ភាគ​ទី​ប្រាំ
១០៧
(ទំនុកតម្កើង ១០៧-១៥០)
ចូរ​លើក​តម្កើង​ព្រះអម្ចាស់​ជា​ព្រះសង្គ្រោះ
១ ចូរ​លើក​តម្កើង​ព្រះអម្ចាស់
ដ្បិត​ព្រះអង្គ​មាន
ព្រះហឫទ័យ​សប្បុរស
ដ្បិត​ព្រះហឫទ័យ​មេត្តា​ករុណា
របស់​ព្រះអង្គ​នៅ​ស្ថិតស្ថេរ​រហូត​ត​ទៅ
២ គួរ​អោយ​អស់​អ្នក​ដែល​ព្រះអម្ចាស់
បាន​រំដោះ​មក ពោល​សេចក្ដី​នេះ
គឺ​អស់​អ្នក​ដែល​ព្រះអង្គ​បាន​រំដោះ
អោយ​រួច​ពី​កណ្ដាប់​ដៃ​របស់​បច្ចាមិត្ត
៣ ហើយ​នាំ​ពី​ប្រទេស​នានា​មក​វិញ
គឺ​ពី​ទិស​ខាង​កើត ពី​ទិស​ខាង​លិច
ពី​ទិស​ខាង​ជើង និង​ទិស​ខាង​ត្បូង។
 
៤ អ្នក​ខ្លះ​វង្វេង​នៅ​ក្នុង​វាល​រហោស្ថាន​ដ៏​ហួតហែង
រក​ស្រុក​ភូមិ​ស្នាក់​អាស្រ័យ​នៅ​ពុំ​បាន​ឡើយ។
៥ ពួក​គេ​ឃ្លាន​អាហារ ស្រេក​ទឹក
ហើយ​បាត់​បង់​ទឹក​ចិត្ត។
៦ ក្នុង​ពេល​មាន​អាសន្ន​ដូច្នេះ
គេ​ស្រែក​អង្វរ​ព្រះអម្ចាស់ ព្រះអង្គ​ក៏​រំដោះ​ពួក​គេ
អោយ​រួច​ផុត​ពី​ការ​ភ័យ​បារម្ភ
៧ ព្រះអង្គ​ដឹក​នាំ​គេ​តម្រង់​ទៅ​ក្រុង​មួយ​ដែល​គេ
អាច​ស្នាក់​អាស្រ័យ​នៅ​បាន។
៨ អ្នក​ទាំង​នោះ​ត្រូវ​តែ​លើក​តម្កើង​ព្រះអម្ចាស់
ដែល​បាន​សំដែង​ព្រះហឫទ័យ​មេត្តាករុណា
និង​ស្នា​ព្រះហស្ដ​ដ៏​អស្ចារ្យ​ចំពោះ​មនុស្ស​លោក!
៩ ដ្បិត​ព្រះអង្គ​បាន​ប្រទាន​ទឹក
អោយ​អ្នក​ដែល​ស្រេក
ហើយ​ប្រទាន​អាហារ​បរិបូណ៌
ដល់​អស់​អ្នក​ដែល​ឃ្លាន។
 
១០ អ្នក​ខ្លះ​ទៀត​រស់​នៅ​ក្នុង​ទី​ងងឹត
ស្ថិត​នៅ​ក្រោម​អំណាច​នៃ​សេចក្ដី​ស្លាប់
ជាប់​ឃុំឃាំង ជាប់​ច្រវាក់​យ៉ាង​សែន​វេទនា
១១ ដ្បិត​ពួក​គេ​បាន​បះបោរ​ប្រឆាំង
នឹង​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់
និង​មាក់ងាយ​ការ​ប្រៀនប្រដៅ
របស់​ព្រះ​ដ៏​ខ្ពង់ខ្ពស់​បំផុត។
១២ ព្រះអង្គ​ធ្វើ​អោយ​ពួក​គេ​បាក់ស្បាត
ដោយសារ​ទុក្ខ​វេទនា
ពួក​គេ​ធ្លាក់​ទឹក​ចិត្ត ហើយ​គ្មាន​នរណា​ជួយ
ពួក​គេ​អោយ​ក្រោក​ឡើង​វិញ​បាន​ឡើយ។
១៣ ក្នុង​ពេល​មាន​អាសន្ន​ដូច្នេះ
គេ​ស្រែក​អង្វរ​ព្រះអម្ចាស់
ព្រះអង្គ​ក៏​សង្គ្រោះ​ពួក​គេ
អោយ​រួច​ផុត​ពី​ការ​ភ័យ​បារម្ភ
១៤ ព្រះអង្គ​នាំ​ពួក​គេ​ចេញ​ពី​ទី​ងងឹត
ស្ថិត​នៅ​ក្រោម​អំណាច​នៃ​សេចក្ដី​ស្លាប់
ហើយ​ព្រះអង្គ​បាន​ផ្ដាច់​ច្រវាក់​ចេញ​ពី​ពួក​គេ។
១៥ អ្នក​ទាំង​នោះ​ត្រូវ​តែ​លើក​តម្កើង​ព្រះអម្ចាស់
ដែល​បាន​សំដែង​ព្រះហឫទ័យ​មេត្តាករុណា
និង​ស្នា​ព្រះហស្ដ​ដ៏​អស្ចារ្យ​ចំពោះ​មនុស្ស​លោក!
១៦ ដ្បិត​ព្រះអង្គ​បាន​បំបែក​ទ្វារ​ដែល​ធ្វើ​ពី​លង្ហិន
និង​កាច់​បំបាក់​សោរ​ដែល​ធ្វើ​ពី​ដែក។
១៧ អ្នក​ខ្លះ​ទៅ​ជា​ល្ងីល្ងើ ព្រោះ​តែ​អំពើ​បាប
និង​កំហុស​ដែល​គេ​បាន​ប្រព្រឹត្ត
បណ្ដាល​អោយ​គេ​រង​ទុក្ខ​វេទនា។
១៨ គេ​លេប​អាហារ​លែង​ចូល​ទៀត​ហើយ
គឺ​គេ​នៅ​ជិត​សេចក្ដី​ស្លាប់។
១៩ ក្នុង​ពេល​មាន​អាសន្ន​ដូច្នេះ
គេ​ស្រែក​អង្វរ​ព្រះអម្ចាស់
ព្រះអង្គ​ក៏​សង្គ្រោះ​ពួក​គេ​អោយ​រួច​ផុត
ពី​ការ​ភ័យ​បារម្ភ។
២០ ពេល​ព្រះអង្គ​មាន​ព្រះបន្ទូល ពួក​គេ​ក៏​បាន​ជា
ព្រះអង្គ​បាន​រំដោះ​គេ​អោយ​រួច​ពី​រណ្ដៅ។
២១ អ្នក​ទាំង​នោះ​ត្រូវ​តែ​លើក​តម្កើង​ព្រះអម្ចាស់
ដែល​បាន​សំដែង​ព្រះហឫទ័យ​មេត្តាករុណា
និង​ស្នា​ព្រះហស្ដ​ដ៏​អស្ចារ្យ​ចំពោះ​មនុស្ស​លោក!
២២ គេ​ត្រូវ​តែ​ថ្វាយ​យញ្ញបូជា
ដើម្បី​អរ​ព្រះគុណ​ព្រះអង្គ
ហើយ​ថ្លែង​អំពី​ស្នា​ព្រះហស្ដ​របស់​ព្រះអង្គ
ដោយ​បទ​ចំរៀង​ដ៏​សប្បាយ!
២៣ អស់​អ្នក​ដែល​ធ្វើ​ដំណើរ​តាម​នាវា​នៅ​លើ​សមុទ្រ
ហើយ​អស់​អ្នក​ដែល​រក​ស៊ី​នៅ​តាម​មហាសាគរ
២៤ បាន​ឃើញ​ស្នា​ព្រះហស្ដ​របស់​ព្រះអម្ចាស់
ព្រម​ទាំង​ការ​អស្ចារ្យ​របស់​ព្រះអង្គ​នៅ​សមុទ្រ។
២៥ ពេល​ព្រះអង្គ​មាន​ព្រះបន្ទូល​បញ្ជា
នោះ​ស្រាប់​តែ​មាន​ខ្យល់​ព្យុះ​បក់​បោក​មក
បង្កើត​ជា​រលក​ធំៗ
២៦ លើក​នាវា​ទាំងឡាយ​ឡើង​យ៉ាង​ខ្ពស់
រួច​ធ្វើ​អោយ​ធ្លាក់​ចុះ​ទៅ​វិញ រហូត​ដល់​បាត​សមុទ្រ
ពួក​គេ​ត្រូវ​វេទនា​អស់​សង្ឃឹម។
២៧ ពួក​គេ​វិលវល់ ហើយ​ធីងធោង​ដូច​មនុស្ស​ស្រវឹង
គេ​លែង​ដឹង​ថា​ត្រូវ​ធ្វើ​យ៉ាង​ណា​ទៀត​ហើយ។
២៨ ក្នុង​ពេល​មាន​អាសន្ន​ដូច្នេះ
គេ​ស្រែក​អង្វរ​ព្រះអម្ចាស់
ព្រះអង្គ​ក៏​រំដោះ​ពួក​គេ​អោយ​រួច​ផុត
ពី​ការ​ភ័យបារម្ភ។
២៩ ព្រះអង្គ​បាន​បញ្ឈប់​ខ្យល់​ព្យុះ​អោយ​នៅ​ស្ងៀម
ទឹក​រលក​ក៏​ស្ងប់​ទៅ​វិញ។
៣០ អ្នក​ទាំង​នោះ​មាន​អំណរ​ដោយ​ឃើញ​រលក​ស្ងប់
ហើយ​ព្រះអម្ចាស់​ក៏​នាំ​គេ​ទៅ​ដល់​ត្រើយ
ដែល​គេ​ប្រាថ្នា​ចង់​ទៅ។
៣១ អ្នក​ទាំង​នោះ​ត្រូវ​តែ​លើក​តម្កើង​ព្រះអម្ចាស់
ដែល​បាន​សំដែង​ព្រះហឫទ័យ​មេត្តាករុណា
និង​ស្នា​ព្រះហស្ដ​ដ៏​អស្ចារ្យ​ចំពោះ​មនុស្ស​លោក!
៣២ គេ​ត្រូវ​តែ​លើក​តម្កើង​ព្រះអង្គ
នៅ​ក្នុង​អង្គ​ប្រជុំ​របស់​ប្រជាជន
ហើយ​សរសើរ​តម្កើង​ព្រះអង្គ
ក្នុង​អង្គ​ប្រជុំ​របស់​ពួក​ព្រឹទ្ធាចារ្យ។
 
៣៣ ព្រះអង្គ​បាន​ធ្វើ​អោយ​ទន្លេ​ក្លាយ
ទៅ​ជា​វាល​រហោស្ថាន
ធ្វើ​អោយ​ប្រភព​ទឹក​រីង​ស្ងួត
៣៤ ព្រះអង្គ​អោយ​ទឹក​ដី​ដែល​មាន​ជីជាតិ
ក្លាយ​ទៅ​ជា​ទឹក​ដី​ដែល​មាន​សុទ្ធ​តែ​អំបិល
ព្រោះ​តែ​គំនិត​អាក្រក់​របស់​អ្នក​ស្រុក​នោះ។
៣៥ ព្រះអង្គ​បាន​ធ្វើ​អោយ​វាល​រហោស្ថាន​ប្រែ​ទៅ​ជា​បឹង
ធ្វើ​អោយ​ដី​ហួតហែង​ប្រែ​ទៅ​ជា​ប្រភព​ទឹក
៣៦ ហើយ​ព្រះអង្គ​នាំ​អស់​អ្នក​ដែល​ស្រេក​ឃ្លាន
ទៅ​រស់​នៅ​ទី​នោះ
ព្រម​ទាំង​សង់​ទីក្រុង​សំរាប់​ស្នាក់​អាស្រ័យ​ផង។
៣៧ ពួក​គេ​សាប​ព្រោះ និង​ដាំ​ចំការ​ទំពាំងបាយជូរ
ដែល​ផ្ដល់​ភោគផល​យ៉ាង​បរិបូណ៌។
៣៨ ព្រះអង្គ​ប្រទាន​ពរ​អោយ​ពួក​គេ
ហើយ​ពួក​គេ​ក៏​បាន​កើន​ចំនួន​ឡើង​ជា​ច្រើន
ព្រះអង្គ​មិន​បណ្ដោយ​អោយ​ហ្វូង​សត្វ​របស់​គេ
ចុះ​អន់ថយ​ឡើយ។
៣៩ ពួក​គេ​ចុះ​អន់ថយ និង​បាត់​បង់​កិត្តិយស
ដោយ​ខ្មាំង​សង្កត់សង្កិន
រង​ទុក្ខ​វេទនា និង​ឈឺ​ចុក​ចាប់។
៤០ ព្រះអង្គ​ធ្វើ​អោយ​ពួក​អ្នក​ធំ​ធ្លាក់​ទៅ​ក្នុង​សភាព
ថោក​ទាប ហើយ​វង្វេង​នៅ​ក្នុង​ផ្លូវ​អន្តរាយ។
៤១ ប៉ុន្តែ ព្រះអង្គ​យក​មនុស្ស​ទុគ៌ត​ចេញ​ពី​ភាព​វេទនា
ព្រះអង្គ​ធ្វើ​អោយ​គ្រួសារ​របស់​គេ
មាន​កូន​ចៅ​ជា​ច្រើន។​
 
៤២ ពេល​មនុស្ស​សុចរិត​ឃើញ​ដូច្នេះ
គេ​នឹង​មាន​អំណរ​សប្បាយ
តែ​មនុស្ស​ទុច្ចរិត​នឹង​បិទ​មាត់​យ៉ាង​ស្ងៀមស្ងាត់។
៤៣ អស់​អ្នក​ដែល​មាន​ប្រាជ្ញា​ត្រូវ​ចង​ចាំ​សេចក្ដី​នេះ​ទុក
ហើយ​ស្វែង​យល់​ពី​ស្នា​ព្រះហស្ដ​ប្រកប​ដោយ
ព្រះហឫទ័យ​មេត្តាករុណា​របស់​ព្រះអម្ចាស់