ភាគ​ទី​ពីរ
៤២
(ទំនុកតម្កើង ៤២-៧២)
ពាក្យ​អធិស្ឋាន​របស់​មនុស្ស​ជាប់​ជា​ឈ្លើយ​សឹក
ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចំរៀង។ កំណាព្យ​របស់​កូន​ចៅ​លោក​កូរេ។
១ ឱ​ព្រះជាម្ចាស់​អើយ
ទូលបង្គំ​ប្រាថ្នា​ចង់​នៅ​ជា​មួយ
ព្រះអង្គ​ខ្លាំង​ណាស់
ដូច​សត្វ​ក្ដាន់​ប្រាថ្នា​រក​ទឹក​ហូរ។
២ ខ្ញុំ​ស្រេក​ឃ្លាន​ព្រះជាម្ចាស់
គឺ​ព្រះជាម្ចាស់​ដ៏​មាន​ព្រះជន្ម​គង់​នៅ
តើ​ដល់​កាល​ណា​ទើប​ខ្ញុំ​អាច​ទៅ​ជិត
ដើម្បី​ថ្វាយបង្គំ​ព្រះអង្គ​បាន?
៣ ខ្ញុំ​សំរក់​ទឹក​ភ្នែក ទាំង​ថ្ងៃ​ទាំង​យប់​ឥត​មាន​ល្ហែ។
គេ​ចេះ​តែ​ពោល​មក​ខ្ញុំ​គ្រប់​ពេល​គ្រប់​វេលា​ថា
«តើ​ព្រះ​របស់​ឯង​នៅ​ឯ​ណា?»។
៤ ខ្ញុំ​ស្រណោះស្រណោក​ក្រៃលែង
នៅ​ពេល​នឹក​ឃើញ​ពី​គ្រា​ដែល​ខ្ញុំ​នាំ​មុខ
ប្រជាជន​មួយ​ចំនួន​ធំ
ឆ្ពោះ​ទៅ​កាន់​ព្រះដំណាក់​របស់​ព្រះអង្គ
ពួក​គេ​មាន​អំណរ​សប្បាយ ស្រែក​ហ៊ោ
និង​អរ​ព្រះគុណ​ព្រះអង្គ។
៥ ខ្ញុំ​និយាយ​មក​ខ្លួន​ឯង​ថា:
«ឯង​ស្រយុត​ចិត្ត​ធ្វើ​អ្វី ឯង​ថ្ងូរ​ធ្វើ​អ្វី
ចូរ​ផ្ញើ​ជីវិត​លើ​ព្រះជាម្ចាស់​ទៅ!»
ខ្ញុំ​មុខ​ជា​សរសើរ​តម្កើង​ព្រះអង្គ​ត​ទៅ​មុខ​ទៀត
ព្រះអង្គ​សង្គ្រោះ​ខ្ញុំ។
៦ ព្រះ​នៃ​ទូលបង្គំ​អើយ
ទូលបង្គំ​ស្រយុត​ចិត្ត​ជា​ខ្លាំង
ហេតុ​នេះ​ហើយ​បាន​ជា​ទូលបង្គំ​នឹក​ឃើញ
ព្រះអង្គ​ពី​កន្លែង​ដែល​ទូលបង្គំ​នៅ​នេះ
គឺ​ភូមិ​ភាគ​ទន្លេ​យ័រដាន់ ភ្នំ​ហ៊ើរម៉ូន
និង​ភ្នំ​មីតសារ។
៧ ព្រះអង្គ​បាន​ធ្វើ​អោយ​ទុក្ខ​កង្វល់
ធ្លាក់​មក​លើ​ទូលបង្គំ
ដូច​ទឹក​ជ្រោះ​ហូរ​ធ្លាក់​ពី​លើ​ភ្នំ
លាន់​ឮ​គគ្រឹកគគ្រេង។
៨ នៅ​ពេល​ថ្ងៃ​ព្រះអម្ចាស់​សំដែង
ព្រះហឫទ័យ​មេត្តា​ករុណា​ចំពោះ​ខ្ញុំ
នៅ​ពេល​យប់ ខ្ញុំ​ច្រៀង​បទ​តម្កើង​ព្រះអង្គ
បទ​ចំរៀង​នេះ​ជា​ពាក្យ​អធិស្ឋាន​ចំពោះ
ព្រះជាម្ចាស់​នៃ​ជីវិត​ខ្ញុំ។
៩ ខ្ញុំ​ទូល​ព្រះជាម្ចាស់ ដែល​ជា​ថ្មដា​របស់​ខ្ញុំ​ថា
ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​បំភ្លេច​ទូលបង្គំ?
ហេតុ​អ្វី​បាន​ជា​ទូលបង្គំ​ត្រូវ​រង​ទុក្ខ​លំបាក
ហើយ​ត្រូវ​ខ្មាំង​សត្រូវ​សង្កត់សង្កិន​ដូច្នេះ?។
១០ ខ្មាំង​សត្រូវ​នាំ​គ្នា​ជេរ​ប្រមាថ​ទូលបង្គំ
ធ្វើ​អោយ​ទូលបង្គំ​ឈឺ​ចុក​ចាប់​សព្វ​សព៌ាង្គកាយ
គេ​ចេះ​តែ​ពោល​មក​ទូលបង្គំ​គ្រប់​ពេល
គ្រប់​វេលា​ថា «តើ​ព្រះ​របស់​ឯង​នៅ​ឯ​ណា?»។
១១ ខ្ញុំ​និយាយ​មក​ខ្លួន​ឯង​ថា
«ឯង​ស្រយុត​ចិត្ត​ធ្វើ​អ្វី ឯង​ថ្ងូរ​ធ្វើ​អ្វី
ចូរ​ផ្ញើ​ជីវិត​លើ​ព្រះជាម្ចាស់​ទៅ!»
ខ្ញុំ​មុខ​ជា​សរសើរ​តម្កើង​ព្រះអង្គ​ត​ទៅ​មុខ​ទៀត
ព្រះអង្គ​សង្គ្រោះ​ខ្ញុំ ហើយ​ព្រះអង្គ​ជា​ព្រះ​នៃ​ខ្ញុំ។