៣៤
ព្រះហឫទ័យ​សប្បុរស​របស់​ព្រះអម្ចាស់
ទំនុក​របស់​ស្ដេច​ដាវីឌ នៅ​គ្រា​ដែល​ទ្រង់​ធ្វើ​ពុត​ជា​វិកលចរិត​នៅ​ចំពោះ​ព្រះភក្ត្រ​ស្ដេច​អប៊ីម៉ាឡេក ធ្វើ​អោយ​ស្ដេច​អប៊ីម៉ាឡេក​ដេញ​ព្រះអង្គ​ចេញ​ទៅ។​
១ ខ្ញុំ​នឹង​អរ​ព្រះគុណ​ព្រះអម្ចាស់
គ្រប់​ពេល​វេលា
ខ្ញុំ​នឹង​សរសើរ​តម្កើង​ព្រះអង្គ​ឥត​ឈប់​សោះ​ឡើយ។
២ ខ្ញុំ​នឹង​បាន​ខ្ពស់​មុខ​ដោយសារ​ព្រះអង្គ!
ចូរ​អោយ​មនុស្ស​ទន់ទាប​ត្រងត្រាប់​ស្ដាប់
ហើយ​មាន​អំណរ​សប្បាយ​ឡើង!។
៣ សូម​ប្រកាស​ជា​មួយ​ខ្ញុំ​ថា
ព្រះអម្ចាស់​ថ្កុំថ្កើង​រុងរឿង​ក្រៃលែង!
យើង​លើក​តម្កើង​ព្រះនាម​ព្រះអង្គ​ជា​មួយ​គ្នា!។
 
៤ ខ្ញុំ​បាន​អង្វរ​ព្រះអម្ចាស់
ព្រះអង្គ​ក៏​ឆ្លើយ​តប​មក​ខ្ញុំ​វិញ
ព្រះអង្គ​បាន​រំដោះ​ខ្ញុំ​អោយ​រួច​ពី​ការ​ភ័យ​ខ្លាច
ទាំង​អម្បាលម៉ាន។
៥ អ្នក​ណា​សម្លឹង​ឆ្ពោះ​ទៅ​ព្រះអង្គ
អ្នក​នោះ​នឹង​បាន​ពោរពេញ​ទៅ​ដោយ​អំណរ
ហើយ​នឹង​មិន​ខក​ចិត្ត​សោះ​ឡើយ​។
៦ មនុស្ស​ទុគ៌ត​ស្រែក​អង្វរ​ព្រះអម្ចាស់
ព្រះអង្គ​ទ្រង់​ព្រះសណ្ដាប់​ពាក្យ​គេ
ហើយ​សង្គ្រោះ​គេ​អោយ​រួច​ផុត
ពី​គ្រោះ​កាច​ទាំង​ប៉ុន្មាន​ផង។
៧ ទេវតា​របស់​ព្រះអម្ចាស់​ថែរក្សា​ការពារ
អស់​អ្នក​ដែល​គោរព​កោត​ខ្លាច​ព្រះអង្គ
ហើយ​រំដោះ​ពួក​គេ​អោយ​រួច​ពី​គ្រោះ​ថ្នាក់។
៨ ចូរ​ពិសោធ​មើល​ដោយ​ខ្លួន​ឯង​ចុះ
ដើម្បី​អោយ​ដឹង​ថា​ព្រះអម្ចាស់
មាន​ព្រះហឫទ័យ​សប្បុរស​ដ៏​លើសលប់!
អ្នក​ណា​ពឹង​ផ្អែក​លើ​ព្រះអង្គ
អ្នក​នោះ​មាន​សុភមង្គល​ហើយ!។
៩ អ្នក​រាល់​គ្នា​ដែល​ជា​ប្រជារាស្ត្រ​ព្រះអង្គ​អើយ
ចូរ​គោរព​កោត​ខ្លាច​ព្រះអម្ចាស់
ដ្បិត​អ្នក​ដែល​គោរព​កោត​ខ្លាច​ព្រះអង្គ
នឹង​មិន​ខ្វះ​អ្វី​ឡើយ។
១០ អ្នក​មាន​អាច​ជួប​ប្រទះ​នឹង​ការ​អត់​ឃ្លាន
ខ្វះ​ខាត​ចំណី​បរិភោគ
តែ​អស់​អ្នក​ដែល​ស្វែង​រក​ព្រះអម្ចាស់
នឹង​មិន​ខ្វះ​អ្វី​សោះ​ឡើយ។
១១ កូន​ចៅ​អើយ​ចូរ​នាំ​គ្នា​មក
ហើយ​ស្ដាប់​ពាក្យ​ខ្ញុំ ខ្ញុំ​នឹង​បង្រៀន​អ្នក
អោយ​ស្គាល់​អំពី​ការ​គោរព​កោត​ខ្លាច​ព្រះអម្ចាស់
១២ តើ​មាន​នរណា​ចង់​បាន​អាយុ​វែង
និង​រស់​នៅ​ប្រកប​ដោយ​សុភមង្គល​ឬ​ទេ?
១៣ បើ​ចង់​បាន​ត្រូវ​តែ​ចេះ​ទប់​អណ្ដាត
កុំ​ពោល​ពាក្យ​អាក្រក់
និង​ចៀស​វាង​និយាយ​បោក​បញ្ឆោត!។
១៤ ចូរ​ងាក​ចេញ​ពី​អំពើ​អាក្រក់
ហើយ​ប្រព្រឹត្ត​អំពើ​ល្អ​វិញ
ចូរ​ខិតខំ​ស្វែង​រក​សេចក្ដី​សុខសាន្ត
យ៉ាង​អស់​ពី​ចិត្ត។
 
១៥ ព្រះអម្ចាស់​តែង​រំពៃ​មើល​មនុស្ស​សុចរិត
ហើយ​ទ្រង់​យក​ព្រះហឫទ័យ
ទុក​ដាក់​នឹង​សំរែក​របស់​ពួក​គេ​ជានិច្ច។
១៦ ព្រះអម្ចាស់​តែងតែ​ប្រឆាំង
នឹង​អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់
ពេល​ពួក​គេ​ស្លាប់​ទៅ
គ្មាន​នរណា​នឹក​ដល់​ពួក​គេ​ទៀត​ទេ។
១៧ ពេល​មនុស្ស​សុចរិត​ស្រែក​រក​ព្រះអង្គ
ព្រះអម្ចាស់​ទ្រង់​ព្រះសណ្ដាប់​ពាក្យ​គេ
ហើយ​ព្រះអង្គ​រំដោះ​គេ
អោយ​រួច​ពី​ទុក្ខ​លំបាក​ទាំង​ប៉ុន្មាន។
១៨ ព្រះអម្ចាស់​គង់​នៅ​ជិត​អស់​អ្នក​ដែល​ក្រំ​ចិត្ត
ហើយ​ព្រះអង្គ​សង្គ្រោះ​អស់​អ្នក
ដែល​មាន​ចិត្ត​សោក​សង្រេង។
១៩ មនុស្ស​សុចរិត​រមែង​ជួប​នឹង​ទុក្ខ​លំបាក​ជា​ច្រើន
ប៉ុន្តែ ព្រះអម្ចាស់​តែងតែ​រំដោះ​គេ
អោយ​រួច​ផុត​ពី​ទុក្ខ​លំបាក​ទាំង​នោះ​ជានិច្ច។
២០ ព្រះអង្គ​ថែរក្សា​គេ​អោយ​បាន​សុខសាន្ត
គឺ​គ្មាន​ឆ្អឹង​ណា​មួយ​ត្រូវ​បាក់​បែក​ឡើយ។
២១ អំពើ​អាក្រក់​តែង​ប្រហារ​ជីវិត​មនុស្ស​ពាល
ហើយ​អ្នក​ដែល​ស្អប់​មនុស្ស​សុចរិត
តែងតែ​ទទួល​ទោស​ជានិច្ច។
២២ ព្រះអម្ចាស់​សង្គ្រោះ​ជីវិត​អ្នក​បំរើ​របស់​ព្រះអង្គ
ហើយ​អស់​អ្នក​ដែល​មក​ពឹង​ផ្អែក​លើ​ព្រះអង្គ
តែងតែ​រួច​ផុត​ពី​ទុក្ខ​ទោស។