៩
ព្រះជាម្ចាស់បានជ្រើសរើសសាសន៍អ៊ីស្រាអែល
១ ខ្ញុំសូមនិយាយសេចក្ដីពិត ដោយរួមជាមួយព្រះគ្រិស្ដ ខ្ញុំមិនកុហកទេ គឺខ្ញុំនិយាយដោយមានមនសិការរបស់ខ្ញុំផ្ទាល់ ជាសាក្សី និងដោយមានព្រះវិញ្ញាណដ៏វិសុទ្ធបំភ្លឺថា ២ ខ្ញុំមានទុក្ខព្រួយជាខ្លាំង ហើយឈឺចុកចាប់ក្នុងចិត្តជានិច្ចផង ៣ ដ្បិតខ្ញុំបន់អោយតែខ្លួនខ្ញុំត្រូវបណ្ដាសា បែកចេញពីព្រះគ្រិស្ដ ព្រោះតែបងប្អូន និងញាតិសន្ដាន ដែលជាសាច់សាលោហិតរបស់ខ្ញុំផ្ទាល់ ៤ គឺសាសន៍អ៊ីស្រាអែល។ ព្រះជាម្ចាស់បានរាប់ពួកគេទុកជាបុត្ររបស់ព្រះអង្គ ពួកគេមានសិរីរុងរឿង មានសម្ពន្ធមេត្រី*នានា មានគម្ពីរវិន័យ* ស្គាល់របៀបគោរពបំរើព្រះអង្គ ទទួលព្រះបន្ទូលសន្យាផ្សេងៗ ៥ មានបុព្វបុរស ហើយព្រះគ្រិស្ដក៏កើតមកជាមនុស្សក្នុងពូជពង្សរបស់ពួកគេថែមទៀតផង ព្រះអង្គជាព្រះជាម្ចាស់ដ៏ខ្ពង់ខ្ពស់លើអ្វីៗទាំងអស់ សូមលើកតម្កើងព្រះអង្គអស់កល្បជានិច្ច អាម៉ែន!
៦ ក៏ប៉ុន្តែ មិនមែនមានន័យថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់បែរទៅជាអសារឥតការនោះទេ ព្រោះអស់អ្នកដែលកើតមកពីពូជពង្សលោកអ៊ីស្រាអែល មិនមែនសុទ្ធតែជាសាសន៍អ៊ីស្រាអែលពិតប្រាកដឡើយ ៧ ហើយអស់អ្នកដែលកើតពីពូជពង្សរបស់លោកអប្រាហាំ ក៏មិនមែនសុទ្ធតែជាកូនចៅរបស់លោកអប្រាហាំទាំងអស់គ្នាដែរ ដូចមានថ្លែងទុកមកថា «មានតែកូនចៅអ៊ីសាកប៉ុណ្ណោះ ដែលមានឈ្មោះថា ជាពូជពង្សរបស់អ្នក» ៨ ពោលគឺមិនមែនកូនចៅដែលកើតមកតាមសាច់ឈាមធម្មតានោះទេ ដែលត្រូវរាប់ជាបុត្ររបស់ព្រះជាម្ចាស់ មានតែកូនចៅដែលកើតមកតាមព្រះបន្ទូលសន្យាប៉ុណ្ណោះ ទើបរាប់ជាពូជពង្សបាន ៩ ដ្បិតព្រះជាម្ចាស់មានព្រះបន្ទូលសន្យាថា «ឆ្នាំក្រោយ យើងនឹងមកក្នុងពេលដដែលនេះ ហើយនាងសារ៉ានឹងមានកូនប្រុសមួយ»។
១០ មិនតែប៉ុណ្ណោះសោត នាងរេបិកាក៏មានផ្ទៃពោះនឹងបុរសតែមួយ គឺលោកអ៊ីសាកជាបុព្វបុរសរបស់យើង។ ១១ ព្រះជាម្ចាស់មានគំរោងការជ្រើសរើសមនុស្ស ដោយមិនគិតពីអំពើដែលគេប្រព្រឹត្តនោះទេ គឺជ្រើសរើសតាមព្រះហឫទ័យរបស់ព្រះអង្គដែលត្រាស់ហៅ។ ដើម្បីអោយបានស្របតាមគំរោងការនេះ នៅពេលកូនភ្លោះនៅក្នុងផ្ទៃ ពុំទាន់បានប្រព្រឹត្តអំពើល្អ ឬអាក្រក់នៅឡើយផងនោះ ១២ ទ្រង់ក៏មានព្រះបន្ទូលទៅនាងរេបិកាថា «កូនច្បងនឹងបំរើកូនប្អូន» ១៣ ដូចមានចែងទុកមកថា «យើងស្រឡាញ់យ៉ាកុបជាងអេសាវ»។
១៤ ដូច្នេះ តើយើងត្រូវគិតដូចម្ដេច? តើព្រះជាម្ចាស់អយុត្ដិធម៌ឬ? ទេមិនមែនទេ! ១៥ ដ្បិតព្រះអង្គមានព្រះបន្ទូលទៅកាន់លោកម៉ូសេថាៈ «យើងនឹងមានចិត្តមេត្តាករុណាដល់នរណា ដែលយើងមេត្តាករុណា ហើយយើងក៏នឹងអាណិតអាសូរនរណាដែលយើងអាណិតអាសូរដែរ»។ ១៦ ដូច្នេះ មិនមែនស្រេចតែបំណងចិត្ត ឬការខំប្រឹងប្រែងរបស់មនុស្សឡើយ គឺស្រេចតែព្រះជាម្ចាស់ ដែលមានព្រះហឫទ័យមេត្តាករុណានោះវិញ ១៧ ដ្បិតក្នុងគម្ពីរ ព្រះជាម្ចាស់មានព្រះបន្ទូលទៅកាន់ស្ដេចផារ៉ោនថា «យើងបានតាំងអ្នកជាស្ដេច ដើម្បីបង្ហាញឫទ្ធានុភាពរបស់យើងតាមរយៈអ្នកនិងអោយកិត្តិនាមរបស់យើងបានឮខ្ចរខ្ចាយពាសពេញលើផែនដីទាំងមូល»។ ១៨ ដូច្នេះ ព្រះអង្គមេត្តាករុណាដល់នរណាក៏បាន ស្រេចតែនឹងព្រះហឫទ័យរបស់ព្រះអង្គ ព្រះអង្គធ្វើអោយចិត្តនរណាទៅជារឹងរូសក៏បាន ស្រេចតែព្រះហឫទ័យរបស់ព្រះអង្គដែរ។
ព្រះពិរោធ និងព្រះហឫទ័យអាណិតអាសូរ
១៩ ប្រហែលជាអ្នកសួរខ្ញុំថា «បើដូច្នេះ ម្ដេចក៏ព្រះជាម្ចាស់នៅតែបន្ទោសមនុស្សទៀត? តើមាននរណាអាចប្រឆាំងនឹងព្រះហឫទ័យរបស់ព្រះអង្គ?»។ ២០ ឱមនុស្សអើយ តើអ្នកមានឋានៈអ្វីបានជាហ៊ានជជែកតវ៉ានឹងព្រះជាម្ចាស់បែបនេះ? តើដីឥដ្ឋមានដែលនិយាយទៅកាន់ជាងស្មូនថា «ហេតុអ្វីបានជាលោកធ្វើអោយខ្ញុំមានរូបរាងយ៉ាងនេះ»ដែរឬទេ?។ ២១ ជាងស្មូនយកដីទៅសូនធ្វើអ្វីក៏បាន គឺដីឥដ្ឋដដែល គាត់អាចយកទៅសូនធ្វើជារបស់ថ្លៃថ្នូរផង ហើយសូនធ្វើជារបស់ធម្មតាផង។
២២ រីឯព្រះជាម្ចាស់វិញ ព្រះអង្គសព្វព្រះហឫទ័យបង្ហាញព្រះពិរោធ និងសំដែងឫទ្ធានុភាពរបស់ព្រះអង្គ។ ដូច្នេះ ទ្រង់មានព្រះហឫទ័យអត់ធ្មត់យ៉ាងខ្លាំង ទ្រង់ស៊ូទ្រាំនឹងអស់អ្នកដែលត្រូវរងព្រះពិរោធ ហើយត្រូវវិនាសអន្តរាយ។ ២៣ ព្រះអង្គក៏ចង់បង្ហាញសិរីរុងរឿងដ៏ប្រសើរលើសលប់របស់ព្រះអង្គចំពោះអស់អ្នកដែលព្រះអង្គមេត្តាករុណាដែរ ជាអ្នកដែលព្រះអង្គបានតំរូវទុកជាមុនអោយទទួលសិរីរុងរឿង ២៤ ពោលគឺយើងទាំងអស់គ្នាដែលព្រះអង្គបានត្រាស់ហៅ មិនត្រឹមតែពីក្នុងចំណោមសាសន៍យូដាប៉ុណ្ណោះទេ គឺពីក្នុងចំណោមជាតិសាសន៍ដទៃថែមទៀតផង ២៥ ដូចមានថ្លែងទុកក្នុងគម្ពីរព្យាការី*ហូសេថាៈ
«អ្នកដែលមិនមែនជាប្រជារាស្ត្ររបស់យើង
យើងនឹងហៅគេថាជាប្រជារាស្ត្ររបស់យើង
រីឯជាតិសាសន៍ដែលយើងមិនបានស្រឡាញ់
យើងនឹងហៅគេថាជាជាតិសាសន៍
ដ៏ជាទីស្រឡាញ់របស់យើង
២៦ ហើយត្រង់ណាដែលមានពោលទៅ
អ្នកទាំងនោះថា “អ្នករាល់គ្នាមិនមែនជា
ប្រជារាស្ត្ររបស់យើងទេ!”
ត្រង់នោះគេនឹងមានឈ្មោះថាជាបុត្រ
របស់ព្រះជាម្ចាស់ដ៏មានព្រះជន្មរស់»។
២៧ រីឯព្យាការីអេសាយវិញ លោកបានប្រកាសអំពីសាសន៍អ៊ីស្រាអែលថាៈ
ទោះបីសាសន៍អ៊ីស្រាអែលបានកើនចំនួនច្រើន
ដូចខ្សាច់នៅឆ្នេរសមុទ្រហើយក៏ដោយ
មានតែមួយចំនួនតូច សល់ពីស្លាប់ប៉ុណ្ណោះ
ដែលនឹងទទួលការសង្គ្រោះ
២៨ ដ្បិតព្រះអម្ចាស់នឹងសំរេចតាមព្រះបន្ទូល
របស់ព្រះអង្គគ្រប់ប្រការទាំងអស់
យ៉ាងឆាប់ៗនៅផែនដីនេះ។
២៩ មួយវិញទៀត ព្យាការីអេសាយក៏បានថ្លែងទុកជាមុនមកថាៈ
ប្រសិនបើព្រះអម្ចាស់នៃពិភពទាំងមូល
មិនបានទុកកូនចៅយើងមួយចំនួន
អោយនៅសល់ទេ
នោះយើងនឹងវិនាសទៅដូចជាអ្នកក្រុងសូដុម
ហើយយើងក៏ប្រៀបបីដូចជាអ្នកក្រុង
កូម៉ូរ៉ាដែរ។
អ៊ីស្រាអែល និងដំណឹងល្អ
៣០ ដូច្នេះ តើយើងត្រូវគិតដូចម្ដេច? សាសន៍ដទៃដែលពុំបានស្វះស្វែងរកសេចក្ដីសុចរិត បែរជាបានទទួលសេចក្ដីសុចរិតទៅវិញ គឺសេចក្ដីសុចរិតមកពីជំនឿ។ ៣១ រីឯសាសន៍អ៊ីស្រាអែល គេខំប្រឹងធ្វើតាមក្រឹត្យវិន័យ*ដែលផ្ដល់សេចក្ដីសុចរិត តែពួកគេពុំបានសុចរិតតាមវិន័យនោះឡើយ។ ៣២ ហេតុអ្វីបានជាដូច្នេះ? គឺមកពួកគេពឹងលើការប្រព្រឹត្តតាមវិន័យ មិនពឹងលើជំនឿទេ។ ពួកគេជំពប់ដួលនឹង «ថ្មដែលនាំអោយគេជំពប់» ៣៣ ដូចមានចែងទុកមកថាៈ
យើងបានដាក់ថ្មមួយនៅក្រុងស៊ីយ៉ូន
ជាថ្មដែលនាំអោយគេជំពប់ដួល
ជាសិលាដែលនាំអោយគេរវាតចិត្តបាត់ជំនឿ
អ្នកណាជឿលើថ្មនេះ
អ្នកនោះមុខជាមិនខកចិត្តឡើយ។