យេរេមា
(ព្យាការីយេរេមី)
១
ព្រះអម្ចាស់ត្រាស់ហៅលោកយេរេមា
១ នេះជាសេចក្ដីដែលលោកយេរេមាបានថ្លែង និងកិច្ចការដែលលោកបានធ្វើ។ លោកយេរេមាត្រូវជាកូនរបស់លោកហ៊ីលគីយ៉ា ជាបូជាចារ្យ*មួយរូប ក្នុងក្រុមបូជាចារ្យ នៅភូមិអាណាថោត ក្នុងស្រុកបេនយ៉ាមីន។
២ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោក នៅឆ្នាំទីដប់បីនៃរជ្ជកាលព្រះបាទយ៉ូសៀស ជាបុត្ររបស់ព្រះបាទអាំម៉ូន និងជាស្ដេចស្រុកយូដា។ ៣ ព្រះអង្គមានព្រះបន្ទូលមកលោកទៀត នៅរជ្ជកាលព្រះបាទយេហូយ៉ាគីមជាបុត្ររបស់ព្រះបាទយ៉ូសៀស និងជាស្ដេចស្រុកយូដា រហូតដល់ចុងឆ្នាំទីដប់មួយនៃរជ្ជកាលព្រះបាទសេដេគា ជាបុត្ររបស់ព្រះបាទយ៉ូសៀស និងជាស្ដេចស្រុកយូដា ហើយរហូតដល់គ្រាដែលអ្នកក្រុងយេរូសាឡឹមត្រូវគេកៀរយកទៅជាឈ្លើយសឹកនៅខែទីប្រាំ។
សេចក្ដីប្រកាសអំពីស្រុកយូដា និងក្រុងយេរូសាឡឹម
៤ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖
៥ «យើងស្គាល់អ្នកតាំងពីមុនពេល
ដែលយើងបានសូនអ្នកក្នុងផ្ទៃម្ដាយម៉្លេះ
យើងក៏បានញែកអ្នកទុកសំរាប់យើង
តាំងពីមុនពេលអ្នកកើតចេញពីផ្ទៃម្ដាយដែរ។
យើងតែងតាំងអ្នកអោយធ្វើជាព្យាការី
សំរាប់ប្រជាជាតិនានា»។
៦ ខ្ញុំទូលព្រះអង្គវិញថា៖ «បពិត្រព្រះជាអម្ចាស់! ទូលបង្គំគ្មានសិទ្ធិនឹងថ្លែងព្រះបន្ទូលទេ ដ្បិតទូលបង្គំនៅក្មេងពេក»។
៧ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖
«កុំពោលថា “ខ្ញុំនៅក្មេងពេក” នោះឡើយ
អ្នកត្រូវតែទៅជួបអស់អ្នកដែលយើង
ចាត់អោយទៅជួប
ហើយប្រកាសសេចក្ដីទាំងប៉ុន្មាន
ដែលយើងនឹងបង្គាប់អ្នក។
៨ កុំភ័យខ្លាចពួកគេឡើយ
ដ្បិតយើងនៅជាមួយអ្នក ដើម្បីរំដោះអ្នក!»
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
៩ បន្ទាប់មក ព្រះអម្ចាស់លាតព្រះហស្ដមកពាល់មាត់ខ្ញុំ ហើយមានព្រះបន្ទូលមកខ្ញុំថា៖ «យើងដាក់ពាក្យរបស់យើងក្នុងមាត់អ្នកហើយ ១០ មើលថ្ងៃនេះ យើងតែងតាំងអ្នកអោយមានអំណាចលើប្រជាជាតិ និងលើអាណាចក្រទាំងឡាយ ដើម្បីអោយអ្នករំលើង និងរំលំ ដើម្បីអោយអ្នកកំទេច និងបំផ្លាញ ហើយដើម្បីអោយអ្នកសង់ និងដាំឡើងវិញ»។
១១ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំដូចតទៅនេះ៖ «យេរេមាអើយ តើអ្នកឃើញអ្វី?»។ ខ្ញុំឆ្លើយវិញថា៖ «ទូលបង្គំឃើញស្វាយចន្ទីមួយមែក»។ ១២ បន្ទាប់មក ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖ «អ្វីដែលអ្នកឃើញ ត្រឹមត្រូវហើយ ដ្បិតយើងនឹងព្យាយាមធ្វើអោយពាក្យរបស់យើងបានសំរេចជារូបរាង»។
១៣ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំជាលើកទីពីរថា៖ «តើអ្នកឃើញអ្វី?»។ ខ្ញុំតបវិញថា៖ «ទូលបង្គំឃើញឆ្នាំងទឹកមួយកំពុងតែពុះ នៅលើចង្ក្រានដែលបែរមុខទៅទិសខាងជើង»។ ១៤ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំទៀតថា៖ «ទុក្ខវេទនានឹងមកពីទិសខាងជើង ហើយកើតមានដល់ប្រជាជនទាំងអស់នៅក្នុងស្រុក ១៥ ដ្បិតយើងនឹងហៅប្រជាជនទាំងអស់នៅអាណាចក្រខាងជើងអោយមក -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ ពួកគេនឹងនាំគ្នាបោះទ័ពតាមទ្វារក្រុងយេរូសាឡឹម និងនៅមុខកំពែងដែលព័ទ្ធជុំវិញក្រុង ព្រមទាំងបោះទ័ពនៅជុំវិញក្រុងទាំងប៉ុន្មាន ក្នុងស្រុកយូដាផង។ ១៦ យើងនឹងប្រកាសដាក់ទោសប្រជារាស្ត្ររបស់យើង ព្រោះតែអំពើអាក្រក់ទាំងប៉ុន្មានដែលគេប្រព្រឹត្ត គឺពួកគេបានបោះបង់ចោលយើង ពួកគេបានថ្វាយសក្ការៈបូជាចំពោះព្រះឯទៀតៗ ព្រមទាំងថ្វាយបង្គំរូបព្រះ ជាស្នាដៃរបស់ខ្លួនផ្ទាល់។ ១៧ រីឯអ្នកវិញ ចូរត្រៀមខ្លួន! ចូរក្រោកឡើង ហើយទៅប្រកាសប្រាប់ពួកគេ នូវសេចក្ដីទាំងប៉ុន្មានដែលយើងនឹងបង្គាប់អោយអ្នកថ្លែង។ កុំតក់ស្លុតនៅចំពោះមុខពួកគេសោះឡើយ បើមិនដូច្នោះទេ យើងនឹងធ្វើអោយអ្នករឹតតែតក់ស្លុតថែមទៀត។ ១៨ ថ្ងៃនេះយើងពង្រឹងអ្នកអោយមានជំហររឹងប៉ឹង គឺប្រៀបដូចជាក្រុងដែលមានកំពែងដ៏មាំ ឬដូចសសរដែក និងជញ្ជាំងលង្ហិន ដើម្បីអោយអ្នកតទល់នឹងប្រជាជនក្នុងស្រុកទាំងមូល តទល់នឹងស្ដេច នាម៉ឺនសព្វមុខមន្ត្រី ក្រុមបូជាចារ្យ និងអ្នកស្រុកនេះ។ ១៩ ពួកគេនាំគ្នាប្រឆាំងនឹងអ្នក តែមិនអាចឈ្នះអ្នកបានទេ ដ្បិតយើងនៅជាមួយអ្នក ដើម្បីរំដោះអ្នក» -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។