៧
ស្ត្រីក្បត់ប្ដី
១ កូនអើយកុំភ្លេចពាក្យបណ្ដាំឪពុក ចូរចងចាំពាក្យដែលឪពុកទូន្មាន ២ ចូររក្សាពាក្យដែលឪពុកទូន្មាននេះ ទើបកូនមានជីវិត។ ចូររក្សាពាក្យដែលឪពុកប្រៀនប្រដៅទុក ដូចជាកែវភ្នែក។ ៣ ចូរចងចាំពាក្យរបស់ឪពុកគ្រប់ពេលវេលា ហើយចារឹកទុកក្នុងដួងចិត្តជានិច្ច។ ៤ ចូរចាត់ទុកប្រាជ្ញាដូចជាបងស្រី និងចាត់ទុកតម្រិះដូចជាមិត្ត។ ៥ ធ្វើដូច្នេះ កូនអាចគេចផុតពីស្ត្រីក្បត់ប្ដី និងគេចផុតពីប្រពន្ធគេ ដែលប្រសប់លួងលោម។
៦ មានថ្ងៃមួយ ឪពុកមើលតាមបង្អួចផ្ទះសម្លឹងទៅផ្លូវកែង ៧ ក្នុងចំណោមយុវជនដែលមិនសូវដឹងខុសត្រូវ ឪពុកឃើញក្មេងកំលោះម្នាក់ គ្មានប្រាជ្ញាទាល់តែសោះ។ ៨ ក្មេងកំលោះនោះដើរតាមផ្លូវមានផ្ទះលក់ដូរ ក្បែរកន្លែងដែលស្ត្រីក្បត់ប្ដីរស់នៅ ហើយដើរតម្រង់ទៅផ្ទះនាង។ ៩ ពេលនោះ ជាពេលល្ងាច ថ្ងៃកំពុងលិច ហើយយប់ងងឹតក៏ជិតមកដល់។ ១០ ស្ត្រីនោះចេញមកជួបអ្នកកំលោះ ទាំងស្លៀកពាក់ជារបៀបស្រីពេស្យា ដើម្បីទាក់ទាញចិត្តគេ។ ១១ នាងពុះកញ្ជ្រោល ស្រើបស្រាល ឥតអៀនខ្មាស ទ្រាំនៅក្នុងផ្ទះមិនបានទេ។ ១២ នាងនេះដើររកប្រុសនៅតាមដងផ្លូវ នៅតាមផ្សារ និងនៅគ្រប់កៀនកោះ។ ១៣ នាងចាប់អ្នកកំលោះមកឱបរឹត ហើយនិយាយទាំងងងើលថា ១៤ «ថ្ងៃនេះខ្ញុំទើបនឹងថ្វាយយញ្ញបូជាអរព្រះគុណដើម្បីលាបំណន់។ ១៥ ហេតុនេះហើយបានជាខ្ញុំចេញមកជួបបង ដ្បិតខ្ញុំចង់ស្គាល់បងយូរហើយ ឥឡូវខ្ញុំជួបបងមែន!។ ១៦ ខ្ញុំបានរៀបចំគ្រែខ្ញុំ ដែលមានភួយចំរុះពណ៌ និងមានផាហ៊ុមល្អៗមកពីស្រុកអេស៊ីប។ ១៧ ខ្ញុំបានប្រោះទឹកអប់ និងគ្រឿងក្រអូបផ្សេងៗពីលើគ្រែនោះ។ ១៨ សូមអញ្ជើញមក យើងរួមស្នេហ៍យ៉ាងសប្បាយជាមួយគ្នា រហូតដល់ព្រឹកស្អែក។ ១៩ ប្ដីខ្ញុំមិននៅផ្ទះទេ គាត់បានចេញដំណើរទៅស្រុកឆ្ងាយបាត់ហើយ។ ២០ គាត់យកប្រាក់មួយថង់ទៅជាមួយដល់ថ្ងៃពេញបូណ៌ ទើបគាត់វិលត្រឡប់មកផ្ទះវិញ»។ ២១ នាងនិយាយបញ្ចុះបញ្ចូលយ៉ាងប៉ិនប្រសប់ អូសទាញអ្នកកំលោះដោយពាក្យសំដីផ្អែមល្ហែម។ ២២ អ្នកកំលោះក៏ទៅតាមនាងភ្លាម ដូចគោដែលគេនាំទៅទីសត្តឃាត និងដូចមនុស្សឆ្កួតដែលបណ្ដោយអោយគេចងជើងចងដៃ យកទៅធ្វើទោស។ ២៣ អ្នកនោះប្រៀបបាននឹងសត្វស្លាប ហើរបោះពួយទៅរកអន្ទាក់ ដោយមិនដឹងថា ខ្លួនមានគ្រោះថ្នាក់ដល់ជីវិតទេ លុះត្រាតែមានព្រួញមកទំលុះដល់បេះដូង។
២៤ ឥឡូវនេះ កូនអើយ ចូរស្ដាប់ឪពុក ចូរត្រងត្រាប់ស្ដាប់សេចក្ដីដែលឪពុកទូន្មាន។ ២៥ កុំបាក់ចិត្តទៅតាមស្ត្រីប្រភេទនេះឡើយ ហើយក៏កុំវង្វេងទៅសេពគប់ជាមួយវាដែរ ២៦ ដ្បិតស្ត្រីនេះបានធ្វើអោយមានជនរងគ្រោះជាច្រើន សូម្បីតែអ្នកខ្លាំងពូកែក៏ត្រូវស្លាប់ដោយសារស្នាដៃនាងដែរ។ ២៧ ផ្ទះរបស់នាងជាស្ថានមច្ចុរាជ អ្នកដែលចូលទៅក្នុងផ្ទះនោះ មុខជាស្លាប់មិនខាន។