៤
លោកអប្រាហាំបានសុចរិតដោយសារជំនឿ
១ ដូច្នេះ តើយើងគិតដូចម្ដេចចំពោះលោកអប្រាហាំដែលជាបុព្វបុរស*របស់យើងផ្នែកខាងសាច់ឈាម តើលោកបានទទួលអ្វីខ្លះ? ២ ប្រសិនបើលោកអប្រាហាំបានសុចរិត ដោយសារការប្រព្រឹត្តអំពើល្អនោះ លោកអាចនឹងអួតអាងខ្លួនបានមែន។ ក៏ប៉ុន្តែ នៅចំពោះព្រះភក្ត្រព្រះជាម្ចាស់ លោកពុំអាចអួតអាងបានទេ ៣ ដ្បិតក្នុងគម្ពីរមានចែងថា «លោកអប្រាហាំជឿលើព្រះជាម្ចាស់ ហើយព្រះអង្គប្រោសលោកអោយបានសុចរិត ដោយយល់ដល់ជំនឿនេះ»។ ៤ ធម្មតា អ្នកណាធ្វើការអ្វីមួយ គេពុំចាត់ទុកប្រាក់ឈ្នួលរបស់គេថាជាអំណោយទេ គឺចាត់ទុកជាប្រាក់ដែលខ្លួនត្រូវតែបាន។ ៥ ចំពោះអ្នកដែលពុំបានប្រព្រឹត្តតាមវិន័យ តែមានជំនឿលើព្រះជាម្ចាស់ដែលប្រោសមនុស្សមិនគោរពប្រណិប័តន៍ព្រះអង្គអោយបានសុចរិត ទ្រង់នឹងប្រោសអ្នកនោះអោយបានសុចរិត ដោយយល់ដល់ជំនឿរបស់គេ។
៦ ហេតុនេះហើយបានជាព្រះបាទដាវីឌថ្លែងអំពីសុភមង្គល*របស់អ្នកដែលព្រះជាម្ចាស់ប្រោសអោយបានសុចរិត ដោយមិនគិតដល់ការប្រព្រឹត្តអំពើល្អថាៈ
៧ «អស់អ្នកដែលព្រះជាម្ចាស់អត់ទោស
និងលុបបំបាត់អំពើបាបចោល
ពិតជាមានសុភមង្គលហើយ!
៨ បុរសណាដែលព្រះជាម្ចាស់មិនគិតគូរ
ពីបាបរបស់ខ្លួនទេ
បុរសនោះពិតជាមានសុភមង្គលហើយ!»។
៩ តើមានតែសាសន៍យូដាទេឬ ដែលអាចទទួលសុភមង្គលនេះ ឬមួយសាសន៍ដទៃ ក៏អាចទទួលបានដែរ?។ យើងទើបនឹងនិយាយថា «ព្រះអង្គប្រោសលោកអប្រាហាំអោយបានសុចរិត ដោយយល់ដល់ជំនឿរបស់លោក»។ ១០ តើព្រះជាម្ចាស់ប្រោសលោកអប្រាហាំអោយបានសុចរិតនៅពេលណា? ក្រោយពេលលោកទទួលពិធីកាត់ស្បែក* ឬក៏មុននោះ? គឺនៅមុនពេលលោកទទួលពិធីកាត់ស្បែក មិនមែនក្រោយពេលកាត់ស្បែកហើយនោះទេ!។ ១១ លោកបានទទួលពិធីកាត់ស្បែកតាមក្រោយ ទុកជាសញ្ញាបញ្ជាក់ថា លោកបានសុចរិត ដោយសារជំនឿដែលលោកមានកាលពីមិនទាន់កាត់ស្បែកនៅឡើយ។ ដូច្នេះ លោកបានទៅជាឪពុករបស់មនុស្សទាំងអស់ដែលមិនបានទទួលពិធីកាត់ស្បែកតែមានជំនឿ ហើយព្រះជាម្ចាស់ប្រោសគេអោយបានសុចរិត។ ១២ លោកក៏ជាឪពុករបស់សាសន៍យូដាដែលកាត់ស្បែកដែរ ជាអ្នកដែលមិនត្រឹមតែបានទទួលពិធីកាត់ស្បែកប៉ុណ្ណោះទេ គឺថែមទាំងបានយកតំរាប់តាមជំនឿរបស់លោកអប្រាហាំជាឪពុករបស់យើង នៅគ្រាដែលលោកមិនទាន់ទទួលពិធីកាត់ស្បែកនៅ ឡើយនោះផង។
លោកអប្រាហាំបានទទួលព្រះបន្ទូលសន្យាដោយសារជំនឿ
១៣ ព្រះជាម្ចាស់មានព្រះបន្ទូលសន្យាមកលោកអប្រាហាំ និងពូជពង្សរបស់លោកថា គេនឹងបានទទួលពិភពលោកទុកជាមត៌ក ដោយមិនគិតតាមក្រឹត្យវិន័យទេ គឺគិតតាមសេចក្ដីសុចរិតដែលបានមកពីជំនឿវិញ។ ១៤ ប្រសិនបើមនុស្សទទួលមត៌ក ដោយគោរពតាមក្រឹត្យវិន័យនោះ បានសេចក្ដីថាជំនឿគ្មានប្រយោជន៍អ្វីសោះ ហើយព្រះបន្ទូលសន្យាក៏គ្មានតម្លៃអ្វីដែរ ១៥ ដ្បិតក្រឹត្យវិន័យបង្កើតអោយមានព្រះពិរោធ តែទីណាគ្មានក្រឹត្យវិន័យ នៅទីនោះក៏គ្មានបទល្មើសក្រឹត្យវិន័យដែរ។
១៦ ដូច្នេះ ព្រោះតែជំនឿដែលស្របតាមព្រះគុណ ព្រះបន្ទូលសន្យាត្រូវបានប្រទានមកចំពោះពូជពង្សលោកអប្រាហាំទាំងមូល មិនត្រឹមតែអស់អ្នកដែលប្រតិបត្តិតាមក្រឹត្យវិន័យប៉ុណ្ណោះទេ តែសំរាប់អស់អ្នកដែលមានជំនឿដូចលោកអប្រាហាំ ជាឪពុករបស់យើងទាំងអស់គ្នាដែរ ១៧ ដូចមានចែងទុកមកថា «យើងបានតែងតាំងអ្នកអោយធ្វើជាឪពុករបស់ជាតិសាសន៍មួយចំនួនធំ»។ លោកជាឪពុករបស់យើង នៅចំពោះព្រះភក្ត្រព្រះជាម្ចាស់ជាព្រះដែលលោកបានជឿ គឺព្រះអង្គដែលប្រោសមនុស្សស្លាប់អោយរស់ឡើងវិញ ហើយបានត្រាស់ហៅអ្វីៗដែលគ្មានរូបរាងអោយកើតមាន។ ១៨ ទោះបីគ្មានអ្វីជាទីសង្ឃឹមក៏ដោយ ក៏លោកអប្រាហាំនៅតែមានសង្ឃឹម និងមានជំនឿ ហើយលោកក៏បានទៅជាឪពុករបស់ជាតិសាសន៍ជាច្រើន ស្របតាមព្រះបន្ទូលដែលមានថ្លែងទុកមកថា «ពូជពង្សរបស់អ្នកនឹងមានច្រើនយ៉ាងនេះ»។ ១៩ កាលណោះ លោកមានអាយុជិតមួយរយឆ្នាំហើយ ទោះបីលោកមើលមករូបកាយរបស់លោក ឃើញថាជិតស្លាប់ និងមើលទៅលោកយាយសារ៉ាឃើញថា ពុំអាចបង្កើតកូនបានសោះនោះក៏ដោយ ក៏ជំនឿរបស់លោកមិនអន់ថយដែរ។ ២០ លោកមិនបាត់ជំនឿ ហើយមិនសង្ស័យនឹងព្រះបន្ទូលសន្យារបស់ព្រះជាម្ចាស់ទេ ផ្ទុយទៅវិញ ជំនឿរបស់លោកធ្វើអោយលោកមានកម្លាំងចិត្តនឹងលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ ២១ ព្រោះលោកជឿប្រាកដក្នុងចិត្តថា បើព្រះជាម្ចាស់សន្យាធ្វើអ្វី ព្រះអង្គពិតជាមានឫទ្ធានុភាពនឹងសំរេចតាមបានមិនខាន។ ២២ ហេតុនេះហើយបានជា «ព្រះជាម្ចាស់ប្រោសលោកអោយបានសុចរិត»។ ២៣ ក៏ប៉ុន្តែ សេចក្ដីដែលមានចែងថា «ព្រះជាម្ចាស់ប្រោសអោយបានសុចរិត» នេះមិនមែនសំដៅតែលើលោកអប្រាហាំប៉ុណ្ណោះទេ ២៤ គឺសំដៅមកយើងដែលព្រះជាម្ចាស់ប្រោសអោយបានសុចរិត ព្រោះយើងជឿលើព្រះអង្គដែលបានប្រោសព្រះយេស៊ូជាអម្ចាស់នៃយើងអោយមានព្រះជន្មរស់ឡើងវិញនេះដែរ។ ២៥ ព្រះយេស៊ូត្រូវគេបញ្ជូនទៅសម្លាប់ព្រោះតែកំហុសរបស់យើង ហើយព្រះជាម្ចាស់ប្រោសព្រះអង្គអោយមានព្រះជន្មរស់ឡើងវិញ ដើម្បីអោយយើងបានសុចរិត។