៣៣
ចូរបន្លឺសំឡេងតម្កើងព្រះអម្ចាស់ដោយអំណរ!
១ មនុស្សសុចរិតអើយ ចូរនាំគ្នា
អបអរលើកតម្កើងព្រះអម្ចាស់!
មានតែមនុស្សទៀងត្រង់ប៉ុណ្ណោះ
ដែលអាចកោតសរសើរព្រះអង្គ។
២ ចូរលើកតម្កើងព្រះអម្ចាស់ ដោយសំឡេងពិណ
ចូរស្មូត្រទំនុកតម្កើងព្រះអង្គ
ទាំងលេងចាប៉ីខ្សែដប់កំដរផង។
៣ ចូរច្រៀងបទថ្មីថ្វាយព្រះអង្គ!
ចូរប្រគំតន្ត្រីយ៉ាងពីរោះ
ក្នុងពេលស្រែកអបអរសាទរព្រះអង្គ
៤ ដ្បិតព្រះអម្ចាស់មានព្រះបន្ទូលយ៉ាងទៀងត្រង់
ហើយព្រះអង្គតែងប្រព្រឹត្តតាម
ព្រះបន្ទូលសន្យាជានិច្ច។
៥ ព្រះអង្គសព្វព្រះហឫទ័យនឹងសេចក្ដីសុចរិត
ព្រមទាំងសេចក្ដីទៀងត្រង់
ផែនដីទាំងមូលសំដែងអំពីព្រះហឫទ័យ
មេត្តាករុណារបស់ព្រះអម្ចាស់។
៦ ផ្ទៃមេឃកើតឡើងដោយសារព្រះបន្ទូល
របស់ព្រះអម្ចាស់
ហើយអ្វីៗទាំងអស់នៅលើមេឃ ក៏កើតឡើង
ដោយសារព្រះបញ្ជារបស់ព្រះអង្គដែរ។
៧ ព្រះអង្គបានធ្វើអោយទឹកសមុទ្រ
មកផ្ដុំគ្នានៅកន្លែងតែមួយ
ព្រះអង្គបានបង្ឃាំងមហាសមុទ្រ
អោយនៅមួយកន្លែង។
៨ ចូរអោយផែនដីទាំងមូលកោតខ្លាចព្រះអម្ចាស់!
ចូរអោយមនុស្សទាំងអស់នៅលើផែនដី
ញាប់ញ័រនៅចំពោះព្រះភក្ត្រព្រះអង្គ!
៩ ដ្បិតអ្វីៗទាំងអស់កើតមាន
ដោយសារព្រះបន្ទូលរបស់ព្រះអង្គ
ព្រះអង្គបង្គាប់យ៉ាងណា
ក៏កើតមានយ៉ាងនោះមែន។
១០ ព្រះអម្ចាស់រំលំផែនការរបស់ប្រជាជាតិនានា!
ព្រះអង្គរំលាយគំរោងការរបស់
ប្រជាជនទាំងឡាយ។
១១ រីឯផែនការរបស់ព្រះអង្គវិញ
នៅស្ថិតស្ថេររហូតតទៅ
ហើយគំរោងការរបស់ព្រះអង្គ
នៅស្ថិតស្ថេរអស់កល្បជានិច្ច។
១២ មានសុភមង្គលហើយ ប្រជាជាតិណា
ដែលគោរពបំរើព្រះអម្ចាស់ ទុកជាព្រះរបស់ខ្លួន!
មានសុភមង្គលហើយ
ប្រជាជនណាដែលព្រះអង្គបានជ្រើសរើស
ទុកជាប្រជារាស្ត្ររបស់ព្រះអង្គផ្ទាល់!។
១៣ ព្រះអម្ចាស់ទតមើលពីស្ថានបរមសុខ
ព្រះអង្គឃើញមនុស្សលោកទាំងអស់
១៤ ហើយពីព្រះដំណាក់របស់ព្រះអង្គ
ព្រះអង្គរំពៃមើលមនុស្សទាំងអស់
ដែលរស់នៅលើផែនដី
១៥ គឺព្រះអង្គហើយដែលបានបង្កើត
ចិត្តគំនិតរបស់គេទាំងអស់គ្នា
ហើយព្រះអង្គយកព្រះហឫទ័យ
ទុកដាក់នឹងអំពើទាំងអស់ដែលគេប្រព្រឹត្ត។
១៦ ពុំដែលមានស្ដេចណាយកជ័យជំនះបាន
ដោយសារកងទ័ពដ៏ខ្លាំងពូកែនោះឡើយ
ហើយក៏ពុំដែលមានវីរបុរសណាវាយឈ្នះ
ដោយសារកម្លាំងខ្លាំងក្លានោះដែរ។
១៧ សេះចំបាំងពុំអាចធ្វើអោយមានជ័យជំនះបានឡើយ
ហើយទោះបីវាខ្លាំងយ៉ាងណាក៏ដោយ
ក៏ពុំអាចជួយរំដោះបានដែរ។
១៨ ព្រះអម្ចាស់តាមថែរក្សា
អស់អ្នកដែលគោរពកោតខ្លាចព្រះអង្គ
គឺអស់អ្នកដែលពឹងផ្អែកលើព្រះហឫទ័យ
មេត្តាករុណារបស់ព្រះអង្គ។
១៩ ព្រះអង្គសង្គ្រោះគេអោយរួចពីសេចក្ដីស្លាប់
ហើយអោយគេបានរួចជីវិតនៅគ្រាមានទុរ្ភិក្ស។
២០ យើងផ្ញើជីវិតលើព្រះអម្ចាស់
ព្រះអង្គជួយសង្គ្រោះ និងការពារយើង
២១ យើងមានអំណរសប្បាយ ដោយរួមជាមួយព្រះអង្គ
យើងទុកចិត្តលើព្រះនាមដ៏វិសុទ្ធ*របស់ព្រះអង្គ។
២២ ឱព្រះអម្ចាស់អើយ!
សូមសំដែងព្រះហឫទ័យមេត្តាករុណា
មកលើយើងខ្ញុំផង
ព្រោះយើងខ្ញុំផ្ញើជីវិតលើព្រះអង្គហើយ។