ប្រាជ្ញា​ការពារ​មនុស្ស​ពី​អំពើ​អាក្រក់
១ កូន​អើយ ចូរ​ចង​ចាំ​ដំបូន្មាន​របស់​ឪពុក
កុំ​ភ្លេច​សេចក្ដី​ដែល​ឪពុក​ផ្ដែផ្ដាំ​នេះ​ឡើយ
២ ចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់​ប្រាជ្ញា
ហើយ​ផ្ចង់​ចិត្ត​ពិចារណា​អោយ​យល់។
៣ ចូរ​យក​តម្រិះ​មក​ធ្វើ​ជា​ជំនួយ
ហើយ​យក​ការ​ដឹង​ខុស​ត្រូវ​មក​ធ្វើ​ជា​ទី​ពឹង។
៤ ចូរ​ខំ​ប្រឹង​ស្វែង​រក​ប្រាជ្ញា
ដូច​ស្វែង​រក​ប្រាក់ និង​ដូច​ជីក​ដី​រក​កំណប់។​
៥ ធ្វើ​ដូច្នេះ​ទើប​កូន​យល់​អំពី​ការ​គោរព
កោត​ខ្លាច​ព្រះអម្ចាស់
ព្រម​ទាំង​អាច​ស្គាល់​ព្រះអង្គ​បាន​ទៀត​ផង។
៦ មាន​តែព្រះអម្ចាស់​ទេ​ដែល​ប្រទាន​ប្រាជ្ញា។
ចំណេះ​វិជ្ជា និង​ការ​ដឹង​ខុស​ត្រូវ
សុទ្ធ​តែ​មក​ពី​ព្រះអង្គ​ទាំង​អស់។​
៧ ព្រះអង្គ​ជួយ​មនុស្ស​ទៀង​ត្រង់
ហើយ​ធ្វើ​ជា​ខែល​ការពារ
អស់​អ្នក​ដែល​ដើរ​តាម​មាគ៌ា​ដ៏​ត្រឹម​ត្រូវ។
៨ ព្រះអង្គ​ជួយ​ការពារ
អស់​អ្នក​ដែល​ដើរ​តាម​គន្លង​ធម៌
ហើយ​ថែរក្សា​អស់​អ្នក​ដែល​ផ្ញើ​ជីវិត​លើ​ព្រះអង្គ។
៩ ប្រសិន​បើ​កូន​ស្ដាប់​ឪពុក
កូន​នឹង​យល់​អំពី​មាគ៌ា​ដ៏​សុចរិត
ទៀង​ត្រង់ និង​ត្រឹម​ត្រូវ
ពោល​គឺ​អ្វីៗ​ទាំង​អស់​ដែល​នាំ​មក​នូវ​សុភមង្គល។
១០ ដូច្នេះ កូន​នឹង​ទៅ​ជា​មនុស្ស​មាន​ប្រាជ្ញា
ហើយ​កូន​នឹង​មាន​ចិត្ត​ត្រេកអរ​ដោយ​ចេះ​ដឹង។
១១ ការ​ចេះ​គិត​ពិចារណា​នឹង​ការពារ​កូន
ហើយ​ការ​ដឹង​ខុស​ត្រូវ​នឹង​ថែរក្សា​កូន
១២ មិន​អោយ​ធ្លាក់​ទៅ​ក្នុង​មាគ៌ា​អាក្រក់
ឬ​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​មនុស្ស
ដែល​ពោល​ពាក្យ​ខិលខូច
១៣ ឬ​មនុស្ស​ដែល​បោះបង់​ផ្លូវ​ទៀង​ត្រង់
ហើយ​បែរ​ទៅ​រក​ផ្លូវ​ងងឹត​នោះ​ឡើយ។
១៤ ជន​ទាំង​នោះ​សប្បាយ​ចិត្ត​តែ​នឹង
ប្រព្រឹត្ត​អំពើ​អាក្រក់
ហើយ​ត្រេកត្រអាល​តែ​នឹង​អំពើ​ខិលខូច។
១៥ អ្វីៗ​ដែល​គេ​ធ្វើ សុទ្ធ​តែ​វៀចវេរ
មាគ៌ា​របស់​គេ​មិន​ដែល​ត្រង់​ទាល់​តែ​សោះ។
១៦ ធ្វើ​ដូច្នេះ​កូន​នឹង​មិន​ចាញ់​ពាក្យ​ផ្អែមល្ហែម
របស់​ស្ត្រី​ដទៃ ដែល​មិន​មែន​ជា​ភរិយា​របស់​កូន
១៧ គឺ​ស្ត្រី​ផិត​ប្ដី​របស់​ខ្លួន
និង​ក្បត់​សម្ពន្ធមេត្រី​របស់​ព្រះជាម្ចាស់។​
១៨ អាកប្ប​កិរិយា​របស់​ស្ត្រី​បែប​នេះ
រមែង​បណ្ដាល​អោយ​គ្រួសារ​របស់​ខ្លួន​ស្លាប់
និង​នាំ​គេ​ឯង​អោយ​វិនាស​បាត់បង់។
១៩ ជន​ណា​ភប់ប្រសព្វ​ជា​មួយ​ស្ត្រី​នេះ
ក៏​ត្រូវ​អន្តរាយ​រួម​ជា​មួយ​នាង​ដែរ
គឺ​រក​ផ្លូវ​ទៅ​កាន់​ជីវិត​មិន​ឃើញ​ទេ។
២០ ដូច្នេះ ចូរ​កូន​រើស​យក​មាគ៌ា​របស់​មនុស្ស​ល្អ
និង​យក​តំរាប់​តាម​មនុស្ស​សុចរិត
២១ ដ្បិត​មនុស្ស​ទៀង​ត្រង់​នឹង​រស់​នៅ​ក្នុង​ស្រុក​នេះ
ហើយ​មនុស្ស​ឥត​កំហុស
នឹង​នៅ​ស្ថិតស្ថេរ​រហូត​ត​ទៅ។
២២ រីឯ​មនុស្ស​ពាល​វិញ
ព្រះជាម្ចាស់​នឹង​កាត់កាល់​ពួក​គេ​ចេញ​ពី​ស្រុក
ហើយ​ព្រះអង្គ​ក៏​ដក​មនុស្ស​ល្មើស​វិន័យ
ចេញ​ពី​ស្រុក​ដែរ។