១៣០
ពី​ក្នុង​រណ្ដៅ​ដ៏​ជ្រៅ ទូលបង្គំ​ស្រែក​អង្វរ​ព្រះអង្គ
បទ​ចំរៀង​សំរាប់​ឡើង​ទៅ​ព្រះវិហារ។
១ ឱ​ព្រះអម្ចាស់​អើយ
ពី​ក្នុង​រណ្ដៅ​ដ៏​ជ្រៅ
ទូលបង្គំ​ស្រែក​អង្វរ​ព្រះអង្គ
២ ព្រះអម្ចាស់​អើយ
សូម​ទ្រង់​ព្រះសណ្ដាប់​ទូលបង្គំ​ផង!
សូម​ផ្ទៀង​ព្រះកាណ៌​ស្ដាប់​ពាក្យ
ដែល​ទូលបង្គំ​ទទូច​អង្វរ!
៣ ឱ​ព្រះអម្ចាស់​អើយ
ប្រសិន​បើ​ព្រះអង្គ​ចង​ចាំ​កំហុស
របស់​យើង​ខ្ញុំ​ទុក​នោះ
គ្មាន​នរណា​ម្នាក់​អាច​រួច​ខ្លួន​បាន​ឡើយ។
៤ ក៏​ប៉ុន្តែ ព្រះអង្គ​តែងតែ​អត់ទោស
អោយ​យើង​ខ្ញុំ​ជានិច្ច
ដើម្បី​អោយ​យើង​ខ្ញុំ​គោរព​កោត​ខ្លាច​ព្រះអង្គ។
 
៥ ខ្ញុំ​ទុក​ចិត្ត​លើ​ព្រះអម្ចាស់
ផ្ញើ​ជីវិត​លើ​ព្រះអង្គ​ទាំង​ស្រុង
ហើយ​ខ្ញុំ​សង្ឃឹម​លើ​ព្រះបន្ទូល​របស់​ព្រះអង្គ។
៦ ខ្ញុំ​ទន្ទឹង​រង់ចាំ​ព្រះអម្ចាស់
ជាង​អ្នក​យាម​រង់ចាំ​ពេល​ព្រឹក​ទៅ​ទៀត
ពិត​មែន​ហើយ ខ្ញុំ​រង់ចាំ​ព្រះអង្គ​ជាង​អ្នក​យាម
រង់ចាំ​ពេល​ព្រឹក​ទៅ​ទៀត។
៧ អ៊ីស្រាអែល​អើយ ចូរ​ទុក​ចិត្ត​លើ​ព្រះអម្ចាស់
ដ្បិត​ព្រះអង្គ​ប្រកប​ដោយ
ព្រះហឫទ័យ​មេត្តា​ករុណា
ហើយ​ព្រះអង្គ​សព្វ​ព្រះហឫទ័យ​រំដោះ​អ្នក​ជានិច្ច!
៨ ព្រះអង្គ​នឹង​រំដោះ​អ៊ីស្រាអែល
អោយ​រួច​ពី​កំហុស​ទាំង​ប៉ុន្មាន
ដែល​គេ​បាន​ប្រព្រឹត្ត។