១៣៦
ព្រះហឫទ័យ​មេត្តាករុណា​របស់​ព្រះអង្គ នៅ​ស្ថិតស្ថេរ​រហូត​ត​ទៅ!
១ ចូរ​លើក​តម្កើង​ព្រះអម្ចាស់
ដ្បិត​ព្រះអង្គ​មាន
ព្រះហឫទ័យ​សប្បុរស
ព្រះហឫទ័យ​មេត្តាករុណា
របស់​ព្រះអង្គ​នៅ​ស្ថិតស្ថេរ​រហូត​ត​ទៅ!
២ ចូរ​លើក​តម្កើង​ព្រះ​ដែល​ខ្ពង់ខ្ពស់​លើស​ព្រះ​នានា
ដ្បិត​ព្រះហឫទ័យ​មេត្តាករុណា​របស់​ព្រះអង្គ
នៅ​ស្ថិតស្ថេរ​រហូត​ត​ទៅ!
៣ ចូរ​សរសើរ​តម្កើង​ព្រះអម្ចាស់
ដែល​ខ្ពង់ខ្ពស់​លើស​អម្ចាស់​នានា
ដ្បិត​ព្រះហឫទ័យ​មេត្តាករុណា​របស់​ព្រះអង្គ
នៅ​ស្ថិតស្ថេរ​រហូត​ត​ទៅ!
 
៤ មាន​តែ​ព្រះអង្គ​ទេ​ដែល​ធ្វើ​ការ​អស្ចារ្យ
ដ៏​ឧត្ដុង្គឧត្ដម​បំផុត
ដ្បិត​ព្រះហឫទ័យ​មេត្តាករុណា​របស់​ព្រះអង្គ
នៅ​ស្ថិតស្ថេរ​រហូត​ត​ទៅ!
៥ ព្រះអង្គ​បាន​បង្កើត​ផ្ទៃ​មេឃ
ដោយ​ព្រះប្រាជ្ញាញាណ
ដ្បិត​ព្រះហឫទ័យ​មេត្តាករុណា​របស់​ព្រះអង្គ
នៅ​ស្ថិតស្ថេរ​រហូត​ត​ទៅ!
៦ ព្រះអង្គ​បាន​លាត​សន្ធឹង​ផែនដី​ពី​លើ​ផ្ទៃ​ទឹក
ដ្បិត​ព្រះហឫទ័យ​មេត្តាករុណា​របស់​ព្រះអង្គ
នៅ​ស្ថិតស្ថេរ​រហូត​ត​ទៅ!
៧ ព្រះអង្គ​បាន​បង្កើត​ដុំ​ពន្លឺ​ធំៗ សំរាប់​រះ​បំភ្លឺ
ដ្បិត​ព្រះហឫទ័យ​មេត្តាករុណា​របស់​ព្រះអង្គ
នៅ​ស្ថិតស្ថេរ​រហូត​ត​ទៅ!
៨ គឺ​ព្រះអាទិត្យ​អោយ​គ្រប់គ្រង​នៅ​ពេល​ថ្ងៃ
ដ្បិត​ព្រះហឫទ័យ​មេត្តាករុណា​របស់​ព្រះអង្គ
នៅ​ស្ថិតស្ថេរ​រហូត​ត​ទៅ!
៩ ព្រះច័ន្ទ និង​ហ្វូងតារា
អោយ​គ្រប់គ្រង​នៅ​ពេល​យប់​
ដ្បិត​ព្រះហឫទ័យ​មេត្តាករុណា​របស់​ព្រះអង្គ
នៅ​ស្ថិតស្ថេរ​រហូត​ត​ទៅ!
 
១០ ព្រះអង្គ​ប្រហារ​ជីវិត​កូន​ច្បង​របស់​ជន​ជាតិ​អេស៊ីប
ដ្បិត​ព្រះហឫទ័យ​មេត្តាករុណា​របស់​ព្រះអង្គ
នៅ​ស្ថិតស្ថេរ​រហូត​ត​ទៅ!
១១ ព្រះអង្គ​នាំ​ជន​ជាតិ​អ៊ីស្រាអែល
ចេញ​ពី​ស្រុក​អេស៊ីប​
ដ្បិត​ព្រះហឫទ័យ​មេត្តា​ករុណា​របស់​ព្រះអង្គ
នៅ​ស្ថិតស្ថេរ​រហូត​ត​ទៅ!
១២ ដោយ​ឫទ្ធិបារមី និង​តេជានុភាព​របស់​ព្រះអង្គ
ដ្បិត​ព្រះហឫទ័យ​មេត្តាករុណា​របស់​ព្រះអង្គ
នៅ​ស្ថិតស្ថេរ​រហូត​ត​ទៅ!
១៣ ព្រះអង្គ​បាន​ញែក​សមុទ្រ​កក់​ចេញ​ជា​ពីរ
ដ្បិត​ព្រះហឫទ័យ​មេត្តាករុណា​របស់​ព្រះអង្គ
នៅ​ស្ថិតស្ថេរ​រហូត​ត​ទៅ!
១៤ ព្រះអង្គ​បាន​នាំ​ជន​ជាតិ​អ៊ីស្រាអែល
ដើរ​កាត់​បាត​សមុទ្រ​នោះ
ដ្បិត​ព្រះហឫទ័យ​មេត្តាករុណា​របស់​ព្រះអង្គ
នៅ​ស្ថិតស្ថេរ​រហូត​ត​ទៅ!
១៥ ព្រះអង្គ​ធ្វើ​អោយ​ព្រះចៅ​ផារ៉ោន
និង​កងទ័ព​របស់​ស្ដេច​លិច​លង់
ក្នុង​សមុទ្រ​កក់​នោះ
ដ្បិត​ព្រះហឫទ័យ​មេត្តាករុណា​របស់​ព្រះអង្គ
នៅ​ស្ថិតស្ថេរ​រហូត​ត​ទៅ!
១៦ ព្រះអង្គ​ដឹក​នាំ​ប្រជារាស្ត្រ​របស់​ព្រះអង្គ
នៅ​វាល​រហោស្ថាន
ដ្បិត​ព្រះហឫទ័យ​មេត្តាករុណា​របស់​ព្រះអង្គ
នៅ​ស្ថិតស្ថេរ​រហូត​ត​ទៅ!
១៧ ព្រះអង្គ​បាន​វាយ​ប្រហារ​ស្ដេច​មហា​អំណាច
ដ្បិត​ព្រះហឫទ័យ​មេត្តាករុណា​របស់​ព្រះអង្គ
នៅ​ស្ថិតស្ថេរ​រហូត​ត​ទៅ!
១៨ ព្រះអង្គ​ប្រហារ​ជីវិត​ស្ដេច​ដ៏​ខ្លាំង​ពូកែ​ទាំងឡាយ
ដ្បិត​ព្រះហឫទ័យ​មេត្តាករុណា​របស់​ព្រះអង្គ
នៅ​ស្ថិតស្ថេរ​រហូត​ត​ទៅ!
១៩ គឺ​ព្រះបាទ​ស៊ីហុន ជា​ស្ដេច​របស់​ជន​ជាតិ​អាម៉ូរី
ដ្បិត​ព្រះហឫទ័យ​មេត្តាករុណា​របស់​ព្រះអង្គ
នៅ​ស្ថិតស្ថេរ​រហូត​ត​ទៅ!
២០ ព្រះបាទ​អុក​ជា​ស្ដេច​ស្រុក​បាសាន
ដ្បិត​ព្រះហឫទ័យ​មេត្តាករុណា​របស់​ព្រះអង្គ
នៅ​ស្ថិតស្ថេរ​រហូត​ត​ទៅ!
២១ ហើយ​ព្រះអង្គ​ប្រគល់​ទឹក​ដី​របស់​ពួក​គេ
មក​អោយ​ប្រជារាស្ត្រ​របស់​ព្រះអង្គ​ទុក​ជា​មត៌ក​
ដ្បិត​ព្រះហឫទ័យ​មេត្តាករុណា​របស់​ព្រះអង្គ
នៅ​ស្ថិតស្ថេរ​រហូត​ត​ទៅ!
២២ គឺ​ប្រគល់​អោយ​ជន​ជាតិ​អ៊ីស្រាអែល
ជា​អ្នក​បំរើ​របស់​ព្រះអង្គ
ដ្បិត​ព្រះហឫទ័យ​មេត្តាករុណា​របស់​ព្រះអង្គ
នៅ​ស្ថិតស្ថេរ​រហូត​ត​ទៅ!
២៣ នៅ​ពេល​ណា​យើង​រង​ទុក្ខ​វេទនា
ព្រះអង្គ​តែងតែ​នឹក​ដល់​យើង​
ដ្បិត​ព្រះហឫទ័យ​មេត្តាករុណា​របស់​ព្រះអង្គ
នៅ​ស្ថិតស្ថេរ​រហូត​ត​ទៅ!
២៤ ព្រះអង្គ​រំដោះ​យើង​អោយ​រួច​ផុត​ពី​កណ្ដាប់​ដៃ
របស់​បច្ចាមិត្ត
ដ្បិត​ព្រះហឫទ័យ​មេត្តាករុណា​របស់​ព្រះអង្គ
នៅ​ស្ថិតស្ថេរ​រហូត​ត​ទៅ!
២៥ ព្រះអង្គ​ប្រទាន​អាហារ​ដល់​សត្វ​លោក​ទាំងឡាយ
ដ្បិត​ព្រះហឫទ័យ​មេត្តាករុណា​របស់​ព្រះអង្គ
នៅ​ស្ថិតស្ថេរ​រហូត​ត​ទៅ!
២៦ ចូរ​លើក​តម្កើង​ព្រះជាម្ចាស់​នៃ​ស្ថាន​បរមសុខ
ដ្បិត​ព្រះហឫទ័យ​មេត្តាករុណា​របស់​ព្រះអង្គ
នៅ​ស្ថិតស្ថេរ​រហូត​ត​ទៅ!