៤៨
ក្រុង​ស៊ីយ៉ូន ជា​បុរី​របស់​ព្រះជាម្ចាស់
បទ​ចំរៀង។ ទំនុក​របស់​កូន​ចៅ​លោក​កូរេ។
១ ព្រះអម្ចាស់​ជា​ព្រះ​ដ៏​ប្រសើរ​ឧត្ដម
ដែល​ត្រូវ​តែ​លើក​តម្កើង
អោយ​ខ្ពង់ខ្ពស់​បំផុត
នៅ​ក្នុង​បុរី​ព្រះជាម្ចាស់​របស់​យើង
គឺ​នៅ​លើ​ភ្នំ​ដ៏វិសុទ្ធ​របស់​ព្រះអង្គ។
២ ភ្នំ​របស់​ព្រះជាម្ចាស់ ជា​ភ្នំ​មួយ​ដ៏​ល្អ​ប្រណីត
គឺ​ភ្នំ​ស៊ីយ៉ូន​ដែល​ជា​កំពូល​នៃ​ពិភព
ជា​បុរី​របស់​ព្រះមហាក្សត្រ
ដែល​នាំ​អោយ​ផែនដី​ទាំង​មូល​មាន​អំណរ។
៣ នៅ​ក្នុង​បុរី​នេះ​គេ​ទទួល​ស្គាល់​ថា
ព្រះជាម្ចាស់​ជា​កំពែង​ដ៏​រឹងមាំ។
៤ ស្ដេច​នានា​បាន​លើក​គ្នា​មក​វាយ​ប្រហារ​ភ្នំ​ស៊ីយ៉ូន
៥ ពេល​គេ​ឃើញ​ក្រុង​ស៊ីយ៉ូន គេ​ស្ញែង​ខ្លាច​ជា​ខ្លាំង
ហើយ​គេ​នាំ​គ្នា​រត់​ចេញ​ទៅ​វិញ ទាំង​ភ័យ​តក់ស្លុត
៦ ដ្បិត​គេ​ភ័យ​ញាប់ញ័រ
ហើយ​ឈឺ​ចុក​ចាប់​ដូច​ជា​ស្ត្រី​សំរាល​កូន
៧ និង​ដូច​ជា​ខ្យល់​ព្យុះ​បក់​មក​ពី​ទិស​បូព៌ា
បំបែក​នាវា​ដ៏​ធំៗ​។
៨ យើង​បាន​ឮ​គេ​ថ្លែង​អំពី​ស្នា​ព្រះហស្ដ
ដ៏​អស្ចារ្យ​របស់​ព្រះអង្គ
ឥឡូវ​នេះ យើង​ក៏​បាន​ឃើញ​ផ្ទាល់​នៅ​ក្នុង​ទីក្រុង
របស់​ព្រះអម្ចាស់​នៃ​ពិភព​ទាំង​មូល
ដែល​ជា​ព្រះ​របស់​យើង​ព្រះអង្គ​នឹង​ការពារ
ក្រុង​នេះ អោយ​បាន​រឹងមាំ​រហូត​ត​ទៅ។
- សំរាក
 
៩ ឱ​ព្រះជាម្ចាស់​អើយ
ពេល​យើង​ខ្ញុំ​នៅ​ក្នុង​ព្រះវិហារ​របស់​ព្រះអង្គ
យើង​ខ្ញុំ​រិះគិត​អំពី​ព្រះហឫទ័យ
មេត្តាករុណា​របស់​ព្រះអង្គ។
១០ ព្រះជាម្ចាស់​អើយ ដូច​ព្រះនាម​របស់​ព្រះអង្គ
ល្បី​រន្ទឺ ក្នុង​លោក​ទាំង​មូល​យ៉ាង​ណា
មនុស្សម្នា​ក៏​នឹង​លើក​តម្កើង​ព្រះអង្គ
រហូត​ដល់​ស្រុក​ដាច់​ស្រយាល
ផែនដី​យ៉ាង​នោះ​ដែរ។
ព្រះអង្គ​គ្រប់គ្រង​ដោយ​សុចរិត។
១១ សូម​អោយ​អ្នក​ក្រុង​ស៊ីយ៉ូន​បាន​រីករាយ​ឡើង
សូម​អោយ​អ្នក​ស្រុក​យូដា​បាន​រីករាយ​ជា​ខ្លាំង​
ដ្បិត​ព្រះអង្គ​វិនិច្ឆ័យ​ប្រកប​ដោយ​យុត្តិធម៌។
១២ ប្រជាជន​របស់​ព្រះជាម្ចាស់​អើយ
ចូរ​នាំ​គ្នា​ហែ​ក្បួន​ព័ទ្ធ​ជុំវិញ​ក្រុង​ស៊ីយ៉ូន!
ចូរ​រាប់​ចំនួន​ប៉ម​របស់​ក្រុង​នេះ​មើល!
១៣ ចូរ​ស្ងើច​សរសើរ​កំពែង​ក្រុង
ចូរ​ពិនិត្យ​មើល​ជញ្ជាំង​ក្រុង​នេះ​ទៅ
ដើម្បី​អោយ​អ្នក​រាល់​គ្នា​អាច​យក​ទៅ​ថ្លែង
ប្រាប់​មនុស្ស​នៅ​ជំនាន់​ក្រោយ​ថា៖
១៤ «ព្រះជាម្ចាស់ ពិត​ជា​ព្រះ​របស់​យើង
អស់កល្ប​ជានិច្ច
ហើយ​ព្រះអង្គ​ជា​អ្នក​ដឹក​នាំ​យើង
ជា​អង្វែង​ត​រៀង​ទៅ​ដែរ»។