១០
១ បង​ប្អូន​អើយ ខ្ញុំ​ប៉ងប្រាថ្នា​អស់​ពី​ចិត្ត​ចង់​តែ​អោយ​សាសន៍​អ៊ីស្រាអែល​បាន​ទទួល​ការ​សង្គ្រោះ ហើយ​ខ្ញុំ​ក៏​ទូលអង្វរ​ព្រះជាម្ចាស់​អោយ​ពួក​គេ​ដែរ។ ២ ខ្ញុំ​ហ៊ាន​ធ្វើ​ជា​សាក្សី​ថា ពួក​គេ​មាន​ចិត្ត​ខ្នះខ្នែង​បំរើ​ព្រះជាម្ចាស់​ខ្លាំង​ណាស់ តែ​គេ​បំរើ​ទាំង​ល្ងិត​ល្ងង់​។ ៣ ដោយ​ពួក​គេ​ពុំ​ស្គាល់​របៀប​ដែល​ព្រះជាម្ចាស់​ប្រោស​មនុស្ស​លោក​អោយ​បាន​សុចរិត ពួក​គេ​ខំ​ប្រឹង​ធ្វើ​អោយ​ខ្លួន​បាន​សុចរិត ដោយ​ខ្លួន​គេ​ផ្ទាល់ គឺ​ពុំ​ព្រម​ទទួល​របៀប​ដែល​ព្រះជាម្ចាស់​ប្រោស​មនុស្ស​អោយ​បាន​សុចរិត​នេះ​ទេ។ ៤ ក្រឹត្យវិន័យ​នាំ​មនុស្ស​ឆ្ពោះ​ទៅ​កាន់​ព្រះគ្រិស្ដ​ ដើម្បី​អោយ​អស់​អ្នក​ដែល​ជឿ​បាន​សុចរិត។
ការ​សង្គ្រោះ តាម​រយៈ​ជំនឿ​លើ​ព្រះអម្ចាស់
៥ លោក​ម៉ូសេ​បាន​សរសេរ​ទុក​អំពី​សេចក្ដី​សុចរិត​ដែល​មក​ពី​ក្រឹត្យវិន័យ*​ថាៈ «អ្នក​ណា​ប្រតិបត្តិ​តាម​អ្វីៗ​ដែល​មាន​ចែង​ទុក​ក្នុង​ក្រឹត្យវិន័យ អ្នក​នោះ​នឹង​មាន​ជីវិត​ដោយសារ​អំពើ​ទាំង​នោះ»​។ ៦ ចំពោះ​សេចក្ដី​សុចរិត​ដែល​មក​ពី​ជំនឿ​វិញ មាន​ចែង​ថា «អ្នក​មិន​ត្រូវ​សួរ​ក្នុង​ចិត្ត​ថា តើ​អ្នក​ណា​នឹង​ឡើង​ទៅ​ស្ថាន​បរមសុខ?» គឺ​ថា ដើម្បី​នឹង​នាំ​ព្រះគ្រិស្ដ​ចុះ​មក ៧ «តើ​អ្នក​ណា​នឹង​ចុះ​ទៅ​ស្ថាន​ក្រោម?»​ គឺ​ថា ដើម្បី​នាំ​ព្រះគ្រិស្ដ​ឡើង​ពី​ចំណោម​មនុស្ស​ស្លាប់​មក ៨ តែ​ក្នុង​គម្ពីរ​មាន​ចែង​ដូច​ម្ដេច? គឺ​មាន​ចែង​ថា «ព្រះបន្ទូល​ស្ថិត​នៅ​ក្បែរ​អ្នក នៅ​ក្នុង​មាត់​អ្នក និង​នៅ​ក្នុង​ចិត្ត​អ្នក​ដែរ»​។ ព្រះបន្ទូល​នេះ​ជា​ព្រះបន្ទូល​ស្ដី​អំពី​ជំនឿ​ដែល​យើង​ប្រកាស។ ៩ ប្រសិន​បើ​មាត់​អ្នក​ប្រកាស​ថា ព្រះយេស៊ូ​ពិត​ជា​ព្រះអម្ចាស់ ហើយ​បើ​ចិត្ត​អ្នក​ជឿ​ថា ព្រះជាម្ចាស់​ពិត​ជា​បាន​ប្រោស​ព្រះយេស៊ូ​អោយ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​មែន នោះ​អ្នក​នឹង​ទទួល​ការ​សង្គ្រោះ​ជា​មិន​ខាន ១០ ដ្បិត​បើ​ចិត្ត​យើង​ជឿ យើង​នឹង​បាន​សុចរិត ហើយ​បើ​មាត់​យើង​ប្រកាស​ជំនឿ​នោះ​យើង​នឹង​ទទួល​ការ​សង្គ្រោះ ១១ ដូច​មាន​ថ្លែង​ទុក​ក្នុង​គម្ពីរ​ថា «អ្នក​ណា​ជឿ​លើ​ព្រះអង្គ អ្នក​នោះ​មុខ​ជា​មិន​ខក​ចិត្ត​ឡើយ»១២ ដូច្នេះ សាសន៍​យូដា និង​សាសន៍​ក្រិក​មិន​ប្លែក​ពី​គ្នា​ត្រង់​ណា​ទេ គេ​ទាំង​អស់​គ្នា​មាន​ព្រះអម្ចាស់​តែ​មួយ​ដែល​មាន​ព្រះហឫទ័យ​ទូលាយ ដល់​អស់​អ្នក​អង្វរ​រក​ព្រះអង្គ ១៣ ដ្បិត «អ្នក​ណា​អង្វរ​រក​ព្រះនាម​ព្រះអម្ចាស់ អ្នក​នោះ​នឹង​ទទួល​ការ​សង្គ្រោះ»​។
១៤ ក៏​ប៉ុន្តែ អោយ​គេ​អង្វរ​រក​ព្រះអង្គ​ដូច​ម្ដេច​កើត បើ​គេ​មិន​ជឿ? អោយ​គេ​ជឿ​លើ​ព្រះអង្គ​ដូច​ម្ដេច​កើត បើ​គេ​មិន​ដែល​ឮ​ព្រះអង្គ​មាន​ព្រះបន្ទូល? អោយ​គេ​ឮ​ដូច​ម្ដេច​កើត បើ​គ្មាន​នរណា​ប្រកាស? ១៥ អោយ​មាន​អ្នក​ប្រកាស​ដូច​ម្ដេច​កើត បើ​គ្មាន​នរណា​ចាត់​អោយ​ទៅ​ប្រកាស​ផង​នោះ? ដូច​មាន​ចែង​ទុក​ថាៈ
«មើល៍ អ្នក​ដែល​ធ្វើ​ដំណើរ​នាំ​ដំណឹង​ដ៏​ល្អៗ​មក
ប្រសើរ​រុងរឿង​ណាស់​ហ្ន៎!»​។
១៦ ប៉ុន្តែ មិន​មែន​មនុស្ស​គ្រប់​គ្នា​ទេ​ដែល​ព្រម​ស្ដាប់​តាម​ដំណឹងល្អ ដូច​ព្យាការី*​អេសាយ​បាន​ថ្លែង​ទុក​មក​ថាៈ «បពិត្រ​ព្រះអម្ចាស់ តើ​នរណា​ជឿ​សេចក្ដី​ដែល​យើង​និយាយ​អោយ​ស្ដាប់?»​។
១៧ ដូច្នេះ ជំនឿ​កើត​មក​ពី​សេចក្ដី​ដែល​យើង​បាន​ស្ដាប់ រីឯ​សេចក្ដី​ដែល​យើង​បាន​ស្ដាប់​នោះ​កើត​មក​ពី​ព្រះបន្ទូល​របស់​ព្រះគ្រិស្ដ​។ ១៨ ក៏​ប៉ុន្តែ ខ្ញុំ​សូម​សួរ​ថា តើ​ពួក​គេ​មិន​ដែល​បាន​ឮ​ទេ​ឬ? ទេ ពួក​គេ​ប្រាកដ​ជា​បាន​ឮ​ហើយ!
«សំឡេង​របស់​គេ​បាន​ឮ​ខ្ចរខ្ចាយ​ពាសពេញ
លើ​ផែនដី​ទាំង​មូល
ហើយ​ពាក្យ​សំដី​របស់​គេ​បាន​ឮ​ខ្ចរ​ខ្ចាយ
រហូត ដល់​ស្រុក​ដាច់​ស្រយាល​នៃ​ពិភព​លោក»
១៩ ខ្ញុំ​សូម​សួរ​ទៀត​ថា តើ​សាសន៍​អ៊ីស្រាអែល​មិន​បាន​យល់​ទេ​ឬ?។ លោក​ម៉ូសេ​បាន​ថ្លែង​មុន​គេ​ថាៈ
«យើង​នឹង​ធ្វើ​អោយ​អ្នក​រាល់​គ្នា​ច្រណែន
នឹង​ពួក​អ្នក​ដែល​មិន​មែន​ជា​ប្រជាជាតិ​មួយ
ដ៏​ពិត​ប្រាកដ
យើង​នឹង​ធ្វើ​អោយ​អ្នក​រាល់​គ្នា​មាន​កំហឹង
នឹង​ជាតិ​សាសន៍​មួយ​ដ៏​ល្ងីល្ងើ»​។
២០ រីឯ​ព្យាការី​អេសាយ លោក​ហ៊ាន​និយាយ​លើស​ពី​នេះ​ទៅ​ទៀត​ថាៈ
«អស់​អ្នក​ដែល​មិន​ស្វែង​រក​យើង
គេ​បាន​រក​យើង​ឃើញ
ហើយ​អស់​អ្នក​ដែល​មិន​សុំ​អ្វី​ពី​យើង
យើង​បាន​បង្ហាញ​ខ្លួន​អោយ​គេ​ឃើញ​ច្បាស់»
២១ ចំពោះ​ជន​ជាតិ​អ៊ីស្រាអែល​វិញ លោក​បាន​ថ្លែង​ថាៈ
«មួយ​ថ្ងៃ​វាល់​ល្ងាច យើង​បាន​លូក​ដៃ​ទៅ​រក
ប្រជារាស្ត្រ​ដែល​មិន​ស្ដាប់​បង្គាប់
ហើយ​ចេះ​តែ​ប្រកែក​ជំទាស់»