៨
សិរីរុងរឿងរបស់ព្រះជាម្ចាស់ និងកិត្តិយសរបស់មនុស្ស
ទំនុកពីសៀវភៅរបស់គ្រូចំរៀង។ សំរាប់ពិណពីក្រុងកាថ។ ទំនុករបស់ស្ដេចដាវីឌ។
១ បពិត្រព្រះអម្ចាស់ ជាម្ចាស់របស់យើងខ្ញុំអើយ!
ព្រះនាមរបស់ព្រះអង្គថ្កុំថ្កើងរុងរឿង
ពាសពេញលើផែនដីទាំងមូល!
ព្រះអង្គថ្កុំថ្កើងរុងរឿងលើសផ្ទៃមេឃទៅទៀត។
២ ព្រះអង្គបានប្រើពាក្យសរសើរតម្កើងរបស់ក្មេងៗ
និងទារកដែលនៅបៅ
ធ្វើជាកម្លាំងប្រយុទ្ធនឹងបច្ចាមិត្តរបស់ព្រះអង្គ
ដើម្បីបង្ក្រាបខ្មាំងសត្រូវដ៏កាចសាហាវ
អោយវិនាសសាបសូន្យទៅ។
៣ ពេលទូលបង្គំសម្លឹងមើលផ្ទៃមេឃ
ដែលជាស្នាព្រះហស្ដរបស់ព្រះអង្គ
ហើយសម្លឹងមើលព្រះច័ន្ទ
និងហ្វូងតារាដែលព្រះអង្គដាក់នៅលើមេឃនោះ
៤ ទូលបង្គំសួរខ្លួនឯងថា តើមនុស្សមានឋានៈអ្វី
បានជាព្រះអង្គនឹកគិតដល់គេដូច្នេះ
តើបុត្រមនុស្សជាអ្វីបានជាព្រះអង្គយក
ព្រះហឫទ័យទុកដាក់នឹងគេយ៉ាងនេះ?
៥ ព្រះអង្គបានធ្វើអោយគេមានឋានៈទាបជាង
ទេវតាតែបន្តិចប៉ុណ្ណោះ
ព្រះអង្គប្រទានសិរីរុងរឿង និងកិត្តិយសដល់គេ
ទុកជាមកុដរាជ្យ។
៦ ព្រះអង្គប្រទានអោយគេគ្រប់គ្រងលើអ្វីៗ
ទាំងអស់ដែលព្រះអង្គបានបង្កើតមក
ព្រះអង្គបានបង្ក្រាបអ្វីៗទាំងអស់
អោយនៅក្រោមជើងរបស់គេ
៧ គឺទាំងចៀម ទាំងគោ និងសត្វព្រៃទាំងប៉ុន្មាន
៨ ព្រមទាំងបក្សាបក្សីនៅលើមេឃ
ត្រីនៅក្នុងសមុទ្រ
និងសត្វទាំងអស់ដែលរស់នៅបាតសមុទ្រ។
៩ បពិត្រព្រះអម្ចាស់ ជាម្ចាស់របស់យើងខ្ញុំអើយ
ព្រះនាមរបស់ព្រះអង្គថ្កុំថ្កើងរុងរឿង
ពាសពេញលើផែនដីទាំងមូល!