនេះ?
តើនរណាធ្លាប់ឃើញហេតុការណ៍ដូច្នេះ?
តើនគរមួយអាចកើតឡើង
ក្នុងរយៈពេលតែមួយថ្ងៃបានឬ?
តើប្រជាជាតិមួយអាចកើត
ក្នុងពេលតែមួយបានឬ?
ចំណែកឯក្រុងស៊ីយ៉ូនវិញ
នាងទើបនឹងចាប់ផ្ដើមឈឺផ្ទៃ ក៏សំរាលកូនចៅ!
៩ ព្រះអម្ចាស់មានព្រះបន្ទូលថា:
បើយើងអោយស្ត្រីម្នាក់មានផ្ទៃពោះគ្រប់ខែ
តើយើងឃាត់ឃាំងមិនអោយកូនកើតបានឬ
ព្រះរបស់អ្នកមានព្រះបន្ទូលថា
បើយើងអោយទារកចាប់ផ្ទៃ
តើយើងរារាំងវាមិនអោយកើតបានឬ?
១០ អស់អ្នកដែលស្រឡាញ់ក្រុងយេរូសាឡឹមអើយ
ចូរសប្បាយរួមជាមួយក្រុងនេះចុះ
ចូរត្រេកអររីករាយយ៉ាងខ្លាំង!
អស់អ្នកដែលកាន់ទុក្ខអាណិត
ក្រុងយេរូសាឡឹមអើយ ចូរសប្បាយរីករាយ
រួមជាមួយក្រុងនេះដែរ។
១១ សូមអោយអ្នករាល់គ្នាបានស្កប់ចិត្តនឹងក្រុងនេះ
ដូចកូនដែលម្ដាយថ្នាក់ថ្នមបំបៅដែរ
អ្នករាល់គ្នានឹងបានថ្កុំថ្កើងរុងរឿង
ដោយសារក្រុងនេះ។
១២ ព្រះអម្ចាស់មានព្រះបន្ទូលថា:
យើងនឹងអោយសេចក្ដីសុខសាន្ត
ហូរមកក្រុងនេះដូចទឹកទន្លេ
យើងនឹងបង្ហូរធនធានដ៏រុងរឿងរបស់
ប្រជាជាតិនានាចូលមកក្នុងក្រុងនេះ
ដូចទឹកហូរប្រៀបមាត់ច្រាំង។
យើងនឹងថ្នាក់ថ្នមអ្នករាល់គ្នាដូចម្ដាយបំបៅកូន
បីវា និងថ្នាក់ថ្នមវានៅលើភ្លៅ។
១៣ ម្ដាយលួងលោមកូនយ៉ាងណា
យើងនឹងលួងលោមអ្នករាល់គ្នាយ៉ាងនោះដែរ
អ្នករាល់គ្នានឹងរស់នៅក្នុងក្រុងយេរូសាឡឹម
ដោយលែងមានទុក្ខព្រួយទៀត។
១៤ កាលណាអ្នករាល់គ្នាឃើញក្រុងយេរូសាឡឹម
បានសុខសាន្តដូច្នេះ
អ្នករាល់គ្នានឹងមានចិត្តសប្បាយរីករាយ
ហើយអ្នករាល់គ្នានឹងមានកម្លាំងឡើងវិញ
ដូចស្មៅលាស់ស្រស់បំព្រង។
ព្រះអម្ចាស់នឹងសំដែងព្រះបារមី
អោយអ្នកបំរើរបស់ព្រះអង្គឃើញ
តែព្រះអង្គសំដែងព្រះពិរោធទាស់នឹង
ខ្មាំងសត្រូវរបស់ព្រះអង្គ។
ការដាក់ទោសមនុស្សអាក្រក់នៅគ្រាចុងក្រោយ
១៥ មើល ព្រះអម្ចាស់កំពុងតែយាងមក
ព្រះអង្គយាងមកក្នុងភ្លើង
រាជរថរបស់ព្រះអង្គប្រៀបបាននឹងខ្យល់កួច។
ព្រះអង្គធ្វើតាមព្រះពិរោធដ៏ខ្លាំងរបស់ព្រះអង្គ
ព្រះអង្គប្រើអណ្ដាតភ្លើង ដើម្បីដាក់ទោស
ស្របតាមព្រះបន្ទូលដែលព្រះអង្គ
ព្រមានទុកជាមុន។
១៦ ព្រះអម្ចាស់នឹងវិនិច្ឆ័យទោសមនុស្សទាំងអស់
ដោយប្រើភ្លើង និងដាវ
ព្រះអម្ចាស់នឹងប្រហារមនុស្សជាច្រើន។
១៧ អស់អ្នកដែលខិតខំញែកខ្លួន និងជំរះកាយ
អោយបានបរិសុទ្ធ
ដើម្បីចូលទៅក្នុងសួនឧទ្យាន
របស់ព្រះក្លែងក្លាយ តាមមេដឹកនាំរបស់គេ
ហើយនាំគ្នាបរិភោគសាច់ជ្រូក កណ្ដុរ
ព្រមទាំងអ្វីៗដ៏គួរអោយស្អប់ខ្ពើម
មុខជាត្រូវវិនាសទាំងអស់គ្នាមិនខាន។
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
១៨ យើងនឹងអោយមនុស្សគិតតែអំពីយើង
ហើយគិតតែពីធ្វើកិច្ចការសំរាប់យើង។
យើងនឹងប្រមូលមនុស្សគ្រប់ជាតិសាសន៍ គ្រប់ភាសាអោយមក ពួកគេនឹងឃើញសិរីរុងរឿងរបស់យើង។
១៩ យើងនឹងដាក់ទីសំគាល់មួយជាសញ្ញានៅកណ្ដាលជាតិសាសន៍ទាំងនោះ។ យើងនឹងចាត់អ្នកខ្លះក្នុងចំណោមអស់អ្នកដែលបានរួចជីវិត អោយទៅកាន់ប្រទេសនៃប្រជាជាតិទាំងឡាយ គឺទៅស្រុកតើស៊ីស ស្រុកពូល និងស្រុកលូឌ (អ្នកស្រុកនោះជាអ្នកបាញ់ព្រួញដ៏ចំណាន) ស្រុកទូបាល និងស្រុកយ៉ាវ៉ាន ព្រមទាំង កោះឆ្ងាយៗទាំងប៉ុន្មាន អ្នកស្រុកទាំងនោះមិនដែលឮគេនិយាយអំពីយើង ហើយក៏មិនដែលឃើញសិរីរុងរឿងរបស់យើងដែរ។ អ្នកដែលយើងចាត់អោយទៅនឹងថ្លែងពីសិរីរុងរឿងរបស់យើង នៅក្នុងចំណោមប្រជាជាតិទាំងឡាយ។ ២០ ប្រជាជាតិទាំងនោះនឹងនាំបងប្អូនអ្នករាល់គ្នា ដែលរស់នៅក្នុងចំណោមពួកគេ មកថ្វាយព្រះអម្ចាស់។ ពួកគេហែហមបងប្អូនទាំងនោះ ដែលជិះសេះ រទេះ អង្រឹងស្នែង លា និងអូដ្ឋ រហូតមកដល់ភ្នំដ៏វិសុទ្ធរបស់យើង គឺក្រុងយេរូសាឡឹម ដូចជនជាតិអ៊ីស្រាអែលធ្លាប់យកតង្វាយ ដាក់លើជើងពានដ៏បរិសុទ្ធមកថ្វាយនៅក្នុងព្រះដំណាក់ដែរ។ ២១ ព្រះអម្ចាស់មានព្រះបន្ទូលថា សូម្បីតែនៅក្នុងចំណោមប្រជាជាតិទាំងនោះ យើងជ្រើសរើសអ្នកខ្លះអោយធ្វើជាបូជាចារ្យ* និងអ្នកខ្លះអោយធ្វើជាពួកលេវី*ដែរ។ ២២ ផ្ទៃមេឃថ្មី និងផែនដីថ្មី ដែលយើងបង្កើតនឹងគង់វង្ស នៅចំពោះមុខយើងយ៉ាងណា ពូជពង្ស និងឈ្មោះរបស់អ្នករាល់គ្នា ក៏គង់វង្សនៅចំពោះមុខយើង រហូតតរៀងទៅយ៉ាងនោះដែរ -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
២៣ ព្រះអម្ចាស់មានព្រះបន្ទូលទៀតថា:
រៀងរាល់ថ្ងៃបុណ្យចូលខែថ្មី
និងរៀងរាល់ថ្ងៃសប្ប័ទ*
មនុស្សលោកទាំងអស់នឹងនាំគ្នា
មកក្រាបថ្វាយបង្គំយើង។
២៤ ពេលគេចេញពីព្រះវិហារ
គេនឹងឃើញសាកសពរបស់មនុស្ស
ដែលបានបះបោរប្រឆាំងនឹងយើង។
ដង្កូវនឹងមិនងាប់ ហើយភ្លើងក៏មិនរលត់
សាកសពទាំងនោះធ្វើអោយសត្វលោក
ទាំងអស់ខ្ពើមរអើម។