សុភាសិត
១
អារម្ភកថា
១ សុភាសិតរបស់ព្រះបាទសាឡូម៉ូនជាព្រះរាជបុត្រព្រះបាទដាវីឌ និងជាព្រះមហាក្សត្រស្រុកអ៊ីស្រាអែល។
២ សុភាសិតទាំងនេះ ផ្ដល់អោយមនុស្សមានប្រាជ្ញា និងការចេះដឹង ដើម្បីយល់ពាក្យពេចន៍ប្រកបដោយអត្ថន័យជ្រៅជ្រះ ៣ ព្រមទាំងបង្រៀនមនុស្សអោយចេះដឹងសុចរិត ត្រឹមត្រូវ និងមានចិត្តទៀងត្រង់ ៤ ហើយផ្ដល់អោយមនុស្សឆោតចេះប្រុងប្រយ័ត្ន និងផ្ដល់អោយយុវជនចេះគិតចេះពិចារណា។
៥ សូមអោយអ្នកប្រាជ្ញត្រងត្រាប់ស្ដាប់ នោះគេនឹងបង្កើនចំណេះរបស់ខ្លួន។ សូមអោយមនុស្សឈ្លាសវៃស្រង់យកមាគ៌ាដែលត្រូវប្រកាន់យក ៦ ដូច្នេះ គេអាចយល់អំពីអត្ថន័យ ដែលមានបង្កប់នៅក្នុងសុភាសិត ឬប្រស្នា ព្រមទាំងយល់ពាក្យពេចន៍ និងពាក្យបណ្ដៅផ្សេងៗរបស់ពួកអ្នកប្រាជ្ញ។
៧ ការគោរពកោតខ្លាចព្រះអម្ចាស់ ជាប្រភពនៃការចេះដឹង។ មនុស្សខ្លៅតែងតែមើលងាយតម្រិះប្រាជ្ញា និងការប្រៀនប្រដៅ។
ពាក្យទូន្មានយុវជន
៨ កូនអើយចូរស្ដាប់ឪពុកប្រៀនប្រដៅ ហើយត្រងត្រាប់ស្ដាប់ម្ដាយទូន្មាន ៩ ដ្បិតដំបូន្មានរបស់ឪពុកម្ដាយនឹងកសាងចរិយាសម្បត្តិរបស់កូន អោយបានល្អដូចមកុដ និងខ្សែកមាស។ ១០ កូនអើយ បើមានជនពាលមកបបួលកូនទៅប្រព្រឹត្តអំពើអាក្រក់ កុំទៅតាមគេឡើយ។ ១១ បើជនពាលបបួលកូនថា: «ចូរមកជាមួយពួកយើង យើងនឹងស្ទាក់ផ្លូវចាំបង្ហូរឈាម ហើយយើងនឹងវាយឆ្មក់សម្លាប់មនុស្សស្លូតត្រង់លេង។ ១២ យើងនឹងលុបបំបាត់ពួកគេ ដូចមច្ចុរាជលេបបំបាត់ពួកគេទាំងរស់ ហើយធ្វើអោយពួកគេវិនាសសូន្យ ដូចអស់អ្នកដែលធ្លាក់ក្នុងរណ្ដៅ ១៣ រួចហើយយើងរឹបអូសរបស់មានតម្លៃទាំងប៉ុន្មាន ពីពួកគេយកទៅដាក់អោយពេញផ្ទះយើង។ ១៤ ចូរមករួមជាមួយយើង យើងនឹងចែករបស់ដែលរឹបអូសយកបាននោះជាមួយគ្នា!»។ ១៥ កូនអើយ កុំសេពគប់ជាមួយអ្នកទាំងនោះឡើយ តែត្រូវងាកចេញអោយឆ្ងាយពីពួកគេ។ ១៦ ពួកនោះគិតតែពីប្រព្រឹត្តអំពើអាក្រក់ ហើយងាយបង្ហូរឈាមណាស់។ ១៧ ដាក់អន្ទាក់អោយសត្វស្លាបឃើញ ជាការឥតប្រយោជន៍។ ១៨ រីឯអ្នកទាំងនោះវិញ គេកំពុងតែរាយអន្ទាក់សំរាប់ទាក់កខ្លួនឯង ហើយឃុបឃិតប្រហារជីវិតរបស់ខ្លួនឯង។ ១៩ អស់អ្នកដែលរកស៊ីលួចប្លន់ទ្រព្យសម្បត្តិ តែងតែបាត់បង់ជីវិតបែបនេះឯង។
ការប្រកាសរបស់ព្រះប្រាជ្ញាញាណ
២០ ព្រះប្រាជ្ញាញាណស្រែកនៅតាមផ្លូវ ហើយបន្លឺសំឡេងនៅតាមទីសាធារណៈ ២១ ព្រមទាំងអំពាវនាវតាមច្រកដ៏អ៊ូអរ និងប្រកាសនៅមាត់ទ្វារក្រុងថា: ២២ មនុស្សឆោតអើយ តើអ្នករាល់គ្នាចូលចិត្តនៅឆោតដូច្នេះដល់កាលណាទៀត? អ្នករាល់គ្នានៅតែមើលងាយយើងដល់កាលណាទៀត? តើអ្នករាល់គ្នានៅល្ងង់ ពុំព្រមចង់ចេះដូច្នេះដល់កាលណាទៀត?។ ២៣ ចូរនាំគ្នាមកស្ដាប់ដំបូន្មានរបស់យើង យើងនឹងចាក់បង្ហូរវិញ្ញាណរបស់យើងលើអ្នករាល់គ្នា ហើយយើងនឹងបង្ហាញអោយអ្នករាល់គ្នាស្គាល់ចំណេះរបស់យើង។ ២៤ យើងបានហៅអ្នករាល់គ្នា តែអ្នករាល់គ្នាធ្វើមិនឮ យើងបានបោយដៃហៅអ្នករាល់គ្នា តែអ្នករាល់គ្នាធ្វើព្រងើយ។ ២៥ ដោយអ្នករាល់គ្នាបោះបង់ចោលពាក្យទូន្មានរបស់យើង ហើយមិនព្រមទទួលយោបល់ពីយើងទេនោះ ២៦ ពេលណាអ្នករាល់គ្នាមានមហន្តរាយយើងនឹងសើច ហើយពេលណាអ្នករាល់គ្នាជួបភ័យអាសន្ន យើងនឹងចំអកអោយអ្នករាល់គ្នាវិញជាមិនខាន។ ២៧ ពេលណាភ័យអាសន្នកើតមានដល់អ្នករាល់គ្នាដូចខ្យល់ព្យុះ ហើយមហន្តរាយកើតមានដល់អ្នករាល់គ្នា ដូចខ្យល់កំបុតត្បូង ពេលណាសេចក្ដីតប់ប្រមល់ និងទុក្ខវេទនាសង្កត់សង្កិនអ្នករាល់គ្នា ២៨ ពេលនោះ អ្នករាល់គ្នាមុខជាស្រែកអង្វរអោយយើងជួយ តែយើងមិនឆ្លើយតបទេ អ្នករាល់គ្នានឹងស្វែងរកយើង តែរកមិនឃើញឡើយ។ ២៩ អ្នករាល់គ្នាស្អប់ការចេះដឹង អ្នករាល់គ្នាមិនសុខចិត្តគោរពកោតខ្លាចព្រះអម្ចាស់ ៣០ អ្នករាល់គ្នាមិនព្រមទទួលយោបល់ពីយើង ហើយមើលងាយដំបូន្មានទាំងប៉ុន្មាន របស់យើងថែមទៀតផង។ ៣១ អ្នករាល់គ្នានឹងទទួលផលស្របតាមកិរិយាមារយាទរបស់ខ្លួន ហើយអំពើដែលអ្នករាល់គ្នាប្រព្រឹត្ត នឹងនាំអោយអ្នករាល់គ្នាឆ្អែតឆ្អន់ ៣២ ដ្បិតចិត្តរឹងរូសរបស់មនុស្សល្ងង់ នឹងធ្វើអោយគេបាត់បង់ជីវិត ហើយចិត្តអួតអាងរបស់មនុស្សលេលា នឹងធ្វើអោយគេវិនាស។ ៣៣ រីឯអ្នកដែលស្ដាប់យើង នឹងរស់នៅយ៉ាងសុខដុមរមនា ឥតភ័យខ្លាចទុក្ខលំបាកអ្វីឡើយ។