៧១
ពាក្យ​អធិស្ឋាន​របស់​មនុស្ស​ចាស់​ជរា
១ ព្រះអម្ចាស់​អើយ
ទូលបង្គំ​សូម​ផ្ញើ​ជីវិត​លើ​ព្រះអង្គ​ហើយ
សូម​កុំ​អោយ​ទូលបង្គំ​ត្រូវ​អាម៉ាស់​ឡើយ!
២ ដោយ​ព្រះអង្គ​មាន​ព្រះហឫទ័យ​សុចរិត
សូម​រំដោះ​ទូលបង្គំ​អោយ​មាន​សេរីភាព
សូម​ផ្ទៀង​ព្រះកាណ៌​ស្ដាប់​ពាក្យ​របស់​ទូលបង្គំ
សូម​សង្គ្រោះ​ទូលបង្គំ​ផង!
៣ សូម​ព្រះអង្គ​ធ្វើ​ជា​ថ្មដា សំរាប់​ទូលបង្គំ​ជ្រក​កោន
ព្រះអង្គ​បង្គាប់​អោយ​ទូលបង្គំ
មក​រក​ថ្មដា​នេះ​ជានិច្ច ដើម្បី​អោយ​បាន​រួច​ជីវិត
ដ្បិត​ព្រះអង្គ​ពិត​ជា​ថ្មដា
និង​ជា​កំពែង​ការពារ​ទូលបង្គំ​មែន!
៤ ឱ​ព្រះ​នៃ​ទូលបង្គំ​អើយ
សូម​ជួយ​ទូលបង្គំ​អោយ​គេច​ផុត
ពី​កណ្ដាប់​ដៃ​របស់​មនុស្ស​អាក្រក់
ព្រម​ទាំង​គេច​ផុត​ពី​កណ្ដាប់​ដៃ
របស់​មនុស្ស​ទុច្ចរិត និង​មនុស្ស​កំណាច!
៥ ឱ​ព្រះជាអម្ចាស់​អើយ
ព្រះអង្គ​ជា​ទី​សង្ឃឹម​របស់​ទូលបង្គំ
ទូលបង្គំ​បាន​ផ្ញើ​ជីវិត​លើ​ព្រះអង្គ​តាំង​ពី​ក្មេង​មក!
៦ ទូលបង្គំ​ពឹង​ផ្អែក​លើ​ព្រះអង្គ​តាំង​ពី​នៅ​ក្នុង​ផ្ទៃ​ម្ដាយ
គឺ​ព្រះអង្គ​ហើយ​ដែល​បាន​យក
ទូលបង្គំ​ចេញ​ពី​ផ្ទៃ​ម្ដាយ
ទូលបង្គំ​សរសើរ​តម្កើង​ព្រះអង្គ​ឥត​ឈប់​ឈរ!
៧ មនុស្ស​ជា​ច្រើន​យល់​ថា​ព្រះអង្គ
បាន​ដាក់​បណ្ដាសា​ទូលបង្គំ
ក៏​ប៉ុន្តែ តាម​ពិត​ព្រះអង្គ​ជា​ជំរក
ដ៏​រឹងមាំ​របស់​ទូលបង្គំ។
៨ សូម​អោយ​ទូលបង្គំ​ពោល​ពាក្យ
សរសើរ​តម្កើង​ព្រះអង្គ​ជានិច្ច
ទូលបង្គំ​ចង់​លើក​តម្កើង​សិរីរុងរឿង
របស់​ព្រះអង្គ​ជា​រៀង​រាល់​ថ្ងៃ!
៩ សូម​កុំ​លះបង់​ទូលបង្គំ
នៅ​គ្រា​ដែល​ទូលបង្គំ​មាន​វ័យ​ចាស់​ជរា
សូម​កុំ​បោះ​បង់​ចោល​ទូលបង្គំ
នៅ​គ្រា​ដែល​កម្លាំង​ទូលបង្គំ​ចុះ​អោន​ថយ​នេះ​ឡើយ!
១០ ដ្បិត​សត្រូវ​របស់​ទូលបង្គំ​កំពុង
តែ​គិត​គ្នា​ប្រឆាំង​នឹង​ទូលបង្គំ
អស់​អ្នក​ដែល​ប៉ុនប៉ង​ប្រហារ​ជីវិត​ទូលបង្គំ
កំពុង​តែ​ពិភាក្សា​គ្នា
១១ គេ​ពោល​ថា: ព្រះជាម្ចាស់
បាន​បោះ​បង់​ចោល​គាត់​ហើយ!
ចូរ​ដេញ​តាម​គាត់​ចាប់​យក​មក!
គ្មាន​នរណា​ជួយ​រំដោះ​គាត់​បាន​ទេ!
១២ ឱ​ព្រះជាម្ចាស់​អើយ
សូម​កុំ​ទៅ​ណា​ឆ្ងាយ​ពី​ទូលបង្គំ​ឡើយ!
ឱ​ព្រះ​នៃ​ទូលបង្គំ​អើយ
សូម​យាង​មក​ជួយ​ទូលបង្គំ​ជា​ប្រញាប់!
១៣ សូម​អោយ​អស់​អ្នក​ដែល​ចោទ​ប្រកាន់​ទូលបង្គំ
ត្រូវ​អាម៉ាស់ ហើយ​វិនាស​សូន្យ​ទៅ!
សូម​អោយ​អស់​អ្នក​ដែល​ប្រាថ្នា​អោយ​ទូលបង្គំ
វេទនា ត្រូវ​បាត់​បង់​កិត្តិយស និង​បាក់​មុខ!
១៤ រីឯ​ទូលបង្គំ​វិញ ទូលបង្គំ​នៅ​តែ​មាន​សង្ឃឹម​ជានិច្ច
ទូលបង្គំ​នឹង​សរសើរ​តម្កើង​ព្រះអង្គ
ហើយ​សរសើរ​តម្កើង​ទៀត!
១៥ ជា​រៀង​រាល់​ថ្ងៃ
ទូលបង្គំ​នឹង​ថ្លែង​រៀប​រាប់​អំពី​សេចក្ដី​សុចរិត
និង​ការ​សង្គ្រោះ​របស់​ព្រះអង្គ ដែល​មាន​ចំនួន
ដ៏​ច្រើន​ឥត​គណនា។
១៦ ព្រះជាអម្ចាស់​អើយ ដោយសារ​ព្រះអង្គ​ជួយ
ទូលបង្គំ​នឹង​ចូល​មក​ក្នុង​ព្រះដំណាក់
ទូលបង្គំ​នឹង​រំលឹក​ពី​សេចក្ដី​សុចរិត
របស់​ព្រះអង្គ​តែ​មួយ​ប៉ុណ្ណោះ។
 
១៧ ព្រះជាម្ចាស់​អើយ
ព្រះអង្គ​បាន​ប្រៀនប្រដៅ​ទូលបង្គំ
តាំង​ពី​ទូលបង្គំ​នៅ​ក្មេង
រហូត​មក​ទល់​ពេល​នេះ ទូលបង្គំ​នៅ​តែ​ប្រកាស
អំពី​ស្នា​ព្រះហស្ដ​ដ៏​អស្ចារ្យ​របស់​ព្រះអង្គ​ដដែល។
១៨ ឱ​ព្រះជាម្ចាស់​អើយ
ឥឡូវ​នេះ ទូលបង្គំ​ចាស់​សក់​ស្កូវ​ហើយ
សូម​កុំ​បោះ​បង់​ចោល​ទូលបង្គំ​ឡើយ
ដើម្បី​អោយ​ទូលបង្គំ​អាច​ប្រកាស​អំពី​ព្រះចេស្ដា
របស់​ព្រះអង្គ​ប្រាប់​មនុស្ស​នៅ​ជំនាន់​នេះ
និង​ប្រកាស​អំពី​ឫទ្ធានុភាព​របស់​ព្រះអង្គ
ប្រាប់​មនុស្ស​ទាំង​អស់​នៅ​ជំនាន់​ក្រោយ​ដែរ។
១៩ ព្រះជាម្ចាស់​អើយ
ព្រះហឫទ័យ​សុចរិត​របស់​ព្រះអង្គ​ខ្ពស់​ពន់​ពេក​ណាស់
ដ្បិត​ព្រះអង្គ​បាន​ធ្វើ​ការ​ដ៏​ធំ​អស្ចារ្យ​ជា​ច្រើន
ព្រះជាម្ចាស់​អើយ
គ្មាន​នរណា​អាច​ផ្ទឹម​ស្មើ​នឹង​ព្រះអង្គ​បាន​ឡើយ!
២០ ព្រះអង្គ​បាន​ធ្វើ​អោយ​យើង​ខ្ញុំ
ជួប​អាសន្ន​អន់ក្រ និង​ទុក្ខ​លំបាក​ជា​ច្រើន
ក៏​ប៉ុន្តែ ព្រះអង្គ​ប្រទាន​អោយ​យើង​ខ្ញុំ
មាន​ជីវិត​សា​ជា​ថ្មី
ព្រះអង្គ​បាន​នាំ​ទូលបង្គំ​ឡើង​ពី​រណ្ដៅ​មក​វិញ។
២១ ព្រះអង្គ​នឹង​ប្រទាន​អោយ​ទូលបង្គំ
មាន​កិត្តិយស​កាន់​តែ​ខ្ពស់
ព្រះអង្គ​នឹង​សំរាល​ទុក្ខ​ទូលបង្គំ​សា​ជា​ថ្មី។
២២ ព្រះ​នៃ​ទូលបង្គំ​អើយ
ទូលបង្គំ​នឹង​សរសើរ​តម្កើង​ព្រះអង្គ
ដោយ​សំឡេង​ចាប៉ី
ព្រោះ​ព្រះអង្គ​មាន​ព្រះហឫទ័យ​ស្មោះស្ម័គ្រ
ឱ​ព្រះ​ដ៏វិសុទ្ធ​របស់​ជន​ជាតិ​អ៊ីស្រាអែល​អើយ
ទូលបង្គំ​នឹង​ស្មូត្រ​ទំនុកតម្កើង​ថ្វាយ​ព្រះអង្គ
ដោយ​ដេញ​ពិណ​កំដរ​ផង!
២៣ ទូលបង្គំ​នឹង​ច្រៀង​តម្កើង​ព្រះអង្គ
ទូលបង្គំ​នឹង​បន្លឺ​សំឡេង​ឡើង​ដោយ​អំណរ
ទូលបង្គំ​នឹង​ច្រៀង​អស់​ពី​ចិត្ត
ព្រោះ​ព្រះអង្គ​បាន​រំដោះ​ជីវិត​ទូលបង្គំ។
២៤ ទូលបង្គំ​នឹង​ថ្លែង​អំពី​សេចក្ដី​សុចរិត
របស់​ព្រះអង្គ​ជា​រៀង​រាល់​ថ្ងៃ
ដ្បិត​អស់​អ្នក​ដែល​ប្រាថ្នា​អោយ​ទូលបង្គំ​វេទនា
ត្រូវ​អាប់​អោន និង​អាម៉ាស់​មុខ!