១០៥
ព្រះហឫទ័យ​ស្មោះស្ម័គ្រ​របស់​ព្រះអម្ចាស់
១ ចូរ​នាំ​គ្នា​លើក​តម្កើង​ព្រះអម្ចាស់
ចូរ​ប្រកាស​ព្រះនាម​ព្រះអង្គ!
ចូរ​ថ្លែង​អំពី​ស្នា​ព្រះហស្ដ​របស់​ព្រះអង្គ
ប្រាប់​ប្រជាជាតិ​នានា!
២ ចូរ​ច្រៀង​តម្កើង​ព្រះអង្គ
ចូរ​ស្មូត្រ​ទំនុកតម្កើង​ថ្វាយ​ព្រះអង្គ!
ចូរ​រៀប​រាប់​អំពី​ការ​អស្ចារ្យ​ទាំង​ប៉ុន្មាន
ដែល​ព្រះអង្គ​បាន​ធ្វើ!
៣ ចូរ​ខ្ពស់​មុខ​ឡើង
ព្រោះ​អ្នក​រាល់​គ្នា​ជា​ប្រជាជន​របស់​ព្រះ​ដ៏វិសុទ្ធ!
អស់​អ្នក​ស្វែង​រក​ព្រះអម្ចាស់​អើយ
ចូរ​សប្បាយ​ចិត្ត​ចុះ!
៤ ចូរ​ស្វែង​រក​ព្រះអម្ចាស់​ប្រកប​ដោយ​ព្រះចេស្ដា
ចូរ​ស្វែង​រក​ព្រះភក្ត្រ​ព្រះអង្គ​ឥត​ឈប់ឈរ​ឡើយ!
៥ ចូរ​នឹក​ដល់​ការ​អស្ចារ្យ​ផ្សេងៗ​ដែល​ព្រះអង្គ​បាន​ធ្វើ
ចូរ​នឹក​ដល់​ឫទ្ធិបាដិហារិយ៍ និង
ការ​ជំនុំជំរះ​ទាំង​ប៉ុន្មាន​ដែល​ព្រះអង្គ​បាន​សំរេច។
៦ អ្នក​រាល់​គ្នា​ជា​ពូជពង្ស​របស់​លោក​អប្រាហាំ
ដែល​ជា​អ្នក​បំរើ​របស់​ព្រះអង្គ
អ្នក​រាល់​គ្នា​ជា​កូន​ចៅ​របស់​លោក​យ៉ាកុប
ដែល​ព្រះអង្គ​បាន​ជ្រើស​រើស​អើយ
៧ មាន​តែ​ព្រះអម្ចាស់​ទេ​ដែល​ជា​ព្រះ​របស់​យើង
ព្រះអង្គ​គ្រប់គ្រង​លើ​ផែនដី​ទាំង​មូល។
៨ ព្រះអង្គ​តែងតែ​នឹក​ដល់​សម្ពន្ធមេត្រី
របស់​ព្រះអង្គ​ជានិច្ច
គឺ​ជា​ព្រះបន្ទូល​ដែល​នៅ​ស្ថិតស្ថេរ
រហូត​ដល់​មួយ​ពាន់​តំណ
៩ ព្រះអង្គ​នឹក​ដល់​សម្ពន្ធមេត្រី
ដែល​ព្រះអង្គ​បាន​ចង​ជា​មួយ​លោក​អប្រាហាំ
ព្រម​ទាំង​ព្រះបន្ទូល​ដែល​ព្រះអង្គ​បាន​សន្យា
ជា​មួយ​លោក​អ៊ីសាក​
១០ ព្រះអង្គ​បាន​បញ្ជាក់​សម្ពន្ធមេត្រី​នេះ
ជា​មួយ​លោក​យ៉ាកុប
ទុក​ជា​សម្ពន្ធមេត្រី​អស់កល្ប​ជានិច្ច
ជា​មួយ​លោក​អ៊ីស្រាអែល។​
១១ គឺ​ព្រះអង្គ​មាន​ព្រះបន្ទូល​ថា:
«យើង​នឹង​ប្រគល់​ស្រុក​កាណាន​អោយ​អ្នក
ទុក​ជា​ចំណែក​មត៌ក»។
១២ នៅ​គ្រា​នោះ​ប្រជាជន​អ៊ីស្រាអែល
ជា​ក្រុម​មួយ​ដ៏​តូច
ដែល​ចូល​មក​រស់​នៅ​លើ​ទឹក​ដី​ស្រុក​កាណាន។​
១៣ គេ​ធ្វើ​ដំណើរ​ពី​ស្រុក​មួយ​ទៅ​ស្រុក​មួយ
ពី​នគរ​មួយ​ទៅ​នគរ​មួយ​ទៀត។
១៤ ប៉ុន្តែ ព្រះអង្គ​មិន​អនុញ្ញាត​អោយ​នរណា​ម្នាក់
សង្កត់សង្កិន​គេ​ទេ
ដើម្បី​ការពារ​ពួក​គេ
ព្រះអង្គ​បាន​បន្ទោស​ស្ដេច​នានា​ថា:
១៥ «កុំ​ប៉ះពាល់​អស់​អ្នក
ដែល​យើង​បាន​ចាក់​ប្រេង​អភិសេក​នេះ​ឡើយ
កុំ​ធ្វើ​បាប​ព្យាការី​របស់​យើង​អោយ​សោះ!»។​
 
១៦ ព្រះអង្គ​បាន​ធ្វើ​អោយ​ទុរ្ភិក្ស​កើត​មាន
នៅ​ក្នុង​ស្រុក​នោះ
ព្រះអង្គ​ធ្វើ​អោយ​ពួក​គេ​ខ្វះ​ម្ហូប​អាហារ​
១៧ ព្រះអង្គ​ចាត់​បុរស​ម្នាក់​អោយ​ទៅ​មុន
គឺ​លោក​យ៉ូសែប​ដែល​គេ​បាន​លក់​ជា​ទាសករ។
១៨ គេ​ដាក់​ខ្នោះ​ជើង​លោក
ហើយ​ដាក់​ច្រវាក់​ក​លោក​
១៩ រហូត​ដល់​មាន​ហេតុការណ៍​កើត​ឡើង
ស្រប​តាម​ពាក្យ​ដែល​លោក​បាន​ថ្លែង​ទុក
គឺ​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​បាន​ធ្វើ
ជា​ភស្ដុតាង​បញ្ជាក់​ថា​លោក​ជា​មនុស្ស​ស្លូត​ត្រង់។
២០ ស្ដេច​ស្រុក​អេស៊ីប
ដែល​ជា​ម្ចាស់​លើ​ប្រជារាស្ត្រ​នានា
បាន​ចេញ​បញ្ជា​អោយ​គេ​ស្រាយ​ចំណង
ដោះ​លែង​លោក។
២១ បន្ទាប់​មក ស្ដេច​បាន​តែងតាំង​លោក​អោយ
ត្រួតត្រា​លើ​ព្រះរាជ​វាំង​
ព្រម​ទាំង​អោយ​លោក​មើល​ខុស​ត្រូវ
លើ​ព្រះរាជ្យ​ទ្រព្យ​ទាំង​អស់​ទៀត​ផង។
២២ ស្ដេច​ប្រទាន​អោយ​លោក​ត្រួតត្រា
លើ​មន្ត្រី​ទាំង​អស់
ហើយ​អោយ​លោក​ប្រៀនប្រដៅ
ពួក​ព្រឹទ្ធាចារ្យ​របស់​ស្ដេច​ទៀត​ផង។
២៣ ពេល​នោះ ជន​ជាតិ​អ៊ីស្រាអែល​ទៅ​រស់​នៅ
ក្នុង​ស្រុក​អេស៊ីប
កូន​ចៅ​របស់​លោក​យ៉ាកុប​ស្នាក់​អាស្រ័យ
នៅ​លើ​ទឹក​ដី​របស់​កូន​ចៅ​លោក​ហាំ។
២៤ ព្រះជាម្ចាស់​ប្រោស​ប្រទាន​អោយ
ប្រជារាស្ត្រ​របស់​ព្រះអង្គ​កើន​ចំនួន​ច្រើន​ឡើង
មាន​កម្លាំង​ជាង​បច្ចាមិត្ត​ទៅ​ទៀត។
២៥ ព្រះអង្គ​បាន​ធ្វើ​អោយ​ជន​ជាតិ
អេស៊ីប​ដូរ​ចិត្ត​គំនិត
គឺ​ពួក​គេ​នាំ​គ្នា​ស្អប់​ប្រជារាស្ត្រ​របស់​ព្រះអង្គ
ពួក​គេ​បាន​បោក​ប្រាស់
និង​ធ្វើ​បាប​អ្នក​បំរើ​របស់​ព្រះអង្គ។​
២៦ ព្រះអង្គ​បាន​ចាត់​លោក​ម៉ូសេ
ជា​អ្នក​បំរើ​របស់​ព្រះអង្គ
ព្រម​ទាំង​លោក​អើរ៉ុន
ជា​អ្នក​ដែល​ព្រះអង្គ​បាន​ជ្រើស​រើស​អោយ​ទៅ។​
២៧ លោក​ទាំង​ពីរ​បាន​ប្រើ​អំណាច​មក​ពី​ព្រះអង្គ
សំដែង​ទី​សំគាល់ និង​ឫទ្ធិបាដិហារិយ៍​ផ្សេងៗ​នៅ​ស្រុក​អេស៊ីប។
២៨ ព្រះជាម្ចាស់​បាន​ធ្វើ​អោយ​មាន​ភាព​អន្ធការ
នៅ​ពេញ​ស្រុក
គ្មាន​នរណា​ជំទាស់​នឹង​ព្រះបន្ទូល
របស់​ព្រះអង្គ​បាន​ឡើយ។
២៩ ព្រះអង្គ​បាន​ប្រែ​ទឹក​អោយ​ទៅ​ជា​ឈាម​
ព្រះអង្គ​ធ្វើ​អោយ​ត្រី​នៅ​ស្រុក​គេ​វិនាស​អស់។
៣០ ព្រះអង្គ​ធ្វើ​អោយ​មាន​កង្កែប​ឡើង
មក​ពេញ​ក្នុង​ស្រុក​
គឺ​ឡើង​រហូត​ទៅ​ដល់​ក្រឡាបន្ទំ​របស់​ស្ដេច។
៣១ ពេល​ព្រះអង្គ​មាន​ព្រះបន្ទូល
នោះ​ក៏​មាន​រុយ​ដែល​មាន​ពិស និង​មូស​
មក​រាតត្បាត​ពាសពេញ​ក្នុង​ស្រុក​របស់​គេ។
៣២ ព្រះអង្គ​ធ្វើ​អោយ​មាន​ព្រឹល​បង្អុរ
ចុះ​មក​ជំនួស​ភ្លៀង​
ព្រម​ទាំង​មាន​រន្ទះ​បាញ់​ឆេះ​ស្រុក​របស់​គេ​ផង។
៣៣ ព្រះអង្គ​បាន​បំផ្លាញ​ចំការ​ទំពាំងបាយជូរ
និង​ចំការ​ដំណាំ​របស់​គេ
ព្រះអង្គ​បំបាក់​ដើម​ឈើ​ទាំង​ប៉ុន្មាន
នៅ​លើ​ទឹក​ដី​របស់​គេ។
៣៤ ពេល​ព្រះអង្គ​មាន​ព្រះបន្ទូល
នោះ​ក៏​មាន​កណ្ដូប និង​ក្រា​
ដែល​មាន​ចំនួន​ច្រើន​ឥត​គណនា
៣៥ ទៅ​ស៊ី​បង្ហិន​ដំណាំ​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ស្រុក​គេ
ព្រម​ទាំង​ស៊ី​បង្ហិន​បន្លែ​បង្ការ
ដែល​ដុះ​ចេញ​ពី​ដី​របស់​គេ​ផង។
៣៦ បន្ទាប់​មក ព្រះអង្គ​បាន​ប្រហារ​កូន​ច្បង​ទាំង​ប៉ុន្មាន
នៅ​ក្នុង​ស្រុក​របស់​គេ​
គឺ​កូន​ដែល​កើត​មក​ក្នុង​ពេល​គេ
នៅ​ពេញ​កម្លាំង​នៅ​ឡើយ។
 
៣៧ បន្ទាប់​មក ព្រះអង្គ​នាំ​ប្រជារាស្ត្រ​របស់​ព្រះអង្គ
ចាក​ចេញ​ពី​ស្រុក​អេស៊ីប
ទាំង​នាំ​យក​មាស​ប្រាក់​ទៅ​ជា​មួយ​ផង​
ហើយ​ក្នុង​ចំណោម​កុលសម្ព័ន្ធ​របស់​គេ
គ្មាន​នរណា​ម្នាក់​ទន់​ខ្សោយ​ឡើយ។
៣៨ ពេល​ពួក​គេ​ចាក​ចេញ​ទៅ
ជន​ជាតិ​អេស៊ីប​នាំ​គ្នា​សប្បាយ​ចិត្ត
ដ្បិត​ជន​ជាតិ​អេស៊ីប​ភ័យ​ខ្លាច​ពួក​គេ​ជា​ខ្លាំង។​
៣៩ ព្រះអង្គ​បាន​ដាក់​ពពក*​បាំង​ពី​លើ​ពួក​គេ
ហើយ​ប្រទាន​ដុំ​ភ្លើង​មក​បំភ្លឺ​ពួក​គេ
នៅ​ពេល​យប់។​
៤០ ពួក​គេ​សុំ​អាហារ ព្រះអង្គ​ប្រទាន​សត្វ​ក្រួច
និង​ប្រទាន​អាហារ​ពី​ស្ថានសួគ៌
មក​អោយ​គេ​បរិភោគ​យ៉ាង​ឆ្អែត​បរិបូណ៌។​
៤១ ព្រះអង្គ​បាន​បំបែក​ថ្ម
ធ្វើ​អោយ​មាន​ទឹក​ហូរ​ចេញ​មក​
ប្រៀប​បាន​នឹង​ទន្លេ​ហូរ​នៅ​ក្នុង​វាល​ហួតហែង។
៤២ ព្រះអង្គ​នឹក​ដល់​ព្រះបន្ទូល​ដ៏វិសុទ្ធ
ដែល​ព្រះអង្គ​បាន​សន្យា​ជា​មួយ​លោក​អប្រាហាំ
ជា​អ្នក​បំរើ​របស់​ព្រះអង្គ។
៤៣ ព្រះអង្គ​បាន​នាំ​ប្រជារាស្ត្រ​របស់​ព្រះអង្គ
ចេញ​មក​ដោយ​អំណរ​សប្បាយ
ព្រះអង្គ​បាន​នាំ​ប្រជាជន​ដែល​ទ្រង់
បាន​ជ្រើស​រើស​ចេញ​មក​ដោយ​ហ៊ោ​កញ្ជ្រៀវ។
៤៤ ព្រះអង្គ​បាន​យក​ទឹក​ដី​របស់​ប្រជាជាតិ​នានា
មក​ចែក​អោយ​ពួក​គេ
ព្រម​ទាំង​អោយ​ពួក​គេ​ទទួល​ភោគផល
ដែល​ប្រជាជាតិ​ទាំង​នោះ​បាន​ដាំ​
៤៥ ដើម្បី​អោយ​ពួក​គេ​ប្រតិបត្តិ​តាម
សេចក្ដី​ប្រៀនប្រដៅ​របស់​ព្រះអង្គ
និង​ធ្វើ​តាម​វិន័យ​របស់​ព្រះអង្គ។
ហាលេលូយ៉ា!