៤១
១ តើអ្នកអាចយកសន្ទូចទៅស្ទូចស្ដេច
ក្រពើ ហើយយកខ្សែទៅចងអណ្ដាត
របស់វាបានឬ?
២ តើអ្នកអាចយកកន្លុះទៅដាក់ច្រមុះវា
ហើយយកដែកទៅចោះថ្គាមរបស់វាបានឬ?
៣ តើអ្នកស្មានថាវានឹងទទូចអង្វរអ្នក
ហើយនិយាយមកអ្នកដោយទន់ភ្លន់ឬ?
៤ តើវាចេះចុះខសន្យាជាមួយអ្នក
ហើយអ្នកប្រើវាជាទាសករបានរហូតឬ?
៥ តើអ្នកអាចលេងជាមួយវា ដូចលេងចាប
ឬក៏អាចចងវា ទុកអោយកូនស្រីរបស់អ្នក
មើលកំសាន្ត?
៦ តើពួកអ្នករកស៊ីអាចយកវាទៅលក់
ហើយអ្នកលក់អាចយកវាទៅចែកគ្នាកើតឬ?
៧ តើអ្នកអាចយកជន្លួញមកចាក់ទម្លុះស្បែកវា
ហើយយកស្នចាក់ត្រីមកចាក់ក្បាលវាបានឬ?
៨ ចូរលូកដៃពាល់វាមើល៍
ពេលអ្នកគិតដល់ការប្រយុទ្ធជាមួយនឹងវា
នោះអ្នកមុខជាលែងហ៊ានពាល់វាជាប់
ទៀតមិនខាន!
៩ អ្នកណាប្រាថ្នាចង់ចាប់វា
អ្នកនោះយល់ច្រឡំហើយ
ព្រោះពេលឃើញវា គេមុខជាតក់ស្លុត
១០ បើគ្មាននរណាម្នាក់ហ៊ានតទល់នឹងវាដូច្នេះ
តើនរណាអាចប្រឈមមុខនឹងយើងបាន?
១១ គ្មាននរណាអោយរបស់មកយើងខ្ចី
ហើយយើងត្រូវសងទៅគេវិញនោះឡើយ
ដ្បិតអ្វីៗទាំងអស់នៅលើផែនដីនេះ
សុទ្ធតែជាកម្មសិទ្ធិរបស់យើង។
១២ មកដល់ត្រឹមណេះ យើងមិនទាន់បានថ្លែង
អំពីអវយវៈ កម្លាំង និងសរីរាង្គដ៏ល្អ
របស់ក្រពើនៅឡើយទេ។
១៣ តើនរណាអាចពន្លាត់ស្បែកវាបាន?
តើនរណាហ៊ានប៉ះពាល់ចង្កូមរបស់វា?
១៤ តើនរណាហ៊ានបើកមាត់របស់វា?
ដ្បិតវាមានធ្មេញគួរអោយស្ញែងខ្លាចណាស់។
១៥ ស្រកាដ៏សង្ហា ហើយមាំរបស់វាតភ្ជាប់គ្នា
ទៅវិញទៅមកយ៉ាងស្អិតល្មួត។
១៦ ស្រការបស់វានៅភ្ជាប់គ្នាយ៉ាងជិត
សូម្បីតែខ្យល់ក៏ពុំអាចឆ្លងកាត់បានផង។
១៧ ស្រកានីមួយៗតភ្ជាប់គ្នា យ៉ាងមាំ
ដែលពុំអាចបំបែកចេញពីគ្នាបានឡើយ។
១៨ កាលណាវាព្រួសទឹកចេញមក
នោះមានបែកជាពន្លឺ
ភ្នែករបស់វាភ្លឺដូចជាពេលថ្ងៃរះ។
១៩ មានភ្លើងចេញពីមាត់របស់វា
ហើយផ្កាភ្លើងក៏ហើរចេញមកដែរ។
២០ មានផ្សែងហុយចេញតាមច្រមុះរបស់វា
ដូចផ្សែងហុយចេញពីថ្លាងដែលកំពុងពុះ។
២១ ខ្យល់ដង្ហើមរបស់វាអាចបង្កាត់ភ្លើងបាន
ហើយក៏មានអណ្ដាតភ្លើងផុសចេញពី
ក្នុងមាត់របស់វាដែរ។
២២ ករបស់វាមានកម្លាំងណាស់
ធ្វើអោយអស់អ្នកដែលឃើញវាចូលមកជិត
ភ័យខ្លាចជាខ្លាំង។
២៣ សាច់ស្រទាប់របស់វានៅជាប់គ្នាយ៉ាងរឹងមាំ
ដែលមិនអាចផ្ដាច់ចេញពីគ្នាបានទេ។
២៤ បេះដូងរបស់វារឹងដូចដុំថ្ម គឺរឹងដូចត្បាល់ថ្ម។
២៥ ពេលណាវាក្រោកឡើង
សូម្បីតែអ្នកខ្លាំងពូកែក៏ភ័យតក់ស្លុតដែរ
ហើយរត់ចេញទៅទាំងបាក់ស្បាត។
២៦ ទោះបីគេយកដាវ លំពែង ស្ន និងព្រួញ
មកចាក់ទម្លុះក៏មិនមុតដែរ
២៧ ដ្បិតវាចាត់ទុកដែក ដូចជាចំបើង
ហើយលង្ហិន ដូចជាឈើពុក។
២៨ ព្រួញមិនដែលធ្វើអោយវាដកខ្លួនថយទេ
រីឯថ្មដែលគេបាញ់ពីខ្សែដង្ហក់
ក៏ប្រៀបដូចជាចំបើងសំរាប់វាដែរ។
២៩ វាមើលមកព្រនង់ដូចជាចំបើង
ហើយមិនញញើតនឹងសន្ធឹកស្នឡើយ។
៣០ ពោះរបស់វាមុតដូចអំបែងឆ្នាំង
ធ្វើអោយមានដាននៅលើភក់ដូចដានរនាស់។
៣១ វាធ្វើអោយទឹកនៅក្នុងមហាសាគរ
ពុះកញ្ជ្រោលដូចទឹកពុះនៅក្នុងថ្លាង
ហើយធ្វើអោយសមុទ្រប្រៀបដូចជា
ឆ្នាំងរំងាស់ទឹកអប់
៣២ វាធ្វើអោយមានដានរលោងនៅពីក្រោយវា
គឺប្រៀបបីដូចជាសក់របស់ចាស់ព្រឹទ្ធាចារ្យ។
៣៣ នៅលើផែនដីនេះ គ្មានសត្វណាដូចវាឡើយ
យើងបង្កើតវាមក មិនខ្លាចអ្វីទាំងអស់។
៣៤ វាមិនញញើតនឹងមើលទៅសត្វដ៏សំបើមៗ
ដ្បិតវាជាស្ដេចលើសត្វសាហាវទាំងអស់»។