១០៦
ព្រះអម្ចាស់​មាន​ព្រះហឫទ័យ​ស្មោះស្ម័គ្រ​ជានិច្ច
១ ហាលេលូយ៉ា!
ចូរ​លើក​តម្កើង​ព្រះអម្ចាស់
ដ្បិត​ព្រះអង្គ​សប្បុរស
ព្រះហឫទ័យ​មេត្តាករុណា​របស់​ព្រះអង្គ
នៅ​ស្ថិតស្ថេរ​រហូត​ត​ទៅ!
២ តើ​នរណា​អាច​រៀប​រាប់​អំពី​ស្នា​ព្រះហស្ដ
ដ៏​អស្ចារ្យ​របស់​ព្រះអង្គ​បាន?
តើ​នរណា​អាច​ថ្លែង​ពី​ការ​អស្ចារ្យ​ទាំង​ប៉ុន្មាន
ដើម្បី​សរសើរ​តម្កើង​ព្រះអង្គ​បាន?
៣ អ្នក​ណា​ប្រព្រឹត្ត​ដោយ​យុត្តិធម៌
ហើយ​ប្រតិបត្តិ​តាម​សេចក្ដី​សុចរិត​គ្រប់​ពេល​វេលា
អ្នក​នោះ​មាន​សុភមង្គល​ហើយ។
៤ ឱ​ព្រះអម្ចាស់​អើយ ពេល​ណា​ព្រះអង្គ
គាប់​ព្រះហឫទ័យ​នឹង​ប្រជារាស្ត្រ​របស់​ព្រះអង្គ
សូម​នឹក​ដល់​ទូលបង្គំ​ផង!
ពេល​ណា​ព្រះអង្គ​សង្គ្រោះ​ពួក​គេ
សូម​ជួយ​ទូលបង្គំ
៥ ដើម្បី​អោយ​ទូលបង្គំ​ឃើញ​សុភមង្គល
របស់​ប្រជាជន​ដែល​ព្រះអង្គ​បាន​ជ្រើស​រើស
អោយ​ទូលបង្គំ​មាន​អំណរ​រួម​ជា​មួយ
ប្រជាជាតិ​របស់​ព្រះអង្គ
ហើយ​អោយ​ទូលបង្គំ​បាន​ខ្ពស់​មុខ
រួម​ជា​មួយ​ប្រជារាស្ត្រ​របស់​ព្រះអង្គ។
 
៦ យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប
ដូច​បុព្វបុរស​របស់​យើង​ខ្ញុំ
យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​ខុស និង​ប្រព្រឹត្ត​អំពើ​អាក្រក់!
៧ កាល​នៅ​ស្រុក​អេស៊ីប បុព្វបុរស​របស់​យើង​ខ្ញុំ
ពុំ​បាន​យល់​អំពី​ការ​អស្ចារ្យ​របស់​ព្រះអង្គ​ទេ
ពួក​គេ​បំភ្លេច​កិច្ចការ​ជា​ច្រើន
ដែល​ព្រះអង្គ​បាន​ធ្វើ​ចំពោះ​ពួក​គេ
ដោយ​ព្រះហឫទ័យ​មេត្តាករុណា
ពួក​គេ​បាន​បះបោរ​ប្រឆាំង​នឹង​ព្រះអង្គ
នៅ​ក្បែរ​សមុទ្រ​កក់។​
៨ ក៏​ប៉ុន្តែ ព្រះអង្គ​បាន​សង្គ្រោះ​ពួក​គេ
ដោយ​យល់​ដល់​ព្រះនាម​របស់​ព្រះអង្គ
ដើម្បី​បង្ហាញ​ឫទ្ធានុភាព​របស់​ព្រះអង្គ។
៩ ព្រះអង្គ​បាន​គំរាម​សមុទ្រ​កក់ សមុទ្រ​ក៏​រីង​
ព្រះអង្គ​បាន​អោយ​គេ​ដើរ​កាត់​បាត​សមុទ្រ
ដូច​ដើរ​នៅ​វាល​រហោស្ថាន។
១០ ព្រះអង្គ​បាន​សង្គ្រោះ​ពួក​គេ​អោយ​រួច
ពី​កណ្ដាប់​ដៃ​របស់​អ្នក​ដែល​ស្អប់​ពួក​គេ
ព្រះអង្គ​បាន​រំដោះ​ពួក​គេ​ពី​កណ្ដាប់​ដៃ
របស់​ខ្មាំង​សត្រូវ។
១១ ទឹក​សមុទ្រ​បាន​គ្រប​ពី​លើ​បច្ចាមិត្ត
គ្មាន​នរណា​ម្នាក់​បាន​រួច​ជីវិត​សោះ​ឡើយ។
១២ ពួក​បុព្វបុរស​ក៏​នាំ​គ្នា​ជឿ​ព្រះបន្ទូល​របស់​ព្រះអង្គ
ហើយ​នាំ​គ្នា​ច្រៀង​សរសើរ​តម្កើង​ព្រះអង្គ​។​
 
១៣ ប៉ុន្តែ ក្រោយ​មក​ពួក​គេ​ឆាប់​ភ្លេច​ពី​កិច្ចការ
ដែល​ព្រះអង្គ​បាន​ធ្វើ
ពួក​គេ​ពុំ​បាន​រង់ចាំ​អោយ​ព្រះអង្គ
សំរេច​តាម​គំរោងការ​របស់​ព្រះអង្គ​ឡើយ។
១៤ នៅ​វាល​រហោស្ថាន​ពួក​គេ​មាន​ចិត្ត​លោភលន់
ហើយ​នាំ​គ្នា​ល្បងល​ព្រះអង្គ
នៅ​វាល​ដ៏​ហួតហែង​នោះ។
១៥ ព្រះអង្គ​បាន​ប្រទាន​អោយ​គេ​នូវ​អាហារ
ដែល​គេ​ទាមទារ
គឺ​ព្រះអង្គ​ធ្វើ​អោយ​ពួក​គេ​បាន​ឆ្អែត
រហូត​ដល់​ធុញទ្រាន់។​
១៦ នៅ​ក្នុង​ជំរំ​ពួក​គេ​នាំ​គ្នា​ច្រណែន​នឹង​លោក​ម៉ូសេ
ហើយ​ច្រណែន​នឹង​លោក​អើរ៉ុន
ដែល​ជា​អ្នក​បំរើ​ដ៏វិសុទ្ធ​របស់​ព្រះអម្ចាស់
១៧ ពេល​នោះ ដី​ក៏​ប្រេះ​លេប​លោក​ដាថាន
ព្រម​ទាំង​ស្រូប​បក្ស​ពួក
របស់​លោក​អប៊ីរ៉ាម​ទៀត​ផង។
១៨ មាន​ភ្លើង​មក​ឆេះ​បក្ស​ពួក​របស់​គេ
ហើយ​អណ្ដាត​ភ្លើង​ឆាបឆេះ​មនុស្ស
អាក្រក់​ទាំង​នោះ​អស់​គ្មាន​សល់។​
 
១៩ ក្រោយ​មក​ពួក​គេ​ឆ្លាក់​រូប​កូន​គោ​មួយ
នៅ​ភ្នំ​ហោរែប
ហើយ​នាំ​គ្នា​ក្រាប​ថ្វាយបង្គំ​រូប
ដែល​ធ្វើ​ពី​លង្ហិន​នោះ។
២០ ពួក​គេ​បែរ​ជា​យក​រូប​សត្វ​ដែល​ស៊ី​ស្មៅ
មក​ថ្វាយបង្គំ​ជំនួស​ព្រះជាម្ចាស់
ប្រកប​ដោយ​សិរីរុងរឿង​វិញ។
២១ ពួក​គេ​ភ្លេច​ថា​ព្រះជាម្ចាស់​បាន​សង្គ្រោះ​ពួក​គេ
ដោយ​ស្នាព្រះហស្ដ​ដ៏​ឧត្ដុង្គឧត្ដម​នៅ​ស្រុក​អេស៊ីប
២២ គឺ​ការ​អស្ចារ្យ​ផ្សេងៗ​នៅ​ស្រុក
របស់​កូន​ចៅ​លោក​ហាំ
និង​ដោយ​ស្នា​ព្រះហស្ដ​ដ៏​គួរ​អោយ
ស្ញែង​ខ្លាច​នៅ​សមុទ្រ​កក់។
២៣ ព្រះអង្គ​មាន​ព្រះបន្ទូល​ថា
នឹង​កំទេច​ប្រជារាស្ត្រ​នេះ
ប៉ុន្តែ លោក​ម៉ូសេ​ដែល​ព្រះអង្គ​ជ្រើស​រើស
បាន​ឃាត់​ព្រះអង្គ​មិន​អោយ​លុប​បំបាត់​ពួក​គេ
តាម​ព្រះពិរោធ​របស់​ព្រះអង្គ​ឡើយ។​
២៤ បន្ទាប់​មក​ទៀត ពួក​គេ​ចង់​បដិសេធ
មិន​ចូល​ទៅ​ក្នុង​ទឹក​ដី​ដ៏​សម្បូណ៌​សប្បាយ
ពួក​គេ​ពុំ​ព្រម​ជឿ​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​ទេ
២៥ ពួក​គេ​នាំ​គ្នា​រអ៊ូរទាំ​នៅ​ក្នុង​ជំរំ​រៀងៗ​ខ្លួន
មិន​ព្រម​ស្ដាប់​ព្រះសូរសៀង
របស់​ព្រះអម្ចាស់​ឡើយ។
២៦ ដូច្នេះ ព្រះអង្គ​ក៏​ប្រកាស​យ៉ាង​ដាច់​ខាត​ថា
នឹង​ទុក​ពួក​គេ​អោយ​វិនាស
នៅ​ក្នុង​វាល​រហោស្ថាន​
២៧ ព្រម​ទាំង​កំចាត់កំចាយ​ពូជពង្ស​របស់​ពួក​គេ
ទៅ​នៅ​ពាសពេញ
ក្នុង​ចំណោម​ប្រជាជាតិ​នានា
ហើយ​អោយ​គេ​ស្លាប់​នៅ​លើ​ទឹក​ដី
របស់​សាសន៍​ដទៃ។
២៨ នៅ​ពេអ៊រ​ពួក​គេ​បាន​នាំ​គ្នា​បែរ​ទៅ
ថ្វាយបង្គំ​ព្រះ​បាល
ព្រម​ទាំង​បរិភោគ​ម្ហូប​អាហារ​ដែល​គេ​បាន​សែន
ទៅ​ព្រះ​ដែល​គ្មាន​ជីវិត​ទាំង​នោះ​ទៀត​ផង។
២៩ ពួក​គេ​បាន​ប្រព្រឹត្ត​អំពើ​ដែល​ធ្វើ
អោយ​ព្រះអម្ចាស់​ទ្រង់​ព្រះពិរោធ
បណ្ដាល​អោយ​កើត​មាន​គ្រោះ​កាច
ក្នុង​ចំណោម​ពួក​គេ។
៣០ ពេល​នេះ​លោក​ភីនេហាស​បាន​ក្រោក​ឡើង
ដាក់​ទោស​ពួក​គេ
ហើយ​គ្រោះ​កាច​នោះ​ក៏​ស្ងប់​ទៅ​វិញ។
៣១ ព្រោះ​តែ​ការ​នេះ
ព្រះអម្ចាស់​បាន​ប្រោស​លោក​អោយ​បាន​សុចរិត
អស់កល្ប​ជា​អង្វែង​ត​រៀង​ទៅ។​
 
៣២ នៅ​ប្រភព​ទឹក​មេរីបា ពួក​គេ​បាន​នាំ​គ្នា
ធ្វើ​អោយ​ព្រះអម្ចាស់​ទ្រង់​ព្រះពិរោធ
ហើយ​លោក​ម៉ូសេ​ទទួល​ទោស ព្រោះ​តែ​ពួក​គេ
៣៣ គឺ​ពួក​គេ​ធ្វើ​អោយ​លោក​ឆ្អែត​ចិត្ត
ហើយ​មាន​ប្រសាសន៍​ចេញ​មក
ដោយ​ពុំ​បាន​គិត។​
 
៣៤ ពួក​គេ​ពុំ​បាន​ប្រហារ​ប្រជាជាតិ​នានា
តាម​ព្រះបញ្ជា​របស់​ព្រះអម្ចាស់​ទេ។​
៣៥ ពួក​គេ​បែរ​ជា​ទៅ​ពាក់ព័ន្ធ​ជា​មួយ
ប្រជាជាតិ​ទាំង​នោះ
ហើយ​នាំ​គ្នា​ប្រព្រឹត្ត​តាម​សាសន៍​ទាំង​នោះ
៣៦ គឺ​ថ្វាយបង្គំ​ព្រះ​ក្លែងក្លាយ​របស់​សាសន៍​ដទៃ
ដែល​ជា​អន្ទាក់​នាំ​អោយ​ពួក​គេ​វិនាស។​
៣៧ ពួក​គេ​បាន​យក​កូន​ប្រុស
កូន​ស្រី​ទៅ​ធ្វើ​យញ្ញបូជា​អោយ​អារក្ស។​
៣៨ ពួក​គេ​ប្រហារ​ជីវិត​កូន​ប្រុស​កូន​ស្រី​របស់​ខ្លួន
ដែល​គ្មាន​កំហុស
ដើម្បី​ធ្វើ​យញ្ញបូជា​អោយ​ព្រះ​ក្លែងក្លាយ
នៅ​ស្រុក​កាណាន
ឃាតកម្ម​ទាំង​នោះ​បណ្ដាល​អោយ​ទឹក​ដី
របស់​ពួក​គេ​លែង​វិសុទ្ធ​ទៀត។​
៣៩ អំពើ​ដែល​ពួក​គេ​ប្រព្រឹត្ត​បាន​ធ្វើ​អោយ​ខ្លួន​គេ
ទៅ​ជា​សៅហ្មង ពួក​គេ​បាន​ក្បត់​ព្រះជាម្ចាស់​
ដោយសារ​អំពើ​របស់​ខ្លួន។
៤០ ព្រះអម្ចាស់​ទ្រង់​ព្រះពិរោធ​នឹង​ប្រជារាស្ត្រ
របស់​ព្រះអង្គ​យ៉ាង​ខ្លាំង
ព្រះអង្គ​ទាស់​ព្រះហឫទ័យ​នឹង​ប្រជាជន
ផ្ទាល់​របស់​ព្រះអង្គ។
៤១ ព្រះអង្គ​ប្រគល់​ពួក​គេ​ទៅ​ក្នុង​កណ្ដាប់
ដៃ​របស់​ប្រជាជាតិ​នានា
ព្រះអង្គ​អោយ​បច្ចាមិត្ត​គ្រប់គ្រង​លើ​ពួក​គេ។
៤២ ខ្មាំង​សត្រូវ​ជិះជាន់​សង្កត់សង្កិន​ពួក​គេ
ព្រម​ទាំង​បង្ក្រាប​ពួក​គេ​អោយ​ចុះ​ចូល
ក្រោម​អំណាច​របស់​ខ្លួន​ទៀត​ផង។
៤៣ ព្រះអង្គ​បាន​រំដោះ​ពួក​គេ​ច្រើន​លើក​ច្រើន​គ្រា
ក៏​ប៉ុន្តែ ពួក​គេ​នៅ​តែ​នាំ​គ្នា​បះបោរ
ប្រឆាំង​នឹង​ព្រះអង្គ
ហើយ​ប្រព្រឹត្ត​អំពើ​បាប​កាន់​តែ​ខ្លាំង​ឡើងៗ។
៤៤ ពេល​ព្រះអង្គ​ឮ​ពួក​គេ​ស្រែក​អង្វរ
ព្រះអង្គ​ក៏​មាន​ព្រះហឫទ័យ​អាណិត​ពួក​គេ
ដែល​កំពុង​រង​ទុក្ខ​លំបាក
៤៥ ព្រះអង្គ​ប្រោសប្រណី​ពួក​គេ
ដោយ​នឹក​ដល់​សម្ពន្ធមេត្រី​របស់​ព្រះអង្គ
ព្រះអង្គ​ដូរ​ព្រះហឫទ័យ
ព្រោះ​ព្រះអង្គ​មាន​មេត្តាករុណា​ធម៌​ដ៏​លើសលប់។
៤៦ ព្រះអង្គ​ធ្វើ​អោយ​អស់​អ្នក​ដែល​ចាប់​ពួក​គេ
យក​ទៅ​ធ្វើ​ជា​ឈ្លើយ
មាន​ចិត្ត​អាណិត​មេត្តា​ពួក​គេ។​
 
៤៧ ឱ​ព្រះអម្ចាស់​ជា​ព្រះ​នៃ​យើង​ខ្ញុំ​អើយ
សូម​សង្គ្រោះ​យើង​ខ្ញុំ​ផង!
សូម​ប្រមែប្រមូល​យើង​ខ្ញុំ​ពី​ចំណោម
ប្រជាជាតិ​នានា​មក​វិញ
ដើម្បី​អោយ​យើង​ខ្ញុំ​លើក​តម្កើង
ព្រះនាម​ដ៏វិសុទ្ធ​របស់​ព្រះអង្គ
ហើយ​បាន​ខ្ពស់​មុខ
ដោយ​សរសើរ​តម្កើង​ព្រះអង្គ!
 
៤៨ សូម​លើក​តម្កើង​ព្រះអម្ចាស់
ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រាអែល
តាំង​ពី​ដើម​រៀង​មក
ហើយ​អស់កល្ប​ត​រៀង​ទៅ!
សូម​អោយ​ប្រជារាស្ត្រ​ពោល​ទាំង​អស់​គ្នា​ថា:
អាម៉ែន! ហាលេលូយ៉ា!