ព្រះអង្គ​ទ្រង់​ព្រះពិរោធ​នឹង​ទូលបង្គំ តែ​សូម​កុំ​ដាក់​ទោស​ទូលបង្គំ​ឡើយ
ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចំរៀង។ កំដរ​ដោយ​ក្រុម​តន្ត្រី​មាន​ខ្សែ និង​ពិណ​ប្រាំ​បី​ខ្សែ។ ទំនុក​របស់​ស្ដេច​ដាវីឌ។
១ ឱ​ព្រះអម្ចាស់​អើយ ទោះ​បី​ព្រះអង្គ
ទ្រង់​ព្រះពិរោធ​នឹង​ទូលបង្គំ​ក្ដី
សូម​កុំ​ដាក់​ទោស​ទូលបង្គំ​ឡើយ
ទោះ​បី​ព្រះអង្គ​ខ្ញាល់​នឹង​ទូលបង្គំ​ក្ដី
ក៏​សូម​កុំ​ធ្វើ​ទោស​ទូលបង្គំ​ដែរ!
២ ព្រះអម្ចាស់​អើយ សូម​ប្រណី​សន្ដោស​ទូលបង្គំ​ផង
ដ្បិត​ទូលបង្គំ​កាន់​តែ​ខ្សោយ​ណាស់​ហើយ
ព្រះអម្ចាស់​អើយ សូម​ប្រោស​ទូលបង្គំ​អោយ​ជា​ផង
ដ្បិត​រូប​កាយ​ទូលបង្គំ​ទាំង​មូល​ញ័រញាក់​។
៣ ចិត្ត​គំនិត​ទូលបង្គំ​តប់ប្រមល់​ជា​ខ្លាំង
ព្រះអម្ចាស់​អើយ តើ​ទុក​អោយ​ទូលបង្គំ​នៅ​ដូច្នេះ
ដល់​កាល​ណា​ទៀត?
៤ ព្រះអម្ចាស់​អើយ សូម​ទ្រង់​យាង​មក​វិញ
ហើយ​សង្គ្រោះ​ទូលបង្គំ​ផង សូម​រំដោះ​ទូលបង្គំ
ដោយ​ព្រះហឫទ័យ​សប្បុរស
៥ ដ្បិត​ពេល​ស្លាប់​ផុត​ទៅ​ហើយ
គ្មាន​នរណា​អាច​នឹក​ដល់​ព្រះអង្គ​បាន​ទៀត​ទេ
ពុំ​ដែល​មាន​នរណា​សរសើរ​តម្កើង​ព្រះអង្គ
នៅ​ក្នុង​ស្ថាន​មនុស្ស​ស្លាប់​ឡើយ។
៦ ទូលបង្គំ​ស្រែក​ថ្ងូរ ហើយ​កាន់​តែ​ល្វើយ​ទៅៗ។
រៀង​រាល់​យប់ ទូលបង្គំ​យំ​សោក​នៅ​លើ​គ្រែ
ហើយ​បង្ហូរ​ទឹក​ភ្នែក​ជោក​ខ្នើយ។
៧ ទុក្ខ​កង្វល់​បាន​ធ្វើ​អោយ​ទូលបង្គំ​ស្លក់​មុខ
ភ្នែក​ទូលបង្គំ​ក៏​ប្រែ​ទៅ​ជា​ស្រវាំង
ព្រោះ​តែ​បច្ចាមិត្ត​របស់​ទូលបង្គំ។
 
៨ អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​អើយ
ចូរ​ចៀស​ចេញ​អោយ​ឆ្ងាយ​ពី​ខ្ញុំ​ទៅ​
ដ្បិត​ព្រះអម្ចាស់ ទ្រង់​ព្រះសណ្ដាប់​ឮ​សំឡេង
យំ​សោក​របស់​ខ្ញុំ​ហើយ។
៩ ព្រះអម្ចាស់​ទ្រង់​ព្រះសណ្ដាប់​ឮ​ពាក្យ
ទទូច​អង្វរ​របស់​ខ្ញុំ
ព្រះអម្ចាស់​ទទួល​ពាក្យ​អធិស្ឋាន​របស់​ខ្ញុំ​ហើយ។
១០ សូម​អោយ​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន​របស់​ខ្ញុំ
ត្រូវ​អាម៉ាស់ និង​ញ័រ​រន្ធត់
ហើយ​អោយ​គេ​ដក​ខ្លួន​ថយ​ទៅ​វិញ
ទាំង​អៀន​ខ្មាស​យ៉ាង​ខ្លាំង។