៤១
សូមប្រោសទូលបង្គំអោយជាឡើងវិញផង
ទំនុកពីសៀវភៅរបស់គ្រូចំរៀង។ ទំនុកតម្កើងរបស់ស្ដេចដាវីឌ។
១ មានសុភមង្គលហើយ
អ្នកដែលយកចិត្តទុកដាក់
នឹងមនុស្សកំសត់ទុគ៌ត!
ដ្បិតនៅថ្ងៃមានអាសន្ន
ព្រះអម្ចាស់ នឹងជួយអ្នកនោះជាមិនខាន។
២ ព្រះអម្ចាស់នឹងថែរក្សាអាយុជីវិតរបស់គេ
ហើយអ្នកនោះមានសុភមង្គលនៅលើផែនដី
ព្រះអង្គនឹងមិនបណ្ដោយអោយគេធ្លាក់
ទៅក្នុងកណ្ដាប់ដៃរបស់ខ្មាំងសត្រូវឡើយ។
៣ ព្រះអម្ចាស់បីបាច់ថែរក្សាគេ
នៅពេលគេឈឺធ្ងន់ក្រោកពុំរួច
ហើយព្រះអង្គប្រោសគេ
អោយមានសុខភាពល្អឡើងវិញ។
៤ ខ្ញុំទូលព្រះអម្ចាស់ថា ព្រះអង្គអើយ
សូមប្រណីមេត្តាទូលបង្គំ
សូមប្រោសទូលបង្គំអោយជាឡើងវិញផង
ដ្បិតទូលបង្គំបានប្រព្រឹត្តអំពើបាប
ទាស់នឹងព្រះហឫទ័យព្រះអង្គហើយ។
៥ សត្រូវរបស់ទូលបង្គំនាំគ្នា
និយាយអាក្រក់ពីទូលបង្គំ
គេបន់អោយតែទូលបង្គំស្លាប់
គេបន់អោយតែឈ្មោះទូលបង្គំសាបសូន្យទៅ។
៦ អស់អ្នកដែលមកសួរសុខទុក្ខទូលបង្គំ
គេមានគំនិតមិនល្អទេ
គេមកប្រមូលដំណឹងអាក្រក់ រួចចេញទៅវិញ
ទាំងនិយាយបរិហារពីទូលបង្គំ។
៧ អស់អ្នកដែលស្អប់ទូលបង្គំ
និយាយខ្សឹបខ្សៀវដាក់គ្នាទៅវិញទៅមក
ប្រឆាំងនឹងទូលបង្គំ
ថាទូលបង្គំគេចមិនផុតពីស្លាប់។
៨ គេពោលថា«ជំងឺអ្នកនេះមើលមិនជាទេ!
គាត់ពុំអាចក្រោកពីគ្រែឡើងវិញបានឡើយ»។
៩ សូម្បីតែមិត្តសម្លាញ់ដ៏ជិតស្និទ្ធរបស់ទូលបង្គំ
គឺអ្នកដែលទូលបង្គំទុកចិត្ត
ហើយជាអ្នកដែលបរិភោគអាហារ
រួមជាមួយទូលបង្គំ ក៏ប្រឆាំងនឹងទូលបង្គំដែរ។
១០ ចំពោះព្រះអង្គវិញ ឱព្រះអម្ចាស់អើយ
សូមប្រណីមេត្តាទូលបង្គំ
សូមប្រោសទូលបង្គំអោយបានជាឡើងវិញផង
នោះទូលបង្គំនឹងតបស្នងទៅខ្មាំងសត្រូវ
អោយសមនឹងអំពើរបស់គេ។
១១ បើខ្មាំងសត្រូវរបស់ទូលបង្គំ
គ្មានជ័យជំនះលើទូលបង្គំទេនោះ
ទូលបង្គំនឹងដឹងជាក់ថា
ព្រះអង្គពិតជាគាប់ព្រះហឫទ័យនឹងទូលបង្គំមែន។
១២ ព្រះអង្គបានជួយទូលបង្គំ
ដោយប្រោសទូលបង្គំអោយជាទាំងស្រុង
ហើយព្រះអង្គប្រទានអោយទូលបង្គំ
នៅជាមួយព្រះអង្គរហូតតទៅ។
១៣ សូមលើកតម្កើងព្រះអម្ចាស់
ជាព្រះរបស់ជនជាតិអ៊ីស្រាអែល
អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន! អាម៉ែន!។