៦
កុំធានាសងបំណុលជំនួសគេ
១ កូនអើយប្រសិនបើកូនធានាបងប្អូនណាម្នាក់ដែលជំពាក់បំណុលគេ ២ ប្រសិនបើកូនបានសន្យាផ្ទាល់មាត់ និងជាប់សំដីក្នុងរឿងនេះ ៣ បានសេចក្ដីថាកូនធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់បងប្អូននោះហើយ។ ដូច្នេះ កូនត្រូវតែទៅជួបអ្នកនោះ ហើយអង្វរករ និងរំអុកសុំរំដោះខ្លួនអោយរួច ៤ កុំដេកកុំសំរាកឡើយ ៥ គឺខំប្រឹងរើបំរះអោយទាល់តែរួចខ្លួន ដូចឈ្លូស និងបក្សីខំប្រឹងរំដោះខ្លួន អោយរួចពីអន្ទាក់របស់ព្រាន។
មនុស្សកំជិល
៦ កូនកំជិលអើយ ចូរទៅមើលស្រមោច ហើយពិចារណាអំពីការរស់នៅរបស់វា រួចយកមេរៀនពីវាទៅ។ ៧ វាគ្មានអ្នកត្រួតត្រា គ្មានមេកើយ គ្មានថៅកែទេ ៨ តែនៅរដូវក្ដៅវាប្រមូលចំណី នៅរដូវចំរូត វាសន្សំស្បៀងទុក។ ៩ ជនកំជិលអើយ តើអ្នកនៅតែដេកដល់ណាទៀត? តើដល់អង្កាល់ទើបភ្ញាក់ឡើង? ១០ អ្នកចង់ដេកថែមបន្តិច ចង់ដំអក់បន្តិច ដេកឱបដៃបន្តិច។ ១១ ធ្វើដូច្នេះអ្នកនឹងខ្វះខាត ហើយធ្លាក់ខ្លួនក្រភ្លាម ដោយមិនដឹងខ្លួន ដូចមានចោរចូលលួចប្លន់។
មនុស្សពាល
១២ អ្នកណាដើរសាបព្រោះពាក្យមិនពិត អ្នកនោះជាមនុស្សចោលម្សៀត និងទុច្ចរិត ១៣ គេមិចភ្នែក លើកដៃលើកជើងជាសញ្ញា ១៤ មានចិត្តពាលហើយរិះគិតធ្វើអាក្រក់គ្រប់ពេលវេលា និងបង្កជំលោះ។ ១៥ ហេតុនេះ គេមុខជាវិនាសយ៉ាងទាន់ហន់ ព្រមទាំងត្រូវអន្តរាយមួយរំពេចរកអ្វីមកកែកុនពុំបាន។
អំពើដែលពុំគាប់ព្រះហឫទ័យព្រះអម្ចាស់
១៦ មានអំពើប្រាំមួយ ឬប្រាំពីរយ៉ាង ដែលព្រះអម្ចាស់មិនសព្វព្រះហឫទ័យ ហើយមិនអាចទ្រាំទ្របានគឺ: ១៧ ការវាយឫកខ្ពស់ ការពោលពាក្យកុហក ការបង្ហូរឈាមជនស្លូតត្រង់ ១៨ ការរិះគិតធ្វើអំពើទុច្ចរិត ការរត់ទៅប្រព្រឹត្តអំពើអាក្រក់ ១៩ ធ្វើជាសាក្សីក្លែងក្លាយ ដែលពោលពាក្យមិនពិត និងការបង្កជំលោះបំបាក់បំបែកបងប្អូន។
កុំផិតក្បត់ស្វាមីភរិយា
២០ កូនអើយចូរស្ដាប់ឱវាទរបស់ឪពុក កុំចោលដំបូន្មានរបស់ម្ដាយ។ ២១ ចូរចងចាំទុកក្នុងចិត្តចូររក្សាជាប់នឹងខ្លួនដូចគ្រឿងអលង្ការ។ ២២ ពេលកូនទៅណាមកណាដំបូន្មាននេះនាំផ្លូវកូនការពារកូនក្នុងពេលដេក ហើយសារស័ព្ទជាមួយកូននៅពេលកូនភ្ញាក់ ២៣ ដ្បិតឱវាទប្រៀបបាននឹងចង្កៀង ដំបូន្មានជាពន្លឺ ហើយការប្រៀនប្រដៅជាផ្លូវនាំទៅកាន់ជីវិត។ ២៤ ពាក្យដាស់តឿនទាំងនេះ ការពារកូនកុំអោយចាញ់បោកស្រីទុច្ចរិតកុំអោយចាញ់បញ្ឆោតពាក្យផ្អែមល្ហែមរបស់ស្ត្រីក្បត់ប្ដី។ ២៥ កុំមានចិត្តពុះកញ្ជ្រោលនឹងសម្ផស្សរបស់ស្រីរបៀបនេះឡើយ ហើយក៏កុំបណ្ដោយអោយចិត្តអ្នកឈ្លក់វង្វេងទៅតាមកែវភ្នែករបស់គេដែរ។ ២៦ ស្រីពេស្យាចង់បាននំបុ័ងតែមួយដុំប៉ុណ្ណោះ រីឯស្ត្រីក្បត់ប្ដីវិញ គេទាមទារយកអ្វីៗទាំងអស់ដ៏មានតម្លៃ។
២៧ តើមាននរណាយកភ្លើងមកឱប ហើយភ្លើងមិនឆេះអាវទាំងមូល? ២៨ តើមាននរណាដើរលើរងើកភ្លើង ហើយមិនរលាកជើង? ២៩ រីឯអ្នកដែលប៉ះពាល់ប្រពន្ធគេក៏ដូច្នោះដែរ គឺត្រូវតែទទួលផលវិបាកជានិច្ច។ ៣០ ចោរលួចគេដើម្បីគ្រាន់តែចំអែតក្រពះដែលឃ្លាននោះ គ្មាននរណាមើលងាយទេ ៣១ តែបើគេចាប់បាន ចោរនោះត្រូវតែសងមួយជាប្រាំពីរ ហើយខាតបង់អ្វីៗទាំងអស់ដែលខ្លួនមានផង។ ៣២ អ្នកណាលួចប្រពន្ធគេអ្នកនោះជាមនុស្សមិនចេះពិចារណា ដ្បិតប្រព្រឹត្តយ៉ាងនេះ នាំតែវិនាសខ្លួនឯង។ ៣៣ អ្នកនោះនឹងទទួលទោសបាត់បង់កិត្តិយស ហើយត្រូវខ្មាសគេរហូត ៣៤ ដ្បិតប្ដីគេនឹងប្រច័ណ្ឌ ហើយថ្ងៃមួយគេនឹងសងសឹកឥតត្រាប្រណីឡើយ។ ៣៥ គេមិនព្រមទទួលសំណង គេមិនអត់ទោសអោយទោះបីយកជំងឺចិត្តទៅសងច្រើនយ៉ាងណាក៏ដោយ។