១២៩
ពួកគេនាំគ្នាភ្ជួររាស់នៅលើខ្នងខ្ញុំ
បទចំរៀងសំរាប់ឡើងទៅព្រះវិហារ។
១ គេតែងតែនាំគ្នាធ្វើបាបខ្ញុំ
តាំងពីខ្ញុំនៅក្មេង
សូមអោយជនជាតិអ៊ីស្រាអែលពោលតាមថា
២ គេតែងតែនាំគ្នាធ្វើបាបខ្ញុំតាំងពីខ្ញុំនៅក្មេង
ប៉ុន្តែ គេពុំអាចយកជ័យជំនះលើខ្ញុំបានឡើយ។
៣ គេនាំគ្នាភ្ជួររាស់នៅលើខ្នងខ្ញុំ
គេបានធ្វើគន្លងយ៉ាងវែង។
៤ ក៏ប៉ុន្តែ ព្រះអម្ចាស់មានព្រះហឫទ័យសុចរិត
ព្រះអង្គបានស្រាយចំណងរបស់មនុស្សអាក្រក់
ចេញពីខ្ញុំ។
៥ សូមអោយអស់អ្នកដែលស្អប់ក្រុងស៊ីយ៉ូន
ត្រូវអាម៉ាស់ និងដកខ្លួនថយ!
៦ សូមអោយពួកគេបានដូចស្មៅដែលដុះ
ហើយក្រៀមស្ងួតទៅ មុនពេលលូតលាស់ធំឡើង!
៧ សូម្បីគេច្រូតស្មៅនោះ ក៏ក្ដាប់មិនពេញដៃ
ហើយក៏ពុំមានល្មមសំរាប់អោយ
ចងជាកណ្ដាប់បានដែរ។
៨ សូមកុំអោយអស់អ្នកដែលដើរកាត់តាមនោះ
ពោលទៅពួកគេថា:
«សូមព្រះអម្ចាស់ប្រទានពរអ្នករាល់គ្នា»
សោះឡើយ។
យើងសូមជូនពរអ្នករាល់គ្នា
ក្នុងព្រះនាមព្រះអម្ចាស់!