៧
ព្រះអម្ចាស់សូមរកយុត្តិធម៌អោយទូលបង្គំផង!
ទំនួញរបស់ស្ដេចដាវីឌ ព្រះអង្គសូត្រថ្វាយព្រះជាម្ចាស់ នៅពេលមានរឿងជាមួយមនុស្សម្នាក់ឈ្មោះគូស ក្នុងកុលសម្ព័ន្ធបេនយ៉ាមីន។
១ ព្រះអម្ចាស់ជាព្រះនៃទូលបង្គំអើយ!
ទូលបង្គំសូមយកព្រះអង្គធ្វើជាទីពឹងជ្រក
សូមសង្គ្រោះទូលបង្គំ សូមរំដោះទូលបង្គំ
អោយរួចផុតពីអស់អ្នក
ដែលបៀតបៀនទូលបង្គំផង
២ ក្រែងលោគេហែកទូលបង្គំ
ដូចសត្វសិង្ហខាំរំពានាំយកទៅ
ហើយគ្មាននរណារំដោះបានឡើយ។
៣ ព្រះអម្ចាស់ជាព្រះនៃទូលបង្គំអើយ!
ប្រសិនបើទូលបង្គំបានប្រព្រឹត្តដូចពាក្យគេថា
ប្រសិនបើដៃទូលបង្គំប្រឡាក់ទៅដោយអំពើទុច្ចរិត
៤ ប្រសិនបើទូលបង្គំបានប្រព្រឹត្តអំពើអាក្រក់
តបស្នងនឹងមិត្តភក្ដិទូលបង្គំ ឬប្រសិនបើទូលបង្គំ
រឹបអូសយកទ្រព្យដោយឥតហេតុផល
ពីអ្នកដែលជំទាស់នឹងទូលបង្គំមែននោះ
៥ សូមអោយខ្មាំងសត្រូវដេញទាន់
និងប្រហារទូលបង្គំទៅចុះ
អោយគេជាន់ឈ្លីជីវិតទូលបង្គំនៅនឹងដី
និងអោយគេយកកិត្តិយសរបស់ទូលបង្គំ
ទៅទំលាក់ក្នុងភក់ជ្រាំចុះ!។
- សំរាក
៦ ព្រះអម្ចាស់អើយ សូមតើនឡើង
សូមទ្រង់ព្រះពិរោធតបនឹងអំពើឃោរឃៅ
របស់បច្ចាមិត្តទូលបង្គំ
សូមជួយការពារទូលបង្គំផង ដ្បិតព្រះអង្គ
ហ្នឹងហើយ ដែលបានតែងតាំងច្បាប់ឡើង។
៧ សូមអោយប្រជាជាតិនានា
នាំគ្នាមកចោមរោមជុំវិញព្រះអង្គ!
សូមទ្រង់គ្រប់គ្រងលើពួកគេទាំងអស់គ្នា
៨ ព្រះអម្ចាស់ជាចៅក្រមវិនិច្ឆ័យប្រជារាស្ត្រទាំងអស់
ព្រះអម្ចាស់អើយ
សូមរកយុត្តិធម៌អោយទូលបង្គំផង
ដ្បិតទូលបង្គំសុចរិត ហើយក៏ទៀងត្រង់ដែរ!
៩ សូមបញ្ឈប់អំពើអាក្រក់របស់មនុស្សទុច្ចរិត
ហើយជួយមនុស្សសុចរិត
អោយមានចិត្តរឹងប៉ឹងឡើង!
ព្រះដ៏សុចរិតអើយ
ព្រះអង្គឈ្វេងយល់ចិត្តថ្លើមរបស់មនុស្ស!
១០ ព្រះជាម្ចាស់ជាខែលការពារខ្ញុំ
ព្រះអង្គសង្គ្រោះអស់អ្នក
ដែលមានចិត្តទៀងត្រង់។
១១ ព្រះជាម្ចាស់ជាចៅក្រមដ៏សុចរិត
ព្រះអង្គតែងតែប្រឆាំងនឹងអំពើអាក្រក់
ជារៀងរាល់ថ្ងៃ។
១២ មនុស្សអាក្រក់មិនដូរគំនិតទេ
គេនឹងសំលៀងមុខដាវ
ហើយយឹតធ្នូប្រុងប្រៀបបាញ់។
១៣ គេនឹងរៀបចំអាវុធដើម្បីប្រហារអ្នកដទៃ
ព្រមទាំងត្រៀមព្រួញភ្លើងចាំជាស្រេចផង។
១៤ អ្នកណាគិតតែពីប្រព្រឹត្តអំពើទុច្ចរិត
ហើយរិះគិតពីអំពើឧក្រិដ្ឋ
អ្នកនោះនឹងបង្កើតបានការបោកបញ្ឆោត។
១៥ អ្នកណាជីករណ្ដៅកាន់តែជ្រៅទៅៗ
អ្នកនោះនឹងធ្លាក់ទៅក្នុងរណ្ដៅ
ដែលខ្លួនជីកនោះជាមិនខាន។
១៦ អំពើទុច្ចរិតដែលគេប្រព្រឹត្ត
នឹងធ្លាក់មកលើក្បាលគេវិញ
អំពើឃោរឃៅរបស់គេ
ក៏នឹងធ្លាក់មកលើលលាដ៍ក្បាលគេវិញដែរ។
១៧ ខ្ញុំនឹងសរសើរតម្កើងព្រះអម្ចាស់
ព្រោះព្រះអង្គសុចរិត
ខ្ញុំនឹងច្រៀងលើកតម្កើងព្រះនាមព្រះអម្ចាស់
ជាព្រះដ៏ខ្ពង់ខ្ពស់បំផុត។