៣
១ ដូច្នេះ តើសាសន៍យូដាប្រសើរជាងគេយ៉ាងណា ហើយការកាត់ស្បែកមានសារប្រយោជន៍យ៉ាងណាដែរ? ២ សាសន៍យូដាពិតជាប្រសើរលើសគេបំផុត គ្រប់វិស័យទាំងអស់មែន គឺមុនដំបូង ព្រះជាម្ចាស់បានប្រគល់ព្រះបន្ទូលមកអោយសាសន៍យូដា។ ៣ បើដូច្នេះ ត្រូវគិតដូចម្ដេច? ដោយមានសាសន៍យូដាខ្លះមិនស្មោះត្រង់នឹងព្រះអង្គ តើចិត្តមិនស្មោះត្រង់របស់គេនឹងនាំអោយព្រះជាម្ចាស់លែងមានព្រះហឫទ័យស្មោះត្រង់ដែរឬ? ៤ មិនដូច្នោះទេ ទោះបីមនុស្សគ្រប់រូបសុទ្ធតែជាអ្នកកុហកក្ដី ក៏ព្រះជាម្ចាស់នៅតែមានព្រះហឫទ័យសច្ចៈដែរ ដូចមានចែងទុកមកថាៈ
«ត្រូវអោយគេទទួលស្គាល់ថា ព្រះអង្គសុចរិត
ឥតល្អៀងក្នុងព្រះបន្ទូលសោះឡើយ
ហើយព្រះអង្គនឹងមានជ័យជំនះ
នៅពេលគេកាត់ក្ដីព្រះអង្គ»។
៥ ប្រសិនបើអំពើទុច្ចរិតរបស់យើងបង្ហាញអោយឃើញថាព្រះជាម្ចាស់សុចរិត តើអោយយើងថាដូចម្ដេចទៅវិញ? ប្រសិនបើព្រះជាម្ចាស់ដាក់ទោសយើង តើបានសេចក្ដីថាព្រះអង្គមិនសុចរិតឬ? (ខ្ញុំនិយាយដូច្នេះ គឺនិយាយតាមរបៀបមនុស្សលោក)។ ៦ មិនដូច្នោះទេ! ប្រសិនបើព្រះជាម្ចាស់មិនសុចរិត តើអោយព្រះអង្គវិនិច្ឆ័យទោសមនុស្សលោកដូចម្ដេចកើត?
៧ មួយវិញទៀត បើការកុហករបស់ខ្ញុំធ្វើអោយព្រះហឫទ័យសច្ចៈ របស់ព្រះជាម្ចាស់ លេចចេញមកយ៉ាងច្បាស់ដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គមែននោះ ហេតុដូចម្ដេចបានជាខ្ញុំត្រូវតែទទួលទោស ក្នុងនាមជាមនុស្សបាបទៅវិញ? ៨ បើដូច្នេះ ម្ដេចក៏យើងមិននាំគ្នាប្រព្រឹត្តអំពើអាក្រក់ ដើម្បីអោយមានផលល្អកើតចេញមក ដូចអ្នកខ្លះដែលមួលបង្កាច់យើងថា យើងបាននិយាយបែបនេះ! អ្នកទាំងនោះមុខតែទទួលទោសជាពុំខាន!
គ្មានមនុស្សណាម្នាក់សុចរិតទេ
៩ បើដូច្នេះ យើងដែលជាសាសន៍យូដា តើយើងប្រសើរជាងគេឬ? ទេ យើងមិនប្រសើរជាងគេទាល់តែសោះ! ដ្បិតយើងបានបញ្ជាក់រួចមកហើយថា មនុស្សទាំងអស់ ទោះបីសាសន៍យូដាក្ដី សាសន៍ក្រិកក្ដីសុទ្ធតែមានបាបសោយរាជ្យពីលើទាំងអស់គ្នា ១០ ដូចមានចែងទុកមកថា៖
«គ្មានមនុស្សណាសុចរិតឡើយ
សូម្បីតែម្នាក់ក៏គ្មានផង
១១ គ្មាននរណាម្នាក់ដឹងខុសត្រូវ
គ្មាននរណាម្នាក់ស្វែងរកព្រះជាម្ចាស់។
១២ មនុស្សគ្រប់ៗរូបបានវង្វេង
ចេញឆ្ងាយពីព្រះជាម្ចាស់
ហើយវិនាសបាត់បង់ជាមួយគ្នា
គ្មាននរណាប្រព្រឹត្តអំពើសប្បុរសសោះឡើយ
សូម្បីតែម្នាក់ក៏គ្មានផង»។
១៣ «បំពង់ករបស់គេប្រៀបបាននឹងផ្នូរខ្មោច
នៅបើកចំហ
អណ្ដាតរបស់គេគ្រលាស់តែពាក្យ
បោកបញ្ឆោត
មាត់របស់គេមានបង្កប់នូវពិសពស់វែក»។
១៤ «មាត់របស់គេពោរពេញទៅដោយពាក្យ
អពមង្គល និងពាក្យជូរចត់»។
១៥ «ជើងរបស់គេចាំតែឈានទៅបង្ហូរឈាម
១៦ គេទៅកន្លែងណា
កន្លែងនោះខ្ទេចខ្ទីអន្តរាយអស់។
១៧ គេមិនស្គាល់ផ្លូវទៅកាន់សន្តិភាពទេ»។
១៨ «គេរស់ដោយមិនកោតខ្លាចព្រះជាម្ចាស់
សោះឡើយ»។
១៩ យើងដឹងថា គ្រប់សេចក្ដីដែលមានចែងទុកក្នុងក្រឹត្យវិន័យ* សុទ្ធតែចែងទុកសំរាប់អស់អ្នកដែលចំណុះក្រឹត្យវិន័យ ដើម្បីកុំអោយមនុស្សណាម្នាក់រកពាក្យដោះសាបាន ហើយអោយពិភពលោកទាំងមូលទទួលទោស នៅចំពោះព្រះភក្ត្ររបស់ព្រះជាម្ចាស់។ ២០ ដូច្នេះ គ្មានមនុស្សណាបានសុចរិតនៅចំពោះព្រះភក្ត្រព្រះអង្គ ដោយការប្រព្រឹត្តតាមក្រឹត្យវិន័យទេ ព្រោះគម្ពីរវិន័យគ្រាន់តែនាំអោយគេស្គាល់អំពើបាបប៉ុណ្ណោះ។
ព្រះជាម្ចាស់ប្រោសអោយមនុស្សបានសុចរិត ដោយសារជំនឿលើព្រះយេស៊ូគ្រិស្ដ
២១ ឥឡូវនេះ ព្រះជាម្ចាស់សំដែងអោយយើងដឹង អំពីរបៀបព្រះអង្គប្រោសមនុស្សអោយបានសុចរិត គឺព្រះអង្គមិនគិតពីក្រឹត្យវិន័យ*ទេ ដូចគម្ពីរវិន័យ និងគម្ពីរព្យាការី* បានបញ្ជាក់ទុកស្រាប់។ ២២ ព្រះជាម្ចាស់ប្រោសអ្នកដែលមានជំនឿ លើព្រះយេស៊ូគ្រិស្ដអោយបានសុចរិត គឺព្រះអង្គធ្វើដូច្នេះ ចំពោះអស់អ្នកដែលជឿ។ មនុស្សទាំងអស់មិនខុសគ្នាត្រង់ណាឡើយ ២៣ គ្រប់ៗគ្នាសុទ្ធតែបានប្រព្រឹត្តអំពើបាប ហើយគ្មានសិរីរុងរឿងរបស់ព្រះជាម្ចាស់នៅជាមួយ ២៤ តែដោយសារព្រះគុណ និងដោយសារការប្រោសលោះដែលស្ថិតនៅក្នុងអង្គព្រះគ្រិស្ដយេស៊ូ ព្រះអម្ចាស់ប្រោសគេអោយបានសុចរិតដោយឥតគិតថ្លៃ។ ២៥ ព្រះជាម្ចាស់បានតំរូវអោយព្រះយេស៊ូធ្វើជាយញ្ញបូជា សំរាប់លោះអស់អ្នកដែលមានជំនឿ អោយរួចពីបាប ដោយសារព្រះលោហិតរបស់ព្រះអង្គ។ ធ្វើដូច្នេះ ព្រះអង្គបង្ហាញរបៀបដែលព្រះអង្គប្រោសមនុស្សអោយបានសុចរិត គឺពីដើម ព្រះអង្គពុំបានដាក់ទោសមនុស្សលោកដែលប្រព្រឹត្តអំពើបាប ២៦ ក្នុងគ្រាដែលព្រះអង្គមានព្រះហឫទ័យអត់ធ្មត់ដល់គេនោះទេ។ ឥឡូវនេះ ព្រះអង្គសព្វព្រះហឫទ័យបង្ហាញអំពីរបៀបដែលព្រះអង្គប្រោសមនុស្សអោយបានសុចរិត ដើម្បីសំដែងថាព្រះអង្គសុចរិត ហើយទ្រង់ប្រោសអ្នកដែលជឿលើព្រះយេស៊ូអោយបានសុចរិតផងដែរ។
២៧ ដូច្នេះ តើមនុស្សអាចមានមូលហេតុអ្វីអួតអាងខ្លួនបាន? គ្មានទាល់តែសោះ! តើគេយកអ្វីជាទីពឹង? ពឹងលើការប្រព្រឹត្តអំពើល្អឬ? ទេ គឺពឹងផ្អែកលើជំនឿវិញ ២៨ ដ្បិតយើងយល់ថា ព្រះជាម្ចាស់ប្រោសមនុស្សអោយបានសុចរិត មកពីគេមានជំនឿ មិនមែនមកពីគេប្រព្រឹត្តតាមវិន័យឡើយ។ ២៩ បើមិនដូច្នោះទេ ព្រះអង្គជាព្រះរបស់សាសន៍យូដាតែប៉ុណ្ណោះ! តើព្រះអង្គមិនមែនជាព្រះរបស់សាសន៍ដទៃផងដែរទេឬ? មែន! ព្រះអង្គក៏ជាព្រះរបស់សាសន៍ដទៃដែរ។ ៣០ មានព្រះជាម្ចាស់តែមួយព្រះអង្គប៉ុណ្ណោះ ដែលប្រោសសាសន៍យូដាអោយបានសុចរិត មកពីគេមានជំនឿ ហើយក៏ប្រោសសាសន៍ដទៃអោយបានសុចរិត ដោយគេមានជំនឿដែរ។ ៣១ ដូច្នេះ តើមានន័យថា យើងយកជំនឿមកលុបបំបាត់ក្រឹត្យវិន័យឬ? ទេ មិនមែនដូច្នោះទេ! គឺយើងធ្វើអោយក្រឹត្យវិន័យរឹតតែមានតម្លៃថែមទៀត។