១១៤
ពេល​ជន​ជាតិ​អ៊ីស្រាអែល​ចាក​ចេញ​ពី​ស្រុក​អេស៊ីប
១ ពេល​ជន​ជាតិ​អ៊ីស្រាអែល
ចាក​ចេញ​ពី​ស្រុក​អេស៊ីប
ពេល​កូន​ចៅ​របស់​លោក​យ៉ាកុប​ចាក​ចេញ
ពី​ទឹក​ដី​បរទេស
២ ជន​ជាតិ​យូដា​បាន​ទៅ​ជា​ប្រជាជន
ដ៏វិសុទ្ធ​របស់​ព្រះជាម្ចាស់
ហើយ​ជន​ជាតិ​អ៊ីស្រាអែល
ជា​ប្រជាជន​ផ្ទាល់​របស់​ព្រះអង្គ។
៣ ពេល​ឃើញ​ពួក​គេ សមុទ្រ​ក៏​រត់​បាត់​ទៅ
ហើយ​ទន្លេ​យ័រដាន់​ក៏​ដក​ខ្លួន​ថយ​ដែរ។
៤ ភ្នំ​នានា​នាំ​គ្នា​លោត​ឡើង​ដូច​ពពែ​ឈ្មោល
ហើយ​ភ្នំ​តូចៗ​ទាំងឡាយ​ក៏​នាំ​គ្នា​លោត
ដូច​កូន​ចៀម​ដែរ។
៥ សមុទ្រ​អើយ ហេតុ​អ្វី​បាន​ជា​អ្នក​រត់​គេច​ដូច្នេះ?
ទន្លេ​យ័រដាន់​អើយ
ហេតុ​អ្វី​បាន​ជា​អ្នក​ដក​ខ្លួន​ថយ?
៦ ភ្នំ​នានា​អើយ ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​នាំ​គ្នា
លោត​ដូច​ពពែ​ឈ្មោល?
ភ្នំ​តូចៗ​ទាំងឡាយ​អើយ
ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​លោត​ដូច​កូន​ចៀម?
៧ ផែនដី​អើយ ចូរ​ញាប់ញ័រ​នៅ​ចំពោះ
ព្រះភក្ត្រ​ព្រះអម្ចាស់!
ចូរ​ញាប់ញ័រ​នៅ​ចំពោះ
ព្រះភក្ត្រ​ព្រះ​របស់​លោក​យ៉ាកុប
៨ ដែល​បាន​ធ្វើ​អោយ​ផ្ទាំង​សិលា​ប្រែ​ទៅ​ជា​បឹង
ហើយ​ធ្វើ​អោយ​ថ្ម​ប្រែ​ទៅ​ជា​ប្រភព​ទឹក។