ពិធី​មង្គល​ការ​នៅ​ភូមិ​កាណា
១ បី​ថ្ងៃ​ក្រោយ​មក មាន​គេ​រៀប​ពិធី​មង្គល​ការ​នៅ​ភូមិ​កាណា ក្នុង​ស្រុក​កាលីឡេ។ មាតា​ព្រះយេស៊ូ​នៅ​ទី​នោះ ២ ហើយ​គេ​ក៏​បាន​យាង​ព្រះយេស៊ូ និង​អញ្ជើញ​ពួក​សិស្ស*​របស់​ព្រះអង្គ ទៅ​ចូល​រួម​ក្នុង​ពិធី​មង្គល​ការ​នោះ​ដែរ។ ៣ ពេល​នោះ គេ​ខ្វះ​ស្រា​ទំពាំងបាយជូរ។ មាតា​ព្រះយេស៊ូ​ទូល​ព្រះអង្គ​ថា៖ «គេ​អស់​ស្រា​ទំពាំងបាយជូរ​ហើយ!»។ ៤ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​មាតា​ថា៖ «អ្នក​ម្ដាយ​អើយ!​ កុំ​រវល់​នឹង​រឿង​នេះ​អី​ ពេល​កំណត់​របស់​ខ្ញុំ​ពុំ​ទាន់​មក​ដល់​នៅ​ឡើយ​ទេ»។ ៥ មាតា​របស់​ព្រះអង្គ​ប្រាប់​ទៅ​ពួក​អ្នក​បំរើ​ថា៖ «បើ​លោក​ប្រាប់​អោយ​ធ្វើ​អ្វី ចូរ​ធ្វើ​តាម​ទៅ»។ ៦ នៅ​ទី​នោះ មាន​ពាង​ប្រាំ​មួយ​ដែល​ជន​ជាតិ​យូដា​ដាក់​ទឹក សំរាប់​ធ្វើ​ពិធី​ជំរះ​កាយ។ ពាង​នីមួយៗ​មាន​ចំណុះ​ប្រមាណ​ជា​ពីរ​បី​អំរែក។ ៧ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​អ្នក​បំរើ​ថា៖ «សុំ​ដង​ទឹក​មក​ចាក់​អោយ​ពេញ​ពាង​ទាំង​នេះ​ទៅ»។ គេ​ក៏​ដង​ទឹក​ចាក់​ពេញ​ពាង។ ៨ ព្រះអង្គ​មាន​ព្រះបន្ទូល​ថា៖ «ឥឡូវ​នេះ សុំ​ដង​យក​ទៅ​ជូន​លោក​ចៅមហា​ទៅ» គេ​ក៏​ដង​យក​ទៅ​ជូន។ ៩ លោក​ចៅមហា​ភ្លក់​ទឹក ដែល​បាន​ប្រែ​មក​ជា​ស្រា​ទំពាំងបាយជូរ។ គាត់​មិន​ដឹង​ថា គេ​បាន​ស្រា​នេះ​មក​ពី​ណា​ឡើយ មាន​តែ​ពួក​អ្នក​បំរើ​ដែល​បាន​ដង​ទឹក មក​ចាក់​ពាង​ទើប​ដឹង។ ១០ គាត់​ហៅ​កូន​កំលោះ​មក​និយាយ​ថា៖ «អ្នក​ផង​ទាំង​ពួង​តែង​យក​ស្រា​ទំពាំងបាយជូរ​ឆ្ងាញ់ មក​ជូន​ភ្ញៀវ​ជា​មុន លុះ​ភ្ញៀវ​ពិសា​ច្រើន​ហើយ ទើប​គេ​យក​ស្រា​មិន​សូវ​ឆ្ងាញ់​មក​ជូន​តាម​ក្រោយ។ រីឯ​អ្នក​វិញ ម្ដេច​ក៏​ទុក​ស្រា​ឆ្ងាញ់​មក​ទល់​ឥឡូវ​ដូច្នេះ!»។
១១ នេះ​ជា​ទី​សំគាល់​ដំបូង​បង្អស់ ដែល​ព្រះយេស៊ូ​បាន​ធ្វើ​នៅ​ភូមិ​កាណា ក្នុង​ស្រុក​កាលីឡេ។ ព្រះអង្គ​បាន​សំដែង​សិរីរុងរឿង​របស់​ព្រះអង្គ ហើយ​ពួក​សិស្ស​ក៏​បាន​ជឿ​លើ​ព្រះអង្គ។ ១២ បន្ទាប់​មក ព្រះអង្គ​យាង​ចុះ​ទៅ​ក្រុង​កាពើណិម ជា​មួយ​មាតា ព្រម​ទាំង​បង​ប្អូន និង​សិស្ស​របស់​ព្រះអង្គ ហើយ​ស្នាក់​នៅ​ទី​នោះ​មួយ​រយៈ​ពេល​ខ្លី។
ព្រះយេស៊ូ​បណ្ដេញ​អ្នក​លក់​ដូរ​ចេញ​ពី​ព្រះវិហារ
(មថ.២១:១២-១៣ មក.១១:១៥-១៧ លក.១៩.៤៥-៤៦)
១៣ បុណ្យ​ចម្លង*​របស់​ជន​ជាតិ​យូដា​ជិត​មក​ដល់​ហើយ ព្រះយេស៊ូ​ក៏​យាង​ឡើង​ទៅ​ក្រុង​យេរូសាឡឹម។ ១៤ នៅ​ក្នុង​បរិវេណ​ព្រះវិហារ* ព្រះអង្គ​ឃើញ​អ្នក​លក់​គោ លក់​ចៀម លក់​ព្រាប និង​អ្នក​អង្គុយ​ដូរ​ប្រាក់។ ១៥ ព្រះអង្គ​យក​ខ្សែ​ធ្វើ​រំពាត់​ដេញ​អ្នក​ទាំង​នោះ ព្រម​ទាំង​ចៀម និង​គោ​របស់​គេ​ចេញ​ពី​បរិវេណ​ព្រះវិហារ* ព្រះអង្គ​បាច​ប្រាក់​អ្នក​ដូរ​ប្រាក់​ចោល ហើយ​ផ្កាប់​តុ​របស់​គេ​ផង។ ១៦ ព្រះអង្គ​មាន​ព្រះបន្ទូល​ទៅ​អ្នក​លក់​ព្រាប​ថា៖ «ចូរ​យក​របស់​ទាំង​អស់​នេះ​ចេញ​ទៅ កុំ​យក​ដំណាក់​ព្រះបិតា​ខ្ញុំ​ធ្វើ​ជា​កន្លែង​លក់​ដូរ​ដូច្នេះ​ឡើយ»។ ១៧ ពួក​សិស្ស*​នឹក​ឃើញ​សេចក្ដី​ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​ថា៖
«មក​ពី​ទូលបង្គំ​ស្រឡាញ់​ព្រះដំណាក់​របស់​ព្រះអង្គ
បាន​ជា​គេ​ប្រហារ​ជីវិត​ទូលបង្គំ»​។
១៨ ពេល​នោះ ជន​ជាតិ​យូដា​ទូល​សួរ​ព្រះអង្គ​ថា៖ «តើ​លោក​មាន​ទី​សំគាល់​អ្វី បង្ហាញ​អោយ​យើង​ដឹង​ថា​លោក​មាន​សិទ្ធិ​ធ្វើ​ការ​ទាំង​នេះ?»។ ១៩ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ឆ្លើយ​ទៅ​គេ​ថា៖ «ចូរ​រុះ​ព្រះវិហារ*​នេះ​ចោល​ទៅ ខ្ញុំ​នឹង​សង់​ឡើង​វិញ​ក្នុង​រវាង​បី​ថ្ងៃ»។ ២០ ជន​ជាតិ​យូដា​តប​ថា៖ «គេ​បាន​ចំណាយ​ពេល​សែសិប​ប្រាំ​មួយ​ឆ្នាំ ដើម្បី​សង់​ព្រះវិហារ​នេះ រីឯ​លោក លោក​នឹង​សង់​ឡើង​វិញ ក្នុង​រវាង​តែ​បី​ថ្ងៃ​ប៉ុណ្ណោះ​ឬ?»។ ២១ តាម​ពិត ព្រះយេស៊ូ​មាន​ព្រះបន្ទូល​សំដៅ​ទៅ​លើ​ព្រះវិហារ ដែល​ជា​រូប​កាយ​របស់​ព្រះអង្គ​វិញ​ឯណោះ​ទេ។ ២២ ពេល​ព្រះអង្គ​មាន​ព្រះជន្ម​រស់​ឡើង​វិញ ពួក​សិស្ស​នឹក​ឃើញ​ថា ព្រះអង្គ​មាន​ព្រះបន្ទូល​ដូច្នេះ គេ​ក៏​ជឿ​ព្រះគម្ពីរ ព្រម​ទាំង​ជឿ​ព្រះបន្ទូល​របស់​ព្រះយេស៊ូ​ដែរ។
ព្រះយេស៊ូ​យល់​ជំរៅ​ចិត្ត​មនុស្ស
២៣ ពេល​ព្រះយេស៊ូ​គង់​នៅ​ក្រុង​យេរូសាឡឹម ក្នុង​ឱកាស​បុណ្យ​ចម្លង*​មាន​មនុស្ស​ជា​ច្រើន​បាន​ជឿ​លើ​ព្រះនាម​ព្រះអង្គ ដោយ​ឃើញ​ទី​សំគាល់​ដែល​ព្រះអង្គ​បាន​ធ្វើ។ ២៤ ប៉ុន្តែ ព្រះយេស៊ូ​ពុំ​ទុក​ចិត្ត​គេ​ទេ ដ្បិត​ព្រះអង្គ​ស្គាល់​ចិត្ត​គំនិត​អ្នក​ទាំង​នោះ ២៥ មិន​បាច់​មាន​នរណា​ពន្យល់​ព្រះអង្គ​អំពី​ចិត្ត​មនុស្ស​ឡើយ ព្រោះ​ព្រះអង្គ​ឈ្វេង​យល់​អ្វីៗ​ទាំង​អស់​នៅ​ក្នុង​ចិត្ត​មនុស្ស។