៣
ព្រះយេស៊ូសន្ទនាជាមួយលោកនីកូដេម
១ មាននាម៉ឺនជាតិយូដាម្នាក់ ឈ្មោះនីកូដេម លោកនៅខាងគណៈផារីស៊ី*។ ២ លោកបានមកគាល់ព្រះយេស៊ូទាំងយប់ ហើយទូលថា៖ «លោកគ្រូយើងខ្ញុំដឹងថាព្រះជាម្ចាស់បានចាត់លោកគ្រូអោយមកបង្រៀនយើងខ្ញុំ ដ្បិតគ្មាននរណាអាចធ្វើទីសំគាល់ដូចលោកគ្រូបានឡើយ វៀរលែងតែព្រះជាម្ចាស់គង់ជាមួយអ្នកនោះ»។ ៣ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «ខ្ញុំសូមជំរាបលោកអោយដឹងច្បាស់ថា ប្រសិនបើមនុស្សមិនកើតជាថ្មីទេ គេមិនអាចឃើញព្រះរាជ្យ*របស់ព្រះជាម្ចាស់បានឡើយ»។ ៤ លោកនីកូដេមទូលសួរព្រះអង្គថា៖ «ចុះបើមនុស្សមានវ័យចាស់ទៅហើយ ធ្វើដូចម្ដេចអាចកើតម្ដងទៀតបាន? តើគេអាចចូលទៅក្នុងផ្ទៃម្ដាយ ហើយកើតម្ដងទៀតបានឬ?»។ ៥ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «ខ្ញុំសូមជំរាបលោកអោយដឹងច្បាស់ថា ប្រសិនបើមនុស្សមិនកើតពីទឹក និងពីព្រះវិញ្ញាណទេ គេពុំអាចចូលក្នុងព្រះរាជ្យព្រះជាម្ចាស់បានឡើយ។ ៦ អ្នកណាកើតមកជាមនុស្ស អ្នកនោះនៅតែជាមនុស្សដដែល រីឯអ្នកដែលកើតពីព្រះវិញ្ញាណវិញ មានព្រះវិញ្ញាណក្នុងខ្លួន។ ៧ ពេលខ្ញុំជំរាបលោកថា “អ្នករាល់គ្នាត្រូវកើតជាថ្មី” សូមកុំឆ្ងល់អោយសោះ។ ៨ ខ្យល់ចង់បក់ទៅទិសណាក៏បាន លោកឮស្នូរវា តែលោកពុំដឹងថាខ្យល់បក់មកពីទីណា ទៅទីណាឡើយ រីឯអ្នកដែលកើតមកពីព្រះវិញ្ញាណក៏ដូច្នោះដែរ»។ ៩ លោកនីកូដេមទូលសួរព្រះអង្គថា៖ «តើការទាំងនេះអាចនឹងកើតឡើងដូចម្ដេចបាន?»។ ១០ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «លោកជាគ្រូរបស់ជនជាតិអ៊ីស្រាអែល ម្ដេចក៏លោកមិនជ្រាបសេចក្ដីទាំងនេះ? ១១ ខ្ញុំសូមជំរាបលោកអោយដឹងច្បាស់ថា យើងនិយាយអំពីសេចក្ដីណាដែលយើងដឹង ហើយយើងធ្វើជាបន្ទាល់បញ្ជាក់នូវហេតុការណ៍ណាដែលយើងបានឃើញ តែអ្នករាល់គ្នាមិនទទួលសក្ខីភាពរបស់យើងទេ។ ១២ ពេលខ្ញុំនិយាយអំពីហេតុការណ៍នៅលើផែនដី អ្នករាល់គ្នាមិនជឿទៅហើយ ចុះទំរាំបើខ្ញុំនិយាយអំពីហេតុការណ៍នៅស្ថានបរមសុខវិញ តើអ្នករាល់គ្នានឹងជឿដូចម្ដេចបាន!។ ១៣ ពុំដែលមាននរណាបានឡើងទៅស្ថានបរមសុខឡើយ គឺមានតែបុត្រមនុស្ស*ប៉ុណ្ណោះ ដែលបានយាងចុះពីស្ថានបរមសុខមក។
១៤ កាលនៅវាលរហោស្ថាន លោកម៉ូសេបានលើកពស់ឡើងយ៉ាងណា បុត្រមនុស្សនឹងត្រូវគេលើកឡើងយ៉ាងនោះដែរ ១៥ ដើម្បីអោយអស់អ្នកដែលជឿលើព្រះអង្គ មានជីវិតអស់កល្បជានិច្ច។ ១៦ ព្រះជាម្ចាស់ស្រឡាញ់មនុស្សលោកខ្លាំងណាស់ ហេតុនេះហើយបានជាព្រះអង្គប្រទានព្រះបុត្រាតែមួយរបស់ព្រះអង្គមក ដើម្បីអោយអស់អ្នកដែលជឿលើព្រះបុត្រា មានជីវិតអស់កល្បជានិច្ច គឺមិនអោយគេវិនាសឡើយ។ ១៧ ព្រះជាម្ចាស់បានចាត់ព្រះបុត្រារបស់ព្រះអង្គ អោយយាងមកក្នុងលោកនេះ ពុំមែនដើម្បីដាក់ទោសមនុស្សលោកទេ គឺដើម្បីសង្គ្រោះមនុស្សលោក ដោយសារព្រះបុត្រាវិញ។ ១៨ អ្នកជឿលើព្រះបុត្រា មិនត្រូវទទួលទោសទេរីឯអ្នកមិនជឿ បានទទួលទោសរួចស្រេចទៅហើយ ព្រោះគេពុំបានជឿលើព្រះនាមព្រះបុត្រាតែមួយរបស់ព្រះជាម្ចាស់។ ១៩ ហេតុដែលបណ្ដាលអោយមានទោសនោះ គឺពន្លឺបានយាងមកក្នុងពិភពលោក ប៉ុន្តែ មនុស្សលោកចូលចិត្តភាពងងឹតជាងពន្លឺ ដ្បិតអំពើរបស់គេសុទ្ធតែអាក្រក់។ ២០ អស់អ្នកដែលប្រព្រឹត្តអំពើអាក្រក់តែងតែស្អប់ពន្លឺ ហើយមិនចូលមករកពន្លឺឡើយ ព្រោះខ្លាចគេឃើញអំពើដែលខ្លួនប្រព្រឹត្ត។ ២១ ផ្ទុយទៅវិញ អស់អ្នកដែលប្រព្រឹត្តតាមសេចក្ដីពិត តែងតែចូលមករកពន្លឺ ដើម្បីអោយគេឃើញថា អំពើដែលខ្លួនប្រព្រឹត្តនោះ ស្របតាមព្រះជាម្ចាស់មែន»។
សក្ខីភាពរបស់លោកយ៉ូហានបាទីស្ដ
២២ បន្ទាប់មក ព្រះយេស៊ូយាងទៅស្រុកយូដាជាមួយពួកសិស្ស*។ ព្រះអង្គស្នាក់នៅទីនោះជាមួយគេព្រមទាំងជ្រមុជទឹក*អោយបណ្ដាជនផង។ ២៣ រីឯលោកយ៉ូហានវិញ លោកក៏ជ្រមុជទឹកអោយគេ នៅអេណូន ក្បែរភូមិសាលីមដែរ ព្រោះនៅទីនោះមានទឹកច្រើន។ មនុស្សម្នានាំគ្នាមករកលោក ហើយលោកជ្រមុជទឹកអោយ។ ២៤ កាលណោះលោកយ៉ូហានមិនទាន់ជាប់ឃុំឃាំងនៅឡើយទេ។
២៥ ពេលនោះ ពួកសិស្សរបស់លោកយ៉ូហាន និងជនជាតិយូដាម្នាក់ ជជែកគ្នាអំពីពិធីជំរះកាយអោយបានបរិសុទ្ធ*។ ២៦ គេនាំគ្នាទៅជួបលោកយ៉ូហានជំរាបថា៖ «លោកគ្រូ! បុរសដែលនៅជាមួយលោក ខាងនាយទន្លេយ័រដាន់ពីថ្ងៃមុន ហើយដែលលោកផ្ដល់សក្ខីភាពអោយនោះ ឥឡូវនេះ គាត់កំពុងតែជ្រមុជទឹក*អោយគេ មនុស្សទាំងអស់នាំគ្នាទៅរកគាត់»។ ២៧ លោកយ៉ូហានមានប្រសាសន៍តបទៅគេថា៖ «បើព្រះជាម្ចាស់មិនប្រទានអោយទេ គ្មាននរណាម្នាក់អាចធ្វើអ្វីកើតឡើយ។ ២៨ អ្នករាល់គ្នាជាបន្ទាល់ស្រាប់ហើយ ខ្ញុំបាននិយាយថា ខ្ញុំមិនមែនជាព្រះគ្រិស្ដទេ គឺព្រះជាម្ចាស់បានចាត់ខ្ញុំអោយមកមុនព្រះអង្គ។ ២៩ នៅក្នុងពិធីមង្គលការ កូនក្រមុំរៀបការនឹងអ្នកណា អ្នកនោះហើយជាស្វាមី។ រីឯមិត្តសម្លាញ់របស់ស្វាមី គេឈរស្ដាប់នៅក្បែរគាត់ និងមានចិត្តត្រេកអរក្រៃលែងដោយបានឮសំឡេងរបស់គាត់។ ខ្ញុំក៏ពោរពេញដោយអំណរដូច្នោះដែរ។ ៣០ ព្រះអង្គត្រូវតែចំរើនឡើង រីឯខ្ញុំវិញ ខ្ញុំត្រូវតែអន់ថយ។ ៣១ ព្រះអង្គដែលយាងពីស្ថានបរមសុខមក ទ្រង់មានឋានៈធំលើសគេទាំងអស់។ អ្នកដែលកើតពីលោកីយ៍នៅតែជាលោកីយ៍ដដែល ហើយនិយាយតែពីរឿងលោកីយ៍។ ព្រះអង្គដែលយាងពីស្ថានបរមសុខមកទ្រង់មានឋានៈធំលើសគេទាំងអស់។ ៣២ ព្រះអង្គធ្វើជាបន្ទាល់បញ្ជាក់ពីអ្វីៗទាំងអស់ ដែលទ្រង់បានឃើញ និងបានឮ ប៉ុន្តែ គ្មាននរណាទទួលសក្ខីភាពរបស់ព្រះអង្គទេ។ ៣៣ អ្នកដែលទទួលសក្ខីភាពរបស់ព្រះអង្គបានបញ្ជាក់ថា ព្រះជាម្ចាស់បានសំដែងសេចក្ដីពិតមែន។ ៣៤ ព្រះអង្គដែលព្រះជាម្ចាស់ចាត់អោយយាងមក ថ្លែងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ព្រោះព្រះជាម្ចាស់ប្រទានព្រះវិញ្ញាណមកព្រះអង្គយ៉ាងបរិបូណ៌។ ៣៥ ព្រះបិតាស្រឡាញ់ព្រះបុត្រា ហើយបានប្រគល់អ្វីៗទាំងអស់ អោយនៅក្រោមអំណាចរបស់ព្រះបុត្រា។ ៣៦ អ្នកណាជឿលើព្រះបុត្រា អ្នកនោះមានជីវិតអស់កល្បជានិច្ច។ អ្នកណាមិនព្រមជឿលើព្រះបុត្រា អ្នកនោះមិនបានទទួលជីវិតឡើយ គឺគេត្រូវទទួលទោសពីព្រះជាម្ចាស់»។