៤៩
កុំទុកចិត្តលើទ្រព្យសម្បត្តិ!
ទំនុកពីសៀវភៅគ្រូចំរៀង។ ទំនុករបស់កូនចៅលោកកូរេ។
១ ប្រជាជនទាំងឡាយអើយ
ចូរនាំគ្នាត្រងត្រាប់ស្ដាប់!
មនុស្សម្នាដែលរស់នៅផែនដីទាំងមូលអើយ
ចូរនាំគ្នាយកចិត្តទុកដាក់ស្ដាប់
២ គឺទាំងអ្នកតូច ទាំងអ្នកធំ
ទាំងអ្នកមាន ទាំងអ្នកក្រ!
៣ ខ្ញុំនឹងបរិយាយអំពីគតិបណ្ឌិត ខ្ញុំនឹងសំដែង
ចេញនូវគោលគំនិតប្រកបដោយប្រាជ្ញា។
៤ ខ្ញុំនឹងផ្ចង់ចិត្តស្ដាប់ពាក្យប្រៀនប្រដៅ
របស់អ្នកប្រាជ្ញ
ហើយខ្ញុំនឹងដោះស្រាយប្រស្នា
ទាំងលេងពិណកំដរផង។
៥ នៅគ្រាមានអាសន្ន
ឬពេលមានខ្មាំងសត្រូវមកឡោមព័ទ្ធ
ខ្ញុំនឹងមិនភ័យខ្លាចអ្វីសោះឡើយ។
៦ មនុស្សអាក្រក់តែងតែទុកចិត្តលើទ្រព្យរបស់ខ្លួន
គេអួតអាងព្រោះមានសម្បត្តិស្ដុកស្ដម្ភ។
៧ ពុំមាននរណាម្នាក់អាចលោះអ្នកដទៃបានឡើយ
ហើយក៏ពុំអាចបង់ថ្លៃថ្វាយព្រះជាម្ចាស់
ដើម្បីលោះជីវិតរបស់ខ្លួនបានដែរ
៨ ដ្បិតតម្លៃលោះជីវិតរបស់មនុស្សថ្លៃណាស់
គឺទោះបីជាគេខំបង់ថ្លៃយ៉ាងណាក៏ដោយ
ក៏មិនគ្រប់ដែរ។
៩ តើមនុស្សអាចរស់រហូត
ហើយគេចផុតពីរណ្ដៅមច្ចុរាជបានឬ?។
១០ យើងនឹងឃើញច្បាស់ថា អ្នកប្រាជ្ញ
ក៏ដូចជាមនុស្សឆោតល្ងង់អាប់ឥតប្រាជ្ញាដែរ
គេត្រូវតែស្លាប់ទាំងអស់គ្នា
ហើយទុកទ្រព្យសម្បត្តិខ្លួនអោយអ្នកដទៃ។
១១ គេនឹកក្នុងចិត្តថាគេហដ្ឋានរបស់គេ
នឹងនៅស្ថិតស្ថេររហូតតទៅ
លំនៅដ្ឋានរបស់គេនៅគង់វង្ស
ពីជំនាន់មួយទៅជំនាន់មួយ
ហើយគេដាក់ឈ្មោះដីធ្លីគេ
តាមឈ្មោះរបស់ខ្លួនថែមទៀត។
១២ ក៏ប៉ុន្តែ មនុស្សដែលមានកិត្តិយសរុងរឿង
ពុំអាចគេចផុតពីស្លាប់បានទេ
គេមិនយល់ថាគេនឹងត្រូវបាត់បង់ជីវិតទៅ
ដូចសត្វតិរច្ឆាននោះឡើយ។
១៣ រីឯអស់អ្នកដែលទុកចិត្តលើខ្លួនឯង
ហើយស្កប់ចិត្តនឹងពាក្យសំដីរបស់ខ្លួន
អនាគតរបស់គេនឹងបានដូចតទៅនេះ
- សំរាក
១៤ អ្នកទាំងនោះប្រៀបដូចជាកូនចៀម
ដែលយកទៅសម្លាប់។
អ្នកគង្វាលឃ្វាលហ្វូងចៀមយ៉ាងណា
មច្ចុរាជក៏នឹងឃ្វាលពួកគេយ៉ាងនោះដែរ។
មនុស្សសុចរិតនឹងជាន់ឈ្លីពួកគេ
រូបកាយរបស់ពួកគេនឹងរលាយសូន្យ
ហើយទៅរស់នៅក្នុងស្ថានមនុស្សស្លាប់។
១៥ ក៏ប៉ុន្តែ ព្រះជាម្ចាស់នឹងរំដោះជីវិតខ្ញុំ
អោយរួចពីអំណាចនៃសេចក្ដីស្លាប់
ព្រះអង្គនឹងយកខ្ញុំទៅ។
- សំរាក
១៦ ពេលឃើញនរណាម្នាក់ទៅជាអ្នកមាន
ហើយឃើញទ្រព្យសម្បត្តិចេះតែរីកចំរើន កុំភ័យខ្លាចអី
១៧ ដ្បិតពេលស្លាប់ទៅ
គេពុំអាចយកអ្វីទៅជាមួយបានទេ
គឺគេមិនអាចយកទ្រព្យសម្បត្តិ
ចុះទៅក្នុងរណ្ដៅជាមួយឡើយ។
១៨ ទោះបីគេយល់ថា ខ្លួនមានសុភមង្គលក្នុងជីវិតនេះ
ហើយទោះបីមានអ្នកដទៃកោតសរសើរ
ដោយឃើញគេបានចំរុងចំរើនក៏ដោយ
១៩ ក៏គង់តែគេត្រូវចុះទៅជួបជុំ
នឹងដូនតារបស់ខ្លួន ចៀសមិនផុត
នៅក្នុងកន្លែងដែលគេពុំអាចមើល
ឃើញពន្លឺទៀតឡើយ។
២០ មនុស្សដែលមានកិត្តិយសរុងរឿង
តែមិនយល់អ្វីសោះនោះ
គេនឹងបាត់បង់ទៅដូចសត្វតិរច្ឆានដែរ។