១១៥
ព្រះអម្ចាស់​នឹង​ប្រទាន​ពរ​អោយ​អ្នក​រាល់​គ្នា
១ ព្រះអម្ចាស់​អើយ
យើង​ខ្ញុំ​មិន​សម​នឹង​ទទួល
ការ​លើក​តម្កើង​ទេ
គឺ​មាន​តែ​ព្រះអង្គ​ប៉ុណ្ណោះ​ដែល​ត្រូវ
ទទួល​ការ​លើក​តម្កើង​ប្រកប​ដោយ​សិរីរុងរឿង
ដ្បិត​ព្រះអង្គ​មាន​ព្រះហឫទ័យ​មេត្តា​ករុណា​ដ៏​ស្មោះស្ម័គ្រ!។
២ ហេតុ​អ្វី​បាន​ជា​ប្រជាជាតិ​នានា​នាំ​គ្នា​ពោល​ថា:
«ព្រះ​របស់​ពួក​គេ​នៅ​ឯ​ណា?»។
៣ ព្រះ​របស់​យើង​ខ្ញុំ​គង់​នៅ​ស្ថាន​បរមសុខ
ព្រះអង្គ​ធ្វើ​អ្វីៗ​ក៏​បាន
តាម​តែ​ព្រះហឫទ័យ​របស់​ព្រះអង្គ។
៤ រីឯ​ព្រះ​របស់​អ្នក​ទាំង​នោះ​វិញ
សុទ្ធ​តែ​ជា​ព្រះ​ក្លែងក្លាយ​ធ្វើ​ពី​មាស​ពី​ប្រាក់
ដែល​ជា​ស្នាដៃ​របស់​មនុស្ស។
៥ ព្រះ​ទាំង​នោះ​មាន​មាត់ តែ​មិន​ចេះ​និយាយ
មាន​ភ្នែក តែ​មើល​មិន​ឃើញ
៦ មាន​ត្រចៀក តែ​ស្ដាប់​មិន​ឮ
មាន​ច្រមុះ តែ​មិន​ចេះ​ដឹង​ក្លិន
៧ មាន​ដៃ តែ​មិន​ចេះ​ប៉ះពាល់
មាន​ជើង តែ​មិន​ចេះ​ដើរ
ហើយ​មាន​បំពង់​ក
តែ​មិន​អាច​បញ្ចេញ​សំឡេង​អ្វី​បាន​ឡើយ។
៨ សូម​អោយ​អស់​អ្នក​ដែល​បាន​សូន
ធ្វើ​រូប​ព្រះ​ក្លែងក្លាយ
ហើយ​ផ្ញើ​ជីវិត​លើ​ព្រះ​ទាំង​នោះ
បាន​ដូច​រូប​ព្រះ​ទាំង​នោះ​ដែរ។
៩ ជន​ជាតិ​អ៊ីស្រាអែល​អើយ
ចូរ​ផ្ញើ​ជីវិត​លើ​ព្រះអម្ចាស់
ព្រះអង្គ​នឹង​ជួយ ហើយ​ការពារ​អ្នក​រាល់​គ្នា!
១០ ក្រុម​គ្រួសារ​របស់​លោក​អើរ៉ុន​អើយ
ចូរ​ផ្ញើ​ជីវិត​លើ​ព្រះអម្ចាស់
ព្រះអង្គ​នឹង​ជួយ ហើយ​ការពារ​អ្នក​រាល់​គ្នា!
១១ អ្នក​រាល់​គ្នា​ដែល​គោរព​កោត​ខ្លាច
ព្រះអម្ចាស់​អើយ
ចូរ​ផ្ញើ​ជីវិត​លើ​ព្រះអម្ចាស់
ព្រះអង្គ​នឹង​ជួយ ហើយ​ការពារ​អ្នក​រាល់​គ្នា!
១២ ព្រះអម្ចាស់​មិន​ភ្លេច​យើង​ទេ
ព្រះអង្គ​នឹង​ប្រទាន​ពរ​អោយ​យើង
ព្រះអង្គ​នឹង​ប្រទាន​ពរ​អោយ​កូន​ចៅ
លោក​អ៊ីស្រាអែល
ព្រះអង្គ​នឹង​ប្រទាន​ពរ​អោយ​កូន​ចៅ​លោក​អើរ៉ុន
១៣ ព្រះអង្គ​នឹង​ប្រទាន​ពរ​អោយ​អស់​អ្នក​ទាំង​តូច
ទាំង​ធំ ដែល​គោរព​កោត​ខ្លាច​ព្រះអង្គ។
១៤ ព្រះអម្ចាស់​នឹង​ប្រទាន​ពរ​អោយ​អ្នក​រាល់​គ្នា
បាន​ចំរើន​ឡើង
គឺ​ទាំង​អ្នក​រាល់​គ្នា ទាំង​កូន​ចៅ​របស់​អ្នក​រាល់​គ្នា។
១៥ សូម​ទទួល​ព្រះពរ​ពី​ព្រះអម្ចាស់
ដែល​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី!
១៦ ផ្ទៃ​មេឃ​ជា​កម្មសិទ្ធិ​របស់​ព្រះអម្ចាស់
តែ​ព្រះអង្គ​ប្រទាន​ផែនដី​មក
អោយ​មនុស្ស​លោក។
១៧ មនុស្ស​ស្លាប់​ទៅ​ហើយ
ពុំ​អាច​សរសើរ​តម្កើង​ព្រះអម្ចាស់​បាន​ឡើយ
ហើយ​អស់​អ្នក​ដែល​ចុះ​ទៅ​ស្ថាន​មនុស្ស​ស្លាប់
ក៏​ពុំ​អាច​សរសើរ​ព្រះអង្គ​បាន​ដែរ។
១៨ រីឯ​យើង​វិញ យើង​លើក​តម្កើង​ព្រះអម្ចាស់
ចាប់​ពី​ពេល​នេះ រហូត​ត​ទៅ!
ហាលេលូយ៉ា!