៧២
សូម​ព្រះជាម្ចាស់​ប្រទាន​ពរ​ដល់​ព្រះមហាក្សត្រ
ទំនុក​របស់​ស្ដេច​សាឡូម៉ូន។
១ ឱ​ព្រះជាម្ចាស់​អើយ
សូម​ប្រទាន​អោយ​ព្រះរាជា
ចេះ​វិនិច្ឆ័យ​ដូច​ព្រះអង្គ
ហើយ​សូម​អោយ​ព្រះរាជបុត្រ​របស់​ព្រះរាជា
បាន​ប្រកប​ដោយ​សេចក្ដី​សុចរិត ដូច​ព្រះអង្គ​ដែរ!
២ ដើម្បី​អោយ​ព្រះរាជា​អាច​គ្រប់គ្រង
ប្រជារាស្ត្រ​របស់​ព្រះអង្គ ដោយ​សុចរិត
ហើយ​គ្រប់គ្រង​ជន​ក្រីក្រ​ដោយ​យុត្តិធម៌។
៣ សូម​អោយ​ភ្នំ​ទាំងឡាយ​ផ្ដល់​នូវ​ភោគផល
ដ៏​សម្បូណ៌​សប្បាយ​ដល់​ប្រជារាស្ត្រ
ព្រម​ទាំង​នាំ​អោយ​ពួក​គេ​ស្គាល់
សេចក្ដី​សុចរិត​ដែរ។
៤ សូម​ព្រះរាជា​រក​យុត្តិធម៌​អោយ​ជន​ក្រីក្រ
ក្នុង​ចំណោម​ប្រជារាស្ត្រ
សូម​ទ្រង់​ជួយ​សង្គ្រោះ​មនុស្ស​កំសត់​ទុគ៌ត
ហើយ​កំទេច​អស់​អ្នក​ដែល​ជិះជាន់​សង្កត់សង្កិន​គេ
៥ ដរាប​ណា​នៅ​មាន​ព្រះអាទិត្យ​រះ
មាន​ព្រះច័ន្ទ​បញ្ចេញ​រស្មី
សូម​អោយ​ព្រះរាជា​មាន​ព្រះជន្មាយុ​យឺនយូរ
អស់កល្ប​ជា​អង្វែង​ត​រៀង​ទៅ។
៦ សូម​ទ្រង់​ផ្ដល់​ព្រះពរ​ដល់​ប្រជារាស្ត្រ
ដូច​ទឹក​ភ្លៀង​ធ្លាក់​មក​លើ​ស្រែ​ចំការ
និង​ដូច​ជា​ភ្លៀង​បង្អុរ​ចុះ​មក​ស្រោច​ស្រព​ផែនដី។
៧ សូម​អោយ​សេចក្ដី​សុចរិត​រីក​ចំរើន​ឡើង
ក្នុង​រជ្ជកាល​របស់​ព្រះករុណា
ហើយ​ដរាប​ណា​នៅ​មាន​ព្រះច័ន្ទ
សូម​អោយ​សេចក្ដី​សុខសាន្ត​មាន​យ៉ាង​បរិបូណ៌។
៨ សូម​អោយ​រាជ្យ​របស់​ព្រះករុណា​លាត​សន្ធឹង
ពី​សមុទ្រ​មួយ​ទៅ​សមុទ្រ​មួយ
និង​លាត​សន្ធឹង​ពី​ទន្លេ​អឺប្រាត​នេះ
រហូត​ទៅ​ដល់​ស្រុក​ដាច់​ស្រយាល​នៃ​ផែនដី។
៩ ប្រជាជន​ដែល​រស់​នៅ​តាម​វាល​រហោស្ថាន
នឹង​នាំ​គ្នា​ក្រាប​ថ្វាយបង្គំ​ព្រះករុណា
ហើយ​ខ្មាំង​សត្រូវ​របស់​ព្រះករុណា
ត្រូវ​បរាជ័យ ងើប​មុខ​មិន​រួច​។
១០ ស្ដេច​ទាំងឡាយ​នៅ​ស្រុក​តើស៊ីស
និង​នៅ​កោះ​នានា នឹង​យក​តង្វាយ​មក​ថ្វាយ​ព្រះករុណា
ស្ដេច​ទាំងឡាយ​នៅ​ស្រុក​សាបា និង​ស្រុក​សេបា
ក៏​នាំ​គ្នា​យក​សួយសារអាករ​មក​ថ្វាយ​ដែរ។
១១ ស្ដេច​ទាំង​ប៉ុន្មាន​នឹង​នាំ​គ្នា
ក្រាប​ថ្វាយបង្គំ​ព្រះករុណា
ហើយ​ប្រជាជាតិ​ទាំង​អស់
នឹង​នាំ​គ្នា​បំរើ​ព្រះករុណា។
១២ ព្រះករុណា​រំដោះ​ជន​ក្រីក្រ
នៅ​ពេល​គេ​ស្រែក​អង្វរ​ព្រះករុណា
ហើយ​ព្រះករុណា​រំដោះ​ជន​ទុគ៌ត ដែល​គ្មាន​ទី​ពឹង។
១៣ ព្រះករុណា​អាណិត​អាសូរ​មនុស្ស​ទន់​ខ្សោយ
និង​មនុស្ស​កំសត់​ទុគ៌ត
ព្រះករុណា​សង្គ្រោះ​ជីវិត​មនុស្ស​ក្រីក្រ។
១៤ ព្រះករុណា​រំដោះ​ពួក​គេ​អោយ​រួច​ផុត
ពី​ការ​សង្កត់សង្កិន​របស់​មនុស្ស​ឃោរឃៅ
ចំពោះ​ព្រះករុណា
ជីវិត​របស់​ពួក​គេ​មាន​តម្លៃ​ណាស់។
១៥ សូម​អោយ​ព្រះរាជា​មាន​ព្រះជន្មាយុ​យឺនយូរ!
គេ​នឹង​យក​មាស​ពី​ស្រុក​សាបា​មក​ថ្វាយ​ព្រះករុណា
គេ​នឹង​ទូលអង្វរ​ព្រះជាម្ចាស់​អោយ​ព្រះរាជា
ឥត​ឈប់​ឈរ ហើយ​រៀង​រាល់​ថ្ងៃ
គេ​នឹង​ថ្វាយ​ព្រះពរ​ដល់​ព្រះរាជា។
១៦ នៅ​ក្នុង​ស្រុក សូម​អោយ​មាន​ស្រូវ​យ៉ាង​បរិបូណ៌
នៅ​តាម​កំពូល​ភ្នំ សូម​អោយ​មាន​ភោគផល​ច្រើន
ដូច​នៅ​ស្រុក​លីបង់ ហើយ​នៅ​ក្នុង​ទីក្រុង
សូម​អោយ​ប្រជាជន​កើន​ចំនួន​ឡើង
ដូច​ស្មៅ​នៅ​តាម​ទី​វាល។
១៧ សូម​អោយ​ព្រះរាជា​មាន​ព្រះនាម
ល្បីល្បាញ​រហូត​ត​ទៅ
គឺ​សូម​អោយ​ព្រះនាម​ព្រះករុណា
នៅ​ស្ថិតស្ថេរ​គង់វង្ស​ដូច​ព្រះអាទិត្យ។
សូម​អោយ​មនុស្សម្នា​យក​ព្រះនាម​ព្រះករុណា
ទៅ​ជូន​ពរ​គ្នា​ទៅ​វិញ​ទៅ​មក
ហើយ​ប្រជាជាតិ​ទាំង​អស់​នឹង​ពោល​ថា
ព្រះរាជា​ប្រកប​ដោយ​ព្រះពរ!
១៨ សូម​លើក​តម្កើង​ព្រះជាអម្ចាស់
ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រាអែល
ដ្បិត​មាន​តែ​ព្រះអង្គ​ទេ
ដែល​សំដែង​ការ​អស្ចារ្យ​ទាំង​នេះ!
១៩ សូម​លើក​តម្កើង​ព្រះនាម​ដ៏​រុងរឿង
របស់​ព្រះអង្គ​រហូត​ត​ទៅ!
សូម​អោយ​ផែនដី​ទាំង​មូល​បាន​ពោរពេញ
ទៅ​ដោយ​សិរីរុងរឿង​របស់​ព្រះអង្គ!
អាម៉ែន! អាម៉ែន!
២០ ពាក្យ​អធិស្ឋាន​របស់​ស្ដេច​ដាវីឌ
ជា​បុត្រ​របស់​លោក​អ៊ីសាយ​ចប់​តែ​ត្រឹម​ណេះ។