៤០
ព្រះជាម្ចាស់​ឆ្លើយ​នឹង​ប្រសាសន៍​របស់​លោក​យ៉ូប
១ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់
លោក​យ៉ូប​ទៀត​ថា៖
២ «អ្នក​ចូល​ចិត្ត​ប្រកែក​ប្រឆាំង​ដូច្នេះ
តើ​អ្នក​មាន​រឿង​អ្វី​ទៀត​ចង់​ចោទ​ប្រកាន់
ព្រះ​ដ៏​មាន​ឫទ្ធានុភាព​ខ្ពង់ខ្ពស់​បំផុត?
អ្នក​ចូល​ចិត្ត​ជជែក​តវ៉ា​ជា​មួយ
ព្រះជាម្ចាស់​ដូច្នេះ
តើ​អ្នក​មាន​ចម្លើយ​ឬ​ទេ?»។
៣ លោក​យ៉ូប​ទូល​ព្រះអម្ចាស់​ថា៖
៤ «ទូលបង្គំ​ជា​មនុស្ស​ទន់ទាប​ណាស់
តើ​អោយ​ទូលបង្គំ​ឆ្លើយ​ទៅ​ព្រះអង្គ​វិញ
ដូច​ម្ដេច​បាន?
ទូលបង្គំ​នឹង​យក​ដៃ​ខ្ទប់​មាត់។
៥ ទូលបង្គំ​បាន​និយាយ​ម្ដង​រួច​មក​ហើយ
ទូលបង្គំ​មិន​និយាយ​ទៀត​ទេ
ហើយ​ទូលបង្គំ​ក៏​បាន​និយាយ​ជា​លើក​ទី​ពីរ​ដែរ
ទូលបង្គំ​គ្មាន​អ្វី​បន្ថែម​ទៀត​ឡើយ»។
៦ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​លោក​យ៉ូប​ពី
ក្នុង​ខ្យល់​ព្យុះ​ដូច​ត​ទៅ៖
៧ «ចូរ​រៀបចំ​ខ្លួន​អោយ​បាន​ដូច​មនុស្ស​អង់អាច
យើង​នឹង​សួរ​អ្នក
ហើយ​អ្នក​ត្រូវ​តែ​ឆ្លើយ​អោយ​យើង​ដឹង​ផង!
៨ តើ​អ្នក​ពិត​ជា​ចង់​ចោទ​ថា យើង​មិន​យុត្តិធម៌
ហើយ​អ្នក​ចង់​ថ្កោល​ទោស​យើង
ដើម្បី​បង្ហាញ​ថា​អ្នក​ជា​មនុស្ស​សុចរិត​ឬ?
៩ តើ​អ្នក​មាន​ឫទ្ធិបារមី​ដូច​ព្រះជាម្ចាស់
ហើយ​មាន​សំឡេង​ដូច​ផ្គរលាន់
ដែល​ជា​ព្រះសូរសៀង​របស់​ព្រះអង្គ​ឬ?
១០ តើ​អ្នក​មាន​ភាព​ថ្កុំថ្កើង និង​ភាព​ឧត្ដុង្គឧត្ដម
ហើយ​ពោរពេញ​ទៅ​ពន្លឺ​រស្មី​ដ៏​រុង​រឿង
ដូច​ព្រះជាម្ចាស់​ឬ?
១១ ចូរ​ក្រឡេក​មើល​មនុស្ស​មាន​អំនួត
ហើយ​ជះ​កំហឹង​ដ៏​ខ្លាំងក្លា​របស់​អ្នក​លើ​ពួក​គេ
និង​បន្ទាប​ពួក​គេ​ទាំង​អស់​គ្នា​ទៅ។
១២ ចូរ​ក្រឡេក​មើល​មនុស្ស​មាន​អំនួត
ហើយ​បន្ថោក​ពួក​គេ​ទាំង​អស់​គ្នា!
ចូរ​ជាន់​ឈ្លី​មនុស្ស​អាក្រក់​នៅ​នឹង​កន្លែង​ទៅ។
១៣ ចូរ​យក​ពួក​គេ​ទៅ​កប់​នៅ​ក្នុង​ធូលី​ដី​ជា​មួយ​គ្នា
ចូរ​ឃុំ​ពួក​គេ​ទុក​ក្នុង​រណ្ដៅ​ងងឹត។
១៤ ពេល​នោះ យើង​នឹង​លើក​តម្កើង​អ្នក
ដ្បិត​អ្នក​បាន​ទទួល​ជោគ​ជ័យ
ដោយ​ឫទ្ធិបារមី​របស់​អ្នក​ផ្ទាល់។
១៥ ចូរ​មើល​ទៅ​សត្វ​ដំរី​ទឹក
ដែល​យើង​បាន​បង្កើត​មក​ដូច​ជា​អ្នក​ដែរ
វា​ស៊ី​ស្មៅ​ដូច​គោ
១៦ កម្លាំង​របស់​វា​ស្ថិត​នៅ​ត្រង់​ចង្កេះ
សន្ទុះ​ដ៏​ខ្លាំង​ក្លា​ស្ថិត​នៅ​ត្រង់​សាច់​ដុំ​ពោះ​របស់​វា
១៧ កន្ទុយ​របស់​វា​រឹង​ដូច​ដើម​តាត្រៅ
សរសៃ​ភ្លៅ​របស់​វា​ពាក់ព័ន្ធ​គ្នា
១៨ ឆ្អឹង​របស់​វា​ប្រៀប​បាន​នឹង​បំពង់​លង្ហិន
ហើយ​ឆ្អឹង​ជំនីរ​របស់​វា​ដូច​ចម្រឹង​ដែក។
១៩ វា​ជា​ស្នា​ព្រះហស្ដ​ដ៏​វិសេស​របស់​ព្រះជាម្ចាស់
មាន​តែ​ព្រះ​ដែល​បង្កើត​វា​ទេ
ដែល​អាច​បង្ក្រាប​វា​បាន​។
២០ វា​ស៊ី​ស្មៅ​នៅ​តាម​ភ្នំ ជា​កន្លែង​ដែល
សត្វ​ព្រៃ​ទាំង​ប៉ុន្មាន​ប្រឡែង​គ្នា។
២១ វា​ដេក​នៅ​ក្រោម​ស្លឹក​ឈូក
ហើយ​សំងំ​នៅ​តាម​ដើម​ត្រែង​ក្នុង​ត្រពាំង។
២២ ម្លប់​ស្លឹក​ឈូក​បាំង​លើ​វា
ដើម​ចាក​នៅ​តាម​ដង​ស្ទឹង​ព័ទ្ធ​ជុំវិញ​វា។
២៣ ទោះ​បី​ទឹក​ហូរ​យ៉ាង​ខ្លាំង​ក្ដី ក៏​វា​មិន​បារម្ភ
ទោះ​បី​ទឹក​ទន្លេ​យ័រដាន់​ជន់​ឡើង​លិច​មាត់​ច្រាំង
ក៏​វា​មិន​ព្រួយ​ដែរ។
២៤ គ្មាន​នរណា​អាច​ចាប់​វា​បាន
ក្នុង​ពេល​ដែល​វា​កំពុង​តែ​បើក​ភ្នែក
ហើយ​គ្មាន​នរណា​អាច​យក​អ្វី​ទៅ​ខ្លុះ​ច្រមុះ
របស់​វា​បាន​ដែរ។